មតិសំណេះសំណាលមតិសំណេះសំណាលឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងពិធីប្រគល់ប្រាក់រង្វាន់ដល់ជ័យលាភី នៃការប្រកួតកីឡារដូវរងារជើងឯកពិភពលោកប៉ារ៉ាឡាំពិក
នៅទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧
-ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា-ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិករាជរដ្ឋាភិបាល
-ឯកឧត្តម អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ភ្ញៀវកិត្តិយស ជាតិ និងអន្តរជាតិ-គ្រូបង្វឹក កីឡាករ
-ការិនីទាំងអស់ជាទីមេត្រី
ថ្ងៃនេះខ្ញុំក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភីមេដាយប្រាក់ និងប្រាក់រង្វាន់លើកទឹកចិត្តគ្រូបង្វឹកគ្រូជំនួយ នៃការប្រកួតកីឡារដូវរងារជើងឯកពិភពលោកប៉ារ៉ាឡាំពិក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅប្រទេសកូរ៉េ ។
តាមការស្តាប់មតិស្វាគមន៍របស់ ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ពីលទ្ធផលនៃការប្រកួតរួចមក ខ្ញុំសូមធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង អប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាពិសេសគ្រូបង្វឹក កីឡាករ កីឡាការិនីជនពិការទាំងអស់ដែលមានស្មារតីប្តេជ្ញាចិត្តខ្ពស់ រហូតទទួលបានជ័យជំនះជូនជាតិមាតុភូមិ ។
តាមរយៈមតិស្វាគមន៏នេះដែរ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ពិតជាបានជ្រាបផងដែរថា រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យកីឡា ពិសេសក្មួយៗកីឡាករ កីឡាការិនីទាំងឡាយ ដែលចូលរួមប្រកួតកីឡារដូវរងារជើងឯកពិភពលោកប៉ារ៉ាឡាំពិក ។
ឯកឧត្តម លោកជំទាវ លោកស្រី អស់លោកគ្រូបង្វឹក កីឡាករ កីឡាការិនី ជាទីមេត្រី
ក្រៅពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជាប្រមុខ ដែលខ្ញុំបានលើកឡើងមុននេះ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ យុវជន និងកីឡា ក្នុងនោះវិស័យកីឡា គឺជាសមាសភាគមួយមិនអាចខ្វះបានក្នុងវិស័យអប់រំ ពីព្រោះកិច្ចអភិវឌ្ឍប្រទេស ទាមទារឲ្យមានធនធានមនុស្សប្រកបដោយគុណភាព គឺជាមូលដ្ឋានគ្រឹះរួមចំណែកក្នុងកិច្ចការពារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមធានាបាននូវកំណើនសេដ្ឋកិច្ចមួយ ប្រកបដោយចីរភាពដូចដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣។ ខ្ញុំពិតជាទទួលស្គាល់ថា ទោះបីជាលទ្ធផលដែលយើងទទួល ក្នុងការប្រកួតលើកនេះ មិនទាន់ឆ្លើយតបនឹងសេចក្តីពេញចិត្តរបស់យើងគ្រប់ៗគ្នាក៏ដោយ តែការចូលរួមរបស់កីឡាករ កីឡាការិនីជនពិការ របស់យើងនៅក្នុងព្រឹត្តការណ៏នេះ បាននាំមកនូវបទពិសោធន៏ ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា នៅក្នុងពិភពលោកឲ្យកាន់តែសំបូរបែប និងខ្លាំងក្លាឡើងថែមទៀត ជាពិសេស ស្ថានភាពនយោបាយនៅទ្រឹង កីឡាជាទូតមួយដ៏សំខាន់លើឆាកអន្តរជាតិ។
ជាការពិតណាស់ ដើម្បីឱ្យវិស័យកីឡាជាតិរបស់យើងរឹងមាំបាន ហើយមានចីរភាពស្របតាម សភាពការណ៍រីកចំរើន តាមកំណើនសេដ្ឋកិច្ចសង្គម និងស្របតាមតំរូវការជាក់ស្តែងនៃការវិវឌ្ឍកីឡា នៅក្នុងប្រទេសក៏ដូចជានៅក្នុងតំបន់និងលើពិភពលោកនោះ ជាពិសេសទិសដៅឆ្ពោះទៅរៀបចំប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ទាមទារឱ្យក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ ស្ថាប័នពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងថែមទៀត ក្នុងការប្រើប្រាស់ឲ្យអស់លទ្ធភាព សមត្ថភាព និងឆន្ទៈ ទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។
ក្នុងន័យនេះ ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួនសំរាប់ជាមូលដ្ឋានដល់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិដើម្បីធ្វើការពិចារណា ផ្លាស់ប្តូរយោបល់សម្រាប់ដាក់ចេញសេចក្តីសំរេចចិត្ត និង វិធានការអនុវត្តវិស័យកីឡាកម្ពុជាយើងនាពេលអនាគតដូចតទៅ៖
ទីមួយ ៖ត្រូវពន្លឿននៃការជំរុញការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ជាពិសេសបញ្ជូនសិស្ស និស្សិតដែលមានឧបនិស្ស័យទៅសិក្សាកម្រិតបរិញ្ញាប័ត្រ,បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកអប់រំកាយ និងកីឡា, មន្ត្រីជំនាញកីឡាផ្សេងៗទៅសិក្សា និងហាត់ហ្វឹកហ្វឺននៅបណ្តាប្រទេសជាមិត្ត
ទីពីរ ៖ នៅតាមគ្រឹះស្ថានសិក្សា ក៏ដូចជានៅតាមពហុកីឡដ្ឋានរាជធានី ខេត្ត ក្រសួងអប់រំ យុវជន និងកីឡា ត្រួវយកចិត្តទុកដាក់ជួសជុល កែលំអទីលានកីឡា កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បំពាក់ឧបករណ៏ និងសម្ភារៈកីឡា ដើម្បីបង្កលក្ខណៈ និងផ្តល់ឱកាសដល់យុវជន យើងឱ្យមានលទ្ធភាព និងសមធម៌ក្នុងការហាត់អប់រំកាយ និងកីឡា រួមចំណែកការកាត់បន្ថយភាព អសកម្មនៅក្នុងសង្គម។
ទីបី ៖ ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងកីឡាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៖ លើការងារអប់រំកាយ និងកីឡា ប្រកបដោយគុណភាព និងប្រសិទ្ធភាព ទទួលបានសិទ្ធិផលខ្ពស់ ។
ទីបួន ៖ ត្រូវជំរុញអនុវត្តគោលនយោបាយកីឡាជាតិ,អនុក្រឹត្យស្តីពីការគ្រប់គ្រងវិស័យកីឡា និងលិខិតបទដ្ឋានគតិយុត្តិនានា ឲ្យបានឆាប់ដែលអាចធ្វើទៅបាន ។ទីប្រាំ ៖ ត្រូវកែសម្រួលរចនាសម្ព័ន្ធនៃប្រកួតជើងឯកថ្នាក់ជាតិ បន្តរៀបចំល្បែងកីឡាថ្នាក់ជាតិ ( National Games ) និងការប្រកួតល្បែងកីឡាសាកលវិទ្យាល័យជាតិ (National University Games) ។
ទីប្រាំមួយ ៖ ត្រូវពង្រីក និងពង្រឹងការសហប្រតិការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ លើការងារ រដ្ឋបាល,បច្ចេកទេស និងហិរញ្ញវត្ថុ តាមរយៈចុះកិច្ចសន្យាការងារតាមផែនការប្រចាំឆ្នាំ និងលទ្ធភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ទីប្រាំពីរ៖ ជំរិញរៀបចំបង្កើតគណៈកម្មការអន្តរក្រសួង និងបង្កើតក្រុមការងារ ដើម្បីរៀបចំការងារប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។ឯកឧត្តម លោកជំទាវ លោកស្រី អស់លោកគ្រូបង្វឹក កីឡាករ កីឡាការិនី ជាទីមេត្រីចំណុចដែលខ្ញុំលើកឡើងទាំងនេះ គឺសម្រាប់ឲ្យក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ទាំងអស់ពិចារណាផ្លាស់ប្តូរយោបល់ និងរិះរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាឱ្យបានល្អប្រសើរសម្រាប់ អភិវឌ្ឈន៍វិស័យកីឡាយើងពីពេលនេះទៅអនាគត ។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីទទួលខុសត្រូវ គ្រប់លំដាប់ថ្នាក់ លើការងារកីឡានៃក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័នកីឡាជាតិ ព្រមទាំងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហាត់របស់កីឡាករ កីឡាការិនី និងបង្ហាត់របស់គ្រូបង្វឹក ។ ខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមហ៊ុនវិនិយោគជាតិ អន្តរជាតិដែលជា ដៃគូដ៏សំខាន់ សូមបន្តចូលរួមឧបត្ថម្ភគាំទ្រវិស័យកីឡា ដើម្បីគុណប្រយោជន៍របស់សង្គមជាតិ។ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមពាំនាំមកជាមួយនូវទឹកប្រាក់ចំនួន ២១៦.០០០.០០០រៀល (ពីររយដប់ប្រាំមួយលានរៀលគត់) របស់រាជរដ្ឋាភិបាលកម្ពុជាមកប្រគល់ជូនជ័យលាភីកីឡារដូវរងារជើងឯកពិភពលោកប៉ារ៉ាឡាំពិក ស្របតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នាពេលនេះ។
ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ សូមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។សូមជូនពរដល់លោកគ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ សូមទទួលបានជោគជ័យកាន់តែប្រសើរថែមទៀតក្នុងការប្រកួត ដើម្បីរួមចំណែកអភិវឌ្ឈវិស័យអប់រំកាយ និងកីឡានៅកម្ពុជា។ សូមអរគុណ !