បន្ទាប់ជំនួបទ្វេភាគីជាមួយ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោករួចមក នៅថ្ងៃដដែលនេះដែរ សម្តេចអគ្គមហាសេនាបតីតេ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជំនួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ មីសែល បាសែឡែត(Michelle Bachelet ) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្ស។
ក្នុងជំនួបពិភាក្សាគ្នានោះ លោកជំទាវ មីសែល បាសែឡែតបានមានប្រសាសន៍ថា ការិយាល័យរបស់ឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា គឺជាការិយាល័យដែលមានវ័យចំណាស់ជាងគេ។ តាមរយៈលោកជំទាវ សូមអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបន្តអាណត្តិរបស់ការិយាល័យរបស់ខ្លួនរយៈពេល២ឆ្នាំក្នុងប្រទេសកម្ពុជា។ កិច្ចសន្ទនាគ្នានោះដែរ លោកជំទាវបានធ្វើការកត់សំគាល់ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា លើវិស័យសិទ្ធមនុស្ស ពិសេសសិទ្ធរបស់ស្រ្តី កុមារ កម្មករ កម្មការិនី អប់រំ និងការមិនរើសអើង។ លោកជំទាវក៏បានទទួលស្គាល់ដែរថា បើទោះបីជាប្រទេសទាំងអស់មានការរីកចម្រើនយ៉ាងណា ក៏នៅមានបញ្ហាប្រឈមទៅនឹងចំណុចផ្សេងៗផងដែរ តាមរយៈចំណុចល្អរបស់កម្ពុជា លោកជំទាវ បានមានប្រសាសន៍ថា លោកជំទាវនឹងបញ្ចូលទៅក្នុងរបាយការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្សស្តីពីកម្ពុជា។ លោកជំទាវមានប្រសាសន៍សង្កត់ធ្ងន់ថា អ្វីដែលឧត្តមស្នងការសិទ្ធមនុស្សរបស់លោកជំទាវអាចជួយបាន លោកជំទាវនឹងបន្តសហការ និងផ្តល់នូវការគាំទ្រដល់ប្រទេសកម្ពុជា។
សម្តេចតេជោមានប្រសាសន៍ថា នៅថ្ងៃនេះសម្តេចបានធ្វើទស្សនកិច្ចនៅទីស្នាក់កណ្តាលពីរ របស់អង្គការសហប្រជាជាតិ ក្នុងនោះទី១នៅទីស្នា្កក់ការកណ្តាលរបស់ ឧត្តមស្នងការអង្គការពាណិជ្ជកម្ម ពិភពលោក និងទី២នៅទីស្នាក់ការកណ្តាលរបស់ឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ។ បើទោះបីជាការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជាពិតជាមានលក្ខណៈពិសេសនោះ សម្តេចតេជោសូមអញ្ជើញលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តាមពេលវេលាសមស្រប។ សម្តេចបន្តថា បើទោះបីយើងមានគោលជំហរ ខុសគ្នា ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយអង្គការសហប្រជាជាតិទៅលើបញ្ហាសិទ្ធិមនុស្ស នៅតែបន្តទៅមុខទៀត ពិសេសការបន្តនូវអាណត្តិ២ឆ្នាំទៅមុខទៀត របស់ការិយាល័យ សិទ្ធមនុស្សប្រចាំកម្ពុជា។ ក្នុងជំនួបទ្វេភាគីនោះដែរ សម្តេចបានស្នើឲ្យមានកិច្ចសហការលើបញ្ហា សិទ្ធមនុស្សរវាងអង្គការសហប្រជាជាតិ ជាមួយនឹងកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យមានការយល់គ្នាឲ្យបានច្បាស់មុននឹងវាយតម្លៃដែលមិនបានធ្វើការសហការគ្នា និងមិនបាននិយាយជាមួយគ្នាជាមុននោះ៕