ឯកឧត្តម ហោ ណាំហុង៖ ជប៉ុន បានផ្តល់​ជំនួយ​ដល់​កម្ពុជា​ជាច្រើន​វិស័យ

នៅអគារ​មិត្តភាព​នៃទីស្ដីការ​គណៈរដ្ឋមន្ត្រី​នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ ឯកឧត្តម ហោ ណាំហុង បានជួបពិភាក្សាការងារជាមួយឯកឧត្តម NAHSI DA kasuya អគ្គនាយកកិច្ចការក្រសួងការ​បរទេសជប៉ុន ដែលអមដំណើរដោយ​ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាផងដែរ។

បន្ទាប់ពីចប់ជំនួបពិភាក្សា លោក អ៊ុ សុកាន ជំនួយការលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងប្រាប់ក្រុមអ្នកកាសែតឱ្យដឹងថា នៅក្នុងឱកាសជំនួបពិភាក្សានោះ ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់​ជំនួយដល់ប្រទេសកម្ពុជាជាច្រើនវិស័យ ក្នុងនោះប្រទេសជប៉ុនក៏បានជួយធ្វើការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ការងារបោះឆ្នោតនៅកម្ពុជាផងដែរ។ ក្រៅពីនោះ ក៏នៅមានអ្នកវិនិយោគទុនជប៉ុនជាច្រើន បានចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា មានដូចជាការបើកផ្សារទំនើប អ៊ីអន មន្ទីរពេទ្យសាន់រ៉ាយជប៉ុន និងក្រុមហ៊ុអាកាសចរណ៍ ANNA ដែលមានការហោះហើយត្រង់ជប៉ុន មកភ្នំពេញតែម្តងបានដំណើរការកាលពីខែកញ្ញាឆ្នាំ ២០១៦កន្លងទៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានបញ្ជាក់ទៀតថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី គឺនៅឆ្នាំ២០១៦កន្លងទៅ ទំហំពាណិជ្ជកម្ម ទ្វេភាគីមានបានបណ្តាក់ទុនវិនិយោគនៅទឹកប្រាក់ចំនួន១៣០០លានដុល្លាអាមេរិក។ កម្ពុជានិងជប៉ុន ក៏មានទំនាក់ទំនងផ្នែកវប្បធម៌ជាមួយគ្នាផងដែរ។

នៅក្នុងជំនួបនោះដែរ ឯកឧត្តម NAHSI DA kasuya អគ្គនាយកកិច្ចការក្រសួងការបរទេសជប៉ុន ក៏បានជម្រាបលោកឧបនាយករដ្ឋមន្ត្រីអំពីសំណើរបស់ នាយករដ្ឋមន្ត្រីជប៉ុន សុំអញ្ជើញសម្តេចេតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនក្នុងពេលវេលាសមរម្យ នាពេលខាងមុខ។ ជាមួយគ្នានេះដែរ ឯកឧត្តម NAHSI DAka suya ក៏បានជម្រាបឯកឧត្តម ឧបនាយករដ្ឋមន្ត្រីដែរថា ក្រសួងការបរទេសជប៉ុន មានគម្រោងបើកអគ្គកុងស៊ុលជប៉ុននៅខេត្តសៀមរាប ខណៈដែលចំនួនអ្នកទេសចរណ៍ជប៉ុនមកកម្ពុជា កាន់តែមានចំនួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕

អត្ថបទ៖ សាវឿន

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ