ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពានឆ្លងទន្លេទៅកោះប៉ែន ដែលសាងសង់ដោយកូនខ្មែរ និងថវិការបស់រាជរដ្ឋាភិបាលតម្លៃ ១៣លានដុល្លារ

(FN)៖ ស្ពានឆ្លងកាត់​ទន្លេពីក្រុង​កំពង់​ចាមទៅ​កាន់កោះប៉ែន ដែលសាងសង់​ដោយកូនខ្មែរសុ​ទ្ធសាធ និងប្រើថវិកាផ្ទាល់របស់​រាជរដ្ឋា​ភិបាល​កម្ពុជាតម្លៃប្រមាណ ១៣លានដុល្លារអាមេរិក ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា ។

ស្ពាន​កោះ​ប៉ែន គឺជា​ស្ពាន​ឆ្លង​ទន្លេ​ទី២​ហើយ ដែល​បាន​លេច​ចេញ​ជា​រូប​រាង​នៅ​លើ​ទឹកដីនៃខេត្ត​កំពង់ចាម បន្ទាប់ពីស្ពាន​គីហ្សូណា ខណៈដែលស្ពានឆ្លងទន្លេមួយទៀត គឺស្ពានស្ទឹងត្រង់-ក្រូចឆ្មារ កំពុងដំណើរការសាងសង់។ ស្ពានគីហ្សូណា និងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ គឺជាស្ពានដែលសាងសង់ឡើងដោយបរទេស និងប្រើប្រាស់ថវិកាជំនួយ និងកម្ចីរបស់បរទេស ដោយឡែកស្ពានកោះប៉ែន ត្រូវបានសាងសង់ឡើងដោយថវិការបស់រាជរដ្ឋាភិបាល ហើយក៏សាងសង់ឡើងដោយដៃកូនខ្មែរផងដែរ។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយ ដែលបានចូលរួមស្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងកាត់ដៃទន្លេមេគង្គឆ្លងពីក្រុងកំពង់ចាម មកកាន់កោះប៉ែន កោះត្រុំ…។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីពេលនេះតទៅនៅពេលកម្ពុជាប្រមូលផ្តុំគ្រប់កម្លាំងទាំងអស់ គឺកម្ពុជាអាចសាងសង់ស្ពានឆ្លងកាត់ទន្លេនៅគ្រប់កន្លែងទាំងអស់។

* សម្តេចតេជោថា សមិទ្ធផលស្ពានឆ្លងកាត់ទន្លេនេះ បានបង្ហាញថា កម្ពុជាមិនមែនអង្គុយរង់ចាំប្រទេសដទៃមកសាងសង់ស្ពាននោះទេ គឺកម្ពុជាបានអភិវឌ្ឍន៍ខ្លួន និងមានសមត្ថភាពអាចសាងសង់ស្ពានបានដោយខ្លួនឯង។

* សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់បង្ហាញនូវប្រវត្តិ និងការសម្រេចចិត្តរបស់សម្តេចក្នុងការសម្រេចសាងសង់ស្ពាននេះផងដែរ។ សម្តេចបន្តថា បើទោះបីមានអ្នកខ្លះចាត់ទុកសមិទ្ធផលនេះ ជាសមិទ្ធផលតូចតាច តែវាបានក្លាយជាប្រយោជន៍ធំណាស់សម្រាប់ប្រជាពលរដ្ឋ។

* ជាមួយការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលស្ពានថ្មីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរិះគន់ដល់ម្ចាស់ទូកដ និងម្ចាស់ស្ពានឬស្សីផងដែរ ដែលពួកគេបានអនុវត្តន៍យកតម្លៃខុសសៀវភៅបន្ទុកនាំឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។ សម្តេចបញ្ជាក់ថា ចាប់ពីថ្ងៃនេះទៅអាជីវកម្មទូតដ និងស្ពានឬស្សីដល់ទីបញ្ចប់ហើយ។

* សម្តេចតេជោបានបញ្ជាក់ថា ចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍ជាតិដោយឈរលើវិស័យអាទិភាពទាំង៤ គឺការអភិវឌ្ឍផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស នៅតែជាចក្ខុវិស័យមួយដ៏ត្រឹមត្រូវមកដល់ពេលបច្ចុប្បន្ននេះ។ សម្តេចបន្តថា សមិទ្ធផលស្ពាននេះ គឺជាការផ្តល់ប្រយោជន៍​ដល់សាធារណៈដ៏សមធម៌បំផុត ពោលប្រជាពលរដ្ឋគ្រប់និន្នាការ និងឋានានុក្រមអាចប្រើប្រាស់បានគ្រប់គ្នា។

* សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចគ្មានថវិកាសម្រាប់ផ្តល់ទៅទិញរថយន្តឲ្យរដ្ឋមន្ត្រី ឬអភិបាលខេត្តជិះនោះឡើយ គឺថវិកាត្រូវបានប្រើប្រាស់ទុកសម្រាប់ធ្វើផ្លូវ ធ្វើស្ពានបម្រើជាប្រយោជន៍ជូនប្រជាពលរដ្ឋ។

* សម្តេចតេជោ បានថ្លែងថា ចាប់ពីពេលនេះតទៅគ្រប់ស្ពានដែលមានតម្រូវការចាំបាច់ ហើយមិនមានហិរញ្ញប្បទានពីបរទេស គឺនឹងមានការសិក្សាប្រមូលយកថវិកាជាតិសម្រាប់សាងសង់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បារមីមិនដល់ជេរសម្តេចនឹងមានគ្រោះថ្នាក់ដល់ខ្លួនឯងទៅវិញទេ។ សម្តេចបញ្ជាក់ថា គ្មាននរណាជេរសម្តេចខ្លាំងជាងមេដឹកនាំប៉ុលពតនោះទេ ទីបំផុតមេដឹកនាំខ្លះស្លាប់គ្មានដីកប់ ហើយក៏មានអ្នកខ្លះទៀតត្រូវជាប់គុកផងដែរ។

* សម្តេចនាយករដ្ឋមន្ត្រីបន្តថា ការប្រើប្រាស់សម្រាប់សាងសង់ស្ពានផ្លូវ គឺជាការបែងចែកថវិកាជូនប្រជាពលរដ្ឋប្រកបដោយសមធម៌ និងជួយកាត់គម្លាតរវាងទីក្រុង និងជនបទផងដែរ។

* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា នៅកំពង់ចាមនាពេលបច្ចុប្បន្នមានភូមិចំនួន ៩១៦ភូមិ ប៉ុន្តែមានអគ្គិសនីប្រើប្រាស់រហូតដល់ ៨៥៦ភូមិ ស្មើនិងប្រមាណ ៩៣ភាគរយ។ យោងតាមទិន្នន័យនេះ សម្តេចតេជោថា ប្រជាពលរដ្ឋមិនមែនប្រើប្រាស់ភ្លើងចន្លុះ និងខ្លាញ់ត្រីដូចពីមុនទៀតនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពម្ចាស់ការលើខ្លួនឯង គឺជាចរិតរបស់សម្តេច។ សម្តេចបានបញ្ជាក់ថា បើរង់ចាំតែពឹងពាក់លើបរទេស តើពេលណាអាចរៀនរស់ដោយខ្លួនឯងបាននោះ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពម្ចាស់ការលើខ្លួនឯង គឺជាចរិតរបស់សម្តេច។ សម្តេចបានបញ្ជាក់ថា បើរង់ចាំតែពឹងពាក់លើបរទេស តើពេលណាអាចរៀនរស់ដោយខ្លួនឯងបាននោះ?

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា តាមរយៈសមិទ្ធផលស្ពានកោះប៉ែននេះ គឺបានបង្ហាញថា ចាប់បីពេលនេះតទៅស្ពានឆ្លងទន្លេ គឺកម្ពុជាមានលទ្ធភាព និងសមត្ថភាពសាងសង់ហើយ ហើយនឹងចាប់ផ្តើមសន្សំប្រាក់សម្រាប់សាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវនេះបន្តទៀត។ វត្តមានស្ពាននេះ ក៏បានបង្ហាញផងដែរថា បច្ចុប្បន្ននេះ កម្ពុជា មិនមែនអង្គុយរង់ចាំតែជំនួយរបស់បរទេសនោះឡើយ។

* សម្តេចតេជោ បានបញ្ជាក់ថា ម្តាយរបស់សម្តេច គឺមានដើមកំណើតនៅលើទឹកដីកោះប៉ែននេះតែម្តង។

* ជាមួយនឹងមានស្ពានសម្រាប់ឆ្លងមកកាន់កោះប៉ែនហើយនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់មកលេងកម្សាន្តនៅកោះប៉ែន។

* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា ទីតាំងស្ពានកោះប៉ែននេះ ក៏ជាទីតាំងប្រយុទ្ធគ្នាដ៏ស្រួចស្រាវក្នុងសម័យសង្គ្រាមរវាងកងទ័ពខ្មែរក្រហម និងកងទ័ពសាធារណរដ្ឋខ្មែររបស់ លន់ នល់ ផងដែរ។

* សម្តេចតេជោ បានបញ្ជាក់ថា សង្គ្រាមវេទនាខ្លាំងណាស់ ដូច្នេះកុំប្រាថ្នាឃើញភ្លើងសង្គ្រាមឲ្យសោះ។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានប្រកាសថា សម្តេចនឹងដឹកនាំប្រទេសរហូតដល់ក្រុមមេដឹកនាំអតីតបក្សប្រឆាំង ដែលសម្តេចហៅថាជាក្រុមចង្រៃនោះ រលាយរលំអស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងទណ្ឌិត សម រង្ស៊ី សន្យាកាត់ដីចំនួន៤ខេត្ត ឲ្យមេដឹកនាំជនជាតិភាគតិចវៀតណាម កុក ស មិនមែនជារឿងតូចតាចនោះឡើយ។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវលើបញ្ហាកាត់ទឹកដី៤ខេត្តនេះ។ សម្តេចបញ្ជាក់ថា មួយតឹកមួយផឹងជាមួយវៀតណាម ជាមួយថៃ គឺនៅចរចា តែទណ្ឌិត សម រង្ស៊ី បែរជាទៅចុះកិច្ចព្រមព្រៀងកាត់ដីឲ្យមេដឹកនាំជនជាតិភាគតិចវៀតណាម ពេលគេឈ្នះឆ្នោតទៅវិញ។

* ឆ្លើយតបការព្យាយាមបកស្រាយរបស់ក្រុមជនក្បត់ជាតិថា កុក ស ជាខ្មែរ សម្តេចតេជោ បានចោទសួរថា ប្រសិនបើ កុក ស ជាខ្មែរ ហេតុអ្វីបានចាំបាច់ចុះហត្ថលេខាជាមួយគ្នាធ្វើអ្វី?

* សម្តេចតេជោ ចោទជាចម្ងល់ផងដែរថា ប្រសិនបើ កុក ស ជាខ្មែរ ហេតុអ្វីក៏មិនអាចនិយាយខ្មែរបានទៅវិញ។

* សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយក្រសួងមហាផ្ទៃ ត្រូវចាត់ការលើទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដោយគ្មានការលើកលែង តែត្រូវពិនិត្យឲ្យបានច្បាស់លាស់ និងត្រឹមត្រូវទៅតាមនីតិវិធីច្បាប់។

* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី មិនអាចអត់ឱនឲ្យបាននោះឡើយ។

* សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានសម្តែងការភ្ញាក់ផ្អើលផងដែរ ចំពោះទណ្ឌិត សម រង្ស៊ី ដែលបានទៅលួចចរចាស្ងាត់ៗជាមួយអតីតឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការបរទេស វៀតណាមកាលពីអំឡុងឆ្នាំ២០០៣-២០០៤។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទណ្ឌិត សម រង្ស៊ី ជេរសម្តេចរាល់ថ្ងៃថាអាយ៉ង បែរជារូបគាត់ទៅលួចចរចាស្ងាត់ៗជាមួយអតីតមេដឹកនាំវៀតណាមទៅវិញ។ បើតាមសម្តេចថ្លែងថា ការចរចានោះបានទៅចរចារឿងដែលរាជរដ្ឋាភិបាលមិនបានព្រមព្រៀងជាមួយវៀតណាមថែមទៀតផង។

* សម្តេចតេជោ បានប្រកាសថា សម្តេចនឹងសួរភាគីវៀតណាមថា អតីតថ្នាក់ដឹកនាំវៀតណាម បាននិយាយអ្វីខ្លះជាមួយទណ្ឌិត សម រង្ស៊ី នាពេលនោះ។ សម្តេចថ្លែងថា បើមិត្តវៀតណាម ស្មោះត្រង់ជាមួយកម្ពុជា នឹងត្រូវប្រាប់អំពីកិច្ចចរចានោះឲ្យកម្ពុជាដឹង។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ទណ្ឌិត សម រង្ស៊ី ព្រោះតែដើម្បីអំណាចហេតុលះបង់សព្វបែបយ៉ាង សូម្បីបូរណភាពទឹកដី។

* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទឹកដីកូសាំងស៊ីនមិនមែនបាត់បង់ក្នុងសម័យកាលសម្តេចនោះទេ ហើយបច្ចុប្បន្នសម្តេចការពារឲ្យបានតែទឹកដីដែលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បន្សល់ទុកឲ្យតែប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន ដឹកសៀវភៅអប់រំរបស់ក្រុមង៉ុយ និងបណ្ឌិតអ៊ូចុង ចំនួន ២៥០០ក្បាល ជូនប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង ៩៖៣៦នាទីព្រឹក, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ