សម្ដេចតេជោ សង្ឃឹមថា កម្ពុជានឹងទទួលបានផលប្រយោជន៍មហាសាល ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន

ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែង​នូ​វ​​ការសង្ឃឹមថា កម្ពុជានឹងទទួលបានផលប្រយោជន៍មហាសាលពីកិច្ចកិច្ចព្រមព្រៀងពាណិ​ជ្ជ​កម្ម​​សេរីរវាងកម្ពុជានិងចិន ដែលអាចលេចចេញជារូបរាងនៅពេលខាងមុខ។

ក្នុងកិច្ចសម្ភាសន៍ ជាមួយនិងសារព័ត៌មានល្បីៗចំនួនបីរបស់សាធារណរដ្ឋប្រជាមានិត​ចិ​​នរួមមាន៖ ទូរទស្សន៍ CCTV ទីភ្នាក់ងារសារព័ត៌មាន Xinhua  និងវិទ្យុមិត្តភាព​ក​ម្ពុ​ជា-ចិន ដើ​ម្បី​​អបអរសាទរខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាល​ពី​ពេ​លថ្មីក​ន្ល​ង​ម​ក​នោះសម្ដេចតេជោហ៊ុន សែន បានថ្លែង អំពីកិច្ចហប្រតិបត្តិការជាមួយប្រទេសចិន​នាពេល​អ​នា​គ​ត​ថា​ ខ្ញុំបានធ្វើកិច្ចការជាង២០ឆ្នាំ ក្នុងការកសាងគ្រឹះនៃទំនាក់ទំនង ពីអ្នកជិតខាងល្អ ពីដៃ​គូ​ល្អ​ ទៅជាក្របខ័ណ្ឌដៃឡគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយចុងក្រោយប្រធានាធិតី ស៊ី ជិន​ពី​ង ក៏ហៅថាជាមិត្តដែកថែប។ ខ្ញុំមានសុទិដ្ឋិនិយមថា ចំណងទាក់ទងនេះ នឹងបន្តរីក​ចម្រើនត​ទៅ​ទៀត ដោយរាប់បញ្ចូលការរៀបចំឆ្នាំនៃកិច្ចសហប្រតិបត្តិការ ឧទាហរណ៍ ឆ្នាំនៃកិច្ចសហ​ប្រ​តិ​បត្តិការ​នៃការអភិវឌ្ឍន៍ទាក់ទងជាមួយនិងវិស័យទេសចរណ៍ វប្បធម៌ ឆ្នាំនៃការអនុវត្ត ការ​ពង្រឹ​ងនៃការអនុវត្តច្បាប់ជាដើម។ ចំណុចអស់ទាំងនេះ យើងសុទ្ធតែមានកម្មវិធី និងគោលដៅ​ជា​ក់​លាក់ ដើម្បីលើកកម្ពស់ទំនាក់ទំនងរបស់យើង។

សម្ដេចបន្តថា  នៅក្នុងទស្សនកិច្ច​របស់​ខ្ញុំ​​ទៅ​កាន់សា​ធា​រ​ណរដ្ឋប្រជាមានិតចិន មិត្តចិនបានសន្យារួចហើយថា នឹងបង្កើតឱ្យមានកិច្ច​ព្រ​ម​​​ព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងចិន បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរីអាស៊ា​ន​​-ចិន​។ ឥឡូវយើងកំពុងប្រើ ប្រាស់យន្តការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន តែខ្ញុំ​នៅ​មានការសង្ឃឹមមួយ យ៉ាងធំ  គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងចិន ដែល​អា​​ចលេចចេញជារូបរាង នៅពេលខាងមុខ ហើយពេលនោះទីផ្សាររបស់កម្ពុជា និងមានទំហំធំ ដែ​ល​មានប្រជាជនរហូតទៅដល់១៣០០លាននាក់ យើងអាចមានទីផ្សារបែបនេះ ផ្ដល់ឱកាស​ឱ្យ​កម្ពុ​ជាអាចបន្តមានការរីកចម្រើន ដោយក្រុមហ៊ុនរបស់ចិនបន្តការវិនិយោគនៅកម្ពុជា។ ខ្ញុំចង់​បា​ន​ទេសចរណ៍ចិន៥លាននាក់ក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីមកកាន់កម្ពុជា ប៉ុន្តែអ្វីដែលខ្ញុំចង់​បា​​នថែមទៀត គឺទីផ្សារដ៏ធំរបស់ចិនដែលទំនិញកម្ពុជាអាចរុញទៅកាន់ប្រទេសចិន។ យើង​ស​ង្ឃឹ​ម​ថា កម្ពុជានឹងទទួលបានផលប្រយោជន៍មហាសាលពីទីផ្សារធំមួយនេះ ហើយនេះ​ក៏ជា​បំ​ណងប្រថ្នាដែលខ្ញុំចង់ទៅដល់គោលដៅនោះដោយមិនយូរប៉ុន្មាន។ សង្ឃឹមថាមិត្តចិន នឹង​មា​ន​ការឆ្លើយតបលើបញ្ហានេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ការដែលចិន និង​ក​ម្ពុ​​​ជា អាចធ្វើទៅបានរវាងយុទ្ធសាស្ត្រចតុកោណ ជាមួយនិងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និង​ផ្លូវ​រប​ស់ចិន គឺអាចធ្វើសំយោគជាមួយគ្នា។ ចំណុចនេះហើយដែល​ប្រទេសទាងពីរឈានទៅ​ស​ម្រេ​ច​ការចុះកិច្ចព្រមព្រៀងទាក់ទងជាមួយនិងសុខដុមបនីយកម្មរវាងកម្ពុជា និងចិន។ មានចំណុច​ប្រ​ហាក់ប្រហែលគ្នាច្រើនណាស់ ប៉ុន្តែសម្រាប់កម្ពុជាគ្រាន់តែជាផ្នែកមួយដែលអាច​តភ្ជា​ប់​ទា​ញ​​យកផលប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនិងសាធារណរដ្ឋប្រជាមានិតចិន ហើ​យ​ដែលវាស្របជាមួយនិងគំនិតផ្ដួចផ្ដើមរវាងយុទ្ធសាស្ត្រចតុកោណ ជាមួយនិងគំនិតផ្ដួច​ផ្ដើម​ខ្សែ​​ក្រវាត់ និងផ្លូវ ដែលអាចផ្ដល់ឱ្យកម្ពុជា នូវការរីកលូតលាស់ តាមរយៈការប្រើប្រាស់​នូវ​វិធា​ន​ការជាកញ្ចប់ និងវិធានការតាមផ្នែក ដែលលេចចេញពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ រប​ស់​សាធារណរដ្ឋប្រជាមានិតចិន។ ដូច្នេះខ្ញុំគិតថា យើងមិនមែនធ្វើការក្នុងរយៈពេលខ្លីទេ បើ​យោង​ទៅលើគំនិតដែលមានការប្រហាក់ប្រហែលបែបនេះ យើងអាចធ្វើការជាមួយ​គ្នាក្នុងរយៈពេល​វែ​ង នោះហើយដែលយើងប្រើនៅក្នុងក្របខណ្ឌដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក៏ជា​មិ​ត្ត​ដែកថែបផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ