ប្រសាសន៍​សំខាន់​ៗ​របស់​សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ដល់និស្សិត​សាកល​វិទ្យាល័យជាតិ​គ្រប់​គ្រង​ជាង៣​ពាន់នាក់

(FN)៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៣,១៨៧នាក់ ក្នុងនោះនារី ១,៥៧៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ប្រសាស​ន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទេវតាពីរឆ្នាំនេះគឺល្អ ព្រោះមានភ្លៀងច្រើន ជាអំណោយផលដល់វិស័យកសិកម្ម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំឲ្យមានការសិក្សាបង់ថ្លៃ គឺជាការអនុញ្ញាតមួយឲ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ

* សម្តេចតេជោ បានថ្លែងថា ការចូលរួមពីគ្រប់តួអង្គ ជាពិសេសវិស័យអប់រំ គឺជាការរួមចំណែកដ៏ធំសម្រាប់ការបណ្តុះបណ្តាលនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនធានមនុស្សរបស់កម្ពុជាមិនទាន់ឆ្លើយតបនឹងសន្ទុះនៃការវិវឌ្ឍរបស់ប្រទេសជាតិនៅឡើយនោះទេ។ ប្រការនេះសម្តេចតេជោ ស្នើឲ្យមានការយកចិត្តទុកដាក់បណ្តុះបណ្តាលលើធនធានមនុស្សនេះឲ្យកាន់តែខ្លាំងក្លាថែមទៀត។

* សម្តេចប្រមុខរាជរដ្ឋាភិបាលបន្ថែមការឈានទៅសម្រេចមហិច្ឆតា ធ្វើឲ្យប្រទេសក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ គឺត្រូវការចាំបាច់លើការបណ្តុះបណ្តាលធនធានមនុស្ស។

* សម្តេចតេជោ ថ្លែងថា បើមិនយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្សទេ គឺមិនអាចសម្រេចគោលដៅនោះឡើយ។ ក្នុងនោះសម្តេចមើលឃើញថា ត្រឹមតែក្នុងវិស័យសំណង់កម្ពុជាក៏មិនទាន់មានអ្នកបច្ចេកទេសគ្រប់គ្រាន់នៅឡើយនោះទេ។

* សម្តេចប្រមុខរាជរដ្ឋាភិបាល​ បានថ្លែងថា ការបង្កើនធនធានមនុស្សមិនមែនសម្រាប់បំពេញតម្រូវការក្នុងស្រុកទេ តែក៏ត្រូវសម្រាប់ជ្រៀតចូលទីផ្សារការងារ ក្នុងស្ថាប័នថ្នាក់តំបន់ និងថ្នាក់អន្តរជាតិផងដែរ។

* បើតាមសម្តេចតេជោ ហ៊ុន សែន នៅពេលខាងមុខកម្ពុជាត្រូវជ្រើសរើសអ្នកមានសមត្ថភាពក្នុងការធ្វើជាអគ្គលេខាធិការរបស់អាស៊ានផងដែរ។

* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិគ្រប់គ្រងបន្តយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំ មិនត្រូវធ្វើឲ្យនិស្សិតបាត់បង់ជំនឿចិត្ត ព្រោះតែការធ្លាក់នូវគុណភាពអប់រំនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចំណាយពេលច្រើនក្នុងការជជែកជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដើម្បីពិភាក្សា ទាំងទំនាក់ទំនងទ្វេភាគី និងបញ្ហារបស់ពិភពលោក ដែលសម្តេចចាត់ទុកថាជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភ។ សម្តេចតេជោ ហ៊ុន សែន ថា ពិភពលោកនាពេល បច្ចុប្បន្នបាត់បង់សណ្តាប់ធ្នាប់អស់ហើយ។

* សម្តេចតេជោ ហ៊ុន សែន សាទរនូវការរៀបចំឲ្យមានជំនួបរវាងប្រធានាធិបតីអាមេរិក និងកូរ៉េខាងជើង។ តែសម្តេចចោទសួរថា តើជំនួបនោះនឹងធ្វើឡើងនៅទីណា ព្រោះប្រធានាធិបតីកូរ៉េខាងជើងមិនជិះយន្តហោះឡើយ គឺជិះតែរថភ្លើងប៉ុណ្ណោះ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងនឹងតាមដានមើលថា តើក្រុមហ៊ុនដឹកជញ្ជូននឹងឆ្លៀតដំឡើងថ្លៃរថយន្តទៀតទេនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។ ប្រសិនបើនៅតែបន្តដំឡើងថៃទៀត នៅឆ្នាំក្រោយសម្តេចនឹងដាក់រថយន្តសាធារណៈដឹកដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ២០០គ្រឿង ដើម្បីឲ្យក្រុមហ៊ុនដាច់ជើងតែម្តង។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ជនក្បត់ជាតិនៅក្រៅប្រទេសឈ្មោះ សម សារី មានផែនការរៀបចំការបំផ្ទុះនៅវត្តភ្នំ និងនៅសៀមរាប តែសម្តេចបានដាក់ចេញ បទបញ្ជាសម្ងាត់ ដើម្បីបង្ការហេតុការណ៍នេះអស់ហើយមិនឲ្យបំណងពិសពុលនេះបានសម្រេចនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពក្នុងការធ្វើដំណើរក្នុងពេលបុណ្យចូលឆ្នាំថ្មី កុំឲ្យមានគ្រោះថ្នាក់ក្នុងពេលសប្បាយរីករាយនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅប៉ុន្មានថ្ងៃនេះប្រាក់ចេញពីរតនាគារប្រមាណ ៧០០ពាន់លានរៀល ស្មើនឹងជិត ២០០លានដុល្លារ សម្រាប់បើកប្រាក់ខែជូនមន្រ្តីរាជការ និងការឧបត្ថម្ភប្រមាណ ៥ម៉ឺនររៀលនោះ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថាវេលាម៉ោង៩៖១០នាទីព្រឹកថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០១៨នេះ, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ