ប្រសាសន៍​សំខាន់ៗ​សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​ឱកាស​អញ្ជើញ​បិទ​សន្និបាត​ជាតិវិស័យ​សកម្មភាពមីន និងប្រកាស​ដាក់ឲ្យ​ដំណើរការ​ផែនការ​យុទ្ធសាស្ត្រជាតិ​សកម្មភាព​មីន២០១៨-២០២៥

(FN)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញបិទសន្និបាតជាតិវិស័យសកម្មភាពមីន និងប្រកាសដាក់ឲ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥ ដែលធ្វើឡើងនៅវិមានសន្តិភាព។

សន្និបាតជាតិវិស័យសកម្មភាពមីនត្រូវបានបើកតាំងពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០១៨​ម្សិល​មិញ​មក​ម្ល៉េះ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទីស្តីការគណៈរដ្ឋមន្ត្រី។ សន្និបាតនេះធ្វើឡើងក្រោមប្រធានបទ «ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីននៅឆ្នាំ២០២៥» ក្នុងគោលបំណងបង្ហាញពីសមិទ្ធផលរយៈពេល ២៥ឆ្នាំ នៃវិស័យសកម្មភាពមីន បង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការដោះស្រាយការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កេរដំណែលគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅកម្ពុជា ត្រូវបានបន្សល់ទុកពីសម័យសង្គ្រាម និងជម្លោះផ្ទៃក្នុងរាប់ទសវត្សរ៍ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលរងផលប៉ះពាល់ និងមានជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមច្រើនជាងគេបំផុតក្នុងពិភពលោក។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងទៀតថា តាមប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៧ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៦៤,៦៨៨នាក់។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាតែងបានខិតខំរិះរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហានេះរហូតឈានដល់ការគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីនដែលបានទាញឲ្យចំនួនគ្រោះថ្នាក់ធ្លាក់ចុះជាប្រចាំ។ ជាក់ស្តែងជនរងគ្រោះបានថយចុះយ៉ាងខ្លាំងពី ៤,៣២០នាក់ នៅក្នុងឆ្នាំ១៩៩៦ មកនៅចំនួនប្រហែល ១០០នាក់ក្នុងមួយឆ្នាំជាមធ្យមក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ទោះបីការបាត់បង់ជីវិត ឬ ពិការប្រជាជនសូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ដើម្បីដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរនេះចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប សម្តេចបានខិតខំពុះពារ យ៉ាងលំបាក ជម្នះគ្រប់ឧបសគ្គ ដើម្បីបង្រួបបង្រួមប្រទេសជាតិ រកសន្តិភាព និងបញ្ចប់សង្គ្រាមជូនប្រទេស និងប្រជាជនកម្ពុជា ដែលក្នុងពេលនោះដៃម្ខាងត្រូវប្រយុទ្ធទប់ស្កាត់ មិនឲ្យរបបប៉ុលពត វិលមកវិញ ហើយដៃម្ខាងទៀតខិតខំស្តារសង្គម សេដ្ឋកិច្ចក្នុងស្ថានភាព ដែលប្រទេសជាតិស្ថិតក្នុងស្ថានភាពហ៊ុព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ចពីខាងក្រៅយ៉ាងអយុត្តិធម៌ទៀតផង។

* សម្តេចតេជោ បានថ្លែងថា កម្ពុជាបានគិតគូរយកចិត្តទុកដាក់ទាំងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផងដែរ ដើម្បីផ្តល់ទីលំនៅប្រកបដោយសុវត្ថិភាព ជូនប្រជាជន ទោះបីក្រោយថ្ងៃរំដោះកម្ពុជាពុំមានថវិកាជាដុំកំភួន និងសម្ភារបច្ចេកទេសទំនើបក៏ដោយ។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា តាមរយៈការអនុវត្តន៍នយោបាយ «ឈ្នះ-ឈ្នះ» កម្ពុជាទទួលបានសន្តិភាពពេញេលេញទូទាំងប្រទេស បញ្ចប់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ អង្គការចាត់តាំងខាងនយោបាយ និងយោធារបស់កម្ពុជាប្រជាធិបតេយ្យត្រូវបានរំលាយ ហើយប្រទេសជាតិក៏ទទួលបានមកវិញនូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំនៅកម្ពុជា។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា បច្ចុប្បន្ននេះប្រជាជនកម្ពុជាពិតជាបានឃើញយ៉ាងច្បាស់អំពីការអភិវឌ្ឍសង្គមជាតិ ការរីកចម្រើនលើគ្របវិស័យដែល បានកើតចេញពីគុណតម្លៃនៃសុខសន្តិភាពនេះ។

* សម្តេចនាយករដ្ឋមន្ត្រ បានថ្លែងថា ប្រជាជនកម្ពុជាម្នាក់ៗ បានយល់ច្បាស់ណាស់ពីមហាវិនាសកម្មដោយសារសង្គ្រាមដូចមានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនថ្មីៗនេះ ហើយតែងតែបានប្តេជ្ញាចិត្តខ្ពស់ ទោះបីក្នុងតម្លៃណាក៏ដោយមិនឲ្យបាត់បង់ទៅវិញជាដាច់ខាតនូវសុខសន្តិភាពនេះ ពីព្រោះលទ្ធផលនៃសន្តិភាពនេះ បានរួមចំណែកយ៉ាងខ្លាំងក្លាយដល់ការបន្ថយគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ កិច្ចដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលជាង ២៥ឆ្នាំមកនេះលើសកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ កម្ពុជាសម្រេចបានសមិទ្ធផលច្រើនគួរឲ្យកត់សម្គាល់មានដូចជា៖
១៖ រំដោះផ្ទៃដីចំនួនប្រមាណ ១,៧០០គីឡូម៉ែត្រក្រឡា សម្រាប់ផ្តល់ដីសុវត្ថិភាពជូនប្រជាជនយកទៅប្រើប្រាស់ ប្រកបរបរអាជីវកម្ម សាងសង់លំនៅដ្ឋាន និងបង្កបង្កើនផលជាដើម។ ទន្ទឹមនោះគ្រាប់មីនប្រឆាំងមនុស្សជាង ១លានគ្រាប់ មីនប្រឆាំងរថក្រោះប្រមាណ ២៥,០០០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង ២លានគ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។

២៖ កម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងសកម្មពុះពារជម្នះការលំបាក នៃវិបត្តិផ្លូវចិត្តជនពិការ ខិតខំលើកស្ទួយសិទ្ធិជនពិការលើកទឹកចិត្តជនពិការក្នុងកម្មវិធីនានា រួមទាំងការងារសង្គម និងកីឡារ ខិតខំផ្តល់ជំនួយផ្នែកមនុស្សធម៌ និងកសាងជីវភាពជនពិការ និងក្រុមគ្រួសារជនពិការ។ កិច្ចខិតខំទាំងអស់នោះត្រូវបានប្រជាជនកម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិ ទទួលស្គាល់ អបអរសាទរ និងបន្តជួយគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ដើម្បីឲ្យកម្ពុជារួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

៣៖ ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺប្រតិបត្តិករទាំងអស់ រួមមានកងយោធពលខេមរភុមិន្ទ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា អង្គការហេឡូត្រាស់ អង្គការម៉ែក អង្គការជំនួយប្រជាជនន័រវេស និងអង្គការដោះមីនកម្ពុជា បានបោសសំអាត និងរំដោះផ្ទៃដីតាមគម្រោងអាទិភាពរបស់ហគមន៍ប្រមាណ១០០គីឡូម៉ែត្រក្រឡាក្នុង មួយឆ្នាំៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

* សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ក្នុងរយៈពេលនេះ កម្ពុជាទទួលបាននូវចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់អំពីមីន ហើយបានប្រែក្លាយខ្លួនពីប្រទេសដែល រងគ្រោះដោយសារគ្រាប់មីន ទៅជាប្រទេសដែលយកនូវចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់ និងមានជំនាញបោសសម្អាតមីន/គ្រាប់ ទៅចែករំលែកនៅលើឆាកអន្តរជាតិ ទៅប្រើតាមបណ្តាប្រទេសដែលកំពុងជួបប្រទះ និងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយក៏តែងទទួលគណៈប្រតិភូមកពីបណ្តាប្រទេសជាច្រើនបានមកទស្សនាប្រទេសកម្ពុជា ដើម្បីរៀនសូត្រ និងទទួលបទពិសោធន៍ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ ទោះបីកម្ពុជាកំពុងប្រឈមនឹងបញ្ហាគ្រោះថ្នាក់ដោយសារមីន កម្ពុជាបានខិតខំចែករំលែកកងកម្លាំងបោស សម្អាតមីនរបស់ខ្លួន ដើម្បីទៅចូលរួមចំណែកសម្រាលទុក្ខជូនដល់ប្រទេសផ្សេងៗដែលកំពុងប្រឈម និងរងគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូចជាប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ ម៉ាលី អាហ្រ្វិកកណ្តាល សៃប្រឹស លីបង់ និងស៊ីរី នៅក្នុងក្របខណ្ឌបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមការងារបោសសម្អាតមីនមនុស្សធម៌ និងផ្តល់នូវភាពសុខក្សេមក្សាន្តដល់ប្រជាជននៃប្រទេសទាំងនោះ។

* សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកថា ក្នុងរយៈពេលជាង ១២ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជាចំនួន ៥,៤៨៦នាក់ បាននិងកំពុងបំពេញបេសកកម្ម ហើយទាហានមួកខៀវទាំងនោះ បានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ និងជាបងប្អូនគ្រប់ជាតិសាសន៍លើសកលលោក ដែលតែងបានជួយផ្តល់នូវបរិស្ថានល្អប្រសើរមួយផ្នែក្នុងពិភពលោក។ ក្នុងនោះសម្តេចក៏បានផ្តួចផ្តើមគំនិតបង្កើតមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន នាកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ហើយបានឯកភាពគ្នាបង្កើតមជ្ឈមណ្ឌលនេះដែលមានទីស្នាក់ការនៅរាជធានីភ្នំពេញ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសអះអាង និងប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជួយឲ្យកម្ពុជាសម្រេចបានចក្ខុវិស័យមួយ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន២០១៨-២០២៥ ដែលរាជរដ្ឋាភិបាលបានអនុម័ត «កម្ពុជា គឺជាប្រទេសដែលគ្មានមីន ហើយការគំរាមដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានកាត់បន្ថយឲ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រព្រឹត្តទៅដោយសុវត្ថិភាព»។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ដើម្បីសម្រេចបានជោគជ័យនូវគោលដៅទាំង៨មានដូចចែងក្នុងឯកសារផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ដែលជាផែនទីបង្ហាញផ្លូវ និងចក្ខុវិស័យសម្រាប់សកម្មភាពមីននៅកម្ពុជានាពេលអនាគត សម្តេចតេជោ បានដាក់ចេញនូវអនុសាសន៍មួយចំនួនចំពោះ ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ អាជ្ញាធរមីន និងក្រសួងស្ថាប័ននានា ដូចខាងក្រោម៖

ទី១៖ ត្រូវបន្តពង្រឹងគុណភាព សុវត្ថិភាព គណនេយ្យភាព និងប្រសិទ្ធភាពចំពោះការងាររបស់ខ្លួន ដើម្បីទទួលបាននូវការគាំទ្រ និងការជឿទុកចិត្តពីដៃគូពាក់ព័ន្ធ។
ទី២៖ ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ ស្តង់ដារជាតិ សកម្មភាពមីន ផែនការ គោលការណ៍ណែនាំ និងសេចក្តីណែនាំនានា ដែលចេញដោយអាជ្ញាធរមីន។
ទី៣៖ ត្រូវបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយអាជ្ញាធរមីន ជាពិសេសការផ្តល់ទិន្នន័យ និងព័ត៌មាន រួមមានព័ត៌មានស្តីពីហិរញ្ញវត្ថុ សម្ភារ កម្លាំងប្រតិបត្តិការ និងជំនួយបច្ចេកទេស។ល។ ដើម្បីឲ្យអាជ្ញាធរមីនមានលទ្ធភាពបូកសរុប និងរាយការណ៍ជូនរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ។
ទី៤៖ ត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីធានាការរៀបចំ និងការអនុវត្តផែនការបោសសម្អាតមីនប្រចាំឆ្នាំប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទី៥៖ អាជ្ញាធរមីនត្រូវផ្តល់ជាត្រីវិស័យដល់បណ្តាប្រតិបត្តិករដោះមីនទាំងអស់ ដើម្បីគោរពឲ្យបាននូវគោលការណ៍ណែនាំសម្រាប់ការធ្វើផែនការបោសសម្អាត និងបន្តដឹកនាំតាមការអនុវត្តផែនការយុទ្ធសាស្ត្រសកម្មភាពមីន២០១៨-២០២៥ ឲ្យមានប្រសិទ្ធភាពខ្ពស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងគ្រប់គ្រងការងារវិស័យសកម្មភាពមីននៅទូទាំងប្រទេស។ សម្តេចបន្តថា កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរមីនពិតជាបានធ្វើឲ្យការរៀបចំផែនការ ការកំណត់អាទិភាព ការតម្រង់ទិសការងារបោសសម្អាតមីន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍មូលដ្ឋាន និងគោលដៅជាអាទិភាព នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព។

* ដើម្បីឲ្យកម្ពុជារួចចាកផុតពីគ្រោះថ្នាក់ដោយសារគ្រាប់មីនជាស្ថាពរត្រឹមឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សហគមន៍ផ្តល់ជាជំនួយដៃគូរអភិវឌ្ឍ និងប្រទេសជាមិត្តបន្តជួយគាំទ្រ ផ្តល់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឲ្យកាន់តែខ្លាំងក្លាជាមួយអាជ្ញាធរមីនលើគ្រប់រូបភាព។

* សម្តេចតេជោ បញ្ជាក់ថា ប្រទេសកម្ពុជាមានគោលដៅប្រសើរជាងប្រទេសដទៃ គឺគោលដៅអភិវឌ្ឍសហសវត្ស ដែលប្រទេសដទៃមាន៨ តែកម្ពុជាមានដល់៩

* សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មខ្លាំងទៅនឹងការលើកឡើងរបស់អង្គការ NGO មួយចំនួនថា មីននៅកម្ពុជាស្អុយអស់ហើយ, សម្តេចស្នើឲ្យអ្នកទាំងនោះមកមើលមីននៅកម្ពុជា និងអាចឲ្យដើរលើចំការមីនទាំងនោះសាក

* សម្តេចតេជោ ហ៊ុន សែន ទាមទារឱ្យអ្នកដែលលើកឡើងថា មីននៅកម្ពុជាស្អុយអស់ហើយនោះ បកស្រាយឱ្យច្បាស់លាស់ឡើងវិញ

* សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការបកស្រាយថាមីនកម្ពុជាស្អុយអស់នោះ គឺធ្វើឱ្យប្រជាជនកម្ពុជាខ្វះការប្រុងប្រយ័ត្ន ហើយត្រូវហៅអ្នកបកស្រាយនោះ មកមើលមីននៅកម្ពុជាឡើងវិញ និងអាចឲ្យដើរលើចំការមីនទាំងនោះ

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទករថា នៅវេលាម៉ោង៤៖៣២នាទីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទ ក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort