
ក្នុងទស្សនៈកិច្ចនេះដែរ ខ្ញុំបានជួបមន្រ្តីសំខាន់ៗរបស់ ប្រទេសចិនរួមទាំង ប្រធានប្រឹក្សានយោបាយ ប្រជាជនចិន ប្រធានសភាប្រជាជនចិន លោកនាយករដ្ឋមន្រ្តី លី ឃឺឈាំង និង លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដែលយើងបានពិភាក្សាស៊ីជម្រៅក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នង នាមជាប្រទសដៃគូយុទ្ឋសាស្រ្ត ដែលបានចាត់ទុកគ្នាដូចជាបងប្អូន និងមិត្តភក្តិដ៏ស្មោះត្រង់បំផុត។ កម្ពុជា នឹងទទួលបាននូវជំនួយឥតសំណងជាច្រើនថែមទៀតពីមិត្តចិន រួមទាំងឥណទាន កម្ចីការប្រាក់ទាប សម្រាប់អភិវឌ្ឍន៍ប្រទេស។ ទន្ទឹមនឹងនេះដែរ ប្រទេសចិនបានតម្លើងកូតា អោយកម្ពុជានាំអង្ករចេញមក ចិនចំនួន ៣០០,០០០ (បីសែនតោន) នៅឆ្នាំក្រោយ។ ក្នុងពេលស្នាក់នៅប្រទេសចិន សម្តេចក៏បានជួបជាមួយក្រុមហ៊ុនចិនជាច្រើន ព្រមទាំងបានចូលរួម វេទិកា ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនៅកម្ពុជា និង ទាក់ទាញ ទេសចរចិនអោយមកទស្សនាកម្ពុជាអោយកាន់តែច្រើន ដែលយើងគ្រោងនៅឆ្នាំ ២០២០ អោយកើន ដល់ ២លាននាក់។ កម្ពុជាពេលនេះ គឺជាទិសដៅវិនិយោគដ៏សំខាន់របស់ចិន។ មុនពេលឡើងយន្តហោះវិលត្រឡប់មកវិញថ្ងៃនេះ ខ្ញុំបានទៅ សម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ស៊ីអាន នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ផងដែរ។
នៅរាត្រីថ្ងៃទី១៧ ដដែលនេះ វេលោម៉ោង១០៖១០នាទីយប់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព ហើយបន្ទាប់ពីបានអញ្ជើញទៅចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ” ដែលធ្វើឡើងនៅទីក្រុងប៉េកាំងប្រទេសចិនរយៈពេល៥ថ្ងៃរួចមក។ រយៈពេល៥ថ្ងៃ កន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសំរេចនូវផលប្រយោជន៍ សំរាប់ប្រទេសកម្ពុជាយ៉ាងច្រើនគួរជាទីមោទនៈ ជាពិសេសលើផ្នែកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ចិន , លើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម៕








