ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្ដម លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី បានចាត់ទុករឿងថ្នាំងថ្នាក់កន្លងមកក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរថា ជាសុបិន្តអាក្រក់មួយភ្លែតតែប៉ុណ្ណោះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងដូច្នេះក្រោយពីជំនួបរបស់សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្ដម លី ស៊ានឡុង ធ្វើឡើងមុនពិធីពិសារថ្ងៃត្រង់របស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ដែល បានបិទបញ្ចប់ទៅនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានប្រសាសន៍ថា នៅក្នុងជំនូបនេះថ្នាក់ដឹកនាំទាំងពីរគឺសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តម លី ស៊ាងឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានយល់ឃើញថា គឺជាការយល់សប្តិ អាក្រក់មួយភ្លែត ក្នុងទំនាក់ទំនង ប្រទេសយើងទាំងពីរ ដែលពីដើមមកប្រទេសយើងទាំងពីរ គឺមានទំនាក់ទំនងគ្នាល្អពីដើមមកហើយ ដែលទំនាក់ទំនងនេះ ក្រោយតែរយៈពេល១ថ្ងៃទេ ក្រោយសិង្ហបុរីទទួលបានឯករាជ្យ គឺកម្ពុជាបានទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរី។ ដូច្នេះហើយយើងគួរតែបន្តទំនាក់ទំនងល្អនឹងគ្នាបន្តទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបន្តឱ្យដឹងទៀតថា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាថា បញ្ហាអតីតកាលគឺទទួលស្គាល់ថា មានទស្សនខុសគ្នា ម្នាក់យល់ឃើញផ្សេង ឯម្នាក់ទៀតយល់ឃើញផ្សេង ដូច្នេះហើយគ្មានអ្នកណាអាចទៅកែអតីតកាល ឬទស្សនអតីកាលបាននោះទេ ប៉ុន្តែអ្វីដែលសំខាន់យើងទុកអតីតកាលជារបួសចាស់ ហើយមិនត្រូវទៅឆ្កឹះឱ្យឈឺឡើងវិញនោះទេ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ឱ្យដឹងបន្តថា សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរី បានឯកភាពក្នុងការបន្តចាប់ដៃគ្នាឆ្ពោះទៅមុខ។ ក្នុងជំនួបនេះភាគីទាំងពីរ ក៏បានបង្ហាញការរីករាយជាមួយគ្នា និងបន្តសហប្រតិបត្តិការរួមគ្នាទៅមុខទៀត។
គួរបញ្ជាក់ដែរថា កាលពីចុងខែឧសភា ឆ្នាំ២០១៩ ឯកឧត្ដមនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បានលើកឡើងថា វៀតណាមបានចូលឈ្លានពានកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ១៩៨០។ ការលើកឡើងបែបនេះ បានធ្វើឱ្យមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំកំ ពូលកម្ពុជា-វៀតណាម ដោយចាត់ទុកថា មានលក្ខណៈផ្ទុយពីប្រវត្តិសាស្រ្តជាក់ស្តែង ហើយគាំទ្រដល់របបខ្មែរក្រហម៕