ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងពិធីប្រគល់ប្រាក់រង្វាន់ដល់ជ័យលាភី នៃការប្រកួតកីឡារដូវរងារជើងឯកពិភពលោក ប៉ារ៉ាឡាំពិក នៅទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ បានលើកជាអនុសាសន៍មួយចំនួន ដែលជាមូលដ្ឋានជួយដល់វិស័យកីឡាជាតិរបស់យើង ឱ្យកាន់តែរឹងមាំ និងរីកចំរើន ស្របតាម សភាពការណ៍រីកចំរើននៃសេដ្ឋកិច្ចប្រទេសជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានមានប្រសាសន៍បន្តថា ជាការពិតណាស់ ដើម្បីឱ្យវិស័យកីឡាជាតិរបស់យើងរឹងមាំបាន ហើយមានចីរភាពស្របតាម សភាពការណ៍រីកចំរើន តាមកំណើនសេដ្ឋកិច្ចសង្គម និងស្របតាមតំរូវការជាក់ស្តែងនៃការវិវឌ្ឍកីឡា នៅក្នុងប្រទេសក៏ដូចជានៅក្នុងតំបន់និងលើពិភពលោកនោះ ជាពិសេសទិសដៅឆ្ពោះទៅរៀបចំប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ទាមទារឱ្យក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ ស្ថាប័នពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងថែមទៀត ក្នុងការប្រើប្រាស់ឲ្យអស់លទ្ធភាព សមត្ថភាព និងឆន្ទៈ ទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។
ក្នុងន័យនេះ ឯកឧត្តមបាន ផ្តល់អនុសាសន៍មួយចំនួនសំរាប់ជាមូលដ្ឋានដល់ក្រសួងអប់រំ យុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិដើម្បីធ្វើការពិចារណា ផ្លាស់ប្តូរយោបល់សម្រាប់ដាក់ចេញសេចក្តីសំរេចចិត្ត និង វិធានការអនុវត្តវិស័យកីឡាកម្ពុជាយើង នាពេលអនាគតដូចតទៅ៖
ទីមួយ ៖ ត្រូវពន្លឿននៃការជំរុញការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ជាពិសេសបញ្ជូនសិស្ស និស្សិតដែលមានឧបនិស្ស័យទៅសិក្សាកម្រិតបរិញ្ញាប័ត្រ, បរិញ្ញាប័ត្រ ជាន់ខ្ពស់ផ្នែកអប់រំកាយ និងកីឡា, មន្ត្រីជំនាញកីឡាផ្សេងៗទៅសិក្សា និងហាត់ហ្វឹកហ្វឺននៅ បណ្តាប្រទេសជាមិត្ត។
ទីពីរ ៖ នៅតាមគ្រឹះស្ថានសិក្សា ក៏ដូចជានៅតាមពហុកីឡដ្ឋានរាជធានី ខេត្ត ក្រសួងអប់រំ យុវជន និងកីឡា ត្រួវយកចិត្តទុកដាក់ជួសជុល កែលំអទីលានកីឡា កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បំពាក់ឧបករណ៏ និងសម្ភារៈកីឡា ដើម្បីបង្កលក្ខណៈ និងផ្តល់ឱកាសដល់យុវជន យើងឱ្យមានលទ្ធភាព និងសមធម៌ក្នុងការហាត់អប់រំកាយ និងកីឡា រួមចំណែកការកាត់បន្ថយភាព អសកម្មនៅក្នុងសង្គម។
ទីបី ៖ ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងកីឡាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៖ លើការងារអប់រំកាយ និងកីឡា ប្រកបដោយគុណភាព និងប្រសិទ្ធភាព ទទួលបានសិទ្ធិផលខ្ពស់ ។
ទីបួន ៖ ត្រូវជំរុញអនុវត្តគោលនយោបាយកីឡាជាតិ,អនុក្រឹត្យស្តីពីការគ្រប់គ្រងវិស័យកីឡា និងលិខិតបទដ្ឋានគតិយុត្តិនានា ឲ្យបានឆាប់ដែលអាចធ្វើទៅបាន ។
ទីប្រាំ ៖ ត្រូវកែសម្រួលរចនាសម្ព័ន្ធនៃប្រកួតជើងឯកថ្នាក់ជាតិ បន្តរៀបចំល្បែងកីឡាថ្នាក់ជាតិ (National Games) និងការប្រកួតល្បែងកីឡាសាកលវិទ្យាល័យជាតិ (National University Games) ។
ទីប្រាំមួយ ៖ ត្រូវពង្រីក និងពង្រឹងការសហប្រតិការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ លើការងារ រដ្ឋបាល, បច្ចេកទេស និងហិរញ្ញវត្ថុ តាមរយៈចុះកិច្ចសន្យាការងារតាមផែនការប្រចាំឆ្នាំ និងលទ្ធភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ទីប្រាំពីរ៖ ជំរិញរៀបចំបង្កើតគណៈកម្មការអន្តរក្រសួង និងបង្កើតក្រុមការងារ ដើម្បីរៀបចំការងារប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំណុចខាងលើនេះ គឺសម្រាប់ឲ្យក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ទាំងអស់ពិចារណាផ្លាស់ប្តូរយោបល់ និងរិះរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាឱ្យបានល្អប្រសើរសម្រាប់ អភិវឌ្ឈន៍វិស័យកីឡាយើងពីពេលនេះទៅអនាគត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានលើកឡើងថា រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យកីឡា ពិសេសក្មួយៗកីឡាករ កីឡាការិនីទាំងឡាយ ដែលចូលរួមប្រកួតកីឡារដូវរងារជើងឯក ពិភពលោកប៉ារ៉ាឡាំពិក។ ឯកឧត្តមមានប្រសាសន៍បន្តថា ឯកឧត្តមពិតជាទទួលស្គាល់ថា ទោះបីជាលទ្ធផលដែលយើងទទួល ក្នុងការប្រកួតលើកនេះ មិនទាន់ឆ្លើយតបនឹងសេចក្តីពេញចិត្តរបស់យើងគ្រប់ៗគ្នាក៏ដោយ តែការចូលរួមរបស់កីឡាករ កីឡាការិនីជនពិការ របស់យើងនៅក្នុងព្រឹត្តការណ៏នេះ បាននាំមកនូវបទពិសោធន៍ ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា នៅក្នុងពិភពលោកឲ្យកាន់តែសំបូរបែប និងខ្លាំងក្លាឡើងថែមទៀត៕