សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយគ្រីស្ទបរិស័ទខ្មែរទូទាំងប្រទេស

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនអ្នកកាន់សាសនាគ្រីស្ទ ក្នុងប្រទេសកម្ពុជា ជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាលើកទី២ហើយដែលសម្តេចបានចូលរួមក្នុងពិធីជួបជុំគ្រីស្ទបរិស័ទបន្ទាប់ពីការជួបជុំកាលពីឆ្នាំ២០១៦ កន្លងទៅ ហើយសម្តេចតែតែងជួបជាមួយបណ្តាសាសនាផ្សេងៗក្នុងមួយឆ្នាំម្តងដូចជា សាសនាគ្រីស្ទ សាសនាអ៊ីស្លាម រួមនឹងជួបជាមួយសមាគមខ្មែរ-ចិន ក្រុមកីឡាករកីឡាការនីជាតិ សិល្បះករសិល្បះការនី ក្នុងថ្ងៃទិវាវប្បធម៍ ៣ មិនា និងអ្នកសារព័ត៌មានជាតិ ។ល។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់គ្រីស្ទបរិស័ទទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះជាពិសេសបណ្តាលមេដឹកនាំសាសនាគ្រីស្ទដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា តាមរយះការអប់រំជាដើមដែលក្នុងនោះនៅក្នុងព្រះរវិហាសាសនាគ្រីស្ទមួយចំនួនមានសាលារៀនសម្រាប់ផ្តល់ការសិក្សាអប់រំដល់កូនខ្មែរផងដែរ។ កម្ពុជាត្រូវធ្វើសុខដុមនីយកម្មរវាងសាសនាទាំងអស់ ហើយសាសនានីមួយៗត្រូវធ្វើសុខដុមនីយកម្មក្នុងនីកាយសាសនារបស់ខ្លួនផងដែរ។ សាសនាទាំងអស់នៅលើពិភពលោកពុំមានសាសនាណាមួយដែលប្រដៅមនុស្សអោយធ្វើអំពើអាក្រក់នោះទេ គឺសុទ្ធតែអប់រំដើម្បីធ្វើអំពើល្អទាំងអស់។ នៅក្នុងយុទ្ធនាការរកសម្លេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំមានការជេរប្រមាថគ្នា គឺឃោសនាតាមបែបផ្សព្វផ្សាយពាណិជ្ជកម្មលើតែផលិតផលរបស់ខ្លួនតែប៉ុណ្ណោះ គេមិនដែលបន្តុះបង្អាប់ផលិតផលរបស់អ្នកដ៏ទៃនោះទេ ព្រោះពាក្យសំដីមួយចំនួនអាចកើតមានជាអំពើហឹង្សា នឹងអាចឈានដល់ការមានសង្គ្រាមក៏អាចថាបាន ដូច្នេះសូមរក្សារបៀបរៀបរយអោយបានត្រឹមត្រូវក្នុងការធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោត និងការបោះឆ្នោតនាពេលខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកពីការតស៊ូរំដោះប្រទេសជាតិចេញពីសង្គ្រាម ជាពិសេសពីរបបប្រល័យពូជសាសប៉ុលពត និងការធ្វើសម្មាហរណកម្មតាមរយះនយោបាយឈ្នះ និងការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដែលធ្វើអោយប្រទេសជាតិមានការរីកចម្រើនរហូតដូចសព្វថ្ងៃនេះ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាតែងខិតខំយកចិត្តទុកដាក់ចំពោះការតម្លើងប្រាក់បៀវត្សដល់មន្ត្រីរាជការ កម្មករកម្មការនី ដែលក្នុងនោះកម្មករប្រាក់ខែអប្បបរិមា ១៥៣ដុល្លារក្នុងខែ ហើយក្នុងគោលដៅ ១៦០ដុល្លារនាពេលខាងមុខ ហើយបើបូកថែមនឹងប្រាក់កម្រៃផ្សេងៗទៀត គឺច្រើនជាង២០០ដុល្លារ។ ប្រាក់ខែកម្មករកម្ពុជាយើង គឺច្រើនជាងប្រទេសជិតខាង លើកលែងតែប្រទេសថៃ ដែលប្រាក់ខែកម្មករច្រើនជាងកម្ពុជា ក្នុងខណៈដែលប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា និងមួយចំនួនទៀតតិចជាងកម្ពុជា។ ជាមួយគ្នានេះដែរ គឺរាជរដ្ឋាភិបាលបានចុះតំលៃលើ ទឹក ភ្លើងជូនដល់ដល់កម្មករ និងប្រជាពលរដ្ឋជាបន្តបន្ទាប់ ជាពិសេសតាមបណ្តាលផ្ទះជួល។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវអោយសាសនាទាំងអស់ចូលរួមជាមួយរដ្ឋាភិបាលដើម្បីរក្សាសន្តិភាព បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍឡើយ ហើយគ្រប់សាសនាទាំងអស់នៅកម្ពុជាត្រូវមានសាមគ្គីភាពគ្នា។ គណបក្សប្រជាជនកម្ពុជានឹងចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើននឹងចូលរួមរក្សាសន្តិភាពជាមួយបងប្អូនបន្តទៀត។ បើគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោត បក្សណាក៏អាចរស់នៅជាមួយបានដែរ ហើយសាសនាទាំងអស់ក៏រស់នៅជាមួយបានទាំងអស់។ ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ដែលបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ជីវិតនៃវីរៈយុទ្ឋជនកម្ពុជា ៤ក្នុងបេសកម្មរក្សាសុខសន្តិភាពអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាលកាលពីពេលថ្មីៗនេះ ។ ជាចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរ និងអរគុណចំពោះគ្រីស្ទបរិស័ទទាំងអស់ដែលបានចំណាយពេលចូលរួមក្នុងពិធីសំណេះណាលនេះ ហើយយើងនឹងជួបជុំគ្នាម្តងទៀតនៅឆ្នាំក្រោយ នឹងសូមអោយព្រះយេស៊ូគ្រីស្ទប្រទានពរដល់ប្រជាជនទាំងអស់អោយជួបតែសេចក្តីសុខចម្រើនគ្រប់ពេលជានិច្ច៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ