ឯកឧត្តម ស្វាយ ស៊ីថា អញ្ជើញបិទវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពី « ព័ត៌មានក្លែងក្លាយ »

នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណរដ្ឋមន្រ្ដី បានអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពី ព័ត៌មានក្លែងក្លាយ ដោយបានផ្តល់នូវមតិបូកសរុប និងបង្ហាញចំណុចគន្លឹះមួយចំនួន ដល់សិក្ខាកាមប្រមាណ១០០នាក់ ដែលជាតំណាងមកពីក្រសួង ស្ថាប័ន រាជធានីខេត្ត ដើម្បីជាមូលដ្ឋានគ្រឹះ ក្នុងការយកទៅអនុវត្តការងារជាក់ស្តែងនៅតាមក្រសួងស្ថាប័ន នីមួយៗ ក្រោយពីទទួលការបណ្តុះបណ្តាលរយៈពេល៥ថ្ងៃមកនេះ។

ឯកឧត្តម ស្វាយ ស៊ីថា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីព័ត៌មានក្លែងក្លាយ ដែលបានបង្រៀនដោយគ្រូជនជាតិបរទេស បានផ្តល់នូវបទពិសោធន៍ជាច្រើនដល់មន្ត្រីស្ថាប័នរដ្ឋ ដែលទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិ ឱ្យបានយល់ដឹងអំពីគ្រោះថ្នាក់ នៃព័ត៌មានក្លែងក្លាយ និងពង្រឹងនូវយុទ្ធសាស្ត្រ យុទ្ធវិធីក្នុងការទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយក្រុមជនមួយចំនួន ក្នុងចេតនាទុច្ចរិត តាមរយៈសកម្មភាពខុសច្បាប់នានាសំដៅបំផុសបំផុល បង្កើតនូវអំពើអាណាធិបតេយ្យ ចលាចលសង្គម ឬប៉ុនប៉ងបំផ្លាញនូវស្ថេរភាពនយោបាយ ជាពិសេសសុខសន្តិភាពដែលខិតខំរកបានដោយលំបាកបំផុត។
ឯកឧត្តម ស្វាយ ស៊ីថា បានថ្លែងថា ព័ត៌មានក្លែងក្លាយ មិនត្រឹមតែពាក់ព័ន្ធនឹងសន្តិសុខនយោបាយប៉ុណ្ណោះទេ តែវាជាសង្គ្រាមចិត្តសាស្ត្រដ៏គ្រោះថ្នាក់ ដែលគេបាន និងកំពុងបង្កើតឡើង ដើម្បីទាក់ទាញប្រជាប្រិយភាពតាមរយៈការបំភ័ន្តមតិប្រជាពលរដ្ឋ ។ ប៉ុន្តែ តាមរយៈវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ សិក្ខាកាមដែលជាមន្ត្រីព័ត៌មានបានយល់ដឹងនូវយុទ្ធសាស្ត្រ យុទ្ធវិធី និងបទពិសោធន៍ជាក់ស្តែងជាច្រើនសម្រាប់យកទៅអនុវត្តដើម្បីទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយសំដៅរក្សាប្រៀប ក្នុងការគ្រប់គ្រងសាធារណមតិ។ ម៉្យាងវិញទៀត សិក្ខាកាមក៏បានយល់ដឹងអំពីដើមហេតុ និងចរិតនៃការបង្កើតឡើងនូវការបង្ហោះផ្សាយនូវព័ត៌មានមួលបង្កាច់ និងដឹងនូវវិធីសាស្ត្រជាច្រើនក្នុងការឆ្លើយតបបានភ្លាមៗ ដើម្បីការចូលរួមទប់ស្កាត់ កាត់បន្ថយ ឬបន្សាបព័ត៌មានក្លែងក្លាយកុំឱ្យរីកសាយភាយបាន ដោយប្រសិទ្ធភាព។
ឯកឧត្តម ស្វាយ ស៊ីថា ក៏បានធ្វើការកត់សម្គាល់ផងដែរថា បច្ចុប្បន្នព័ត៌មានក្លែងក្លាយមួយចំនួនបាន និងកំពុងបំពុលសង្គម និងនាំឱ្យប្រជាពលរដ្ឋខាតបង់ពេលវេលា ថវិកា ចាញ់បោក ឬក៏បានធ្វើការសំរេចចិត្តខុស ដោយសារព័ត៌មានក្លែងក្លាយ ដែលក្រុមជនមួយចំនួនបានបង្កឡើង ។ ហេតុនេះ សិក្ខាកាមទាំងអស់ត្រូវតាមដាន ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ព័ត៌មានដែលបានកើតឡើងក្នុងបណ្តាញផ្សព្វផ្សាយសង្គម និងត្រូវខិតខំចូលរួមគ្នាទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា។
ឯកឧត្តម ស្វាយ ស៊ីថា បាន គូសបញ្ជាក់ផងដែរថា ព័ត៌មានក្លែងក្លាយមានបង្កប់នូវគោលបំណងជាច្រើន ដែលអាចពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ច សន្តិសុខសណ្តាប់ធ្នាប់ និងសន្តិសុខនយោបាយ។ ព័ត៌មានក្លែងក្លាយ ក៏អាចត្រូវបានបង្កើតឡើងក្នុងចេតនាល្អ មិនមានបំណងអាក្រក់ ចេតនាអាក្រក់ ទុច្ចរិត ដែលអាចនឹងបង្កជាគ្រោះថ្នាក់ដល់សង្គមជាតិ។ ព័ត៌មានក្លែងក្លាយត្រូវបានគេយកមកប្រើប្រាស់ដើម្បីបំពេញគោលដៅនយោបាយរបស់បុគ្គល ដែលអាចជាទង្វើមួយនៃការញុះញង់បង្កឱ្យមានជម្លោះ ភាពវឹកវរ ការរំជើបរំជួលសង្គម ការផ្លាស់ប្តូររបប ឬអ្នកដឹកនាំ។
បន្ថែមពីលើនេះ ដើម្បីចូលរួមចំណែកក្នុងការបញ្ឈប់នូវការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បណ្តាញផ្សព្វផ្សាយព័ត៌មាន មន្ត្រីសាធារណៈ និងអ្នកប្រើប្រាស់ហ្វេសប៊ុក ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ តាមរយៈការមិនផ្សព្វផ្សាយបន្ត ឬចែករំលែកនូវព័ត៌មានក្លែងក្លាយ និងចូលរួមបន្សាបនូវព័ត៌មានក្លែងក្លាយនៅពេលដែលវាត្រូវបានបង្កើតឡើង ឱ្យបានទាន់ពេលវេលា។
ឯកឧត្តម ស្វាយ ស៊ីថា ក៏បានឱ្យដឹងបន្ថែមទៀតថា បណ្តាប្រទេសជាច្រើនបានបង្កើតនូវច្បាប់ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដែលក្នុងនោះមានដូចជាប្រទេសបារាំង រុស្ស៊ី ម៉ាឡេស៊ី កាតា និងអេស្ស៊ីបជាដើម។ ប្រទេសជាច្រើនដទៃទៀត ក៏បានចាប់ផ្តើមដាក់ចេញនូវវិធានការណ៍ដើម្បីដោះស្រាយបញ្ហានៃការកើនឡើងនូវព័ត៌មានក្លែងក្លាយ ដូចជាប្រទេសអូស្ត្រាលី ប៊ែលហ្សិក កាណាដា ចិន បង់ក្លាដេស ឥណ្ឌា ស៊ាំងហ្គាពួរ និងប្រទេសហ្វីលីពីនជាដើម។

ឯកឧត្តម ស្វាយ ស៊ីថា ក៏បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ គឺជារបៀបវារៈថ្នាក់ជាតិជាអាទិភាព ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី បូករួមទាំងវិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសមន្ត្រីសាធារណៈ និងបណ្តាអ្នកនយោបាយ។ ប៉ុន្តែ បុគ្គលគ្រប់រូប ឬគ្រប់ស្ថាប័ន មិនគួរធ្វើការឆ្លើយតបទៅរាល់គ្រប់ព័ត៌មានក្លែងក្លាយដែលបានកើតឡើងនោះទេ ដោយយើងត្រូវចេះធ្វើការបែងចែកនូវប្រធានបទណា តម្រូវឱ្យស្ថាប័នណា ឬបុគ្គលណាមួយធ្វើការឆ្លើយតប ឬបន្សាប។ អ្វីដែលសំខាន់ និងទាមទារការចូលរួមពីពួកយើងទាំងអស់គ្នា គឺការចូលរួមជួយផ្សព្វផ្សាយ ចែករំលែកឱ្យបានទូលំទូលាយនូវព័ត៌មានដែលពិត ពីព្រោះការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ គឺជារបៀបវារៈថ្នាក់ជាតិ និងជាអាទិភាព ដែលមិនអាចធ្វើឡើងដោយបុគ្គលតែម្នាក់នោះទេ ដោយសារវាទាមទារឱ្យមានការត្រួតពិនិត្យព័ត៌មានដែលបានផ្សព្វផ្សាយ ជាប្រចាំ ដើម្បីធ្វើការបន្សាប ឱ្យបានទាន់ពេលវេលា។
ឯកឧត្តម ស្វាយ ស៊ីថា បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យបង្កើន និងរឹតចំណងមិត្តភាព និងទំនាក់ទំនង ជាមួយនឹងអ្នកគាំទ្រ និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាអ្នករាយការណ៍ព័ត៌មាន។ ឯកឧត្តម ស្វាយ ស៊ីថា ក៏បានសំណូមពរដល់សិក្ខាកាមគ្រប់រូប សូមឱ្យធ្វើការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយនេះ។
ជាចុងក្រោយ ឯកឧត្តម ស្វាយ ស៊ីថា បានសំណូមពរដល់សិក្ខាកាមទាំងអស់ ឱ្យចូលរួមផ្សព្វផ្សាយ និងចែករំលែក នូវអ្វីដែលបានសិក្សាស្វែងយល់នៅក្នុងវគ្គបណ្តុះបណ្តាលនេះ បូករួមទាំងមេរៀន និងបទពិសោធន៍ ទៅដល់បណ្តាមន្ត្រី ឬនាយកដ្ឋានដែលពាក់ព័ន្ធ ឬក្រុមការងារប្រព័ន្ធផ្សព្វផ្សាយសង្គមនៅតាមអង្គភាពរបស់ខ្លួនរៀងៗខ្លួន ដើម្បីឱ្យពួកគេអាចស្វែងយល់ដឹងអំពីវិធីសាស្ត្រ នៅក្នុងការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដើម្បីធានារក្សានូវសន្តិសុខ ស្ថេរភាព អធិបតេយ្យភាព ឯករាជ្យជាតិ និងការបង្រួបបង្រួមជាតិ ក៏ដូចជាការការពារនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

អត្ថបទ និងរូបភាព៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort