សម្ដេចតេជោ ហ៊ុន​ សែន​ អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក

ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្នុងខណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននោះ នារសៀលថ្ងៃទីថ្ងៃទី០២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​នេះ​ សម្ដេចអគ្គមហាសេនា​ប​តី​​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញញចូលរួមក្នុងពិធី​បើ​កជាផ្លូវការកិច្ចប្រជុំកំពូល(ពេញអង្គ) អាស៊ានលើកទី៣៥(35th ASEAN Summit Plenary) ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៊ីមផេក ស្ថិតក្នុងខេ​ត្ត​នុន ថាក់បូរី ព្រះ​រា​​ជាណាចក្រថៃ។

ប្រភពពីអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នៅក្នុងពិធីបើក​ជាផ្លូវការ​នៃ​កិ​ច្ច​​​ប្រជុំកំពូល(ពេញអង្គ) អាស៊ានលើកទី៣៥​នេះ មានការយាង​ និងអញ្ជើញចូលរួមពី​ប្រមុខរដ្ឋ-ប្រ​មុខរដ្ឋាភិបាលអាស៊ាន​ រួមមានព្រះចៅស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ-ប្រ​​មុ​ខ រដ្ឋាភិបាលនៃប្រទេសអាស៊ាន រួមទាំងឯកឧត្តមអគ្គលេខាធិការអាស៊ាន​ដែល​ត្រូវបាន​ទ​ទួ​​ល​​ការស្វាគមន៍យ៉ាងស្និទ្ធស្នាលរា​ក់ទាក់បំផុតពីសណាក់​ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចា​ន់​អូចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន​លើកទី​៣​៥​។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលពេញអង្គរបស់ខ្លួន ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល​ទាំង​អស់ បាន​កត់​សម្គាល់ដោយការពេញចិត្តចំពោះការងារដែលបានបំពេញក្នុង​ការអនុវត្ត​សេចក្តី​ប្រកាស​ចក្ខុ​វិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីភាពជាដៃគូសម្រាប់ចីរភាព។ ជាមួយគ្នានេះ មេដឹក​នាំ​​អាស៊ានបានកត់សម្គាល់សារជាថ្មី អំពីគោលបំណង ក្នុងការឆ្ពោះទៅសម្រេចបាន​អាស៊ាន​​ប្រ​កបដោយចីរភាព តាមរយ:ការបង្កើនសន្តិសុខប្រកបដោយចីរភាព ការលើកកម្ពស់​ការ​ត​ភ្ជា​ប់​ក្នុងតំបន់អាស៊ានប្រកបដោយភាពរលូន ដែលភ្ជាប់អាស៊ានទៅកាន់ពិភពលោក និង​បន្តឱ្យមា​​នការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើនតម្លៃយុទ្ធសាស្រ្តរបស់អាស៊ាន និង នាំ​មក​នូវ​ស្ថិរ​ភាព និងវិបុលភាពក្នុងតំបន់។ កិច្ចប្រជុំកំពូលពេញអង្គនេះដែរ មេដឹកនាំទាំងអស់ បានលើ​ក​​ទឹកចិត្តឱ្យមានការប្រើប្រាស់យ៉ាងពេញលេញនូវបច្ចេកវិទ្យាទំនើប ដែលជាលទ្ធផល​នៃ​បដិ​វត្ត​​​ន៍ឧស្សា​ហកម្មទី៤ ដើម្បីបង្កើនការប្រកួតប្រជែងរបស់អាស៊ាន ក្នុងការដោះស្រាយ​ការ​ផ្លា​ស់​ប្តូ​រ​ដែលកើនឡើងជាលំដាប់ និងបញ្ហាស្មុគស្មាញនានាក្នុងតំបន់ និងពិភពលោក។

មេដឹកនាំ​អា​ស៊ា​ន បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ដោយកត់សម្គាល់ឃើញនូវ​វឌ្ឍនភាព​ប្រក​ប​ដោ​យចីរភាព ក្នុងការអនុវត្តផែនការលម្អិត នៃសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ​២០​២៥ និងបានលើកទឹកចិត្តដល់អង្គភាពនៃវិស័យពាក់ព័ន្ធនានា ឱ្យ​បន្ត​កិច្ចការរបស់ខ្លួន ក្នុង​កា​រ​ដោះស្រាយបន្ទាត់សកម្មភាពដែលនៅសេសសល់ ខណ:ពេលរក្សា​សន្ទុះ​ក្នុងការចាត់​វិធា​ន​​ការបន្ថែមទៀត ចំពោះបន្ទាត់សកម្មភាពដែលបានអនុវត្តន៍រួចហើយ។ មេដឹកនាំអាស៊ាន ក៏បា​ន​​ទន្ទឹងរង់ចាំ នូវការត្រួតពិនិត្យឡើងវិញពាក់កណ្តាល​អាណត្តិនៃផែន​ការលម្អិតខាងលើ ដែ​ល​​គ្រោងនឹងចាប់ផ្តើម នៅឆ្នាំ២០២០។ មេដឹកនាំអាស៊ានក៏បានបញ្ជាក់​ជាថ្មីនូវសន្ធិសញ្ញាមិត្តភាព និ​ង​កិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ (TAC)ជាក្រម​ប្រតិ​បត្តិដ៏សំខាន់មួយ ក្នុងការគ្រប់​គ្រ​ង​ទំនាក់ទំនងអន្តររដ្ឋនៅក្នុងតំបន់ និងជាមូលដ្ឋានគ្រឹះ ដើម្បី​រក្សាសន្តិភាព និងស្ថិរភាព​ក្នុ​ង​តំ​ប​ន់ ពិសេសទៅទៀតនោះ មេដឹកនាំអាស៊ាន បានប្តេជ្ញាចិត្ត​ក្នុងការលើកកម្ពស់បន្ថែមទៀត នូវ​គោ​លការណ៍នានាដូចមានចែងក្នុង TAC ឱ្យកាន់តែទូលំ​ទូលាយនៅក្នុងតំបន់ និងបានសង្ក​ត់​ធ្ង​ន់ អំពីសារ:សំខាន់ នៃរដ្ឋជាភាគីទាំងអស់ (High Contrac ting Parties) ក្នុងការបំពេញកា​ត​ព្វ​កិ​ច្ច​របស់ខ្លួនក្រោមសន្ធិសញ្ញានេះ។ លើសពីនេះ​ទៀត មេដឹកនាំ​អាស៊ាន ក៏បានស្វាគមន៍ចំពោះការចូលជា​ស​មា​ជិ​ក TAC របស់ប្រទេសប៉េរ៉ូ បារ៉ែន និងអាល្លឺម៉ង់នៅឆ្នាំ២០១៩នេះ ហើយទន្ទឹងរង់ចាំការចូល​ជា​ផ្លូវការរបស់អាហ្រ្វិក​ខាង​ត្បូង។ មេដឹកនាំអាស៊ាន ក៏បានកត់សម្គាល់ ពីការបំពេញដោយ​ជោ​គជ័យ នូវបេសកកម្មស្វែង​រកការពិតរបស់សហគមន៍នយោបាយ-សន្តិសុខ អាស៊ាន នៅ​ប្រ​ទេស​ទីម័រឡេស្តេ កាលពីថ្ងៃ​ទី០៤-០៦ ខែកញ្ញា ឆ្នាំ២០១៩ ហើយលើកទឹកចិត្តឱ្យសសរស្តម្ភ នៃ​សហគមន៍សេដ្ឋកិច្ច និង​សហគមន៍សង្គម-វប្បធម៌អាស៊ាន ជំរុញឱ្យមានបេសកកម្ម ស្វែង​រកការពិតពីសហគមន៍​របស់​ខ្លួនឱ្យបានឆាប់រហ័ស។ មេដឹកនាំអាសាន ក៏បាន​អរគុណចំពោះ​ឆន្ទ:​នយោបាយ ដ៏រឹងមាំ របស់ទីម័រឡេស្តេ ក្នុងការចូលជាសមាជិកអាស៊ាន ហើយបាន​បញ្ជា​ក់​ពី​ការប្តេជ្ញាចិត្តថ្មីក្នុង​ការគាំទ្រការអភិវឌ្ឍទីម័រឡេស្តេ តាមរយ:ជំនួយកសាងសមត្ថភាព​ទាំង​ក្នុ​ងក្របខ័ណ្ឌទ្វេភាគី និងតំបន់។ មេដឹកនាំអាស៊ាន ក៏បានទទួលស្គាល់ការជឿនលឿន​ជាលំដា​ប់​​និងប្រភេទនៃការ​គំរាមកំហែងឆ្លងដែន តាមប្រព័ន្ធអ៊ីនធើណែត ក្នុងការធានាឱ្យបាននូវ​លំ​ហ​អ៊ី​នធើណែតមួយ ប្រកបដោយភាពបើកចំហ​ សុវត្ថិភាព ស្ថិរភាព អាចប្រើប្រាស់បាន និង​ប្រ​ក​ប​​ដោយភាពធន់​ រឹងមាំដើម្បីគាំទ្រ ដល់សេដ្ឋកិច្ច ឌីជីថលអាស៊ាន។​ ដូចគ្នានឹងបណ្តាមេដឹក​នាំ​អា​ស៊ាន​ដទៃ​ទៀតដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលពេញអង្គ​អាស៊ា​នថា អាស៊ាននៅមានសក្តានុពលច្រើន ក្នុងការលើកកម្ពស់កំណើន​សេដ្ឋកិច្ចប្រកប​ដោ​យ​ភាពរឹងមាំ តាមរយ:ការជំរុញពាណិជ្ជកម្មផ្ទៃក្នុងសំដៅបង្កើនខ្សែសង្វាក់ផលិតកម្មតំបន់ និង​លើ​កកម្ពស់​ផលិតភាពសេដ្ឋកិច្ច។ សម្ដេចតេជោបានបន្ថែមថា ដើម្បីគោលដៅនេះ អាស៊ាន ចាំបាច់​ត្រូវផ្តោតអាទិភាព​ទៅ​លើ​ការបន្តដោះស្រាយបញ្ហារបាំងមិនមែនពន្ធ និងការបង្កើនកិច្ចប្រឹង ប្រែងសម្រួលពា​ណិជ្ជ​ក​ម្ម​ ដើម្បីសម្រេចបាននូវគោលដៅសំខាន់ពីរ គឺការកាត់បន្ថយ​ចំណាយ​ប្រតិបត្តិការពាណិជ្ជកម្ម ១០​ភាគរយ នៅឆ្នាំ២០២០ និងការបង្កើនពាណិជ្ជកម្ម​អាស៊ានទ្វេ​ដង​នៅឆ្នាំ ២០២៥៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ