AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ — បន្ទាប់ពីកិច្ចប្រជុំកំពូលទ្វេភាគី ដែលបានចំណាយពេលជាង២ម៉ោងប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់នៅឯទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាមនោះ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ឯសារសំខាន់ៗចំនួន៦ ត្រូវបានចុះហត្ថលេខា ដោយមានការអញ្ជើញជាសាក្សី ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើយោងតាមប្រភពពីទូរទស្សន៍ជាតិកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ទីក្រុងណាណូយ សា ធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី០៦ ដល់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ គឺឆ្លើយតបតាមការអញ្ជើញពីសមភាគីនាយករដ្ឋ មន្រ្តីវៀតណាម ឯកឧត្តម ង្វៀន សួនហ៊្វុក បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានជ្រើស តាំងជានាយករដ្ឋមន្រ្តីសាជាថ្មីម្តងទៀត ក្នុងរដ្ឋសភានីតិកាលទី៦ កាលពីដើមខែកញ្ញាឆ្នាំ២០១៨ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ ភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកល ជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨។ ប្រទេសទាំងពីរកម្ពុជា-វៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ តែ ត្រូវបានកាត់ផ្តាច់នៅខែមីនាឆ្នាំ១៩៧០ និងបានភ្ជាប់ទំនាក់ទំនងឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩។ វៀតណាមនិងកម្ពុជា គឺជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំប្រទល់រួមគ្នាប្រវែងប្រមាណជាង ១ពាន់២៧០គីឡូម៉ែត្រ។ ដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសវៀតណាមនាពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ឱ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមក ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមដំណើរសម្តេចតេ ជោនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម រួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណ ការ និងដឹកជញ្ជូន ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ឯកឧត្តម វ៉េង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯក ឧត្តមបណ្ឌិតសុភាចារ្យ ហង់ ជូនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេចរណ៍ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម កែវ បាភ្នំ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួង មហាផ្ទៃ ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងឯកឧត្តម លោកជំទាវ ជាប្រតិភូអមដំណើរជាច្រើនរូបទៀត៕
ដោយ ជឹម ណារី












