រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ១៤:៣៥នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនការ ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលដឹកនាំដោយឯកឧត្តម នាយករដ្ឋមន្ត្រី ង្វៀន សួនហ្វ៊ុក ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែង នូវមនោសញ្ចេតនាសប្បាយរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច ជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម នាយករដ្ឋមន្រ្តីវៀតណាម បានជម្រាបជូន សម្តេចប្រធានព្រឹទ្ធសភាថា៖ ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា គឺស្របពេលដែលប្រទេសយើងទាំងពីរកំពុងរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូត កម្ពុជា-វៀតណាម (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ – ២០១៧) ដោយផ្តោតលើការពង្រឹងពង្រីក ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរវាងប្រជាជន ប្រទេសយើងទាំងពីរ ឲ្យកាន់តែមានការរីកចម្រើនឥតឈប់ឈរ បន្តទៅទៀត ….។
អំពីបញ្ហាព្រំដែន វៀតណាម-កម្ពុជា ឯកឧត្តម បានជម្រាបជូន សម្តេចប្រធានព្រឹទ្ធសភាថា បានសហការរវាគូរភាគីទាំងពីរ រៀបចំបានប្រមាណជាង៩៤% ហើយ … ចំពោះចំណុចសេសសល់សង្ឃឹមថា ភាគីទាំងពីរ នឹងសម្រេចបាន នាពេលដ៏ខ្លីខាងមុខនេះ។
អំពីប្រជាជនវៀតណាម ដែលកំពុងរស់នៅប្រកបអាជីវកម្ម នៅកម្ពុជា ឯកឧត្តមបានសំណូមដល់ សម្តេចប្រធានព្រឹទ្ធសភា ជួយគាំពារ និងបង្កលក្ខណៈងាយស្រួលក្នុងការប្រកបរបរអាជីវកម្មផ្សេងៗ …។
ចំពោះវិស័យពាណិជ្ចកម្ម ដែលសព្វថ្ងៃ យើងសម្រេចបាន ជាង៣ពាន់លានដុល្លាអាមេរិក រួចមកហើយនោះ ភាគីទាំងពីរនឹងបន្តជំរុញអោយកើនដល់ ៥ពាន់លានដុល្លាអាមេរិក នាពេលខាងមុខនេះ … ។
ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ក៏បានសំណូមពរ ដល់សម្តេចប្រធានព្រឹទ្ធសភា អោយបន្តជួយជំរុញបន្ថែមទៀតដល់ក្រសួងស្ថាប័ននានា នៃប្រទេសទាំងពីរ អោយបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងគ្នា បន្តទៅទៀត … ព្រមជាមួយគ្នានេះ ឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសូមអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាឱកាសសមស្របណាមួយ។
ជាការឆ្លើយតបវិញ សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការល្អ រវាងប្រជាជន និងប្រទេសយើងទាំង២។ សម្តេច សូមឯកភាពចំពោះរាល់សកម្មភាពរបស់រដ្ឋាភិបាលនៃប្រទេសយើងទាំង២ដែលកំពុងរៀបចំចាត់តាំង ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូត កម្ពុជា-វៀតណាម។ សម្តេចភក្តី ក៏បានថ្លែងអបអរសាទរ ចំពោះពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាព កម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម…។ សម្តេច បានបន្តទៀតថា ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចសូមគាំទ្រនូវរាល់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលកម្ពុជា-វៀតណាម ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាព សម្រាប់ប្រទេសយើងទាំង២ និងបន្តការអភិវឌ្ឍន៍ប្រទេសយើងទាំង២ប្រកបដោយចីរភាព និងនិរន្តភាព ក៏ដូចជារួមចំណែកដល់ការថែរក្សាសន្តិសុខ ស្ថេរភាពក្នុងតំបន់ ក៏ដូចជាអន្តរជាតិផងដែរ។ សម្តេចបានបន្តថា ក្នុងនាមប្រជាជនកម្ពុជា… សូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភ គាំទ្រយ៉ាងធំធេង ដល់បុព្វហេតុ យុត្តិធម៌របស់ប្រជាជនកម្ពុជា ក្នុងគ្រប់ដំណាក់កាលទាំងអស់ ព្រមជាមួយនេះ សម្តេចនឹងពិនិត្យលទ្ធភាព ដើម្បីអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លុវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយករដ្ឋមន្រ្តី សាធារណរដ្ឋសង្គមនិយមវៀតណាម…។