ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងគូសបញ្ជាក់ពីបទពិសោធន៍ កិច្ចប្រឹងប្រែង និងយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការជម្នះឧបសគ្គនានា និងនាំ មកនូវកំណើនសេដ្ឋកិច្ចគួរឱ្យកោតសរសើរដល់ប្រទេសកម្ពុជា ក្នុងកិច្ចប្រជុំ «ត្រួតពិនិត្យឡើង វិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នៅអង្គការពាណិជ្ជកម្មពិភពលោក(WTO)។
សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជាហើយតាមជើងយន្តហោះពិសេស នាព្រឹកថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ ទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលប្រព្រឹត្តទៅពីថ្ងៃទី0៣ ដល់ថ្ងៃទី0៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភពលោក ទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ដែលជាការតប តាមការអញ្ជើញរបស់ ឯកឧត្ដម រ៉ូបឺតូ អាហ្សេវេដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក(WTO)។
អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មាន វត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឥស្សរជនជាន់ខ្ពស់ជា ច្រើនរូបទៀត។
ឯកឧត្ដម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា អមដំណើរសម្ដេចតេជោ មានវត្តមាន ឯកឧត្ដមឧប នាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀតរបស់រាជរដ្ឋាភិបាល។ កិច្ច ប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ក្រោមមូលបទ «គាំទ្រពិពិធកម្ម និងការលើកម្ពស់សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយា ប័ន្ន តាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» មានគោលបំណងពិនិត្យមើលពីរបៀបដែលជា ជំនួយពាណិជ្ជកម្ម អាចទ្រទ្រង់ប្រកបដោយប្រសិទ្ធភាពដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ អាស្រ័យដោយសមិទ្ធផលដ៏ធំធេងរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលប៉ុន្មានទស្សវត្សកន្លមកនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកកិច្ចប្រជុំ ដែលក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងគូសបញ្ជាក់ពីបទពិសោធន៍ កិច្ចប្រឹងប្រែង និងយុទ្ធសាស្ត្រកម្ពុជាក្នុងការជម្នះឧបសគ្គនានា និងនាំមកនូវកំណើនសេដ្ឋកិច្ចគួរឱ្យកោតសរសើរដល់ប្រទេសកម្ពុជា។ ទន្ទឹមនិងនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩-២០៣០ ព្រមទាំងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកម្មវិធី សង្គមដែលរៀបចំឡើងដោយ WTO ផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ក្រៅពីកិច្ចប្រជុំខាងលើ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី ៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលនឹងផ្ដល់សារដ៏សំខាន់ និងច្បាស់លាស់មួយ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងឱកាសស្នាក់នៅទីក្រុងហ្សឺណែវ សម្ដេចតេ ជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីដោយឡែកពីគ្នាជាមួយ ឯកឧត្ដម វិល ស្គីនណារី រដ្ឋមន្ត្រីសហប្រតិបត្តិការអភិវឌ្ឍ និងពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសហ្វាំងឡង់ លោក រតនាការ អាឌីការី នាយកប្រតិបត្តិនៃក្របខ័ណ្ឌពង្រឹងសមាហរណកម្មពាណិជ្ជកម្ម WTO លោកជំទាវ មីសែល បាឆេឡេត ឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ព្រមទាំង ថ្នាក់ដឹកនាំផ្សេងៗទៀត។ ជាមួយគ្នានេះដែរសម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងទទួល ជួបសម្ដែង ការគួរពីតំណាងក្រុមហ៊ុនអឺរ៉ុបមួយចំនួន និងឆ្លៀតឱកាសទទួលជួបសំណេះ សំណាលជាមួយសមាជិកសហគមន៍ខ្មែរដែលរស់នៅប្រទេសស៊្វីស និងប្រទេសអឺរ៉ុបផ្សេង ទៀត។
គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ៕