ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​​បើក​​សន្និ​សីទ​​ចក្ខុ​វិស័យ​ប្រទេស​កម្ពុជា ឆ្នាំ២០១៨ ​ក្រោម​ប្រធាន​​បទ​វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំរាប់​ឧស្សា​ហូប​នីកម្ម កំណើនសេដ្ឋកិច្ច និងការ​អភិវឌ្ឍ​ប្រទេសកម្ពុជា

(FN)៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​បើកសន្និសីទចក្ខុ​វិស័យ​ប្រទេស​កម្ពុជា ឆ្នាំ២០១៨ ក្រោ​ម​ប្រធានបទវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំរាប់ឧស្សាហូបនីកម្ម កំណើន​សេដ្ឋ​កិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

​ប្រសាសន៍​សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សន្និ​សីទ​ចក្ខុ​វិស័យ​ប្រទេស​កម្ពុជាឆ្នាំ២០១៨ ក្រោមប្រធានបទ «វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​សម្រាប់​ឧស្សា​ហូប​នីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា» ពិតជា​មាន​សារៈ​សំខាន់​សម្រាប់​កម្ពុជា​យកម​កគិត​គូរបន្ថែមទៀត អំពីការ​បង្កើត​មូលដ្ឋាន​គាំទ្រ​ដល់ការ​រីកលូត​លាស់ក្នុង​រយៈ​ពេលវែង ខណៈដែល​កម្ពុជាបាន​ប្រឹងប្រែងក​សាង​សមត្ថភាពស្ថាប័ន, ការ​ធ្វើ​ទំនើបក​ម្មមូលដ្ឋាន​សម្ភារៈបច្ចេកទេស, ការពង្រឹង​ប្រសិទ្ធភាព​ប្រើប្រាស់​បច្ចេក​វិទ្យា​ព័ត៌មាន​ និងគមនាគមន៍ ពិសេស​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យក​ម្ពុជា​ឲ្យក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។

* សម្តេចប្រមុខរាជរដ្ឋាភិបាល​បន្តថា ជាការពិត​ចរន្ត​នៃការរីក​ចម្រើន​នៃវិស័យ​វិទ្យា​សាស្ត្រ និងបច្ចេកវិទ្យា​ក្នុង​សកលលោក គឺជាកត្តាកំណត់​មួយក្នុង​ពេលអនាគត ពិសេស​ក្នុង​បរិការ​ណ៍បដិវត្តន៍ឧស្សាហកម្ម។

* សម្តេចតេជោ បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹង​ជួយ​ជំរុញ​ផលិត​ភាព កំណើន​ចំណេះដឹង និងសមត្ថភាពផ្នែកបច្ចេកទេស ដែល​នឹង​ជួយ​កម្ពុជា​កសាង​បាន មូលដ្ឋានសេដ្ឋកិច្ចផ្អែកលើចំណេះដឹង ដូចជាបណ្តាប្រទេស​អភិវឌ្ឍនានា។ នេះ​ជាចំណុច​សំខាន់​មួយខណៈ​កម្ពុជាមាន​ប្រជាជនប្រមាណ ៦៥ភាគរយ មាន​អាយុ​ក្រោម ៣០ឆ្នាំ ដែល​កម្ពុជា​ត្រូវតែ​រហ័ស​ចាប់ច្បាម​យក​ឱកាស​ល្អផ្នែក​ផល​លាភ​ប្រជា​សាស្ត្រ​នេះ ដើម្បីសម្រេច​គោលដៅ​ទាំងឡាយ​របស់ខ្លួន។ សម្តេចបន្តថា ក្នុងន័យនេះ កម្ពុជា​នឹងគូរឲ្យ​មានគោល​នយោបាយ និងវិធានការដ៏​ចាំបាច់នានា ដើម្បីធានា​ឲ្យយុវជន​មានសមត្ថភាព​​ពេញលេ​ញ​ចាប់យ​​កអត្ថប្រយោជន៍​​ដ៏មហា​សាល ​នៃវិស័យវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យានេះ។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការអភិវឌ្ឍ​ហេដ្ឋា​រចន​សម្ព័ន្ធ​​រូបវន្ត​សំ​ខាន់​ខ្លាំង​ណាស់​​សម្រាប់​​គាំទ្រកំណើន និងការអភិវឌ្ឍប្រទេស ប៉ុន្តែហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្នែក​បច្ចេក​វិទ្យា និង​នវានុវត្តន៍​រឹតតែ​សំខាន់​ថែមទៀត​សម្រាប់​ឲ្យកម្ពុជា​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​ និងជំរុញពិពិធកម្មសេដ្ឋកិច្ចក្នុងពេលអនាគត។ ជាក់ស្តែងប្រទេសចិន ឥណ្ឌា ប្រេ​ស៊ីល សិង្ហបុរី ហ្វីលីពីន ថៃ ម៉ាឡេស៊ី គឺជា​ឧទាហរណ៍ នៃប្រទេស ដែល​បាន​ប្រើប្រាស់​វិទ្យា​សាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងកា​របើកចំហ​សម្រាប់​ពាណិជ្ជកម្ម​ក្នុង​វិស័យនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និន្នាការសក​ល​កំពុងផ្លាស់​ប្តូរយ៉ាង​លឿន ហើយ​ស្ថាន​ភាព​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទាំងបច្ចេកវិទ្យានាំចូល ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ក្នុងស្រុក និងការចាប់​យក​បច្ចេក​វិទ្យារ​បស់ប្រជាជន​កម្ពុជា កំពុង​មាន​សន្ទុះ​កើន​ឡើង និងកំពុង​ចាក់​ឫសជ្រៅ​បន្តិច​ម្តងៗ​ទាំងនៅ​ក្នុងវិស័យក​សិកម្ម ឧស្សាហកម្ម និងសេវាកម្ម ស្រប​គ្នាទៅនឹងដំណើរការ​អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច។

* សម្តេចតេជោ បានថ្លែងថា កង្វះកម្រិតជំនាញ និងបរិមាណ​ធនធានមនុស្ស បាន​កម្រិត​ដល់​ល្បឿនអភិវឌ្ឍន៍​វិស័យ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​របស់កម្ពុជា។ សម្តេចបន្ថែមថា ជា​ការ​សំខាន់​ណាស់ ដែលត្រូវជំរុញការ​វិនិយោគ​ទៅលើ​សក្តានុ​ពលផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​ឲ្យខ្លាំងក្លា ដើម្បីរៀបចំខ្លួនចាប់​យកឱកាស​ល្អៗ និង​ដោះស្រាយ​បាន​បញ្ហា​ថ្មីៗទៀត​នៅក្នុង​អនាគត។

* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាកំពុងដើរតាម​មាគ៌ាត្រឹមត្រូវ ដោយ​កម្ពុជា​បាន​បង្កើត​ក្រុមប្រឹក្សា​ជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​ក្នុងឆ្នាំ២០១៤ កន្លង​ទៅនិង​ការ​អនុម័ត​ផែនការ មេស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​ជាតិកម្ពុជាឆ្នាំ២០១៤-២០២០។ បច្ចុប្បន្ន​នេះក្រុម​ប្រឹក្សា​ជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កំពុងធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​រៀប​ចំ​តាក់តែង គោលនយោបាយ​សម្រាប់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយ​រួម​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន និងអ្នក​ពាក់ព័ន្ធ​ផ្សេងទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពរីកចម្រើន​ផ្នែកប​ច្ចេក​វិទ្យា​លើ​វិស័យ​ឧស្សា​ហកម្ម កំពុងក្លាយជាបញ្ហាប្រឈមមួយសម្រាប់កម្លាំងពលកម្មរបស់មនុស្ស ពោល​ពេល​បច្ចេក​វិទ្យា កាន់តែរីកចម្រើន ការកាត់បន្ថយកម្លាំងពលកម្មកាន់តែខ្ពស់ផងដែរ។ ក្នុង​ន័យ​នេះ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យមានការគិតគូរថា ភាពរីកចម្រើននៃបច្ចេកវិទ្យា នឹង​មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់ ការងារ​របស់ប្រជាព​លរដ្ឋនោះឡើយ។

* ដើម្បីជំរុញវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ សម្តេចតេជោបានបញ្ជាក់ថា កម្ពុជា​ក៏បាន​គិត​គូរ​ដើម្បី​ឲ្យ​ក្រសួង​អប់រំ យុវជន និងកីឡា សកម្មលើក​កម្ពស់​វិស័យ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅថា ស្តេម (STEM) ចាប់តាំង​ពី​បឋម​សិក្សារ​ហូត​ដល់​កម្រិត​ក្រោយ​មធ្យមសិក្សា។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ទន្ទឹមនឹងការរក្សា​បានកំ​ណើត​សេដ្ឋកិច្ច​ក្នុងរយៈ​ពេលមធ្យម​ក្នុងអត្រាប្រមាណ ៧ភាគរយក្នុងមួយឆ្នាំ, សេដ្ឋកិច្ចកម្ពុជា នឹង​ឈាន​ហួស ពីវិស័យកសិកម្ម និងរោងចក្រកាត់ដេរ។ បច្ចុប្បន្ន​ចំនួន​សហគ្រាស​ផលិត​កម្ម​មាន​តម្លៃ​បន្ថែមខ្ពស់ និងទើបផុសឡើងថ្មីកំពុងកើនឡើង ជាពិសេសខាងផ្នែកសម្ភារ ប្រើ​ប្រាស់​ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិក មានចំណែកកើនពី ៥.១ភាគរយ ក្នុងឆ្នាំ២០១២ ដល់ ៧.១ភាគរយ ក្នុងឆ្នាំ២០១៧ នៃចំនួនសហគ្រាសផលិតកម្មសរុប។

* សម្តេចបន្តថា ការនាំចូលសម្ភារបរិក្ខាអគ្គិសនី និងអេឡិចត្រូនិកកើនពី ៤.៧ភាគរយ នៃ​ការ​នាំចេញ​សរុបក្នុងឆ្នាំ២០១១ ដល់ ៨.៣ភាគរយ ក្នុងឆ្នាំ២០១៦។ ការ​នាំ​ចេញ​ផលិត​ ផលឧស្សាហកម្មមិនមែនវាយនភណ្ឌរួមទាំងស្បែកជើងផងឡើងដល់ ១៦​ភាគ​រយ​ នៃការនាំចេញសរុបក្នុងឆ្នាំ២០១៦ គឺលើពីគោលដៅ ១៥ភាគរយ ក្នុងឆ្នាំ២០២៥ ដែល​នាំកំណត់ក្នុងគោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជា២០១៥-២០២៥។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា លទ្ធផលនៃវិស័យវិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​នៅ​ឆ្ងាយ​ពីប្រទេសអាស៊ានមួយចំនួន។ ក្នុងនោះចំណាយរបស់កម្ពុជាក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ ក៏នៅតិចនៅឡើយ គឺត្រឹម ០.១២ភាគរយ នៃផលិត​ផល​ក្នុង​ស្រុក​សរុប​ក្នុង​ឆ្នាំ២០១៥ ធៀបនឹង ០.៦៣ភាគរយ នៅថៃ និង ១.៣ភាគរយនៅម៉ាឡេស៊ី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាន​ប្តេជ្ញា​ចិត្ត​បង្កើន​ចំណាយ​លើការស្រាវជ្រាវ និងអភិវឌ្ឍឲ្យដល់ ០.២ភាគរយ នៃផលិត​ផល​ក្នុង​ស្រុក​នៅ​ឆ្នាំ​២០២០ ដល់ ១ភាគរយនៅឆ្នាំ២០២៥ និងដល់ ១.៥ភាគរយនៅឆ្នាំ២០៣០។ ក្នុង​នោះ​​កម្ពុជា​​ក៏នឹងយកចិត្តទុកដាក់អំពីអ្នកស្រាវជ្រាវ ខណៈចំនួនអ្នក​ស្រាវ​ជ្រាវ​នៅ​កម្ពុជា​គិត​ក្នុង​​ប្រជាជន​១​លាន​នាក់ នៅឆ្នាំ២០១៥ មានប្រមាណ ៥០នាក់ បើគិតតាម​ចំនួន​អ្នក​ស្រាវ​ជ្រាវ និងប្រមាណ ៣០នាក់ បើគិតជាចំនួនអ្នកស្រាវជ្រាវធ្វើការពេញម៉ោង ហើយ​កម្ពុជា​មានគោលដៅ បង្កើនចំនួនអ្នកស្រាវជ្រាវពេញម៉ោងឲ្យដល់ ២០០០នាក់ នៅឆ្នាំ២០៣០។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឈានទៅ​សម្រេច​គោល​ដៅ​អភិវឌ្ឍន៍​ឲ្យខ្លាំង​ក្លា​នូវវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កម្ពុជាត្រូវ​ខិតខំ​កសាង​មូលដ្ឋាន​គាំទ្រ​នានា ដែលធានាដល់ការរីកលូតលាស់នៃវិស័យនេះ។ រួមមាន៖

១៖ ការជំរុញកម្លាំងកម្លាំងពលកម្មមានជំនាញខ្ពស់៖ កម្ពុជា នឹងយកចិត្ត​ទុកដាក់​ខ្ពស់​លើ​កម្ម​វិធីសិក្សាអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិជ្ជា (STEM) និង​កម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ជួយ​គាំទ្រ​ការផ្សារ​ភ្ជាប់​គ្នា​រវាង​វិស័យ​អប់រំ និងសហគ្រាសអាជីវកម្មផងដែរ។ ក្នុងនោះកម្ពុជា ក៏នឹង​បង្កើត​ប្រព័ន្ធ​ទទួល​ស្គាល់​ថ្នាក់ជាតិមួយ សម្រាប់ផ្តល់រង្វាន់ដល់បុគ្គល និងក្រុមនានា ដែលបាន​ចូលរួម​ចំណែក​លើកស្ទួយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

២៖ ការលើកកម្ពស់បណ្តាញស្រាវជ្រាវ និងអភិវឌ្ឍ និងហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​មាន​គុណ​ភាព​ខ្ពស់៖ កម្ពុជា នឹងបន្តជំរុញយន្តការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ការបង្កើតហេដ្ឋារចនាសម្ព័ន្អរូបវន្តសម្រាប់បម្រើឲ្យការស្រាវជ្រាវ និងអភិវឌ្ឍ និងជួយសម្រួល​ដល់ការផ្ទេរបច្ចេកវិទ្យាផលិតកម្ម និងការចូលទីផ្សារ​របស់វិស័យ​បច្ចេក​វិទ្យា។ ក្នុងនោះ​កម្ពុជានឹង​លើក​ទឹកចិត្ត​ដល់វិស័យ​ឯកជន​ឲ្យវិនិយោគ​កាន់តែ​ច្រើន​ទៅលើ​ការ​ស្រាវជ្រាវ និងអភិវឌ្ឍផលិតផល និងដំណើរការផលិតកម្មបែបថ្មី, លើកទឹក​ចិត្ត​ដល់​កិច្ច​សហការ ស្រាវជ្រាវថ្នាក់ជាតិ និងអន្តរជាតិរវាងសហគ្រាសឧស្សាហកម្ម វិទ្យាស្ថាន​ស្រាវជ្រាវ និងសកលវិទ្យាល័យនានា ដើម្បីញ៉ាំងឲ្យមានការចែករំលែក និងការ​ទទួល​បាន​ព័ត៌មាន និងបច្ចេកវិទ្យា និងការចូលក្នុងទីផ្សារ។

៣៖ ការបន្តពង្រឹងក្របខ័ណ្ឌស្ថាប័ន គោលនយោបាយ និងច្បាប់ដ៏រឹងមាំ៖ កម្ពុជា នឹង​ពង្រឹង​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវច្បាប់​ស្តីពី​កម្ម​សិទ្ធបញ្ញា បទប្បញ្ញត្តិពាក់ព័ន្ធ និង​ការកែ​លម្អក្រប​ខ័ណ្ឌច្បាប់នានា ដើម្បីលើកទឹកចិត្ត និងជំរុញឲ្យសហគ្រិន និងអ្នកវិ​ទ្យា​សាស្ត្រ​នានា បង្កើត និងដាក់លក់ផលិតផលបច្ចេកវិទ្យា និងសេវាថ្មីៗទៀត កា​ន់​តែ​ច្រើន​ និងកាន់តែសកម្មផុលផុស។

៤៖ បំផុសការចូលរួមរបស់សធារណជនក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៖ ការ​បំផុស​ឲ្យមានការយល់ដឹងពីសារសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាទូទៅ តាមរយៈ​ការ​បណ្តុះ​បណ្តាលទេពកោសល្យ ចំណេះដឹងអំពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលនឹងជួយលើកស្ទួយ និងការ​បង្កើន​តម្លៃ​បន្ថែមខ្ព​ស់​ដល់​ការ​អភិវឌ្ឍ​វិស័យ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីអតីត​កាល​ប្រជាពល​រដ្ឋខ្មែរ​មាន​ភាព​រួស​រាយ​រាក់​ទាក់​រកគ្នា និងស្និទ្ធស្នាលជាមួយគ្នា តែក្នុង​សម័យ​បច្ចេក​វិទ្យារីក​រាយច​ម្រើន​នេះភាព​ស្និទ្ធ​ស្នាល​ជាមួយគ្នាត្រូវបានកាត់បន្ថយ។ សម្តេចកត់សម្គាល់ឃើញថា ក្នុងជំនួប​ផ្សេងៗ​មនុស្ស​បានចាប់​ផ្តើមចាប់អារម្មណ៍ខ្លាំងលើទូរស័ព្ទ មិនបានចាប់​អារម្មណ៍​លើមនុស្ស​នៅជុំវិញ​ខ្លួន​នោះឡើយ។

* សម្តេចតេជោ បានលើកឡើងថា កម្ពុជាត្រូវលើកស្ទួយវិស័យវិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​ឲ្យ​ខ្លាំងក្លា ដើម្បីពន្លឿន និងពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ច ឲ្យចូល​រួមយ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍនៅក្នុងតំបន់ និងក្នុងពិភពលោកដោយស្មើភាព និងស្មើសិទ្ធិ។ ទោះបី​យ៉ាង​ណា​វិស័យបច្ចេកវិទ្យា នឹងមានបច្ច័យទាំងវិជ្ជាមាន និងអវិជ្ជាមានមកលើនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលចាំបាច់ត្រូវគិតគូរឲ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា បច្ចេកវិទ្យា​នឹង​មាន​ឥទ្ធិពល​លើប្រព័ន្ធ​ព័ត៌មាន​ដែលអាច​ចែកចាយ​បាន​យ៉ាងរហ័ស និងអាចមិនមាន​ការផ្ទៀងផ្ទាត់ ឬ ចាត់ថ្នាក់​ត្រឹមត្រូវ​ដែល​នាំឲ្យ​កើតចលាចល គំរាមសន្តិសុខ និងអាចនាំដល់ការ​ផ្លាស់ប្តូរ​តែក្នុង​រយៈពេល​ខ្លីមិនបានព្រៀងទុកជាមុន។

* សម្តេចតេជោ បានថ្លែងថា ការរីកចម្រើនប​ច្ចេកវិទ្យា​នឹងជួយ​ដល់កម្លាំង​មនុស្ស​ដោយ​ការ​ធ្វើ​ស្វ័យប្រវត្តកម្ម និងដែលអាចធ្វើឲ្យផលិតភាពកើនឡើង ការកាត់បន្ថយការខូចខាត ហើយដែលនឹងបង្កើតនូវស្ថានភាពធុរកិច្ចថ្មីៗក្នុងសេដ្ឋកិច្ចថ្មីមួយ ដែលត្រូវបានហៅថា សេដ្ឋកិច្ចឌីជីថល។ ប៉ុន្តែទន្ទឹមនឹងនេះ បច្ចេកវិទ្យានឹងប៉ះពាល់ដល់វិស័យការងារ និង​ទាមទារសមត្ថភាពជំនាញកាន់តែខ្ពស់ និងកម្រិតវប្បធម៌មួយច្បាស់លាស់ជាងមុន។ វិទ្យា​សាស្រ្ត និងបច្ចេកវិទ្យា រួមចំណែកដល់ការកាត់បន្ថយនូវការប្រាស្រ័យដោយផ្ទាល់ ការរស់នៅដោយមានលក្ខណៈឯករាជ្យ ម្ចាស់ការ និងកែប្រែទម្លាប់ និង​ប្រពៃណី​នៃ​ការ​រស់​នៅមួយចំនួនរបស់ប្រជាជន ដែលនឹងបង្កើតនូវសង្គមថ្មីមួយ ដែលត្រូវបានហៅថា សង្គឌីជីថល។

* សម្តេចតេជោ បានគូសបញ្ជាក់ថា ការរៀបចំបាននូវមូលដ្ឋាន និងថ្នាលវិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យាដ៏រឹងមាំមួយសម្រាប់ការចាប់យកឱកាស និងការគ្រប់គ្រងហានិភ័យ គឺជា​កិច្ចការ​សំខាន់ដែលត្រូវយកចិត្តទុកដាក់ជារួម។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធនឹងធ្វើការជាមួយគ្នា ដើម្បី​ញ៉ាំង​ឲ្យ​គោល​ដៅ​ប្រកបដោយ​មហិច្ឆតា​ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្លាយជាការពិត ទប់ស្កាត់ផលអវិជ្ជមាន និងដើម្បីធានារក្សាសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និង​វិបុល​ភាព​នៅប្រទេសកម្ពុជា​ឲ្យប្រកបដោយចីរភាព។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលា​ម៉ោង​៨​៖​៥៦​នាទី​ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ