ទីតាំង និងភាពជាតំណាងនៃអូស្ត្រាលី ក្នុងពិភពលោក
… ចង់ស្កាត់ជួប និងរៀបចំភោជនីយអាហារ ដូច្នេះបានជាយើងត្រូវមានការជួបគ្នានៅពេលនេះ គឺម៉ោង ៩ កន្លះយប់ទៅហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ បានដឹងថា បងប្អូនទាំងអស់បានទទួលទានអាហារ មិនខុសពីខ្ញុំទេ ឯខ្ញុំវិញទេបានតិចជាង ព្រោះថាខ្ញុំត្រូវនិយាយច្រើន។ ពិតមែនថា ត្រូវទទួលទានអាហារ ក៏ប៉ុន្តែងាកទៅខាងស្ដេចប្រ៊ុយណេបន្តិចទៅ ងាកទៅខាងប្រធានាធិបតីឥណ្ឌូនេស៊ីតិចទៅ ហើយងាកទៅសួរនាយករដ្ឋមន្ត្រីអូស្ត្រាលីបន្តិចទៅ។ ចង់ដឹងថា តើអឺរ៉ុប និងអាស៊ី នៅអូស្ត្រាលី ប៉ុន្មានភាគរយ? អញ្ចឹងគាត់បាត់តួលេខដែរ គាត់ហៅទីប្រឹក្សាគាត់មួយទៅសួរ។ សួរគាត់ទៀត អំពីភាពជាតំណាង ព្រោះបញ្ហានេះខ្ញុំយល់ថាប្រហែលជាបងប្អូន ដែលរស់នៅអូស្ត្រាលី អាចចាំបាន ឬក៏អាចយល់ ឬក៏មិនទាន់យល់ … អូស្ត្រាលីពាក់កណ្ដាលអឺរ៉ុប និងពាក់កណ្ដាលអាស៊ី ក្នុងភាពជាតំណាងនៅក្រុមប្រឹក្សាសន្តិសុខ គាត់ប្រកួតប្រជែងយកកៅអីនៅក្រុមប្រឹក្សាសន្តិសុខ គាត់អត់ប្រកួតជាមួយពួកអាស៊ីទេ គាត់ប្រកួតជាមួយពួកអឺរ៉ុប …។
បើសិនជាគាត់ចូលអាស៊ី-អឺរ៉ុប គាត់ចូលមិនមែនក្នុងនាមអឺរ៉ុបទេ គាត់ចូលក្នុងនាមអាស៊ី។ អញ្ចឹងគាត់នៅក្នុង Group អាស៊ី ដែលនឹងប្រជុំអាស៊ី-អឺរ៉ុប នៅក្នុងខែតុលាខាងមុខនេះ។ ដល់ទៅប្រកួត World Cup, World Cup វាមានកៅអី តើកៅអីអ្នកឯងនៅអឺរ៉ុប ឬកៅអីអ្នកឯងនៅអាស៊ី ឬនៅអាមេរិក ឬនៅអាហ្រ្វិក? អញ្ចឹងកៅអី World Cup របស់អូស្ត្រាលី នៅអាស៊ីវិញ។ អញ្ចឹងគាត់ត្រូវប្រកួតជាមួយ Team អាស៊ី ដើម្បីយកកៅអីសម្រាប់ឡើងទៅ World Cup។ នៅមានអង្គការអន្តរជាតិមួយចំនួនទៀត ដែលគាត់ត្រូវប្រកួតប្រជែង តើគាត់ប្រកួតប្រជែងក្នុងនាមអឺរ៉ុប ឬត្រូវប្រកួតប្រជែងក្នុងនាមអាស៊ី? បញ្ហានេះប្រហែលជាអ្នកឯកទេសខាងក្រសួងការបរទេសគេអាចដឹង …។
ទទួល ហ៊ុន សែន ស្មើនឹងទទួលជាតិខ្លួនឯង ប្រឆាំងនឹងការមករបស់ ហ៊ុន សែន ស្មើនឹងប្រឆាំងជាតិខ្លួនឯង
យ៉ាងណាក៏ដោយ បើទោះបីយើងជួបគ្នាយប់ ខ្ញុំបានប្រាប់កូនខ្ញុំហើយ តាំងពីមុនពេលដែលខ្ញុំចេញពីទីក្រុងភ្នំពេញឯណោះ។ កូនខ្ញុំថា ពុកឥឡូវហ្នឹងជួបថ្ងៃទីមួយ ជួបមិនអស់ទេ យើងត្រូវជួបថ្ងៃទីពីរ ប៉ុន្តែត្រូវពេលវេលាយប់ហើយ។ ខ្ញុំក៏បានប្រាប់ បើទោះបីម៉ោង ១ ឬម៉ោង ២ ភ្លឺ ក៏ខ្ញុំជួបដែរ ព្រោះបងប្អូនមកពីចំងាយ សំដៅមកដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះខ្ញុំ ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតំណាងឲ្យប្រទេសជាតិមួយ ហើយក៏ជាតំណាងអោយបងប្អូនក្នុងឋានៈជាជាតិសាសន៍ដូចគ្នា។ ខ្ញុំមកនេះ អ្នកដែលមកចូលរួមទទួលខ្ញុំ មិនមែនមកទទួល ហ៊ុន សែន ជាឯកជនទេ។ ក៏ប៉ុន្តែ ប្រហែលជាដឹងច្បាស់ហើយថា ហ៊ុន សែន ជិះឡានដាក់ទង់ជ័យយ៉ាងច្បាស់។ ដូច្នេះទទួល ហ៊ុន សែន គឺជាទទួលជាតិរបស់ខ្លួន។ ឯអ្នកដែលធ្វើបាតុកម្មប្រឆាំង ហ៊ុន សែន ក៏ជាការធ្វើបាតុកម្មប្រឆាំងជាតិដែរ ព្រោះ ហ៊ុន សែន ជិះឡានដាក់ទង់ជាតិខ្មែរ។ យើងគួរនិយាយគ្នាអោយច្បាស់មើល ប៉ុន្មានភាគរយ ប៉ុន្មាននាក់ដែលធ្វើបាតុកម្មប្រឆាំង ហ៊ុន សែន ហើយប៉ុន្មាននាក់ដែលមកស្វាគមន៍ ហ៊ុន សែន? អញ្ចឹងបានខ្ញុំនិយាយតាំងពីនៅក្នុងស្រុកខ្មែរឯណោះ ខ្ញុំថាជាទម្លាប់ អ្នកដែលមកជួបខ្ញុំ និងអ្នកដែលមកធ្វើបាតុកម្ម អ្នកដែលមកធ្វើបាតុកម្មមានប្រមាណជា ១០% នៃចំនួនអ្នកដែលមកជួបខ្ញុំតែប៉ុណ្ណោះ។ ការពិតវាដូច្នេះមែន។ ថ្ងៃនេះ ដូចជាបានតែប្រមាណតែ ១០០ នាក់ជាងតែប៉ុណ្ណឹងទេ។ ម្សិលមិញ លឺថាដូចជាបានដល់ ១៥០ នាក់។ បើ ១៥០ ជាមួយនឹង ៨០០ ក៏វានៅតែតិច ហើយបើសិនជាថា ឥឡូវអោយវា ១៥០ ទៀតទៅចុះជាមួយនឹង ៥០០ ក៏វានៅតែតិច។ អញ្ចឹងទេអ្នកដែលគាំទ្ររាជរដ្ឋាភិបាល និងអ្នកដែលប្រឆាំងជាមួយរដ្ឋាភិបាល សូម្បីតែនៅប្រទេសអូស្ត្រាលីដែលពួកគេធ្វើសកម្មភាពយ៉ាងច្រើន ក៏ពួកគេមិនមានលទ្ធភាព ទទួលបានការគាំទ្រក្នុងកំរិតជាតិ ដូចសំណាក់រដ្ឋាភិបាលដែរ។ ពួកគេគួរតែផ្តោតទទួលយកមេរៀននេះទៅចុះ កុំថាឡើយប្រជាជននៅក្នុងប្រទេស ដែលមិនបោះឆ្នោតអោយគេ សូម្បីតែប្រជាជនដែលមករស់នៅទីនេះ ហើយដែលពួកគេតែងតែមកឃោសនារៃអង្គាសលុយ ក៏ពួកគេគ្មានលទ្ធភាពប្រមូលផ្ដុំមនុស្ស មកប្រឆាំងនឹង ហ៊ុន សែន បានទេ។ ខ្ញុំមិនបន្តុះបង្អាប់គេនោះទេ នេះជាលទ្ធភាពពិតប្រាកដរបស់គេ។
ពាក្យមាក់ងាយ ថា ហ៊ុន សែន ទិញអ្នកដែលមកជួបខ្លួន ៦០០ ដុល្លារម្នាក់
កន្លែងដែលគេធ្វើសកម្មភាពបានដោយសេរី ហើយបានរហូតដល់ទៅការគម្រាមកំហែង ហើយរហូតទៅដល់ប្រមាថមាក់ងាយចំពោះបងប្អូនទៅទៀតថា ត្រូវគេទិញក្បាលរហូតទៅដល់មួយក្បាល ៦០០ ដុល្លារ។ នេះជារឿងមួយដ៏ឈឺចាប់ ខ្ញុំឈឺចាប់ជំនួសបងប្អូន ដែលត្រូវទទួលការប្រមាថ។ បើសិនជាប្រមាថមកលើខ្ញុំក្នុងឋានៈជាបុគ្គលសាធារណៈ នោះវាជារឿងមួយ ក៏ប៉ុន្តែប្រមាថបងប្អូន គ្រាន់តែត្រឹមមកទទួលខ្ញុំ គឺវាជារឿងមិនសមហេតុសមផលទេ។ ម្យ៉ាងទៀត ឯណាទៅលទ្ធិប្រជាធិបតេយ្យ ឯណាទៅសិទ្ធិសេរីភាព បើគ្រាន់តែសេរីភាពមកទទួលមេដឹកនាំប្រទេស ថាត្រូវបានគេចោទប្រកាន់ថា គេទិញក្បាល ឬរហូតគេចោទប្រកាន់ថា អាយ៉ងអ្នកនេះ អាយ៉ងអ្នកនោះ។ តើរបស់ដែលហៅថាសេរីភាពបញ្ចេញមតិ សិទ្ធិប្រជាធិតេយ្យ សិទ្ធិទទួលបានព័ត៌មាន ឬសិទ្ធិនេះ សិទ្ធិនោះ តើអ្នកឯងទទួលស្គាល់សិទ្ធិ គ្រាន់តែសិទ្ធិដើម្បីអ្នកឯង ឬក៏សិទ្ធិដើម្បីអ្នកដទៃ? បើសិនជាយើងហ៊ានស៊ី យើងក៏ត្រូវហ៊ានសង កុំចេះតែស៊ី ហើយមិនចេះសង …។
លេង Facebook មិនឈ្នះ ទៅប្តឹង Facebook ទៀត
… ខ្ញុំបាននិយាយពីម្សិលប្រហែលជាបងប្អូនមួយចំនួនបានមើលតាម Facebook Page ឬមើលតាមOnline។ ឥឡូវនេះកំពុងតែផ្សាយបន្តផ្ទាល់ បើសិនជាបងប្អូនបើក Fresh News គឺនឹងឃើញការផ្សាយបន្តផ្ទាល់ … ព្រោះឥឡូវទៅកន្លែងណាក៏មិនពិបាកទេ ក៏ប៉ុន្តែមើលអ៊ីនធើណេត ខ្ញុំបើកតាំងពីថ្ងៃ ឡើងក្រហម វានៅរត់ live ផ្ទាល់។ បើកមើល Fresh News មួយ យើងអាចមើលទាំងព័ត៌មាន យើងមើលទាំងទូរទស្សន៍ យើងស្ដាប់ទាំងវិទ្យុ … ឥឡូវមើល Facebook Page របស់ខ្ញុំ ប្រហែលជា live ដែរ … រឿង Facebook អ្នកណា like មិន like comment មិន comment ខ្ញុំទៅដឹង? ខ្ញុំទៅជួលឬ? ទៅប្ដឹងខ្ញុំ។ ឥឡូវ Facebook គេស្ដីឲ្យ។ ឥឡូវ Facebook របស់ខ្ញុំកំពុងតែ live ផ្ទាល់ អញ្ចឹងវានៅគ្រប់ទីកន្លែងទាំងអស់ លេង Facebook មិនឈ្នះគេ មកប្ដឹងគេ ទៅប្ដឹងឯ Facebook។ នេះឆ្កួតដល់ទៅប៉ុណ្ណឹង … ឥឡូវ Facebook របស់ខ្ញុំគឺឡើងដល់ចំណាត់ថ្នាក់ទី ១០ ពិភពលោក។ មិញនឹងបើកអោយ ប្រាក់ សុខុន មើល យើងមិនមែនទៅដាក់ខ្លួនឯងកើតឯណា អាហ្នឹងវាមានទិន្នន័យរបស់វាចេញពី social media គឺថា Obama លេខមួយ ៥៥ លាន, Modi នាយករដ្ឋមន្រ្តីរបស់ឥណ្ឌា ៤៣ លាន លេខ ២, លេខ ៣ Donald Trump, ដល់ចេះតែបន្តមកចឹង ដល់ឥឡូវហ្នឹងខ្ញុំឡើងទៅចំណាត់ថ្នាក់ទៅ ១០ បន្ទាប់ពី Hillary Clinton។ ឥឡូវ អោយយើងទៅផ្លាស់តួលេខ Facebook យ៉ាងម៉េច? អ្នកណាចុះទៅមើលកើត។ ជួនកាលគេធ្វើសម្ភាសន៍អញ្ចេះទៀត គេទៅសម្ភាសន៍ជាមួយយុវជន យុវជនហ្នឹង like អោយលោកនេះសោះ ម៉េចក៏បានទៅដល់លោក ហ៊ុន សែន។ វាមិនដែល។ Like ទៅអ្នកណា គេបានអ្នកហ្នុង ហើយម៉្យាងទៀតគ្រាន់តែអា Post Like អា Total Page like ហ្នឹងក៏អត់ចេះដែរ។ ជួនកាលរូបខ្ញុំមួយសន្លឹក ខ្ញុំបាន ៤០ ម៉ឺន like ប៉ុន្តែ ត្រូវដឹងថា Post Like ១០០០ Post like ជួនកាលចូលទៅក្នុង total page like បានតែ ១០ ហើយមិនមែនបានសេចក្តីថា គណនីមួយអោយតែ Post ពេលណា ចូលទៅក្នុង Total Page like ទាំងអស់ទេ វាចូលទៅក្នុង Post Like ប៉ុន្តែវាមិនចូលទៅក្នុងអា Total page like ទាំងអស់ទេ។ ខ្ញុំមិនមែនគ្រូ Facebook នោះទេ …។
ប្រើប្រាស់ Facebook ដោះស្រាយបញ្ហាប័ណ្ណបើកបរម៉ូតូ
… ពេលមួយនោះ ចំណាត់ថ្នាក់ទី ១ លើពិភពលោក នៃទំនាក់ទំនងរវាងមេដឹកនាំប្រទេសជាមួយនឹងប្រជាជន ព្រោះពេលហ្នឹង គឺប្រជាជនសួរមកខ្ញុំច្រើនណាស់ អញ្ចឹងខ្ញុំឆ្លើយតបជាមួយនឹងប្រជាពលរដ្ឋនូវកង្វល់របស់គាត់ ពេលហ្នឹងសម័យទាក់ទងជាមួយហ្នឹងថា តើម៉ូតូត្រូវមានប័ណ្ណបើកបរឬអត់? អញ្ចឹងទេ ដល់សួរច្រើនអញ្ចឹង ខ្ញុំក៏ត្រូវរកវិធីដោះស្រាយមួយ បញ្ចប់ប័ណ្ណបើកបរម៉ូតូ មិនចាំបាច់ទៅរៀនទេ មានតែអត្តសញ្ញាណប័ណ្ណពលរដ្ឋខ្មែរ អាចជិះម៉ូតូបានហើយ។ ចាំដល់ពេលបើកឡាន ចាំមានប័ណ្ណបើកបរ។ ឥឡូវ ម៉ូតូនៅប្រទេសកម្ពុជា ៣ លាន ៥ សែនគ្រឿង អញ្ចឹងបើ ៣ លាន ៥ សែន គ្រឿង ត្រូវធ្វើ ៣ លាន ៥ សែន សន្លឹក។ ហើយ ៣ លាន ៥ សែនសន្លឹក ត្រូវធ្វើអីណា ត្រូវថតរូប ពិនិត្យសុខភាពអីណាអីណីផង ងាប់តែម្ដង។ អញ្ចឹងទេ បានជាអានេះបើប្រើឲ្យមានប្រយោជន៍ គឺមានប្រយោជន៍ បើប្រើបំពុលបរិយាកាស ប៉ុន្តែ បើគេបំពុលបរិកាស យើងកុំពុលតាមគេ វាអត់អីទេ ប៉ុន្តែវាណាស់តែអាពុលតាមគេហ្នឹង។ ដូចខ្លះគេថា ខ្ញុំហ្នឹងងាប់ហើយ ឬក៏កំពុងតែឈឺធ្ងន់ រួចហើយចាប់ផ្ដើម សូម្បីតែសាច់ឈាមយើងហ្នឹង ក៏ចេះព្រួយបារម្ភនឹងគេដែរ។ វាយ WhatsApp ឬក៏ Telegram មកសួរភ្លាមថា ម៉េចហើយ? មានម៉េច ឯងកំពុងតែអង្គុយធ្វើការ មានទាន់ងាប់ទៅណា …។
ខិតខំទារអោយបានព្រំដែនមិនកែប្រែ ឬបច្ចុប្បន្ន
ខ្ញុំគិតថា សង្ខេបតាមរបៀបនៃការពន្យល់ និងបញ្ជាក់អំពីចំណុចមួយចំនួន ដែលជាប្រធានបទសំខាន់ៗ ដែលបងប្អូនយើងចង់ដឹងអំពីសុខទុក្ខរបស់ប្រទេស។ ដំបូងខ្ញុំចង់បញ្ជាក់អំពីបញ្ហាអធិបតេយ្យជាតិជាមុន។ ច្បាស់ជាប្រជាពលរដ្ឋរបស់យើង បានដឹងហើយថា ទឹកដីរបស់យើងសម័យដើម គឺជាទឹកដីដែលប្រទេសធំ។ ប៉ុន្តែដំណាក់កាលក្រោយមក ប្រទេសរបស់យើង ជាពិសេស ក្នុងដំណាក់កាលបារាំងគ្រប់គ្រង ប្រទេសរបស់យើងកាន់តែរួមតូចទៅៗ។ អ្វីដែលរាជរដ្ឋាភិបាលបច្ចុប្បន្ន ក៏ដូចជារដ្ឋាភិបាលក្រោយឆ្នាំ ១៩៧៩ ប្រឹងប្រែងការពារ នូវអ្វីដែលជាមរតកដែលបន្សល់ទុក ដោយព្រះករុណា ព្រះអង្គម្ចាស់ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ តែប៉ុណ្ណោះ។ ជាមួយថៃ ជាមួយវៀតណាម និងជាមួយឡាវ យើងពុំមានលទ្ធភាពឯណាគ្រប់គ្រាន់ទាំងផ្លូវច្បាប់ ឬក៏ផ្លូវអ្វីក៏ដោយ ជាពិសេសសម័យនេះមិនមែនជាសម័យ ដែលត្រូវប្រើប្រាស់កំលាំង ដើម្បីវាយគ្នាដណ្តើមទឹកដីនោះទេ។ យើងត្រូវប្រើវិធានផ្លូវច្បាប់ និងការចរចាដោយសន្តិវិធី ដើម្បីដោះស្រាយបញ្ហា។ អញ្ចឹងទេ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនថា បើយោងទៅលើអ្វី ដែលគេបានលើកឡើងថា កម្ពុជាបាត់បង់ទឹកដីមួយថ្ងៃ ១ គីឡូម៉ែត្រ មួយថ្ងៃ កន្លះគីឡូ មួយថ្ងៃ ៣០០ ម៉ែត្រ ៤០០ ម៉ែត្រ។ ម្សិលមិញ ខ្ញុំគ្រាន់តែអោយគិត ៥ ម៉ែត្រក្នុងមួយថ្ងៃ ៣៩ ឆ្នាំ គិតទៅអស់ ៧១ គីឡូ បើអស់ ៧១ គីឡូ គិតពីព្រំដែនវៀតណាមនៅជ្រៃធំ ខេត្តណានយ៉ាង ព្រំដែនរបស់យើងកាត់ត្រង់មកតែ ៤២ គីឡូម៉ែត្រ ត្រឹមតែ ៤២ គីឡូម៉ែត្រទេ បាត់កម្ពុជាអស់ហើយ។
ប៉ុន្តែ បងប្អូនមានទូរស័ព្ទទាំងអស់គ្នា។ ទំនាក់ទំនងបច្ចុប្បន្នមិនពិបាកទេ សួរទៅមើលអ្នកដែលនៅទល់ដែន តើផ្ទះគាត់នៅកន្លែងហ្នឹងទៀតឬអត់? គឺច្បាស់ជានៅកន្លែងហ្នឹង។ ប៉ុន្តែ ដោយសារតែផលប្រយោជន៍នយោបាយ គេមិនខ្លាចជាមួយនឹងការលើកឡើង អំពីការដែលយើងកាត់ទឹកកាត់ដីឲ្យគេនេះ។ ខ្ញុំមិនយល់ហេតុអ្វីបានជាជាតិសាសន៍របស់យើងមួយចំនួន នៅបន្តលាបពណ៌គ្នាយ៉ាងដូច្នេះ? មិនខិតខំជួយគ្នាទេ។ តាំងពីពេលដែលខ្ញុំចាប់ផ្តើម ខ្ញុំខិតខំណាស់ជាមួយនឹងការទារឲ្យខានតែបាននូវព្រំដែនមិនកែប្រែ ឬព្រំដែនបច្ចុប្បន្ន ដែលព្រះករុណាព្រះអម្ចាស់ ព្រះអង្គបានយកផែនទីទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិ ទាំងផែនទីដែនគោក ទាំងផែនទីដែនទឹក ហើយរដ្ឋធម្មនុញ្ញរបស់យើង ក៏អនុញ្ញាតឲ្យប្រើប្រាស់ខ្នាតផែនទី ១/១០០០០០ ដែលជាផែនទីក្រុមភូមិសាស្រ្តឥណ្ឌូចិន ហើយយើងបោះពុម្ពក្នុងចន្លោះឆ្នាំ ១៩៣៣-១៩៥៤។ ប៉ុន្តែ ខ្ញុំក៏សូមបញ្ជាក់ជូនបងប្អូនថា រដ្ឋធម្មនុញ្ញរបស់យើងពិតជាមានចំណុចខ្សោយ មានចំណុចខ្សោយដល់ទៅពីរ ខ្ញុំមិនគួរនិយាយទេ ក៏ប៉ុន្តែគេបង្ខំចិត្តឲ្យខ្ញុំត្រូវតែនិយាយ។
ចំណុចខ្សោយរបស់រដ្ឋធម្មនុញ្ញទាក់ទងនឹងរឿងផែនទី
រដ្ឋធម្មនុញ្ញរបស់យើងមានចំណុចខ្សោយពីរ៖ ចំណុចខ្សោយទី ១ ហេតុអ្វីបានជាយើងចាំបាច់ដាក់ថា បោះពុម្ពក្នុងចន្លោះឆ្នាំ ១៩៣៣ និងឆ្នាំ ១៩៥៣។ បើយើងដាក់ត្រឹមតែបោះពុម្ពមុនឆ្នាំ ១៩៥៣ វាទាញទៅដល់ឆ្នាំ ១៩០០ ឬទៅដល់ឆ្នាំ ១៨៧៣ ដែលកូសាំងស៊ីនបានចាប់ផ្តើមរៀបចំព្រំដែន។ ឥឡូវនេះ មានកន្លែងខ្លះដែលកម្ពុជា ដែលយើងបានរកឃើញសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង ដែលចេញសេចក្តីសម្រេចនៅឆ្នាំ ១៩១៩ដូចជាម្តុំហ្នឹងហើយ គឺអគ្គទេសាភិបាលបារាំង បានចេញសេចក្តីសម្រេចឲ្យដើរតាម ព្រែកដាក់ដាំ ប៉ុន្តែដល់ទៅអ្នកគូសផែនទីវាគូសតាម ព្រែកដាក់ហ៊ូត។ ឥឡូវនេះ យើងទាមទារឲ្យវៀតណាមចរចាលើបញ្ហានេះឡើងវិញ។ ព្រោះមួយសេចក្តីសម្រចរបស់អគ្គទេសាភិបាល តែមួយទៀត គឺរវាងអ្នកគូសផែនទី គូសផែនទីខុស ព្រែកដូចគ្នា អាមួយ ព្រែកដាក់ដាំ អាមួយ ព្រែកដាក់ហ៊ូត។ ហ្នឹងជាចំណុច ដែលយើងដាក់ចងខ្លួនឯងនៅត្រឹមឆ្នាំ ១៩៥៣ ប៉ុន្តែយើងកំពុងទាមទារឲ្យវៀតណាម ចរចាជាមួយយើងលើតាំងពីមុនឆ្នាំ ១៩២០ វិញ។ នេះជាចំណុចខ្សោយទី ១។ ប៉ុន្តែ នេះគ្រាន់តែដើម្បីឲ្យយើងខ្មែរទាំងអស់គ្នាមានសិទ្ធិនឹងដឹងអំពីរឿងនេះ។
ឯចំណុចទី ២ តើខ្សោយពីអី? នៅត្រង់ថាខ្សែព្រំដែនខ្នាត ១/១០០០០០ ដែលបោះពុម្ពដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន ប្រើបានតែជាមួយព្រំដែនវៀតណាម និងជាមួយនឹងព្រំដែនឡាវទេ។ ប៉ុន្តែ ព្រំដែនជាមួយថៃ គឺខ្នាត ១/២០០០០០ យើងអត់បានដាក់ក្នុងរដ្ឋធម្មនុញ្ញរបស់យើងទេ។ ការពិត រឿងអស់នេះ គឺជារឿងផ្លូវសម្ងាត់ ប៉ុន្តែដោយសារក្រុមប្រឆាំង គេធ្វើម្តងហើយម្តងទៀត (ជាប់)ជំពាក់ខ្ញុំត្រូវតែនិយាយ ព្រោះបើមិនអញ្ចឹងគេមកបោកបងប្អូនយើង។ ផែនទីខ្នាត ១/២០០០០០ ត្រូវប្រើប្រាស់នៅឯព្រំដែនជាមួយនឹងថៃ ប៉ុន្តែ ក្នុងរដ្ឋធម្មនុញ្ញរបស់យើងប្រៀបដូចជាយើងធ្វើរបងផ្ទះតែម្ខាង កំណត់ព្រំដែនតែជាមួយវៀតណាម តែអត់កំណត់ព្រំដែនជាមួយថៃ។ យកផែនទីខ្នាត ១/១០០០០០ មក ថៃជាមួយយើងអត់មានប្រើផែនទីខ្នាត ១/១០០០០០ ទេ។ ប៉ុន្តែយ៉ាងណាក៏ដោយទាំងវៀតណាម ទាំងថៃ ទាំងឡាវ ក៏យើងឯកភាពគ្នាបានប្រើប្រាស់ផែនទីនេះបន្ត។ ផែនទីជាមួយវៀតណាម គឺប្រើប្រាស់ខ្នាតផែនទីដូចគ្នា។
យើងកំពុងតែស្នើសុំអ្នកបច្ចេកទេសរបស់បារាំង មកជួយផ្ទេរផែនទី ពីផែនទីបោនខ្នាត ១/១០០០០០ មកផែនទី UTM ខា្នត ១/៥០០០០។ យើងធ្វើជាមួយវៀតណាម។ ប្រធានាធិបតីបារាំងយល់ព្រមហើយ។ យើងធ្វើជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ ឥឡូវប្រធានាធិបតីបារាំងក៏បានឯកភាពគ្នាហើយដែរ បញ្ជូនអ្នកបច្ចេកទេសបារាំង មកជួយផ្ទេរផែនទី។ ព្រោះអ្វី? ផែនទីបោនខ្នាត ១/១០០០០០ ធំណាស់។ បើខុសត្រូវតែមួយចុងប៊ិច ឬមួយចុងម្ជុលខ្ទាស់អាចខុសត្រូវដល់ទៅរាប់សិបម៉ែត្រ ឬចូលដល់រយម៉ែត្រផង។ អញ្ចឹងទេ ទាមទារនូវបច្ចេកទេសខ្ពស់ ក្នុងការផ្ទេរផែនទីមួយនេះ។
ការបោះបង្គោលព្រំដែនតូចៗនៅតាមព្រំដែន
ដើម្បីធានាឲ្យយើងបោះបង្គោលព្រំដែននេះ ឲ្យបានច្បាស់លាស់។ ហើយការបោះបង្គោលលើកនេះ យើងត្រូវបោះបង្គោលធ្វើម៉េច ធានាថា បង្គោលព្រំដែនរបស់យើងមិនត្រូវបានរំកិលទៅណាបានទៀតទេ។ រាប់ទាំងផែនទីបង្គោលដែលអាចភ្ជាប់ជាមួយផ្កាយរណបបាន គេហៅថា chip នៅក្នុងហ្នឹង ដើម្បីភ្ជាប់ជាមួយផ្កាយរណប។ ទន្ទឹមនឹងបង្គោលធំ ឥឡូវនេះកំពុងតែដំណើរការបោះបង្គោលតូចៗបន្ថែម ព្រោះពីបង្គោលមួយទៅបង្គោលមួយពី ៣ ទៅ ៤ គីឡូម៉ែត្រ វាឆ្ងាយពេក។ បើអញ្ចឹងទេបោះបង្គោលបន្ថែម។ អាតូចៗហ្នឹងបោះបន្ថែម។ នេះជាបញ្ហាទាក់ទងនឹងអធិបតេយ្យ។
សភាពការណ៍ព្រំដែនកម្ពុជា/ថៃ កម្ពុជា/វៀតណាម និងកម្ពុជាឡាវ មិនមានបញ្ហា
បងប្អូនបានដឹងហើយថា សម័យរដ្ឋាភិបាល អភិសិទ្ធ ខ្ញុំធ្វើការជាមួយរដ្ឋាភិបាលថៃច្រើនហើយ។ ប៉ុន្តែ នាយករដ្ឋមន្ត្រីឈ្លើយម្នាក់របស់ថៃ លើកទ័ពចូលមកឈ្លានពាន។ យើងក៏ត្រូវដោះស្រាយដោយកម្លាំងរបស់យើងផ្ទាល់ យើងដោះនៅនឹងកន្លែង អ្នកឯងវាយខ្ញុំខាងយោធា ខ្ញុំត្រូវដោះស្រាយបញ្ហាយោធាជាមួយអ្នកឯងនៅនឹងកន្លែង។ ឯផ្លួវនយោបាយ និងការទូត យើងបើកទ្វារក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្នុងផ្លូវច្បាប់យើងវិលត្រឡប់ទៅតុលាការក្រុងឡាអេ ដើម្បីបកស្រាយសាលក្រមសាជាថ្មី។ ទីចុងបំផុតបន្ទាប់ពីរដ្ឋាភិបាល អភិសិទ្ធ ទៅ ឥឡូវនេះសភាពការណ៍នៅតាមព្រំដែន ទូទាំងព្រំដែន រវាងកម្ពុជាថៃ ទូទាំងព្រំដែនជាមួយនឹងវៀតណាម ទូទាំងព្រំដែនជាមួយឡាវ មិនមានបញ្ហាអីទេ។ ពាណិជ្ជកម្មទ្វេទិសរវាងកម្ពុជា និងថៃឡើងដល់ ៦ ពាន់លានដុល្លារ។ បើបូកទំហំពាណិជ្ជកម្មជាមួយនឹងវៀតណាមផង បានសេចក្តីថា ១ ម៉ឺនលានដុល្លារ ព្រោះវៀតណាមឡើងទៅដល់ជាង ៤ ពាន់លានដុល្លារ ទំហំពាណិជ្ជកម្មទ្វេទិសតែពីរហ្នឹង។ ដោយឡែកឡាវមិនសូវមានប៉ុន្មានទេ ដោយសារតែគាត់ក៏ខេត្តចុងកាត់មាត់ញក ហើយមកខាងយើងក៏ចុងកាត់មាត់ញក។ យើងមានពាណិជ្ជកម្មខ្លះដែរ ក្នុងក្របខណ្ឌនៃផ្គត់ផ្គង់អំបិលពីកម្ពុជាទៅកាន់ឡាវ ហើយនិងការផ្គត់ផ្គង់ខ្លះថែមទៀត។ ឯឡាវផ្គត់ផ្គង់ឲ្យយើងគឺអគ្គិសនី ដើម្បីយកមកផ្គត់ផ្គង់ខេត្តស្ទឹងត្រែង។ ប៉ុន្តែ ឥឡូវអគ្គិសនី ដោយយើងទើបនឹងដាក់ឲ្យដំណើរការ ៤០០ MW នៅសេសាន។ ដូច្នេះ យើងមានសមត្ថភាពដើម្បីផ្គត់ផ្គង់ឲ្យស្ទឹងត្រែងផង ឲ្យមករតនគីរី ឲ្យមណ្ឌលគីរី និងរុញចូលមកក្នុងក្រុងភ្នំពេញ ពីសេសាន ២ ដែលយើងបានដាក់ឲ្យដំណើរការរួចមកហើយ។
មនុស្សមិនគួរឲ្យគេបោកម្តងជាពីរដងទេ
នេះជាចំណុចត្រួសៗដែលខ្ញុំសូមបញ្ជាក់ថា សូមបងប្អូន ពេលមានការអីដែលគេមកប្រាប់បងប្អូននៅទីនេះ ថាយើងកាត់ដីឲ្យគេកន្លែងនេះ កាត់ដីឲ្យគេកន្លែងនោះ បងប្អូនកុំជឿខ្ញុំពេកហើយ ក៏កុំអាលជឿគេ។ សួរបងប្អូនខ្មែរយើងនៅក្នុងស្រុកឲ្យទៅមើលៗ កន្លែងហ្នឹងគេកាត់ឲ្យមែនឬអត់។ កាលដែលគេភូតបានលើកទីមួយ អ្នកភូតគឺជាអ្នកខុស អ្នកដែលចាញ់បោកគេ គឺជាអ្នកដែលត្រឹមត្រូវទេ។ ឯបើគេភូតបានលើកទីពីរ អ្នកភូត ឬអ្នកបោកនោះ គឺអត់ខុសទេ ហើយអ្នកដែលចាញ់បោកគេ ក៏អត់ខុសដែរ។ ប៉ុន្តែ បើគេបោក គេភូតបានលើកទី ៣ មានន័យថា យើងអ្នកជឿ គឺអ្នកល្ងង់តែម្តង។ ខ្ញុំសង្ឃឹមថា ក្នុងឋានៈជាមនុស្សមិនគួរឲ្យគេបោកម្តងជាពីរដងទេ។ សម័យនេះសម័យ(ព័ត៌មានវិទ្យា)គឺស្រួលណាស់ គឺឲ្យបងប្អូនទៅដល់កន្លែងហ្នឹងតែម្តង ថតជាវីដេអូ ឬក៏ជារូបភាព បញ្ជូនមកយើងមើលនៅនេះធ្វើព្រងើយ។
គេនៅតែប្រើបញ្ហាព្រំដែន ប្រឆាំង ហ៊ុន សែន
… ទាក់ទងនឹងបញ្ហាព្រំដែន គឺគេនៅតែប្រើ។ ឧទាហរណ៍ ឥឡូវមកជេរខ្ញុំយ៉ាងម៉េច ម្សិលមិញ ខ្ញុំនិយាយប្រាប់បងប្អូនយើង ៨០០ នាក់ជាង។ គេថាខ្ញុំកាត់កោះត្រល់ឲ្យវៀតណាម ប៉ុន្តែឥឡូវបងប្អូនអ្នកដែលមានវ័យចំណាស់ត្រឹមអាយុ ៦០ ឆ្នាំឡើង ក៏អាចដឹងបាននូវរឿងនេះ។ ឬក៏ក្មេងៗ ក្មួយៗដែលបានរៀនសូត្រទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរ អាចដឹងបានហើយ។ ប្រេវីយ៉េ ដែលជាអគ្គទេសាភិបាលឥណ្ឌូចិន ឈ្មោះ ប្រេវីយ៉េ ហ្នឹង ជាអ្នកទៅគូសខ្សែហ្នឹង គេថាចៅហ្វាយខេត្តកំពតពុលរលក មិនអាចទៅទារពន្ធនៅឯលើកោះត្រល់ហ្នឹងបាន។ អញ្ចឹងបានលោក ប្រេវីយ៉េ គូសត្រង់ហ្នឹងទៅ ហើយចេញសេចក្តីសម្រេច។ ដល់ចេញសេចក្តីសម្រេច ខ្ញុំមើលផ្ទៀតផ្ទាត់ទៅលើសេចក្តីសម្រេចរបស់លោក ប្រេវីយ៉េ អត់ហៅថា កោះត្រល់ទេ ហៅថា កោះហ្វ៊ូគុក តាំងពីឆ្នាំ ១៩៣១។ ដល់ឆ្នាំ ១៩៤៩ សភាបារាំងមានការប្រជុំដើម្បីដោះស្រាយបញ្ហាកូសាំងស៊ីន រាប់ទាំងអាកោះត្រល់ ហើយនិងខ្មែរកម្ពុជាក្រោមរបស់យើងមួយចំនួន។ ឆ្នាំ ១៩៤៩ ខ្ញុំអត់ទាន់កើតផង ខ្ញុំកើតឆ្នាំ ១៩៥២ កាលហ្នឹងខ្ញុំទើបនឹងងាប់ ឬក៏មិនទាន់ងាប់ផង។ បើខ្ញុំស្លាប់នៅឆ្នាំ ១៩៥០ ហើយចាប់ជាតិមកឆ្នាំ ១៩៥២ (មានន័យថា)អត់ទាន់ងាប់ផង។ រួចមកបន្ទោសខ្ញុំម៉េច។ ខ្ញុំនៅជាតិមុនសោះ។ រឿងអ្នកមុនយ៉ាងម៉េច អាហ្នឹងជារឿងប្រវត្តិសាស្ត្រ ប៉ុន្តែអ្វីដែលខ្មែរយើងត្រូវខិតខំទាំងអស់គ្នា គឺការពារទឹកដីដែលដូនតាបន្សល់ទុកឲ្យកុំឲ្យបាត់បង់តទៅទៀត។ ហើយត្រូវធ្វើរបងផ្ទះ។ ខ្លាចបាត់ដី ដល់ទៅយើងទៅបោះបង្គោល ជេរយើងរហូត។ ខ្ញុំមិនយល់ទេរឿងហ្នឹង។ ប៉ុន្តែ អ្នកដែលប្រឆាំង គេចាំតែប្រឆាំង …។
ជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតទាប អាចឈានទៅមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ ២០៣០
ឥឡូវ ខ្ញុំនិយាយអំពីបញ្ហាទាក់ទងនឹងគោលដៅសេដ្ឋកិច្ចវិញម្តង។ យើងបានដឹងទាំងអស់គ្នាហើយថាសេដ្ឋកិច្ចរបស់កម្ពុជា យើងបានរុងរឿងគ្រាន់បើនៅក្នុងដំណាក់កាលនៃសង្គមរាស្ត្រនិយម។ បើទោះបីពេលនោះមិនទាន់សម្បូរសប្បាយយ៉ាងណាក៏ដោយ តែនៅក្នុងក្របខណ្ឌតំបន់របស់យើងនេះ GDP សម្រាប់មនុស្សយើងម្នាក់ៗកាលពីពេលនោះបានទៅដល់ ២៦៩ ដុល្លារសហរដ្ឋអាមេរិក សម្រាប់មនុស្សម្នាក់។ ក្នុងពេលដែលកូរ៉េខាងត្បូងបានត្រឹមតែ ៧៤ ដុល្លារអាមេរិកទេ។ ពេលនោះចាត់ទុកថា ជាសម័យរុងរឿង ប៉ុន្តែដោយសារតែរដ្ឋប្រហារ ១៨ មីនា ឆ្នាំ ១៩៧០ បង្កើតឲ្យមានសង្គ្រាមបែកបាក់ប្រទេស, របប ប៉ុល ពត បានបំផ្លិចបំផ្លាញដល់ឫសគល់។ បងប្អូនមួយចំនួនអាចថា បានជាប់ក្នុងពេលនោះដែរ។ បងប្អូនមួយចំនួនចេញផុត ប៉ុន្តែក៏នៅមានក្រុមគ្រួសារបាត់បង់ជីវិតនៅក្នុងរបប ប៉ុល ពត។ ក្រោយរំដោះ សូម្បីតែខ្ញុំជារដ្ឋមន្ត្រីការបរទេសនៅពេលនោះ ខ្ញុំទទួលរបបបានតែ ១៧ គីឡូទេ។ អង្ករ ១០ គីឡូ និងពោត ៧ គីឡូ។ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសគ្មានប្រាក់ខែទេកាលពីដំណាក់កាលនោះ។ ក្រ ១០០% អត្រានៃភាពក្រីក្រ ១០០%។ ឥឡូវនេះ យើងបានផ្លាស់ប្តូរស្ថានភាពហើយ ពីប្រទេស ដែលមានប្រាក់ចំណូលទាបតិចតួច ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
ខ្ញុំក៏មានការព្រួយបារម្ភដែរកាលមុននេះ។ ព្រួយបារម្ភនៅត្រង់ថា ប្រទេសដែលមានប្រាក់ចំណូលកម្រិតទាបហើយក៏អាចឈានឆ្ពោះក្នុងគោលដៅទៅរកឆ្នាំ ២០៣០ ឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ យើងនឹងបាត់បង់នូវភាពអនុគ្រោះអំពីអត្រាការប្រាក់។ បើកាលណាយើងមានសេដ្ឋកិច្ចកាន់តែលូតលាស់ អត្រាការប្រាក់ដែលយើងទទួលពីធនាគារពិភពលោក ឬទទួលពីធនាគារអភិវឌ្ឍន៍អាស៊ី ឬក៏ទទួលកម្ចីទ្វេភាគី មិនមែនជាអត្រាការប្រាក់សម្បទានទៀតទេ គឺអត្រាការប្រាក់ពាណិជ្ជកម្ម។ ប៉ុន្តែ យើងបានចរចាទុកមុន ចរចាជាមួយជប៉ុន ចរចាជាមួយកូរ៉េខាងត្បូង ចរចាជាមួយចិន ចរចាជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី ចងទុកថា បើសិនជាប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ឬចំណូលមធ្យមកម្រិតខ្ពស់ សូមមេត្តាបន្តភាពអនុគ្រោះ អំពីអត្រាការប្រាក់។ នៅលើពិភពលោកនេះ … មានប្រទេសប្រ៊ុយណេ ដែលឥតជំពាក់គេ … ប៉ុន្តែ ដល់ទៅមើលក្នុងអាស៊ាន វាទៅជាសាំងហ្គាពួរជំពាក់ច្រើនជាងគេ …។
បំណុលកម្ពុជាទើបនឹងស្មើ ២២% នៃ ផលិតផលក្នុងស្រុកសរុប
បើនិយាយពីកម្ពុជាបច្ចុប្បន្នជំពាក់គេ គឺជំពាក់ហើយ … អនុបាត នៃការជំពាក់បំណុលបរទេសទូទៅ គេមិនឲ្យខ្ចីលើសពី ៤០% នៃផលិតផលក្នុងស្រុកសរុបទេ។ យើងទើបជំពាក់គេក្នុងកម្រិត ២២% នៃផលិតផលសរុប ដោយគិតទាំងបំណុលចាស់ របស់សហរដ្ឋអាមេរិក ដែល លន់ នល់ ខ្ចីនោះផង។ លន់ នល់ ខ្ចីមកឲ្យ ហ៊ុន សែន សង។ ប៉ុន្តែមរតករបស់រដ្ឋ យើងមិនអាចនឹងមិនសងបានទេ។ ខ្ញុំបាននិយាយនៅពេលប្រជុំអាស៊ាន ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំម៍ ខ្ញុំថា ដូចជាយកពូថៅមកវាយខ្ញុំហើយ ឲ្យខ្ញុំសងថ្លៃពូថៅទៀត។ ខ្ញុំនិយាយមែន ហើយគេផ្សាយពេញពិភពលោក។ គេយកគ្រាប់បែកមកទម្លាក់លើក្បាលយើង ហើយអាហ្នឹងលុយយើងជំពាក់គេ ដល់ឥឡូវ គេមកទារយើងសងលុយគេ។ អញ្ចឹងមាន ន័យថា យកពូថៅមកវាយក្បាលយើង ប្រឡាក់ពូថៅគេ ហើយឲ្យយើងសងថ្លៃពូថៅទៀត។
សូមបញ្ជាក់ ប្រជាជនកម្ពុជាជំពាក់គេមានជាងប្រមាណ ៤០០ ដុល្លារ … អាមេរិកមនុស្សម្នាក់កើតភ្លាម ត្រូវជំពាក់គេជាង ៥៧.៣០០ ដុល្លារ។ អង់គ្លេសខ្លាំងជាងគេ កើតឡើង ម្នាក់ត្រូវជំពាក់ ១១៦.០០០ ដុល្លារ។ ខ្មែរទើបនឹង ៤០០ ប្លាយទេ។ ប៉ុន្តែខ្លាំងជាងគេមួយទៀតដូចជា Luxemburg។ អាមេរិកាំងជំពាក់គេ ៩៨% នៃ GDP អង់គ្លេសជំពាក់គេ ២៨៣% នៃ GDP ឯ Luxemburg ជំពាក់គេដល់ទៅ ៦៦៣១% នៃ GDP ហើយដែលមនុស្សម្នាក់កើតឡើងត្រូវជំពាក់គេ ៦.៧៣៣.០០០ ដុល្លារ។ រកមើល ឆែកមើលអូស្ត្រាលីជំពាក់គេប៉ុន្មាន? ឮតែខ្មែរជំពាក់គេ ៤០០ គ្រវីក្បាល ប៉ុន្តែអត់ដឹងថា ខ្លួនឯងនៅនេះជំពាក់គេនៅនេះប៉ុន្មាន។ អូស្រ្តាលីជំពាក់គេ ១.៤៨៧.០០០ លានដុល្លារ អាហ្នឹងគិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ២០១៧ បានសេចក្តីថា មនុស្សម្នាក់ដែលរស់នៅអូស្ត្រាលី កើតង៉ាមក ជំពាក់គេ ៦០.៨០០ ដុល្លារ ហើយគិតជាភាគរយជំពាក់គេ ១២៦% នៃ GDP។ បងប្អូនដែលរស់នៅអូស្ត្រាលី ដែលមានសញ្ជាតិជាអូស្ត្រាលីទាំងឡាយ ត្រូវចាំថា ខ្លួនឯងកើតឡើង ឥឡូវហ្នឹងកំពុងតែផ្ទុកបំណុលសម្រាប់ម្នាក់ៗ ៦០.៨០០ ដុល្លារ គិតត្រឹមថ្ងៃ ៣០ មិថុនា ២០១៧។ ឥឡូវមិនដឹងឡើងប៉ុន្មានទេ។ កុំបន្ទោសខ្មែរ ជំពាក់គេប៉ុណ្ណេះប៉ុណ្ណោះ។
និយាយអញ្ចឹងក្រែងលោក Turnbull បន្ទោសខ្ញុំ ប៉ុន្តែខ្ញុំគ្រាន់តែនិយាយការពិតតែប៉ុណ្ណឹង … កម្ពុជាទើបនឹងជំពាក់គេ ២២% ទេ ហើយគិតទាំងបំណុលចាស់។ ប៉ុន្តែ យ៉ាងណាក៏ដោយ ប្រទេសគេអ្នកមាន រឿងរបស់គេ គេមានរបៀបដោះរបស់គេ។ ឯយើងប្រទេសដែលក្រ ត្រូវខិតខំគ្រប់គ្រងបំណុល ហើយខ្ចីគេកាន់តែតិច កាន់តែល្អ ហើយប្រឹងប្រែងសន្សំ ដើម្បីវិនិយោគខ្លួនឯង ចិញ្ចឹមខ្លួនឯង ហើយសងគេត្រឡប់ទៅវិញ ហើយគិតគូរយ៉ាងម៉េច ខ្ចីគេខ្ចីយកមកពន្លឿនកំណើនសេដ្ឋកិច្ច ដូចជាខិតខំការធ្វើផ្លូវ ធ្វើស្អីហ្នឹង។ កុំខ្ចីគេមកទិញឡានជិះ មិនឲ្យខ្ចីទេ។ខ្ញុំគ្រប់គ្រងរឿងនេះតឹងតែងសំបើមណាស់ ហើយក៏មិនមែនអ្នកណាមានសិទ្ធិទៅខ្ចីដែរ ក្រៅពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ។ ឲ្យសិទ្ធិទៅរដ្ឋមន្ត្រីហិរញ្ញវត្ថុមួយទេ ទទួលបន្ទុកទាក់ទងនឹងការខ្ចីបុល ហើយត្រូវមានការអនុញ្ញាតពីសភាមិនមែនខ្ចីចេះតែខ្ចីទេ។
រក្សាកំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នាំ និងបន្ថយភាពក្រីក្រ ១% ក្នុងមួយឆ្នាំ
គោលដៅដែលយើងដាក់ចេញ ត្រូវខិតខំធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនក្នុងមួយឆ្នាំ ៧% កាត់បន្ថយអត្រាភាពក្រី ក្រជាង ១% ក្នុងមួយឆ្នាំ។ នេះជាគោលដៅ ដែលយើងខិតខំ ដើម្បីសម្រេចធ្វើឲ្យប្រទេសរបស់យើងឈានពីប្រ ទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ឲ្យទៅជាប្រទេសដែលមានឋានៈជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ ២០៣០ និងទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ពិតមែន យើងជួនកាលរស់មិនដល់ពេលនោះទេ ខ្លួនខ្ញុំអាចរស់ដល់ ឬមិនដល់ បើទោះបីដល់ ក៏មិនមែននៅកាន់អំណាចដែរ។ ប៉ុន្តែក្នុងឋានៈជាបក្សកាន់អំណាច ឬក្នុងឋានៈជារាជរដ្ឋាភិបាល យើងត្រូវតែគូសជាផែនទីចង្អុលប្រាប់ ព្យាករណ៍ទុកសម្រាប់កំណើនសេដ្ឋកិច្ចរបស់យើង និងគោលដៅសេដ្ឋកិច្ចរបស់យើង។
នយោបាយផលិតកម្មស្រូវ និងការនាំចេញអង្ករ
… យើងក៏មានគោលនយោបាយធំៗពីរ ដែលបានដាក់ចេញរួចមកហើយ ហើយកំពុងអនុវត្ត។ ទី ១ នយោបាយផលិតកម្មស្រូវ និងការនាំចេញអង្ករ។ ខ្ញុំសុំលើកបញ្ហានេះបន្តិច។ នយោបាយនេះទទួលបានជោគជ័យពាក់កណ្តាល។ ហេតុអីបានខ្ញុំនិយាយអញ្ចឹង? នៅមុនពេលដែលយើងដាក់ចេញនូវគោលនយោបាយផលិតកម្មស្រូវ និងការនាំចេញអង្ករ ពេលនោះយើងនៅសល់ស្រូវតិចតួចណាស់ រហូតទៅដល់មានពេលខ្វះផង។ ប៉ុន្តែ នៅពេលដែលយើងដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្ត្រនេះ នូវគោលនយោបាយនេះ យើងបានសល់ស្រូវជាង ៥ លានតោន សម្រាប់ការនាំចេញទៅបរទេស។ ហ្នឹងគឺជាជោគជ័យ។ ប៉ុន្តែ សំរាប់គោលដៅរបស់យើងគឺនាំចេញអង្ករឲ្យបាន ១ លានតោន យើងនាំចេញបានត្រឹមតែ ៥០ ទៅ ៦០ ម៉ឺនតោនតែប៉ុណ្ណោះទេ។ ដោយសារការប្រកួតប្រជែងក្នុងពេលមុននេះ វៀតណាមក៏ផលិតស្បៀង ថៃក៏ផលិតស្បៀង ភូមាក៏ផលិតស្បៀង ឥណ្ឌាក៏ផលិតស្បៀង គឺប្រកួតប្រជែងគ្នាខ្លាំងណាស់។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងបានរុញប្រទេសរបស់យើងឲ្យចេញផុតពីប្រទេសដែលមានអស្ថេរភាពស្បៀង ទៅជាប្រទេសដែលមានសន្តិសុខស្បៀង ហើយយើងមានស្បៀងសំរាប់ការនាំចេញ និងមានស្បៀងបម្រុងទុកក្នុងសភាពការណ៍ចាំបាច់។
បញ្ហារបស់យើង ដែលនាំចេញមិនរួច គឺបញ្ហាមានមាសខ្វះក្រដាសខ្ចប់។ ឥឡូវយើងកំពុងផលិតស្រូវសល់ដល់ទៅជាង ៥ លានតោន តែយើងនាំចេញអង្ករខ្លួនឯងអស់ស្រូវត្រឹមតែជាង ១ លានតោនតែប៉ុណ្ណោះ ឯសល់ប៉ុន្មានទៀត តើទៅណា? ទៅវៀតណាមអស់ ៧០% ទៅថៃ ៣០%។ ពេលមួយ អតីតនាយករដ្ឋមន្ត្រីវៀតណាម គាត់និយាយលេងជាមួយនឹងខ្ញុំ ថាអរគុណ ឯកឧត្តម ហ៊ុន សែន ដែលបានឲ្យវៀតណាមទិញស្រូវជាង ១ លានតោន។ ខ្ញុំក៏ឆ្លើយតបទៅគាត់វិញថា សុំអរគុណឯកឧត្តមដែរ ដែលជួយនាំស្រូវរបស់ប្រទេសខ្ញុំ ចូលប្រទេសវៀតណាមដោយមិនចាំបាច់បង់ពន្ធ ព្រោះអាហ្នឹងបើទៅតាមផ្លូវការគឺបង់ពន្ធ ដល់គាត់មកទិញ ព្រោះពេលហ្នឹងគាត់ចុះកុងត្រាជាមួយហ្វីលីពីនក្នុងពេលដែលស្រូវរបស់គាត់មានជំងឺ គាត់ផ្គត់ផ្គង់ឲ្យហ្វីលីពីនមិនគ្រប់ គាត់ទៅទិញពីយើង។ គាត់អរគុណខ្ញុំ ខ្ញុំអរគុណគាត់វិញ ព្រោះបើគាត់មិនទិញពីយើង បានផ្សារឯណាលក់ឲ្យកសិករ។
អញ្ចឹងបញ្ហាធំជាងគេមកពីយើងវិនិយោគទៅលើម៉ាស៊ីនកិនស្រូវ ឡសម្ងួត និងការវេចខ្ចប់អត់ទាន់ពេល។ ហ្នឹងហើយដែលខ្ញុំប្រើពាក្យថា «មានមាសខ្វះក្រដាសខ្ចប់»។ កុំភ្លេច ការនាំចេញទៅក្រៅប្រទេស មិនមែននាំចេញឲ្យរួច ដូចថា ដាក់ទាំងបាវៗ ហើយនាំចេញទៅ អត់អញ្ចឹងទេណា។ ឥឡូវបើយើងមើលស្ថានភាពវេចខ្ចប់សម្រាប់ការនាំចេញទៅបរទេស មាន ៥ គីឡូហើយស្រេច មាន ១០ គីឡូ មាន ២០ គីឡូ ហើយទាល់តែធានាផ្នែកចត្តាឡីស័កហ្នឹង កុំឲ្យមានជំងឺចូលទៅក្នុងប្រទេសរបស់គេ តាមរយៈការនាំចេញរបស់យើង។ ប៉ុន្តែយើងក៏បានបាត់បង់តម្លៃបន្ថែម។ តម្លៃបន្ថែមនោះស្អី? បើយើងមានម៉ាស៊ីនកិនស្រូវខ្លួនឯងគ្រប់គ្រាន់ កន្ទក់ក៏នៅយើង ចុងអង្ករក៏នៅយើង អង្កាមក៏នៅយើង ការងារធ្វើក៏នៅយើង តម្លៃបន្ថែមនោះហើយ។ ឥឡូវនេះ យើងកំពុងប្រឹងប្រែង សមត្ថភាពនៃការកិនរបស់យើងនឹងអាចឈានទៅដល់ ២ លាន ៣ លានតោន នៅពេលខាងមុខ។
នេះជាការខិតខំសម្រាប់ទិសដៅរបស់យើង ទៅលើបញ្ហាវិស័យកសិកម្ម។ ហើយកសិកម្មរបស់យើង បច្ចុប្បន្ននេះមិនមែនកសិកម្មចិញ្ចឹមក្រពះដូចកាលពីពេលមុនទៀតទេ។ កសិឧស្សាហកម្ម ឬកសិពាណិជ្ជកម្ម សព្វថ្ងៃនេះ។ ជួយទិញឥវ៉ាន់ខ្មែរយើងផង អ្នករស់នៅអូស្ត្រាលី។ នៅពេលដែលកម្ពុជាបើកការតាំងពិព័ណ៌ទំនិញរបស់ខ្លួន សូមអញ្ជើញទៅមើលទៅ មានគ្រប់ហើយ តាំងពីម្រេច តាំងពីម្រេចកំពត ម្រេចមណ្ឌលគីរី ម្រេចមេមត់ ម្រេចកំពង់ចាម ទីផ្សារម្រេចច្រើនណាស់។ ងាកទៅផ្នែកស្វាយចន្ទីស្អីៗ។ ខ្ញុំឥឡូវនេះ ជាងពាក់កណ្តាលនៃការទទួលទានរបស់ខ្ញុំ គឺខ្ញុំទទួលទានរបស់ក្នុងស្រុក។ តិចណាស់ដែលខ្ញុំទទួលទានរបស់មកពីក្រៅស្រុក ព្រោះខ្ញុំចង់លើកទឹកចិត្តសម្រាប់ការផលិតក្នុងស្រុក។ អញ្ចឹងបានជាស្វាយចន្ទី ខ្ញុំស្វះស្វែងរកស្វាយចន្ទីរបស់យើង ហើយមានកំប៉ុង មានការវេបខ្ចប់អីដូចគ្នាហ្នឹង។ មានផលិតផលខ្លះ ប្រទេសដទៃអត់មានទេ នៅប្រទេសយើងមាន។
នយោបាយឧស្សាហូបនីយកម្ម
មួយទៀតយើងមានគោលនយោបាយឧស្សាហកម្មដល់ ២០២៥។ ការពិតឧស្សាហកម្មរបស់យើងវាបានរីកធំធាត់។ សមត្ថភាពនៃការនាំចេញរបស់យើងក្នុងវិស័យឧស្សាហកម្មជាង ៧ ពាន់លានដុល្លារ ឆ្នាំទៅមួយ។ ហ្នឹងក្នុងវិស័យឧស្សាហកម្មដែលយើងនាំចេញ។ ប៉ុន្តែនោះគ្រាន់តែជាឧស្សាហកម្មអតិពលកម្ម ដែលហៅថា ឧស្សាហកម្មប្រើប្រាស់នូវកម្លាំងពលកម្មច្រើន ដូចជាឧស្សាហកម្មដេរសម្លៀកបំពាក់។ ប្រយ័ត្ននៅនេះ ទិញខោអាវ Made in Cambodia។ ខ្ញុំទៅទិញសម្លៀកបំពាក់កីឡា ខ្ញុំឆ្លៀតទៅសាំងហ្គាពួរ មិនមែនទៅដើម្បីទិញតែអាហ្នឹងទេ ខ្ញុំទៅមានការងារ ក៏ឆ្លៀតចូលទៅឃើញខោអាវកីឡា។ ស្រាប់តែបើកមើលទៅ ឃើញផលិតនៅកម្ពុជាជាងពាក់កណ្តាល រហូតទៅដល់មើល ADDIDAS … អាវស្អាតៗ ស្បែកជើងអី ផលិតកម្មអស់ទាំងនេះ គឺជាផលិតកម្មមួយដែលប្រើប្រាស់កម្លាំងពលកម្មច្រើន។
ទិសដៅ ២ នៃគោលនយោបាយឧស្សាហកម្ម
ប៉ុន្តែ វាមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវមានគោលនយោបាយឧស្សាហកម្មរបស់យើងដែលតម្រង់ទៅលើទិសដៅពីរសំខាន់។ ទិសដៅទី ១ គឺឧស្សាហកម្មបង្កើតតម្លៃបន្ថែម។ គឺចង់ទាក់ទាញឲ្យមានការវិនិយោគ ដើម្បីប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក បង្កើតទៅជាផលិតផលសម្រេចរួចហើយ សម្រាប់ការនាំចេញ និងជាប្រភេទឧស្សាហកម្មបង្កើតតម្លៃបន្ថែម ហើយដែលខិតខំប្រើប្រាស់នូវផលិតផលក្នុងស្រុក ដូចជាជ័រកៅស៊ូ យើងមិនចង់នាំវត្ថុធាតុដើមចេញទៅខាងក្រៅទេ យើងចង់ឲ្យមានការផលិតទៅជាផលិតផលសម្រេចដូចជា កង់ឡាន កង់ម៉ូតូ ឬក៏ផលិតផលដទៃទៀតក៏ដូចគ្នា។ ដំឡូងមីរបស់យើង ស្រុកយើងធ្វើដំឡូងមី ឥឡូវដល់កម្រិតមួយហិកតា បាន ៤០ តោន ឯណោះ។ យើងត្រូវទាញយករោងចក្រធ្វើម្សៅមីឲ្យបានច្រើន។ មិនមែនគ្រាន់តែផលិតម្សៅមីទេ យើងចង់ឲ្យមានផលិតទៅជាផលិតផលសម្រេច។ ឥឡូវ មីយើង(របស់ ម៉ែន សារុន) មានលក់ដល់អូស្រ្តាលីហើយអី? បើមកដល់ ហើយជួយហូបផង។ ជួយហូប មីយើង ដើម្បីឲ្យអ្នកនាំមីពីស្រុកខ្មែរយកមកលក់ គេនាំថែមមកទៀត។ អ្នកនៅក្នុងស្រុកប្រឹងផលិតនៅឯណោះ អ្នកម្ចាស់រោងចក្រគឺទៅទិញដំឡូង ទិញស្អីពីប្រជាពលរដ្ឋ មកផលិតចេញជាមី ហើយនាំចេញមកអូស្រ្តាលី អូស្រ្តាលីជួយស៊ីទៅ។ ឯណោះគេខំផលិត អាហ្នឹងវាតគ្នាអញ្ចឹង មិនមែនគាំពារនិយមទេ ប៉ុន្តែ លើកទឹកចិត្តឲ្យមានការផលិត។
ឯផ្នែកទី ២ យើងចង់ទាក់ទាញនូវឧស្សាហកម្មបច្ចេកវិទ្យាទំនើប សម្រាប់ចូលទៅក្នុងប្រទេសយើង ដែលហៅថាឧស្សាហកម្មខ្នាតពិភពលោក។ ឥឡូវយើងមានមួយចំនួនទៅហើយ ដូចជាការកសាងនូវរថយន្ត ឬក៏គ្រឿងបំពាក់ខួរក្បាលឡាននៅតំបន់ឧស្សាហកម្មនៅកោះកុង តំបន់សេដ្ឋកិច្ចពិសេសនៅកោះកុង មានផលិតខួរក្បាលឡានប៉ុន្មានម៉ាកឯណោះ។ របស់ហ្នឹង (កាលបើ)ផលិតទៅ គេបញ្ជូនទៅអាមេរិក បញ្ជូនទៅកាណាដា បញ្ជូនទៅកន្លែងណា ដែលមានរោងចក្រធុនហ្នឹង យកទៅផ្គុំ។ យើងផលិតផ្នែកមួយទៅ ប្រទេសណាផលិតផ្នែកមួយទៅ គេយកមកផ្គុំនៅមួយកន្លែង។
យកចិត្តទុកដាក់លើទីផ្សារអាស៊ាន
… ប្រឹងប្រែងធ្វើម៉េចឲ្យទាក់ទាញ ឲ្យគេចូលមកវិនិយោគ ហើយកម្ពុជាបច្ចុប្បន្នមិនមែនគ្រាន់តែតម្រូវទៅលើប្រជាជនខ្លួនឯងជាង ១៥ លាននាក់ទេ។ ក៏ប៉ុន្តែ យើងត្រូវឃើញទីផ្សារអាស៊ានដែលមានប្រជាជន ៦០០ លាននាក់ បូកជាមួយនឹងដៃគូពាណិជ្ជកម្មរបស់យើងមានច្រើនទៀត ដែលយើងត្រូវនាំចេញ ទាំងយើងជាមួយនឹងទ្វេភាគី និងទាំងយើងជាមួយនឹងអាស៊ាន ដែលមានតំបន់ពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌអាស៊ាន និងអាស៊ានជាមួយនឹងដៃគូដទៃទៀត។ តើទំហំពាណិជ្ជកម្ម រវាងយើងជាមួយនឹងអូស្រ្តាលីមានប៉ុន្មានដែរ? ១៦៥ លានដុល្លារ។ នៅតិចណាស់។ ហ្នឹងជាប្រធានបទម្សិលមិញ ខ្ញុំចរចាជាមួយនឹងនាយករដ្ឋមន្រ្តីរបស់អូស្រ្តាលី។ ប៉ុន្តែ ទំហំពាណិជ្ជកម្មរបស់យើងជាមួយនឹងអង់គ្លេសបែរជាធំទៅវិញ។ នៅឆ្ងាយ ប៉ុន្តែធំជាងរហូតដល់ជាង ៩០០ លាន។ ឥឡូវយើងកំពុងចរចា។ ប៉ុន្តែខាងអង់គ្លេសគេបាននិយាយជាមួយយើងហើយថា កាលពីមុនយើងចូលក្នុងអឺរ៉ុប EU ក្រោមរបបអ្វីៗទាំងអស់ លើកលែងតែអាវុធ។ ប៉ុន្តែនៅពេលដែលអង់គ្លេសចាកចេញពី EU តើអង់គ្លេសបន្តអនុគ្រោះពន្ធទៀត ឬអត់? ប៉ុន្តែ គេបានសន្យា បាននិយាយជាមួយយើងច្រើនហើយថា មិនមានការផ្លាស់ប្តូរទេ។ ឥឡូវ ទំហំពាណិជ្ជកម្មសរុបរបស់យើងគឺមានចំនួនច្រើនបង្គួរ មិនទាន់ក្លាយទៅជាប្រទេសដែលធំធេងពេកទេ ក៏ប៉ុន្តែ យើងមិននិយាយពីរាប់លាន រាប់សិបលាន ឬរាប់រយលានទេ យើងនិយាយពីរាប់ពាន់លាន នៃទំហំដែលយើងនាំចេញតាមរយៈផលិតកម្ម ដែលយើងមាន។
នៅពេលដែលឧស្សាហកម្មកើន សេវាកើន កសិកម្មថយចុះជាភាគរយ ក៏ប៉ុន្តែសមត្ថភាពចិញ្ចឹមគឺមានខ្លាំង
ឥឡូវនេះ ខ្ញុំសូមជម្រាបជូនថា ក្នុងជាចំណែកនៃសេដ្ឋកិច្ចដែលចែកចេញជា ៣ ផ្នែក កសិកម្មដើរតួនាទីគ្របដណ្តប់ ២៥ ភាគរយ ឧស្សាហកម្មដើរតួនាទី ៣០ ភាគរយ សេវាកម្មដើរតួនាទី ៤៥ ភាគរយ។ អញ្ចឹងប្រហែលជាអ្នកទាំងឡាយអាចនឹងមានការងឿងឆ្ងល់ ថាម៉េចបានកសិកម្មនៅតូចម្ល៉េះ? កាលពីមុន ខ្ញុំនៅចាំថាប្រជាជនមានតែ ៧ ទៅ ៨ លាននាក់ប៉ុណ្ណោះ (កសិកម្ម)គ្របដណ្តប់ទៅដល់ ៨០ ភាគរយ តែប្រជាជនខ្វះអង្ករស៊ី។ ប៉ុន្តែ ឥឡូវនេះកសិកម្មរបស់យើងនៅសល់តែ ២៥ ភាគរយ តែប៉ុណ្ណោះ ក្នុងពេលដែលប្រជាជនមានជាង ១៥ លាននាក់ តែយើងសល់អង្ករនាំចេញដល់ជាង ៥ លានតោន។ បញ្ហាវាស្ថិតក្នុងការរីកធំធាត់នៃវិស័យឧស្សាហកម្ម នៃវិស័យសេវា ដូច្នេះ ធ្វើឲ្យវិស័យកសិកម្ម គិតជាភាគរយមានការថយចុះ ប៉ុន្តែសមត្ថភាពចិញ្ចឹមវាខ្ពស់ជាងអា ៨០ ភាគរយ។ យើងពិនិត្យមើល អូស្រ្តាលីខ្ញុំគិតថា កសិកម្ម អូស្រ្តាលីនៅប្រហែលជា ២ ភាគរយ តែប៉ុណ្ណឹង តែ ២ ភាគរយរបស់អូស្រ្តាលី មានសមត្ថភាពចិញ្ចឹមប្រជាជនអូស្រ្តាលី ហើយនាំចេញទៅក្រៅប្រទេសទៀត។ ចុះអាសាច់គោ សាច់អីហ្នឹង អូស្រ្តាលីនាំចេញ នាំចេញទៅផ្គត់ផ្គង់នៅស្រុកយើង ស្រុកយើងថា ទៅពីនេះរកសាច់ស៊ីមិនបាន មិនមែនត្រឹមតែគោអូស្រ្តាលីទេ គោអាមេរិក គោជប៉ុន ហើយអាកូបេ អីឯណា។ អូស្រ្តាលីបានទៅវិនិយោគនៅកន្លែងសត្តឃាតមួយធំណាស់ ដែលនាំគោពីហ្នឹងទៅកាប់នៅស្រុកខ្មែរ រួចហើយនាំចេញទៅអឺរ៉ុប។ អាហ្នឹងគឺអស់ ៤០ លាន។ ដូច្នេះ យើងឃើញថា ២ ភាគរយ ជាការរួមចំណែកនៃកសិកម្មរបស់អូស្រ្តាលី ចិញ្ចឹមប្រជាជនខ្លួនឯង ហើយបាននាំចេញនូវផលិតផលកសិកម្ម។ ជប៉ុនមានតែ ១ ភាគរយ ទេ ប៉ុន្តែជប៉ុនចិញ្ចឹម ប្រជាជនខ្លួនឯង ហើយជប៉ុននាំចេញទៀត។ អាមេរិកាំងមានប្រហែលជា ១ ភាគរយតែប៉ុណ្ណឹងទេ តែអាមេរិកាំងមានសមត្ថភាពចិញ្ចឹមប្រជាជនខ្លួនឯងហើយ នាំចេញទៅក្រៅប្រទេសទៀត។ អញ្ចឹង នៅពេលឧស្សាហកម្មកើន សេវាកើន កសិកម្មថយចុះជាភាគរយ ក៏ប៉ុន្តែសមត្ថភាពចិញ្ចឹម គឺមានខ្លាំង។
សារៈសំខាន់នៃអាទិភាពទាំង ៤
ខ្ញុំសូមបញ្ជាក់ជូនផងដែរថា នៅក្នុងបញ្ហាទាក់ទងជាមួយនឹងសេដ្ឋកិច្ចនេះ អាទិភាពនៃនយោបាយរបស់យើងចំពោះការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈពេលកន្លងទៅ រយៈពេលខ្លី មធ្យម និងរយៈពេលវែងទៅមុខ ក៏នៅតែអាទិភាព ៤ យ៉ាង ដែលផ្តល់ការយកចិត្តទុកដាក់ រកលុយ រកកាក់ ធ្វើអាហ្នឹង។ ខ្ញុំបានប្រកាស ៣១ ឆ្នាំហើយ ព្រោះខ្ញុំធ្វើនាយករដ្ឋមន្រ្តី ៣៣ ឆ្នាំ ក្រោយពេលធ្វើនាយករដ្ឋមន្រ្តីបាន ២ ឆ្នាំ ខ្ញុំបានប្រកាសនូវនយោបាយអាទិភាពមួយ ទឹក ផ្លូវ ភ្លើង មនុស្ស។ ប៉ុន្តែ ៥ ឆ្នាំ ចុងក្រោយនេះ យើងយកមនុស្សដាក់ជាទី ១ ផ្លូវ ទី ២ ទឹកទី ៣ ភ្លើងទី ៤ បានសេចក្តីថា ការបណ្តុះបណ្តាលធនធានមនុស្សនៅតែជាតម្រូវការខ្ពស់បំផុតរបស់យើង។ អញ្ចឹងបានជាឥឡូវនេះ ស្ថានភាពនៅកម្ពុជា គឺខុសពីស្ថានភាពពេលមុន។ ខ្ញុំមិនចាំបាច់ថាកម្ពុជាមានដំណាក់កាលសង្រ្គាម កាលពីសម័យមុន យើងមានសាលាតិចតួចណាស់ ប៉ុន្តែឥឡូវយើងពង្រាយសាលាទៅតាមមូលដ្ឋាន ហើយដាក់ចេញគោលដៅ ឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច ធានាឲ្យកុមារីកុំឲ្យទៅឆ្ងាយពីសាលា។ កុមារទាំងឡាយមិនឆ្ងាយពីសាលាទេ។ ពីដើមខេត្តមួយមានត្រឹមតែវិទ្យាល័យមួយ ឥឡូវខេត្តមួយ វិទ្យាល័យរាប់សិប បន្ថែមទៅដោយសាខា នៃសាកលវិទ្យាល័យ ឬបង្កើតសាកលវិទ្យាល័យ។ គោលដៅខាងមុខនឹងដាក់ចេញគោលដៅ ខេត្តមួយសាកលវិទ្យាល័យមួយ ដើម្បីធានាឲ្យសិស្សរបស់យើង ឲ្យមនុស្សរបស់យើងអប់រំមានការចេះដឹង។
មិនត្រូវឲ្យអ្នកណាបំផ្លាញសុខសន្តិភាព
យើងមិនអាចមើលស្រាលទៅលើបញ្ហាធនធានមនុស្ស។ បើគ្មានមនុស្សធ្វើអីអត់កើតទេ។ ចង់មានធនធានអីក៏ដោយ។ យើងមើលតែប៉ុណ្ណេះទៅបានហើយ សាំងហ្គាពួរ តើគាត់មានធនធានធម្មជាតិទេ? គាត់អត់មានធនធានធម្មជាតិទេ សាំងហ្គាពួរ រកតែទឹកសាបទទួលទានមិនគ្រប់គ្រាន់ផង ទិញទឹកពីម៉ាឡេស៊ី ប៉ុន្តែ ហេតុអីបានសាំងហ្គាពួរគេមាន? ទី ១ នយោបាយគេត្រូវ។ ទី ២ ធនធានមនុស្សគេពូកែ បានជាសាំងហ្គាពួរក្លាយខ្លួនទៅជាអ្នកមាន។ ធនធានមនុស្សគេពូកែ នយោបាយគេត្រូវ ឯយើងនយោបាយខុស ដែលនាំទៅដល់សង្គ្រាម ហើយប្រល័យពូជសាសន៍គ្នាឯងទៀត បានជាវាក្រ។ អញ្ចឹងទេបានជាមិនត្រូវឲ្យអ្នកណាបំផ្លាញសុខសន្តិភាពបានទេ បើទោះបង់ថ្លៃយ៉ាងម៉េចក៏ដោយ។ ទម្រាំស្តារបានប៉ុណ្ណេះ ពិបាកណាស់ … ខ្ញុំប្រើជីវិតរបស់ខ្ញុំជាង ២ ភាគ ៣ នៃជីវិត គ្រាន់តែស្រោចស្រង់ ដើម្បីនាំមកនូវសុខសន្តិភាព ហើយសម្រាប់បម្រើឲ្យការអភិវឌ្ឍ។
អាហារូបករណ៍អូស្ត្រាលី ចំពោះអាស៊ាន
… ការអប់រំ វិស័យអប់រំ នៅតែជាគោលដៅ នៅតែចំណុចដែលយើងយកចិត្តទុកដាក់ បណ្តុះនៅក្នុងប្រទេសហើយ បញ្ជូនមក(ក្រៅប្រទេស)។ អូស្រ្តាលីប្រកាសថ្ងៃនេះអំពីអាហារូបករណ៍អាស៊ាន។ ក្នុងហ្នឹងក៏កម្ពុជាទទួលបានមួយចំនួនដែរ ហើយយើងនៅអូស្រ្តាលីនេះ ក្រៅពីអ្នកមករៀនតាមអាហារូបករណ៍ ក៏នៅមានអ្នក ដែលមករៀនបង់ថ្លៃខ្លួនឯង។ កម្ពុជាបើកចំហ ចង់អ្នកណាទៅដល់ជើងមេឃ ទៅៗ ប៉ុន្តែ បើសិនគេដេញមកស្រុកវិញ គឺកម្ពុជាទទួល។ ដូចជាទៅអាមេរិក គេដេញមកវិញ ជាប់គុកនៅអាមេរិក អាមេរិកបញ្ជូនមកវិញ យើងត្រូវតែទទួល ព្រោះពលរដ្ឋរបស់យើង។ អាមេរិកឥឡូវចង់ដេញអ្នកដែលទៅរស់នៅអាមេរិកក្រោយឆ្នាំ ១៩៩៤ ចង់ឲ្យយើងចរចា យើងខ្លាចក្រែងលោអាមេរិកដេញពលរដ្ឋរបស់យើងឲ្យទៅកោះនេះកោះនោះ។ សុខចិត្តថា បើគេចង់ដេញរបៀបហ្នឹង យើងសុខចិត្តទទួលយកពលរដ្ឋរបស់យើងមកវិញ។ បើទោះបីអ្នកធ្លាប់ជេរខ្ញុំ ធ្លាប់ប្រមាថ។ រឿងកាន់បក្សណាជារឿងម្យ៉ាង ប៉ុន្តែរឿងសាច់ឈាមយើង ជារឿងមួយ។ យើងខ្មែរដូចគ្នា។
មិនចរចារជាមួយអ្នកដុតរូប និងអ្នកដែលជាប់ខាងផ្លូវច្បាប់
ខ្ញុំមិនទៅខឹងទេ អ្នកឯងចង់ធ្វើបាតុកម្ម ហើយបាតុកម្មអ្នកឯងខុសហើយ។ ម្សិលមិញ ខ្ញុំបាននិយាយថា លោកស្រី ប៊ូ រចនា ខុសហើយ។ តែរឿងគាត់ជឿខ្ញុំ ឬគាត់មិនជឿ រឿងផ្សេង។ មួយទៀត គេចង់ចរចាជាមួយខ្ញុំ ប៉ុន្តែ បែរជាគេដុតរូបខ្ញុំ។ ឥឡូវ តើប្រទេសណាហ៊ានមកនិយាយជាមួយខ្ញុំថា គួរតែចរចាគ្នាទៅហ្អី? ខ្ញុំគ្រាន់តែប្រើតែមួយម៉ាត់ទេ ខ្ញុំថាចរចាអី ព្រោះគេកំពុងតែដុតរូបខ្ញុំ។ ប៉ុណ្ណឹងចប់ហើយ ព្រោះលោកឯងកំពុងតែវាយខ្ញុំ សង្រ្គាមតែគេកំពុងតែវាយគ្នាហើយ គេអត់ចរចាទេ។ ម្យ៉ាងទៀត អ្នកឯងមិនសក្តិសមនឹងការចរចាជាមួយខ្ញុំផង ដោយសារម្យ៉ាងអ្នកឯងអ្នកទោស។ ហ្នឹងរឿងច្បាប់ រឿងតុលាការ ឯខ្ញុំបើកចំហចរចាជាមួយនឹងបណ្តាគណបក្សនយោបាយទាំងអស់ ដែលត្រៀមខ្លួនចូលរួមបោះឆ្នោតនៅពេលខាងមុខ។ ធ្វើកិច្ចសន្យាខាងនយោបាយទៅ។ បើបណ្តាបក្សនយោបាយនានាចង់ធ្វើការចរចា ហើយចង់ឲ្យមានកិច្ចសន្យាខាងនយោបាយសម្រាប់យុទ្ធនាការបោះឆ្នោត ការទទួលស្គាល់លទ្ធផលបោះឆ្នោត និងស្ថានភាពសមធម៌យ៉ាងម៉េច ស្តីអំពីបញ្ហាការឃោសនា ខ្ញុំត្រៀមខ្លួនចរចា។ ក៏ប៉ុន្តែ អ្នកដែលទាក់ទងជាមួយនឹងផ្លូវច្បាប់ ខ្ញុំមិនអាចចរចាជាមួយបានទេ ហើយកាន់តែមិនចរចាអ្នកដែលដុតរូបខ្ញុំ។
នយោបាយមានដូច្នេះហើយ អ្នកដែលបញ្ឆេះអោយដុតរូបខ្ញុំ គឺអ្នកវាយក្តារមឈូសខ្លួនឯងទេ ធ្វើអត្តឃាតខ្លួនឯងទេ។ ដឹងថា ហ៊ុន សែន ជាអ្នកកាន់កូនសោរគន្លឹះ ហេតុអីបានជាមកដុតរូប ហ៊ុន សែន? នេះមិនមែនជា ល្បិច ហ៊ុន សែន ទេ តែ ហ៊ុន សែន ចង់បញ្ជូនសារឲ្យអ្នកឯងបានដឹងថា អ្នកឯងខុសហើយ។ បើអ្នកចង់សម្រួលជាមួយខ្ញុំ អ្នកធ្វើរបៀបថ្នាក់ថ្នម ប៉ុន្ដែ អ្នកបែរជាប្រព្រឹត្ដអំពើមិនគប្បី។ ខ្មែរប្រកាន់ណាស់ ប៉ុន្ដែបារមីអ្នកឯងមិនខ្ពស់ជាងខ្ញុំទេ។ អ្នកឯងបើចង់បំផ្លាញជីវិត ហ៊ុន សែន បាន មានតែដើរវាយរូបនាគទាំងអស់ ដែលនៅតាមវិហារលោក អាហ្នឹងបាន ហ៊ុន សែន ងាប់។ សួរម៉េចបានទៅវាយនាគ! ព្រោះខ្ញុំកើតឆ្នាំនាគរាជ អញ្ចឹងដួងកែវរបស់ខ្ញុំនៅនឹងនាគរាជ ហើយនាគរាជរបស់ខ្ញុំនៅតែនឹងវត្ដលោក។ លោកឯងទៅវាយវត្ដទៅ។ វាយជាង ៤ ០០០ វត្ដ បើមិនលោក(សង្ឃ)ដេញវាយវិញបែកហ្វូង។
នៅកម្ពុជាគ្មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌ
ខ្ញុំមិនមែនអ្នកនយោបាយជើងចាស់ទេ គ្រាន់តែជាអ្នកនយោបាយជើងយូរតែប៉ុណ្ណោះ។ មានអ្នកខ្លះលឺសូរសំលេងខ្ញុំ ថ្ងៃមុនវាថា ឲ្យតែហ៊ានដុតរូប គេតាមវ៉ៃដល់ផ្ទះ។ រួចហើយវាខំប្រកាសថា រឿងដែលគេមិនដឹង ឲ្យគេដឹង អញ្ចឹងអញដុតតែម្ដង។ នេះល្បិច ហ៊ុន សែន ទេដឹង? ខ្ញុំមិនមែនដាក់ល្បិចលោកឯងទេ តែខ្ញុំចង់ដឹងលោកឯងចង់រួបរួម ឬអត់? បើលោកឯងចង់រួបរួម អ្នកឯងអត់ធ្វើអីទេ ដល់តែអ្នកឯងដុតរូបខ្ញុំ គឺខ្ញុំសន្និដ្ឋានថា អ្នកឯងចង់ចរចាជាមួយខ្ញុំ គ្រាន់តែដើម្បីបោកប្រាស់ខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំមិនលេងជាមួយអ្នកទេ …។ ខ្ញុំប្រាប់នាយករដ្ឋមន្ដ្រីអូស្ដ្រាលីថា ប្រទេសខ្ញុំអត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌតែប៉ុណ្ណោះ ព្រោះ … បក្សណាធ្វើខុស បក្សហ្នឹងទទួលទោស បុគ្គលណាធ្វើខុស បុគ្គលហ្នឹងជាប់គុកតើ។ ឯចំពោះរឿងបោះឆ្នោត បក្សគេដទៃ គេនៅតែបោះឆ្នោតបាន មិនមែនអត់បក្សហ្នឹងមួយ គេបោះឆ្នោតមិនបានឯណា។ រឿងបោះឆ្នោតគឺយើងនៅតែបោះ។
មកដល់ក្រៅប្រទេសហើយ ត្រូវខំឲ្យកូនចៅបានរៀន ព្រោះនៅកម្ពុជាការបណ្ដុះបណ្ដាលធនធានមនុស្សជាអាទិភាព/អាទិភាពទាំង ៤ របស់កម្ពុជា
ប៉ុន្ដែឥឡូវ ខ្ញុំវិលមករឿងសេដ្ឋកិច្ចវិញ មិញវិលចូលទៅរឿងនយោបាយបន្តិច។ ប៉ុន្ដែអាហ្នឹងវាឡូកវាឡំគ្នាអញ្ចឹង ដែលហៅថាវិទ្យាសាស្ដ្រនយោបាយនោះ។ បើយល់តែនយោបាយសុទ្ធ អាហ្នឹងវាទៅជាគម្ពីរនិយម យូរៗទៅជាគេហៅថាទៅជាមនុស្សស្អី system network ព្រោះវិទ្យាសាស្រ្ដនយោបាយ វិទ្យាសាស្ដ្រសេដ្ឋកិច្ច វានៅជុំគ្នាមួយដុំ ប្រមូលផ្តុំគ្នា។ ខ្ញុំវិលមកបញ្ហាទាក់ទិននឹងអាទិភាពទាំង ៤។ ទី ១ គឺធនធានមនុស្សត្រូវបន្ត។ ហើយសូមផ្ដាំផ្ញើបងប្អូននៅទីនេះ ម្សិលមិញខ្ញុំអត់បាននិយាយទេ ប៉ុន្តែ បងប្អូនយើងគួរតែយល់។ មកដល់ប្រទេសអូស្ដ្រាលីហើយ មានកូនមានចៅ ប្រឹងឲ្យគ្នារៀន កុំភ្លេចឲ្យសោះ។ នៅកម្ពុជា ឥឡូវនេះ សាកលវិទ្យាល័យជាង ១០០ បើទោះបីថា គុណភាពមានកម្រិតក៏ដោយចុះ ក៏ប៉ុន្ដែកុំភ្លេចថានៅកម្ពុជាមានអ្នកជាប់មហាវិទ្យាល័យច្រើន កុំឲ្យយើងមកដល់អូស្ដ្រាលីហើយ បែរជាត្រឡប់ទៅវិញ ត្រឹមតែមួយចេះភាសាអង់គ្លេស ហើយអង់គ្លេសសរសេរអត់ត្រូវជ្រុងទៅទៀត ប្រើការមិនកើត។ កុំភ្លេចថា នៅកម្ពុជាមានបញ្ញវន្ដច្រើនណាស់ ដែលបណ្ដុះនៅក្នុងប្រទេសហើយបណ្ដុះនៅក្រៅប្រទេស។ ខ្ញុំមិននិយាយពីកូនរបស់ខ្ញុំទេ ប៉ុន្ដែកូនអ្នកដទៃទៀត គេក៏មានកូនដែលបណ្ដុះបណ្ដាលនៅក្រៅប្រទេសច្រើនដែរ។ អញ្ចឹងកុំភ្លេចថា យើងបានមកនៅស្រុកគេ បែរជាមិនខំរៀនសូត្រ រកមហាវិទ្យាល័យអីនឹងគេ។
ឯនៅក្នុងប្រទេស ឥឡូវនេះ ចៅហ្វាយស្រុក បើអត់មានបរិញ្ញាបត្រទេ ពិបាករកកន្លែងធ្វើចៅហ្វាយស្រុក …។ ចៅហ្វាយស្រុកជាន់មុន អាហ្នឹងបាន ប៉ុន្ដែសម័យនេះ សម័យ Digital សម័យបច្ចេកវិទ្យាព័ត៌មាន ដូច្នេះប្រសិនបើអត់មានបរិញ្ញាបត្រ គ្មានកម្រិតមហាវិទ្យាល័យទេ ពិបាកនឹងធ្វើចៅហ្វាយស្រុក។ សូម្បីតែមេឃុំក៏ត្រូវទាមទារលក្ខណៈសម្បត្ដិ ដែលត្រូវមានខ្លះចប់មហាវិទ្យាល័យ ទៅឈរធ្វើមេឃុំ។ ខ្ញុំសូមជម្រាប គ្រាន់តែមេក្រុម មេផ្នែក និងប្រធានរដ្ឋបាលរបស់រោងចក្រ សុទ្ធតែមានបរិញ្ញា។ ខ្ញុំទៅសួរសុខទុក្ខតាមរោងចក្រ ខ្ញុំទៅជួបប្រធានក្រុមប្រធានផ្នែក ប្រធានរដ្ឋបាលតាមរោងចក្រ ម្នាក់ៗប្រាក់ខែតិចបំផុត ៤៥០ ដុល្លារ ដែលមានបរិញ្ញាបត្រ។ ចូលទៅ រហូតដល់ ៣.៥០០ ដុល្លារ។ ហើយ ៣.៥០០ ដុល្លារ នៅស្រុកខ្មែរមិនមែនដូច ៣.៥០០ ដុល្លារ នៅអូស្ដ្រាលីស៊ីមិនគ្រប់ទេណា។ មានមួយនោះជាប់បាក់ឌុបឆ្នាំ ២០១៣ កំពុងហ្វឹកហាត់ ហើយគ្រូដូចជាគ្រូជនជាតិឥណ្ឌាមិនដឹងកំពុងបង្រៀនជាភាសាអង់គ្លេសខាងផ្នែកគ្រប់គ្រង ព្រោះយើងកំពុងបណ្ដុះយុវជនក្នុងស្រុក ជំនួសឲ្យអ្នកវិនិយោគនាំយកអ្នកបច្ចេកទេសទៅពីក្រៅ។ ខ្ញុំទៅអង្គុយជិត (សួរ)ក្មួយឯងថា ចប់បាក់ឌុបឆ្នាំ ២០១៣ ហើយក្មួយឯងអត់ចាប់យកមហាវិទ្យាល័យបន្ដទេ? (គេឆ្លើយ)អត់ទេ ខ្ញុំមកចាប់ការងារតែម្ដង។ សួរថា ឥឡូវបានប្រាក់ខែប៉ុន្មាន? ថាបាន ៤៧០ ដុល្លារ។ អញ្ចឹង គេមកបណ្ដុះដើម្បីឲ្យក្មួយហ្នឹងត្រឡប់ទៅវិញកាន់ការធំជាង អញ្ចឹងអាប្រាក់ខែវានឹងកើន។ អញ្ចឹងបានមកដល់ទីនេះ មានកូនមានចៅប្រឹងឲ្យវារៀន។
ភាសាបារាំងស្ទើរតែអស់ទៅហើយនៅកម្ពុជា
… បើនិយាយពីក្នុងផ្ទះខ្ញុំ នៅសល់មនុស្សតែ ៣ នាក់ ដែលនិយាយខ្មែរ។ សល់ខ្ញុំមួយ ប្រពន្ធខ្ញុំមួយ និងអាចៅទី ១៧។ អាចៅទី ១៧ មិនមែនបានសេចក្ដីថា វាអត់ចេះអង់គ្លេសទេ វាចេះអង់គ្លេសតែវាមិនព្រមនិយាយ ឯប៉ុន្មានទៀតនិយាយអង់គ្លេសទាំងអស់។ ហើយផ្ទះមួយៗ ក្មេងមួយៗ ភាសាអង់គ្លេស វាទៅជាប្រជាប្រិយនៅស្រុកខ្មែរ ជំនួសបារាំង។ បារាំងទៅបាត់ស្រមោលទៅហើយ។ មកពីបារាំងគាត់មើលស្រាល។ ខ្ញុំបានប្រាប់គាត់តាំងពីឆ្នាំ ១៩៨២ តាំងពីខ្ញុំជាឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ដ្រីការបរទស ខ្ញុំទៅស្រុកបារាំង ខ្ញុំបានប្រាប់គាត់ថា បារាំងកាន់តែចុះខ្សោយហើយ។ ពេលហ្នឹង ខ្ញុំថាសុំអោយបារាំងដាក់មជ្ឈមណ្ឌលវប្បធម៌បារាំង ឬ អាលីយ៉ង់ហ្វ្រង់សេស មកកម្ពុជា។ តំណាងរាស្ដ្របារាំងម្នាក់ថា បារាំងអត់ទទួលស្គាល់រដ្ឋាភិបាលរបស់ឯកឧត្តមផង។ ខ្ញុំថា មិនមែនផលប្រយោជន៍របស់ខ្ញុំទេ សុំកុំភ័ន្ដច្រឡំ ខ្មែរមានភាសាដោយឡែករបស់ខ្លូន ទី ១។ ទី ២ ខ្មែរមានជម្រើសដទៃ គឺឥឡូវកំពុងបញ្ជូននិស្សិតទៅសូវៀត និងអឺរ៉ុបខាងកើត ហើយក្រៅពីនោះ ខ្មែរក៏មានរៀនភាសាអង់គ្លេស។ មានអីដល់ឥឡូវតាមអត់ទាន់មែន។
ដេកាត មួយត្រឹកៗ បានសិស្សប៉ុន្មានទៅ? មកពីបារាំងអ្នកខុស ព្រោះឥឡូវអ្នកដែលចេះបារាំង ស្លាប់ទៅ ហើយអ្នករៀនវាអត់កើតមក។ ម្ដុំនេះអ្នកនិយាយបារាំងមានតែ ប្រាក់ សុខុន, ចិន្ដា, ឱម យិនទៀង, កៅ គឹមហួន អត់ទេ? កៅ គឹមហួន រៀននៅនេះទេ សុទ្ធតែអង់គ្លេស ដូច្នេះ បន្តិចទៀតសុទ្ធតែចាស់ៗអស់ហើយនេះ។ ហ្នឹងផលប្រយោជន៍ខ្លួន ផលប្រយោជន៍ភាសាបារាំង រួចហើយប្រឹងគាស់ម៉េច បើក្មេងមិនចង់រៀន ឥឡូវក្មេងនៅស្រុកខ្មែរទៅជាអញ្ចេះវិញ ក្រៅពីភាសាអង់គ្លេស ខ្មែរគឺត្រូវរៀនហើយ ក្រៅពីអង់គ្លេស តើគេយកអី? គេយកភាសាចិន ព្រោះចិនប្រជាជន ១.៣០០ លាននាក់ និយាយភាសាចិន ហើយទេសចរចិនឆ្នាំកន្លងទៅ ១ លាន ២ សែន នាក់ចូលមកស្រុកខ្មែរ នឹងឈានទៅ ២ លាន ឬ ៣ លាននាក់នៅពេលខាងមុខ …។
ខ្មែរមានលទ្ធភាពធ្វើស្ពានឆ្លងទន្លេខ្លួនឯង
សុំនិយាយលេងបន្ដិច ថ្ងៃមុនខ្ញុំទៅជួបកម្មករនៅកំពង់សោម។ ក្មួយនោះថតរូបជាមួយ សួរប្រាក់ខែបានប៉ុន្មានក្មួយ? បាន ៦៥០ ដុល្លារ។ បានប្រាក់ខែច្រើនម្ល៉េះ? (ឆ្លើយ)មកពីខ្ញុំចេះចិន។ ដល់អញ្ចឹងស្រាប់តែខ្ញុំនិយាយ អ៊ួ អាយនី ស្រាប់តែគេឆ្លើយមកវិញ អាយឡៅយូ។ វាទៅជាអញ្ចឹងទៅ។ គាត់មិនឆ្លើយមកជាខ្មែរ ថាខ្ញុំស្រឡាញ់អ្នកទេ គាត់ឆ្លើយជាអង់គ្លេសមកតែម្តង។ ឥឡូវត្រូវដើរពិនិត្យមើល ក្នុងដំណាក់កាល នៃការអភិវឌ្ឍឧស្សាហកម្ម យើងត្រូវពិនិត្យនៅតាមរោងចក្របន្ដទៀត។ បន្ដនៅតែមិនទាន់ចប់នូវបញ្ហាធនធានមនុស្ស ព្រោះជាចំណុចគន្លឹះ ដែលត្រូវយកចិត្តទុកដាក់។ បន្ដទៀតបញ្ហាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវ ថ្នល់ ផ្លូវដែក កំពង់ផែ អាកាសយានដ្ឋានត្រូវតែបន្ដពង្រឹង ដើម្បីធានាឲ្យប្រជាជនរបស់យើងទទួលបានផលប្រយោជន៍ឲ្យកាន់តែច្រើនពីហេដ្ឋារចនាសម័ន្ធ។ ឥឡូវសូមបញ្ជាក់ជូនដែរ ខ្មែរមានសមត្ថភាពធ្វើស្ពានឆ្លងទន្លេមេគង្គខ្លួនឯងបានហើយ។ ឥឡូវធ្វើដោយជំនួយបរទេសផង ធ្វើដោយខ្លួនឯងផង ប្រាក់សន្សំរបស់យើងប្រចាំឆ្នាំ ដែលយើងមានលទ្ធភាព។ គ្រាន់តែមួយកងវិស្វកម្មរបស់ក្រសួងការពារជាតិតែប៉ុណ្ណោះ។ ក្រសួងការពារជាតិមានកងវិស្វកម្មច្រើន មិនទាន់និយាយដល់សាធារណការ ប៉ុន្ដែ យើងមានសមត្ថភាពធ្វើស្ពានឆ្លងកាត់ទន្លេដែលមានបណ្ដោយ ៧៧៩ ម៉ែត្រ។បើយើងធ្វើបានប៉ុណ្ណឹង ២.០០០ ម៉ែត្រ ក៏យើងធ្វើបានដែរ។ យើងត្រូវប្រឹងប្រែងទៅលើការធ្វើហេដ្ឋារចនាសម័្ពន្ធដើម្បីជម្រុញការតភ្ជាប់ ហើយប្រទេសរបស់យើងបច្ចុប្បន្ន តភ្ជាប់ជាប់អស់ហើយសល់ចំណុចតែមួយទេ ចំណុចចាប់ពីសំឡូត មកកាន់ថ្មដា។ សំឡូតនៅបាត់ដំបង មកកាន់ថ្មដានៅព្រំដែនកម្ពុជា-ថៃ នៅពោធិសាត់ និងចាប់ពីថ្មដា តមកកោះកុង នៅសល់តែកន្លែងហ្នឹងទេ។ ប៉ុន្ដែមានគំរោងនឹងធ្វើហើយ នៅក្នុងរង្វង់ឆ្នាំ ២០២០ យើងនឹងចាប់ផ្ដើមធ្វើអាហ្នឹង។ ក្រៅពីហ្នឹងតភ្ជាប់អស់ហើយ បើចង់ទៅរតនគិរី មិនបាច់វិលមកក្រចេះវិញទេ ឡើងទៅរតនគិរីតែម្ដងទៅ។ ចង់ទៅស្ទឹងត្រែងមិនបាច់វិលមកក្រចេះទេ ទៅព្រះវិហារតែបណ្ដោយ។ តភ្ជាប់គ្នារហូត។ នេះហើយជាការខិតខំផ្នែកហេដ្ឋារចនាសម័្ពន្ធដឹកជញ្ជូន។ នេះសមធម៌បំផុត ហើយងាយកាត់បន្ថយនូវគម្លាតទីក្រុង និងជនបទ តាមរយៈបណ្ដាញផ្លូវ។
ដោះស្រាយធារាសាស្រ្ត និងទឹក
ឯទី ៣ ប្រព័ន្ធធារាសាស្ដ្រ និងការដោះស្រាយទឹក ត្រូវខំដោះស្រាយបន្ដ ដើម្បីឲ្យប្រជាជនយើងបង្កបង្កើនផលក្នុងមួយឆ្នាំ ២ ដង ឬ ៣ ដង។ សក្ដានុពលរបស់យើងនៅច្រើនណាស់។ ខ្ញុំប្រាប់ប្រធាន ADB នៅពេលជិះឧទ្ធម្ភាគចក្រជាមួយគ្នា ខ្ញុំចង្អុលទៅក្រោម ហើយប្រាប់គាត់ថា សក្ដានុពលរបស់ខ្ញុំនៅធំណាស់។ គាត់ធ្វើភ្នែកលេមលឺមៗ ព្រោះខែប្រាំង ហើយខ្ញុំចង្អុលទៅសុទ្ធតែកញ្ជ្រាំងស្រូវ។ ខ្ញុំថាអាហ្នឹងហើយជាសក្ដានុពលដែលនៅសេសសល់ ដោយសារខែប្រាំងមិនទាន់បានធ្វើ បើសិនយើងមានទឹក នោះហើយយើងនឹងមានស្រូវ។ អញ្ចឹង(ធ្វើ)ម្ដង ទៅជា(ធ្វើ)ពីរដង ពង្រឹងសមត្ថភាពចិញ្ចឹមលើដីដែលមានស្រាប់។ យើងមិនបន្ដនយោបាយអភិវឌ្ឍតាមបែបបើកទូលាយក្នុងវិស័យកសិកម្មទេ ត្រូវអភិវឌ្ឍតាមបែបស៊ីជម្រៅវិញ។ អ្វីទៅតាមបែបបើកទូលាយ។ ខ្មែរយើងទម្លាប់ពីដើមមានគ្នា ៥ នាក់ ត្រូវមានដី ១ ហិកតា។ ឡើង ១០ នាក់ត្រូវមានដី ២ ហិកតា ឥឡូវត្រូវដូរទម្លាប់នេះវិញ ១ ហិកតា ដែលចិញ្ចឹមបាន ៥ នាក់ នេះ ត្រូវរកវិធីយ៉ាងម៉េចឲ្យសមត្ថភាពរបស់វាចិញ្ចឹមបាន ២០ ឬ ៣០ នាក់។ ដោះស្រាយទឹក និងត្រូវធ្វើប្រពលវប្បកម្ម ដើម្បីឲ្យពួកគាត់ទទួលផលបានច្រើនជាង។ កាលណាដោះស្រាយទឹកបានហើយ គាត់ធ្វើបាន ២ ដងជាស្រូវ និងអាចធ្វើបានដំណាំម្ដង ឬអាចធ្វើជាស្រូវ ៣ ដងក៏បាន … ត្រូវរកវិធីដោះស្រាយជូនប្រជាពលរដ្ឋ ទាំងទឹកស្រោចស្រព និងទឹកស្អាត។
ចុងក្រោយគឺ អគ្គិសនី
ចំណុចចុងក្រោយ គឺអគ្គិសនី។ បើគ្មានអគ្គិសនីទេ យើងកុំសង្ឃឹមទៅលើការអភិវឌ្ឍ។ ឧស្សាហកម្ម ទេសចរណ៍ រាប់ទាំងវិស័យកសិកម្ម។ កសិកម្មបច្ចុប្បន្ននេះ ប្រើអគ្គិសនីទៅហើយ កន្លែងខ្លះបូមទឹកដោយម៉ូទ័រ ហើយដែលយើងទម្លាក់តម្លៃសម្រាប់ប្រព័ន្ធស្រោចស្រព យើងត្រូវទម្លាក់ថ្លៃភ្លើងចុះ។ អញ្ចឹងត្រូវតែជម្រុញការអភិវឌ្ឍអគ្គិសនីនេះបន្ត។ បើយើងមិនធ្វើអាហ្នឹងទេ បើនិយាយពីទេសចរ មិនមែនទេសចរបក់ផ្លិតទេ ទេសចរបច្ចុប្បន្នទាមទារម៉ាស៊ីនត្រជាក់ ហើយមិនមែនដើរឡើងជណ្តើរទេ សុទ្ធតែជណ្តើរយន្ត។ អញ្ចឹង បើភ្លើងឡេះខេះៗ ដាច់ភ្លើង ជាប់គេនៅក្នុងនោះ។ អូតែលឥឡូវ មិនមែនមួយជាន់ ពីរជាន់ ដូចអូតែលពីមុនទេ អូតែលសុទ្ធតែច្រើនជាន់ណាស់។
អញ្ចឹងទេ នេះគឺជាចំណុចដែលយើងយកចិត្តទុកដាក់វិនិយោគ បន្តការវិនិយោគ។ ពិតហើយ បញ្ហាសេដ្ឋកិច្ចវាមិនមែនមានតែប៉ុណ្ណឹងទេ នៅមានច្រើនណាស់ តែយើងគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើបាឋកថា ឬក៏ថ្លែងការណ៍មួយ។ ប៉ុន្តែ បានជាជួបគ្នាហើយ ខ្ញុំប្រឹងនិយាយ។ ឲ្យតែជួបខ្ញុំ ម៉េចក៏ឆាប់ម្ល៉េះ ម៉ោងដូចជាលឿន ហើយយើងអត់ដឹងថាហត់ទេ ទាល់តែពេលទៅដេកបានដឹងថា រាងដូចហត់។
កម្មករ/ការិនី ប្រជាពលរដ្ឋក្រីក្រ ពិនិត្យព្យាបាលជំងឺ ឥតគិតថ្លៃតាមពេទ្យរដ្ឋ
ឥឡូវហ្នឹង ខ្ញុំចង់និយាយពីវិស័យសង្គមបន្តិច។ ទាក់ទងនឹងវិស័យសង្គម ខ្ញុំបានលើកខ្លះៗអំពីបញ្ហាលើរឿង ដែលវាទាក់ទិនជាមួយនឹងវិស័យអប់រំ ដែលយើងយកចិត្តទុកដាក់ ព្រោះវាជាផ្នែកមួយ។ ប៉ុន្តែ លើវិស័យសង្គមនេះ យើងបានដាក់ចេញនូវនយោបាយគាំពារសង្គម និងដាក់ចេញនូវគោលនយោបាយសម្រាប់មនុស្សចាស់។ ចំណុចនេះបាន និងកំពុងអនុវត្ត។ ឥឡូវនេះ សម្រាប់កម្មករ/ការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ បូកនឹងប្រជាពលរដ្ឋក្រីក្រ ត្រូវបានទទួលមូលនិធិសមធម៌ គឺការទទួលពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ។ ឥឡូវនេះ បានឈានទៅដល់ជិត ៤ លាននាក់ រួចស្រេចទៅហើយ។ ចំណុចនេះធំណាស់។ មូលនិធិសមធម៌ប្រើប្រាស់សម្រាប់ប្រជាជនក្រីក្រ ហើយប្រើប្រាស់សម្រាប់ឲ្យក្នុងវិស័យកម្មករ/ការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
កម្មការិនី/មន្រ្តីរាជការ/កម្លាំងប្រដាប់អាវុធជាស្រ្តី ឆ្លងទន្លេ ឈប់សម្រាក ជាមួយបៀវត្សរ៍ និងសាច់ប្រាក់ឧបត្ថម្ភ/សោធននិវត្តន៍សម្រាប់កម្មករ ២០១៩
សម្រាប់កម្មការិនី ដែលមានផ្ទៃពោះឆ្លងទន្លេ ត្រូវបានឈប់សម្រាក ៣ ខែ ជាមួយនឹងប្រាក់បៀវត្សរ៍ ១២០%។ ខ្ញុំមិនដឹងថា នៅអូស្រ្តាលីគេឲ្យប៉ុន្មានទេ ប៉ុន្តែ នៅកម្ពុជា កម្មការិនីឆ្លងទន្លេទទួលបានការសម្រាក ៣ ខែ ជាមួយនឹងបៀវត្សរ៍ ១២០% ដោយក្នុងនោះ ថៅកែរោងចក្រចេញ ៥០% មូលនិធិបេឡាជាតិសន្តិសុខសង្គមចេញ ៧០% បូកបន្ថែមដោយកម្មវិធីផ្តល់សាច់ប្រាក់ កម្មការិនីឆ្លងទន្លេបានកូន ១ បាន ១០០ ដុល្លារ កូន ២ ភ្លោះ បាន ២០០ ដុល្លារ ភ្លោះ ៣ បាន ៣០០ ដុល្លារ ហើយបន្ថែមដោយលុយខ្ញុំ ៥ លានរៀលទៀត(សម្រាប់ភ្លោះ ៣) ស្មើនឹងជាង ១ ២០០ ដុល្លារទៀត។ កូនភ្លោះ ៣ ក៏មិនតិចដែរណា ប៉ុន្មានរយគ្រួសារហើយ កូនខ្ញុំទាំងអស់។ ស្រ្តី ដែលជាមន្រ្តីរាជការ ជាកងកម្លាំងប្រដាប់អាវុធ ពេលឆ្លងទន្លេក៏ត្រូវទទួលបាននូវការឈប់សម្រាក ៣ ខែ ជាមួយនឹងប្រាក់ខែ ១០០% បូកជាមួយនឹងទទួលបាននូវកម្មវិធីសាច់ប្រាក់ ៨០ ម៉ឺនរៀល ១៦០ ម៉ឺនរៀល និង ២៤០ ម៉ឺនរៀល។ ពេលខាងមុខ យើងនឹងដាក់ឲ្យអនុវត្តនៅក្នុងចំណោមកម្មករ មានប្រាក់សោធននិវត្តន៍ ឆ្នាំ ២០១៩។ យើងនឹងអនុវត្ត ហើយយើងមានលទ្ធភាពនឹងធ្វើបញ្ហាហ្នឹង។
បន្តដោះស្រាយដីសម្បទានសង្គមកិច្ច/ចាប់ផ្តើមមូលនិធិគន្ធបុប្ផាកម្ពុជា
ក្រៅពីនោះ យើងបន្តដោះស្រាយបញ្ហាដីសម្បទានសង្គមកិច្ច សម្រាប់យុទ្ធជន សម្រាប់ជនពិការ និងសម្រាប់អ្នកដែលខ្វះដីពិតប្រាកដ ដើម្បីដោះស្រាយបញ្ហាដីធ្លីឲ្យប្រជាពលរដ្ឋរបស់យើង។ តាមការគ្រោងទុក បើគ្មានការប្រែប្រួលទេ ថ្ងៃទី ១១ ខែ មេសា មុនចូលឆ្នាំខ្មែរ យើងនឹងប្រកាសឲ្យចាប់ផ្តើមសម្ពោធអនុវត្ត មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាជំនួយដ៏ធំសម្រាប់ស្រោចស្រង់មន្ទីរពេទ្យគន្ធបុប្ផា។ នេះគឺជាកម្មវិធីមួយ មិនតូចទេ ខ្ញុំជាប្រធានកិត្តិយស ហើយបានកំណត់ពេលវេលារួចហើយ សម្រាប់សម្ពោធដាក់ឲ្យប្រើប្រាស់ ដែលយើងមានមូលនិធិគន្ធបុប្ផា ដែលវេជ្ជបណ្ឌិត Richner គាត់បង្កើតនៅឯក្រៅប្រទេសផង និងយើងមានមូលនិធិគន្ធបុប្ផាក្នុងប្រទេសផង ប្រមូលធនធានក្នុងជាតិរបស់យើង ជួយមន្ទីរពេទ្យមួយនេះ ដែលក្នុងមួយឆ្នាំចំណាយមន្ទីរពេទ្យគន្ធបុប្ផានេះ សម្រាប់ព្យាបាលកុមារ ប្រមាណជាង ៤០ លានដុល្លារអាមេរិក។ យើងបន្តការខិតខំទាំងអស់គ្នា។
គ្មាននរណាខ្វល់ថា អ្នកណាជាប់គុកនោះទេ ធ្វើខុសត្រូវតែជាប់គុក
អំពីបញ្ហានយោបាយ ជាក់ស្តែង អ្នកនៅអូស្រ្តាលី ក្រែងមានបងប្អូននៅក្នុងស្រុក សួរទៅឥឡូវ ព្រោះនៅឯណោះទើបនឹងម៉ោង ៧ ជាង សួរថា មានគេច្បាំងគ្នា ឬអត់នៅស្រុកខ្មែរ? ឥឡូវ ថ្មើរនេះកំពុងមើល concert ហើយនិងវាយបុក តាមទូរទស្សន៍។ បើកមើលនៅក្នុងនេះ(ទូរស័ព្ទ)បានហើយ ស្រុកឥឡូវ។ (បើកទូរស័ព្ទមើលទូរទស្សន៍) គេសប្បាយម្លឹងៗ ហើយអ្នកណាទៅកើតទុកអាណាជាប់គុក អាណាជាប់ច្រវាក់។ ឯងខុសទៅជាប់គុកតែឯងទៅ ហៅគេទៅជាប់គុកជាមួយអី? គេកំពុងតែរាំលោតនេះ ព្រាប សុវត្ថិ ផងអី … មាននរណាកើតទុក្ខជាមួយ។ ហើយសុទ្ធតែវិបត្តិអញ្ចេះ វិបត្តិអញ្ចុះ វិបត្តិខ្មោច វិបត្តិលោកឯងប៉ុន្មាននាក់នោះ។ គេទៅមានវិបត្តិស្អីគេ លោកឯងអ្នកធ្វើខុសសោះ វាសមនឹង(ចូលគុក)។ គុកគេធ្វើសម្រាប់ដាក់មនុស្សខុស … បើលោកឯងធ្វើឲ្យវាត្រូវទៅ នរណាទៅធ្វើអី។
បោះឆ្នោតព្រឹទ្ធសភាបានបញ្ចប់រួចរាល់, បោះឆ្នោតសកល ថ្ងៃ ២៩ កក្កដា ២០១៨
ដំណើរការបោះឆ្នោតព្រឹទ្ធសភា បានធ្វើរួចហើយ ពីថ្ងៃទី ២៥ ខែកុម្ភៈ។ ៥៨ នាក់ ដែលចេញពីអង្គបោះឆ្នោតអសកល ដែលអង្គបោះឆ្នោតហ្នឹង គឺក្រុមប្រឹក្សាឃុំសង្កាត់ បូកនឹងតំណាងរាស្រ្ត បានបោះរួចហើយ។ ព្រះមហាក្សត្របានតែងតាំងឥស្សរជន ២ រូប ទៅកាន់ព្រឹទ្ធសភាហើយ នៅសល់តែការបោះឆ្នោតចេញពីសភា ២ រូបតែប៉ុណ្ណោះ បន្ទាប់ទៅ ព្រះមហាក្សត្រនឹងកោះប្រជុំលើកដំបូងរបស់ព្រឹទ្ធសភា។ … ហើយចូលឆ្នាំខ្មែរមានទៅធ្វើអីស្រុកយើង (ក្រៅពី)រាំវង់ … ជឿទៅ សូម្បីតែកូនបង្កើត និងប្រពន្ធច្បាស់ជាទៅរកកន្លែងសប្បាយហើយ។ យើងបង្កបង្កើនផលធម្មតា រកស៊ីធម្មតា។ ថ្ងៃ ២៩ ខែ កក្កដា ២០១៨ ការបោះឆ្នោតនឹងចាប់ផ្តើម … រឿងវាមានតែប៉ុណ្ណឹង។ បោះឆ្នោត បោះឲ្យត្រឹមត្រូវ។ ខ្ញុំយល់ព្រម និងត្រៀមខ្លួននឹងចរចាជាមួយនឹងបណ្តាបក្សនយោបាយទាំងអស់ ដើម្បីសម្រួលបរិយាកាសជាមួយគ្នា តាមបែបទាមទារស្អី ចង់បានស្អី ព្រោះអាហ្នឹងវាជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ដែលមានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃធ្វើជាប្រធានគណៈកម្មាធិការ ក្នុងកិច្ចការពារទិដ្ឋភាពទាំងឡាយ។ យើងត្រូវមានអព្យាក្រឹត្យភាពទៅលើបញ្ហានេះ។ ឧទាហរណ៍កន្លែងហ្នឹង បក្សមួយប្រជុំបាន បក្សមួយទៀតក៏មានសិទ្ធិប្រជុំបានដែរ ផ្លូវហ្នឹងហែ(បានទាំងអស់គ្នា) ធ្វើម៉េចកុំឲ្យតែហែបុកគ្នាទៅបានហើយ ចែកម៉ោងគ្នាទៅ។ ឯកម្មវិធីតាមទូរទស្សន៍ហ្នឹង ចែកម៉ោងគ្នាឲ្យស្មើទៅ ឲ្យសមធម៌ទៅ ហើយបោះឆ្នោតរួចហើយ ទទួលស្គាល់លទ្ធផលបោះឆ្នោតទៅ។
លទ្ធផលបោះឆ្នោតមិនចាំបាច់ត្រូវការការទទួលស្គាល់ពីនរណាម្នាក់ ឬប្រទេសណាមួយនោះទេ
ប្រទេសកម្ពុជា ក៏ដូចជាប្រទេសអូស្រ្តាលី អត់មានត្រូវការប្រទេសណាមកទទួលស្គាល់លទ្ធផលទេ។ សុទ្ធតែអ្នកខ្លះនិយាយថា គេអត់ទទួលស្គាល់លទ្ធផល។ មើលឲ្យច្បាស់ ទៅមើលរដ្ឋធម្មនុញ្ញរបស់កម្ពុជាទៅ។ ប្រទេសឯករាជ្យ អធិបតេយ្យ ដូចជាប្រទេសអូស្រ្តាលី មានត្រឹមតែអគ្គទេសាភិបាលទេ ស្តេចរបស់អូស្រ្តាលីគឺស្តេច Elizabeth ទី ២ របស់អង់គ្លេសទេតើ។ ប៉ុន្តែ អត់មានតម្រូវការឲ្យស្តេច Elizabeth ទី ២ ទទួលស្គាល់លទ្ធផលបោះឆ្នោតនៅអូស្រ្តាលីឯណា។ កម្ពុជាក៏ដូចគ្នា បោះឆ្នោតរួចហើយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គេប្រកាសលទ្ធផលបណ្តោះអាសន្ន ហើយប្តឹងផ្តល់គ្នាទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោះស្រាយពាក្យបណ្តឹង។ ដោះស្រាយមិនចប់ គេប្តឹងបន្តទៀត ទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញគេដោះស្រាយរួចហើយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលផ្លូវការតែម្តង ហើយបេក្ខជនជាប់ឆ្នោត។ ៦០ ថ្ងៃ យ៉ាងយូរ ព្រះមហាក្សត្រកោះប្រជុំសភា ក្នុងពេលជាមួយគ្នា ព្រះមហាក្សត្រតែងតាំងវីរជនម្នាក់ ដែលចេញពីគណបក្សឈ្នះឆ្នោត ឲ្យបង្កើតរដ្ឋាភិបាល តែងតាំងជានាយករដ្ឋមន្រ្តី។ នាយករដ្ឋមន្រ្តីដែលទទួលការតែងតាំងដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ត្រូវផ្គូរផ្គងសមាជិករាជរដ្ឋាភិបាល ហើយទៅសុំការជឿទុកចិត្តពីសភា។ សភាផ្តល់ការទុកចិត្តហើយ ព្រះមហាក្សត្រឡាយព្រះហស្ថលេខាលើការតែងតាំងគណៈរដ្ឋមន្រ្តី រួចហើយគណៈរដ្ឋមន្រ្តីស្បថចូលកាន់ដំណែង គឺចប់រឿង អត់មានអីតទៅទៀត។ គ្មានតម្រូវការឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិមកស៊ីញ៉េទទួលស្គាល់អីទេ។ កុំទៅជឿពួកអ្នកមកបោកប្រាស់ បោកដើម្បីរកលុយទៀតហើយ …។
អាណិតអ្នកនៅក្រៅស្រុក ដែលបរិច្ចាគលុយឲ្យអ្នកប្រឆាំង
អាណិតបងប្អូនខ្មែរនៅបរទេស ប្រឹងរកស៊ីចង់ងាប់ចង់រស់ អាសូរតែរកស៊ីបានស្រួល នៅស្រុកគេមិនមែនដូចនៅស្រុកខ្មែរទេណា ស្រុកខ្មែរដេក ៣ ថ្ងៃ មិនទាន់គេថាអីទេ។ ខ្ញុំមិនទម្លាប់ជាអ្នកនៅក្រៅប្រទេស តែលឺគេថា ពូអើយពូ! ខ្ញុំទៅនៅក្រៅ តែខានធ្វើការ មិនស្រួលគេអញ្ចេះអញ្ចុះអី តែឈប់ពីកន្លែងមួយហើយ កន្លែងមួយទៀតមិនព្រមយកទេ។ អាហ្នឹងគេថាមានស្អីប្រកាសមិនទទួលស្គាល់អីមួយនោះ។ ហើយបែរជាយកលុយទៅឲ្យពួកនេះចាយ ហើយពួកនេះយកទៅ ឥឡូវ អាទូរទស្សន៍ព្រះអាទិត្យលុយហ្នឹងទៅណា? ណ្ហើយ បងប្អូនយើងបរិច្ចាគទៅ ចាត់ទុកថាបានបរិច្ចាគទៅចុះ ខ្ញុំក៏មិនច្រណែននិន្ទាអីទេ។ ប៉ុន្តែ អាណិតតែបងប្អូនចាញ់បោកតែគេហ្នឹង។ គិតចុះឡើងៗ មកនិយាយនៅអូស្រ្តាលី និយាយចុះនិយាយឡើង ស្រាប់ទៅចេញភស្តុតាងមកមួយកំភ្លូសធំ ងាប់អស់មនុស្សមិនចេះតិច ខូចខាតទ្រព្យសម្បត្តិអស់មិនចេះតិច។ អញ្ចឹងមានរឿងអី? តែកាលណាធ្វើខុសច្បាប់ហើយ។ គេគ្មានទុកអ្នកឯងដើម្បីថ្វាយបង្គំតទៅទៀតទេ ច្បាស់ជាគេចាប់វាយខ្នោះហើយ។ និយាយឡើងអំពាវនាវឲ្យកងទ័ពបែរកាណុងមកបាញ់រាជរដ្ឋាភិបាល។ គេបង្កើតកងទ័ពឡើងគេឲ្យការពាររដ្ឋ បើកាលណាមកបាញ់រដ្ឋាភិបាល អាហ្នឹងកងទ័ពធ្វើរដ្ឋប្រហារហើយ។ កុំឆោតពេក ដូចអង្កាល់ លន់ នល់ យកយោធាធ្វើរដ្ឋប្រហារ។
ម៉ុងតាញ៉ាមិនមែនជាជនជាតិដើមភាគតិចនៅកម្ពុជានោះទេ
… កន្លងទៅ ចុះហត្ថលេខា កាត់ខេត្តឲ្យគេអស់ ៤។ រួចហើយ សុទ្ធតែសំអាងថា អាហ្នឹងជាសិទ្ធិជនជាតិដើមភាគតិច។ តែបងប្អូនដែលលឺស្រុកខ្មែរយើងមានឈ្មោះ ជនជាតិម៉ុងតាញ៉ា ឬអត់? យើងមានព្នង មានស្ទៀង មានចារ៉ាយ មានកាចក់ មានកួយ តែម៉ុងតាញ៉ាអត់មានទេ។ ហ្នឹងជាជនជាតិភាគតិចនៅក្នុងប្រទេសវៀតណាមទេតើ រឿងអីអ្នកឯងទៅកាត់ក្រចេះ រតនគិរី ស្ទឹងត្រែង មណ្ឌលគិរី ឲ្យគេស្វយ័ត? យើងទទួលស្គាល់ជនជាតិដើមភាគតិច តែក្នុងប្រទេសយើងគ្រប់គ្រាន់ហើយ ចាំបាច់អីរាប់ជនជាតិភាគតិចនៅក្នុងប្រទេសគេទៀត។ ទង្វើរបស់គេ មិនសក្តិសមជាទង្វើធ្វើមេដឹកនាំរបស់ប្រទេស ហើយតាំងខ្លួនជាអ្នកស្នេហាជាតិ។ ខ្ញុំហាក់ដូចជាកាន់តែវែងទៅៗហើយ ប៉ុន្តែ អ្នកដែលហត់ពិតប្រាកដ មិនមែនអ្នកអង្គុយស្តាប់ទេ គឺអ្នកនិយាយ។ ទោះបីជាហត់ពេញមួយថ្ងៃទៅហើយក្តី ព្រោះបងប្អូនមកពីចម្ងាយនេះ ចង់ដឹងសុខទុក្ខពីប្រទេសជាតិរបស់ខ្លួន តាមរយៈអ្នកដែលទទួលខុសត្រូវខ្ពស់បំផុតក្នុងផ្នែកនីតិប្រតិបត្តិ គឺនាយករដ្ឋមន្រ្តីនេះឯង។
ខ្ញុំអរគុណណាស់ ដែលបានធ្វើដំណើរពីចម្ងាយ។ បងប្អូននៅណូវែលហ្សេឡង់ទៅវិញឬនៅ? មាននៅសល់ខ្លះទេ? នៅសល់ខ្លះ។ អ្នកនៅណូវែលហ្សេឡង់ហ្នឹង បានសម្រាកតាំងពីថ្ងៃព្រហស្បត្តិ៍ឯណោះ ហើយស្អែកត្រូវថ្ងៃអាទិត្យ ទៅវិញត្រូវបានសម្រាក។ ឯខ្ញុំទេអត់បានសម្រាក ប្រជុំតាំងពីព្រឹករហូតដល់ឡើងយន្តហោះតែម្តង។ ប៉ុន្តែស្អែកនេះ ចប់អស់ ហោះពីនេះព្រលប់ … ថ្ងៃមក ហោះ ១១ ម៉ោង ខ្ញុំដេក ៩ ម៉ោង។ ឪដេក ម៉ែដេក។ ចុះនៅ Darwin ដើម្បីយកសាំង។ ដឹងថាចុះ តែត្រង់គេចាក់សាំងអីមិនដឹងទេ។ រួចហើយដល់ពេលឡើង ដឹងថាឡើងស្រាប់តែលក់ទៅទៀត ស្រាប់តែក្មេងទៅហៅ ពូៗ ជិតដល់ហើយ។ … ៩ ម៉ោងទៅហើយ មិនទាន់ឆ្អែត។
ទូតខ្មែរនៅក្រៅប្រទេស ធ្វើការតំណាងឲ្យជាតិទាំងមូល
ខ្ញុំពិតជាមានការអរគុណ ហើយកោតសរសើរ ចំពោះបងប្អូនដែលស្រឡាញ់រាប់អាន ហើយសុខចិត្តទ្រាំនូវការលំបាកក្នុងការធ្វើដំណើរវែងឆ្ងាយមកជួបខ្ញុំនៅពេលនេះ។ អរគុណចំពោះក្រុមការងាររៀបចំ ក៏ដូចជាឯកឧត្តមអគ្គរដ្ឋទូតនៅទីនេះ ហើយមានការអីសូមកុំភ្លេចយើងមានទូតនៅទីនេះ តំណាងឲ្យផលប្រយោជន៍របស់ជាតិខ្មែរ ក្នុងហ្នឹងរាប់ទាំងបងប្អូនប្រជាពលរដ្ឋខ្មែរ មានការអីទូតរបស់យើងតំណាងនៅទីនេះ មិនថាខ្មែរគាំទ្ររាជរដ្ឋាភិបាលនោះទេ ខ្មែរដែលមិនគាំទ្ររាជរដ្ឋាភិបាល ឲ្យតែខ្មែរ ទូតត្រូវធ្វើការងារឲ្យទាំងអស់។ ព្រោះនេះជាការបញ្ជូនមក មិនមែនឲ្យតំណាងតែគណបក្សនោះទេ តំណាងឲ្យជាតិទាំងមូល កុំភ្លេចឲ្យសោះថា ទូតមានសិទ្ធិជិះឡានដាក់ទង់ជ័យ។ អ្នកដែលមានសិទ្ធិជិះឡានដាក់ទង់ជ័យជាទម្លាប់ប្រទេសរបស់យើង គឺព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ រដ្ឋមន្រ្តីការបរទេស និងអគ្គរដ្ឋទូត។ អញ្ចឹងកុំភ្លេចតួនាទីថា យើងមកមិនមែនតំណាងឲ្យក្រសួងណាមួយទេ គឺតំណាងឲ្យជាតិទាំងមូល ដូច្នេះ យើងក៏ធ្វើឲ្យពលរដ្ឋតំណាងឲ្យជាតិសាសន៍របស់យើងមួយ ហើយនៅក្នុងប្រទេសដែលមានពលរដ្ឋរបស់យើង យើងក៏ត្រូវមានការទទួលខុសត្រូវលើរឿងនេះ។
អ្នកខ្លះថា ហ៊ុន សែន មកនេះឲ្យគេចាប់ខ្លួន តែបែរជាបានជំនួយពីអូស្រ្តាលី ៨៧ លានដុល្លារទៅវិញ
ខ្ញុំសូមយកឱកាសនេះ តាមរយៈបងប្អូនដែលបានអញ្ជើញមក ផ្តាំសួរសុខទុក្ខអ្នកដែលមិនបានអញ្ជើញមក ជាសាច់ញាតិក្នុងក្រុមគ្រួសារ ឬអ្នកដែលនៅក្បែរខាង ដែលមិនបានមក ហើយផ្តាំទៅកុំចាំបាច់ថាអ្នកគាំទ្រ អ្នកប្រឆាំងក៏ខ្ញុំសូមសួរសុខទុក្ខដែរ។ ខ្ញុំជានាយករដ្ឋមន្រ្តីកម្ពុជា ខ្ញុំមានសិទ្ធិនឹងផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរចំពោះពលរដ្ឋកម្ពុជាទាំងអស់ ទោះបីនៅទីណា និន្នាការណាក៏ខ្ញុំជូនពរទាំងអស់ដែរ។ សង្ឃឹមថា ខ្ញុំនឹងមក(ម្តងទៀត) ស៊ីដនីខ្ញុំមកលើកទី ៣ ហើយ។ លើកទី ១ ឆ្នាំ ១៩៩១ បន្ទាប់ពីកិច្ចព្រមព្រៀងប៉ារីស លើកទី ២ ឆ្នាំ ២០០៦ ឯលើកទី ៣ ពេលនេះ។ នឹងមានពេលវេលាមកទៀត ហើយខ្ញុំក៏បានអញ្ជើញនាយករដ្ឋមន្រ្តីអូស្រ្តាលី ទស្សនកិច្ចទៅកម្ពុជាដែរ។ យើងមកគេ គេមកយើង គឺជារឿងធម្មតាណាស់ ប៉ុន្តែ ជាអកុសល ភូតថ្លុក ភូតត្រពាំង គេថា ហ៊ុន សែន មកហ្នឹង គេយកមកគាប។ ម្សិលមិញ ជាមួយនឹងការស្វាគមន៍ នាយករដ្ឋមន្រ្តី Turnbull ប្រកាសថា រដ្ឋាភិបាលអូស្រ្តាលី នឹងផ្តល់ជំនួយចំនួន ៨៧ លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងកម្មវិធីដទៃទៀត។ អ្នកខ្លះ គេបែរជានិយាយថា លោក ហ៊ុន សែន មកលើកនេះ គេចាប់ខ្លួន។ ឱ! ព្រះអើយ នាយករដ្ឋមន្រ្តីនៃប្រទេសអធិបតេយ្យមួយ បើថាឲ្យគេចាប់អញ្ចឹង វាអស់ន័យហើយលើពិភពលោកហ្នឹង វាអស់ច្បាប់ អស់ទម្លាប់ អស់សណ្តាប់ធ្នាប់ពិភពលោកហើយ។ ប៉ុន្តែ ការបោកប្រាស់របស់គេនោះ ក៏វាអស់លក្ខណ៍ដែរ ចប់ត្រឹមប៉ុណ្ណឹងហើយ។
ហើយដល់ទីបញ្ចប់ហើយ ខ្ញុំសូមយកឱកាសនេះ ជាមួយនឹងឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ដែលជិតដាច់ទៅ ហើយឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ នឹងចូលមកដល់នៅពេលខាងមុខនេះ សូមបងប្អូនទាំងអស់ជួបប្រទះតែនឹងពុទ្ធពរ និងពរ ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕