ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ -សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាតាមជើងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩ ដើម្បីចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) ក្រោមមូលបទ «ការផ្តល់សិទ្ធិ អំណាចជូនប្រជាជន និង ការធានានូវបរិយាប័ន្នភាព និងសមភាព» ដែលជាការតបតាមការអញ្ជើញរបស់ លោកជំទាវ អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ UN-ESCAP។
អញ្ជើញជូនដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ព្រមទាំងឥស្សរជនជាន់ខ្ពស់ជាច្រើនរូមទៀត។
ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ការអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំនេះ ក៏មានថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនអញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិនៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលមួយចំនួនទៀត។ ជាមួយគ្នានេះ ដោយទទួលស្គាល់នូវសមិទ្ធផលដ៏ធំធេងដែលកម្ពុជាសម្រេចបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម UN-ESCAP បានគោរពអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្រ្តី ថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកសន្និបាត ដោយផ្តោតជាសំខាន់ទៅលើការចែករំលែកនូវបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលបានលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប។ ឯកឧត្តមបន្ដថា នេះក៏ជាការទទួលលស្គាល់ និងប្រសិទ្ធភាពនៃការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសចេញពីផះផង់នៃសង្គ្រាម កសាងបាននូវសេដ្ឋកិច្ច និងប្រជាជនមានជីវភាពកាន់តែមានភាពល្អប្រសើរ។
គួបញ្ជក់ដែរថា គណៈកម្មការសេដ្ឋកិច្ចនិងសង្គមអង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP ) មានបណ្ដាប្រទេសជាសមាជិកចំនួន ៥៣ប្រទេស ប្រទេសអ្នកសង្កេតការណ៍ចំនួន៩ រួមជាមួយដៃគូអភិវឌ្ឍន៍ជាច្រើនទៀត។ សន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) ក្រោមមូលបទ «ការផ្តល់សិទ្ធិ អំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព» ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩៕