ប្រសាសន៍​សំខាន់ៗ​របស់​សម្តេចតេជោ នាយក​រដ្ឋមន្រ្តីកម្ពុជា ក្នុងពិ​ធី​សម្ពោធ​​​ដាក់ឲ្យ​​ប្រើប្រា​ស់​ស្ពាន ឆ្លងព្រំដែនជ្រៃធំ-ឡុងប៊ិញ តម្លៃជាង​៣៦លានដុល្លារ​អាមេរិក

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា និងឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ បានរួមគ្នា សម្ពោធដាក់ឲ្យ​ប្រើប្រាស់ផ្លូវ និងស្ពានឆ្ល​ងកាត់​ព្រំដែន​កម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) តម្លៃជាង ៣៦លានដុល្លារអាមេរិក ជាមួយការរំ​ពឹង​ផ្តល់​ប្រយោជន៍ច្រើនសម្រាប់ ប្រជាពលរដ្ឋ​នៃប្រទេសទាំងពីរ ជាពិសេស​ប្រជាពលរដ្ឋ នៅជាប់ព្រំដែនតែម្តង។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា៖

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលវៀតណាម ដែលបានជួយកម្ពុជា ក្នុងការរំដោះប្រទេសចេញពីរបបប៉ុលពត និងបានជួយ ផ្តល់ធនធានក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ សម្តេចតេជោ ក៏ចូលរួមអបអរសាទរចំពោះភាពរីកចម្រើនរបស់វៀតណាម ដែលភាពរីកចម្រើននេះ នឹងជួយដល់ ភាពរីកចម្រើនរបស់ប្រទេសជិតខាង ដូចជាកម្ពុជាជាដើម។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានជ្រៃធំ ឡុងប៊ិញ​ គឺជាចំណងដៃនៃទំនាក់ទំនង ៥០ឆ្នាំរវាងកម្ពុជា និងវៀតណាម (១៩៦៧-២០១៧) និងបង្ហាញពីសមានចិត្តរបស់វៀតណាមផងដែរ។

– សម្តេចតេជោនាយករដ្ឋមន្រ្តី រំពឹងថា ស្ពាននេះនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនជីវភាព រវាងប្រទេសទាំងពីរ ក៏ដូចជាការជំរុញទំនាក់ទំនង រវាងប្រទេសក្នុងតំបន់ទន្លេមេគង្គផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាបានសម្រេចនូវសមិទ្ធផលជាច្រើន តែកម្ពុជានៅតែមានមហិច្ឆតា ជំរុញពាណិជ្ជកម្មកម្ពុជា និងវៀតណាម ឲ្យបាន ៥ពាន់លានដុល្លារអាមេរិក ដែលជាការជួយរក្សាកំណើនសេដ្ឋកិច្ច ប្រមាណ​៧ភាគរយក្នុងមួយឆ្នាំ។ សម្តេចបានបន្តថា ដើម្បីរក្សាបានកំណើនសេដ្ឋកិច្ចនេះ គឺទាមទាររក្សាឲ្យបាននូវសុខសន្តិភាព។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានស្ពាននេះគឺបានឆ្លុះបញ្ចាំងពីគោលនយោបាយរបស់សម្តេច ដែលបានដាក់ចេញក្នុងការធ្វើឲ្យតំបន់អតីតសមរភូមិ​ និងតំបន់ប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ។

– សម្តេចតេជោ ចោទសួរថា តើប្រជាជនចង់ផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ ឬចង់ជីកលេ​ណដ្ឋានដើម្បីប្រយុទ្ធគ្នាដូចពីអតីតកាល។ សម្តេចតេជោ បានគូសបញ្ជាក់ថា មានអ្នកខ្លះចង់បានសុខសន្តិភាព ដើម្បីការអភិវឌ្ឍជាមួយប្រទេសជិតខាង តែក៏មានជនខ្លះចង់ឲ្យកម្ពុជា មានជម្លោះជាមួយប្រទេសជិតខាងផងដែរ។

– សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សម្តេចកំពុងខិតខំអភិវឌ្ឍន៍តំបន់ព្រំដែនទាំងអស់ឲ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងមិត្តភាព។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលសម្តេចនិយាយវៀតណាម គេថាសម្តេចអាយ៉ងវៀតណាម តែមិនទាន់មានអ្នកថាសម្តេចជាអាយ៉ងបារាំង និងអង់គ្លេស នៅឡើយទេ ពេលសម្តេចនិយាយភាសាអង់គ្លេស និងបារាំង។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋតាមព្រំដែនទាំងអស់ ចង់បានសុខសន្តិភាព និងការអភិវឌ្ឍ មិនចង់បានការជីកលេណដ្ឋាន និងភ្លើងសង្គ្រាមឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ១០៖០០នាទីព្រឹកថ្ងៃច័ន្ទនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ