ប្រមុខរាជរដ្ឋាភិបាល ចង់ឱ្យកម្ពុជាក្លាយទៅជាសមាជិកសង្កេតការណ៍​នៃអង្គការ OIC ដើម្បីឱ្យ​ប្រទេសជាសមាជិកជួយទិញទំនិញ និងម្ហូបហាឡាល់ពីកម្ពុជា

ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសចង់ឱ្យ កម្ពុជាក្លាយទៅជាសមាជិកសង្កេតការណ៍នៃអង្គការសហប្រតិបត្ដិការឥស្លាម(OIC) ដែលមាន សមាជិករហូតទៅដល់៥២ប្រទេស ដើម្បីឱ្យប្រទេសជាសមាជិកបានចូលរួមចំណែកជួយទិញ ទំនិញ និងម្ហូបហាឡាល់ពីកម្ពុជាផងដែរ។ នេះបើយោងតាមការចេញផ្សាយតាមគេហទំព័រ ហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី។

ថ្លែងក្នុងពិធីស្រាយបួស«ខែរ៉ាម៉ាឌន» ជាមួយសាសនិកខ្មែរ-ឥស្លាម ដែលមកពី​ប​ណ្ដា​​​រាជធានី ខេត្តចំនួន៤.៧៥​០​​នាក់ កាលពីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល​កោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាចង់មានទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជាសមាជិកនៃអង្គការ OIC នេះ ដែលនឹងអាចចូលរួមចំណែកអភិវឌ្ឍន៍ សង្គមជាមួយប្រទេសកម្ពុជា ពិសេសការចូលរួមជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ ការបណ្តុះបណ្តាលនិស្សិតសាសនិកឥស្លាម និងដល់បង ប្អូនកម្ពុជាផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើដល់ លោកជំទាវអគ្គរដ្ឋទូតតំណាង អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម(OIC) ជួយជម្រាបជូនអគ្គលេខាធិការ និង បណ្តាប្រទេសដែលជាសមាជិកនៃអង្គការ OIC សូមជួយដល់កម្ពុជា ដើម្បីរួមចំណែកទិញ ទំនិញពីកម្ពុជា រាប់ទាំងម្ហូបហាឡាល់ (Halal food) ដែលជាតម្រូវការរបស់បងប្អូនសានិក​ឥស្លាមនៅទីនោះផងដែរ។ ជាមួយគ្នានេះ ប្រទេសជាមាជិកក៏ចូលរួមជួយទិញម្ហូបអាហារ អង្ករ ដើម្បីឱ្យទីផ្សារកម្ពុជាកាន់តែទូលាយ និងរីកចម្រើន ដែលជាផ្នែកមួយនៃការបង្កើនការងារ​ធ្វើនៅ​កម្ពុជាថែមទៀតផង។ សម្តេចតេជោក៏បានប្រកាសតែងតាំង ឯកឧត្ដម ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជាបេសកជនពិសេស នៃព្រះរាជាណាកច្រកម្ពុជា ដើម្បីរៀបចំខ្លួន​ចូល​ជា​សមាជិកសង្កេតការណ៍នៅក្នុងអង្គការ OIC នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំប្រទេសអារ៉ាប៊ីសាអូឌីត ផងដែរ ក្នុងការសម្រួលឱ្យបងប្អួនខ្មែរ-ឥស្លាមទៅធ្វើបុណ្យនៅទីនោះ ដែលក្នុងនោះមាន​បង​ប្អូនខ្មែរយើងប្រមានជាង១.២០០នាក់ទៅធ្វើបុណ្យនៅទៅនោះ ហើយសម្តេចសង្ឃឹមថាអ្នក​ទៅ​ធ្វើ​បុណ្យ​នៅទីនោះ នឹងនាំត្រឡប់មកវិញនូវអំពើល្អគ្រប់រូបភាព ពីព្រោះសាសនាណាក៏ដោយ​មិនដែលអប់រំមនុស្សឱ្យសាងអំពើអាក្រក់នោះទេ៕

ដោយ អ៊ុន រិទ្ធី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ