សុន្ទរក​ថាស្វាគមន៏ លោកជំទាវ ឆាយ វ៉ាន់នឿន ក្នុងឱកាស ទិវា​អន្តរជាតិ ៨ មីនា ខួបលើកទី១០៧ និងពិធីប្រកាស​ជាផ្លូវ​ការដាក់ឱ្យ អនុវត្តន៍​​ផែនការ​យុទ្ធសាស្រ្ត​បញ្ជ្រាប​យេនឌ័រ នៃទីស្តីការ​គណៈរដ្ឋមន្ត្រី ឆ្នាំ២០១៧-២០២០

សុន្ទរកថាស្វាគមន៏ របស់លោកជំទាវរដ្ឋលេខាធិការ ឆាយ ​វ៉ាន់នឿន ប្រធានគណៈកម្មការការពារផលប្រយោជន៍ស្ត្រី និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រនៃទីស្តីការ គណៈរដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាស្ត្រី ក្នុងឱកាស ទិវាអន្តរជាតិ ៨ មីនា ខួបលើកទី១០៧ និងពិធីប្រកាសជាផ្លូវការដាក់​​​ឱ្យ​      អនុវត្តន៍ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០១៧-២០២០

ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨

នៅសាលសន្និសីទ C វិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី

ជាបឋមនាងខ្ញុំ

  • សូមគោរពឯកឧត្តម ប៊ិន ឈិន​ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុក ទីស្តីការគណៈរដ្ឋម​ន្ត្រី
  • លោកជំទាវ ឯកឧត្តម លោកស្រី លោក ដែលមានវត្តមាននៅក្នុងអង្គពិធីនេះ ជាទីគោរព និងជាទីមេត្រី

ថ្ងៃនេះ គឺជាឱកាសដ៏មហានក្ខត្តឫក្ស និងប្រកបដោយកិត្តិយ​សដ៏ខ្ពង់ខ្ពស់បំផុត ដែលទីស្តីការ គណៈរដ្ឋមន្ត្រី ក្រោ​ម​ការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈ​រដ្ឋមន្ត្រីបានប្រារព្ធ​​ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាស្ត្រីនៃទីស្តីការ

គណៈរដ្ឋមន្ត្រី ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៧ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ” និងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ នៃទីស្តីការគណៈ​រដ្ឋមន្ត្រី ឆ្នាំ២០១៧-២០២០។

តាងនាមឱ្យអង្គពិធីទាំងមូល នាងខ្ញុំសូមសំដែងនូវកត្តញ្ញូតាធម៌ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុ​ត ជូនចំពោះ ឯកឧត្តម ប៊ិន ឈិនឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីដ៏មហាឱឡារិកនេះ។

នាងខ្ញុំក៏សូមសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ លោកជំទាវ ឯកឧត្តម លោកស្រី លោក អ្នកនាង កញ្ញាទាំងអស់ ដែលបានចូលរួមនាពេលនេះ។

​​ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាស្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសទិវាអន្តរជាតិ នារី ៨ មីនា លើកទី១០៧ និងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ នៃ   ទីស្តីការគណៈ​រដ្ឋមន្ត្រី ឆ្នាំ២០១៧- ២០២០ ប្រព្រឹត្តទៅក្នុងបរិយាកាស ដែលប្រទេសកម្ពុជាបន្តរក្សាបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមួយនឹងអត្រាកំណើ​នជាមធ្យម ប្រចាំឆ្នាំប្រមាណ ៧​ ភាគរយ ហើយកំណើននេះក៏នៅតែបន្តកើនក្នុង     រយៈពេល ៥ឆ្នាំ ចុងក្រោយ។ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានការអភិវឌ្ឍលឿននៅក្នុងតំបន់អាស៊ី និងបានប្រែក្លាយពីប្រទេស​ដែលមាន​ស្ថានភាពអន់ថយខាង​សេដ្ឋកិច្ច និងមានអត្រាភាពក្រីក្រខ្ពស់ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងឈានទៅសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសក្នុងតំបន់ ដែលបាននឹងកំពុងព្យាយាមដោះ​ស្រាយ​នូវ​បញ្ហា​អភិវឌ្ឍធនធានមនុស្ស​ ជាពិសេស សមភាពយេនឌ័រនិងសិទ្ធិរបស់ស្ត្រីក្នុងគ្រប់ទិដ្ឋភាពអភិវឌ្ឍ។  កម្ពុជាបានចុះហត្ថលេខាផងដែរ លើអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើង​ប្រឆាំងនឹងនារីភេទ (CEDAW) កិច្ចព្រមព្រៀងលើផែនការសកម្មភាពទីក្រុង​ប៉េកាំង និងសេចក្តីប្រកាសស្តីពីការលុបបំបាត់ រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទនៅក្នុងតំបន់អាស៊ាន។ ដើម្បីអនុវត្តន៍តាមអនុសញ្ញា និង កិច្ចព្រមព្រៀងទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជ្រាបបញ្ហាយេនឌ័រទៅក្នុងគោលនយោបាយសំខាន់ៗ របស់ជាតិ​ ដូចជា គោលដៅ​អភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា យុទ្ធសាស្ត្រចតុកោណ ផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ គោលនយោបាយជាតិប្រជាជន​ គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព(២០១៦-២០៣០) និងកម្មវិធីទាំងឡាយជាបន្តបន្ទាប់។

សមភាពយេនឌ័រ គឺជាការងារអាទិភាពមួយនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ យុទ្ធសាស្ត្រ ចតុកោ​ណរបស់រាជរដ្ឋាភិបាលគ្រប់ដំណាក់កាល បានទទួលស្គាល់ថា ស្រ្តី ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ។ ទាំងនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្រសមភាព យេនឌ័រ ដោយផ្តោតការយកចិត្តទុក​ដាក់​លើការបង្កើនសមត្ថភាពរបស់ស្រ្តី ការទទួលបានសេវាសុខភាព ការបង្កើនការចូលរួមរបស់ស្ត្រីនិងក្មេងស្រីនៅក្នុងវិស័យអប់រំ ការកែប្រែឥរិយាបថសង្គមដែលរើសអើង ចំពោះស្ត្រីនិងក្មេងស្រី និងការបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងស្ថាប័នរដ្ឋ។

ជាក់ស្តែង ក្នុងការលើកស្ទួយស្ថានភាពស្ត្រី រាជរដ្ឋាភិបាលបានអនុវត្តន៍ផែនកា​រ​យុទ្ធសាស្ត្រនារីរតនៈទី៣ និង ទី៤ ដោយផ្តោតលើការពង្រីកកាលានុវត្តភាពសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈការអភិវឌ្ឍ សមត្ថភាពលើផ្នែកចំណេះដឹង ជំនា​ញ​វិជ្ជាជីវៈ និងការបង្កើនលទ្ធភាពដល់ស្ត្រីជាសហគ្រិន ក្នុងការទទួលបានសេវាឥណទានខ្នាតតូចនិងមធ្យម។

ទន្ទឹមនឹងនេះ រាជរដ្ឋភិបាលនៅក្នុងអាណត្តិទី៥នេះ នឹងបន្តអនុវត្តន៍គោលនយោបាយសមភាព យេនឌ័រ តា​មរយៈការបញ្ជ្រាបយេនឌ័រទៅក្នុងគ្រប់វិស័យនិងកម្មវិធីអភិវឌ្ឍនានា ដើម្បីកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះ​​​របស់​ស្ត្រី ជាពិសេស ស្ត្រីពិការ ស្ត្រីជនជាតិដើមភាគតិច។ រាជរដ្ឋាភិបាល នឹងបន្តការយកចិត្តទុកដាក់ជាពិសេសលើ​​ការពង្រីកភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី យេនឌ័រនិងការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍបៃតង ការធ្វើសេចក្តីសម្រេចរបស់ស្ត្រីនៅក្នុងវិស័យសាធារណៈ និងនយោបាយ កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី សុខ​​ភាពរប​ស់​ស្ត្រី និងការអប់រំសម្រាប់ស្រ្តីនិងក្មេងស្រី។ ទាំងអស់នេះ ជាក់ស្តែង មានចែងនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ              ឆ្នាំ២០១៤- ២០១៨ និង​ផែនការយុទ្ធសាស្ត្រនារីរតនៈទី៤ ឆ្នាំ២០១៤-២០១៨ ជាដើម។

ក្នុងនាមគណៈកម្មការការពារផលប្រយោជន៍ស្រ្តី និងក្រុមការងារបញ្ជ្រាបយេនឌ័រនៃទីស្តីការ   គណៈរដ្ឋមន្ត្រី នាងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រៀលជ្រៅចំពោះ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជា រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់លើការងារយេនឌ័រ ជាពិសេស មន្ត្រីរាជការជាស្ត្រី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងអង្គពិធីទាំងមូល ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ជាបន្តកន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ឱ្យក្រសួង ស្ថាប័នទាំងអស់យកចិត្តទុកដាក់ក្នុងការបង្កើនចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រី ដើ​ម្បីចូលរួមបម្រើការងារក្នុងវិស័យមុខងារសាធារណៈដោយកំណត់ពី ២០% ទៅ ៥០% សម្រាប់ស្ត្រី ប៉ុន្តែការអនុវត្តជា​ក់ស្តែង នៅមានខ្វះខាតនៅឡើយ។ ទន្ទឹម​​​នឹងនេះ មន្ត្រីរាជការ ស៊ីវិលចូលនិវត្តន៍មួយចំនួនធំជាស្ត្រី ដែលជាមូលហេតុធ្វើឱ្យចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រីនៅមាន   កម្រិត។ គិតមកត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ មន្ត្រីរាជការស៊ីវិល សរុបចំនួន ២០៦ ៨៧២នាក់ ក្នុងនោះមន្ត្រីរាជការស៊ីវិលជាស្ត្រី មានចំនួន ៨៣ ៥០៦នាក់ ស្មើនឹង ៤០%។

ដោយឡែក នៅទីស្តីការគណៈរដ្ឋមន្ត្រី គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ មានមន្ត្រីរាជការ សរុ​ប​ចំនួន ១ ៥៨​៦នាក់ ក្នុងនោះមន្ត្រីរាជការស៊ីវិលជាស្ត្រីមានចំនួន ៣៩៧នា​ក់ ស្មើនឹង ២៥%។ ការងារកន្លងមក មន្ត្រីរាជការជាស្ត្រីក៏បានខិតខំចូលរួមចំណែកបំពេញភារកិច្ច ដូចជា ការរៀបចំផែនការ គោលនយោបាយ កម្មវិធី ការប្រជុំ សិក្ខាសាលា ការសិក្សាស្រាវជ្រាវ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងជម្នះរាល់ឧបសគ្គជូនទីស្តីការគណៈរដ្ឋមន្ត្រី ក៏ដូចរាជរដ្ឋាភិបាល។

 ដើម្បីរួមចំណែកក្នុងការលើកស្ទួយស្ថានភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជា ទីស្តីការគណៈរដ្ឋមន្ត្រី បាននិងកំពុ​ង​យកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដូចជា ការផ្តល់​ឱកា​សដល់មន្ត្រីរាជការជាស្ត្រី តាមរយៈការប្រឡងជ្រើសរើសមន្ត្រីថ្មី ការដំឡើងឋានៈនិងតួនាទី ការកសាងសមត្ថភាព និងការចូលរួ​មក្នុងកិច្ចការផ្សេងៗ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លទ្ធផលនៃការខិតខំប្រឹងប្រែងទាំងនេះ នៅមានកម្រិតនៅឡើយ ជាពិសេស ក្នុងតួនាទី នៃការធ្វើសេចក្តីសម្រេច។​ តាមប្រភពទិន្នន័យពីនាយកដ្ឋានបុគ្គលិកបានបង្ហាញថា ៖

  • ឆ្នាំ២០១៣ មន្ត្រីរាជការស៊ីវិលជាស្រ្តីបម្រើការក្នុងទីស្តីការគណៈរដ្ឋមន្ត្រី មាន២១,៤% និងស្ត្រីក្នុងតួ​​នា​ទីធ្វើសេចក្តីសម្រេច ចាប់ពីថ្នាក់អនុប្រធានការិយាល័យ ដល់ថ្នាក់អគ្គនាយក មាន២៣%
  • ឆ្នាំ២០១៤ ចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រី នៅរក្សាចំនួន ២១,៤% ដូចឆ្នាំ២០១៣ ដដែល រីឯស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច ចាប់ពីថ្នាក់អនុប្រធានការិយាល័យ ដល់ថ្នាក់អគ្គនាយក បានធ្លាក់ចុះពី ២៣% មកនៅត្រឹមតែ ១៩%វិញ
  • ឆ្នាំ២០១៥ ចំនួនមន្ត្រីរាជការជាស្ត្រីបម្រើការនៅក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី មាន២២% និងស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច ចាប់ពីថ្នាក់អនុប្រធានការិយាល័យ ដល់ថ្នាក់អគ្គនាយក មាន២២%
  • ឆ្នាំ២០១៦ ចំនួនមន្ត្រីរាជការជាស្ត្រីបម្រើការនៅក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី រក្សានៅត្រឹម២២%ដដែល ដូចក្នុងឆ្នាំ២០១៥ និងស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច ចាប់ពី ថ្នាក់អនុប្រធានការិយា​ល័យ ដល់ថ្នាក់អគ្គនាយកបានធ្លាក់ចុះពី២២%នៅឆ្នាំ២០១៥ មកនៅត្រឹមតែ១៩,៨% នៅឆ្នាំ២០១៦
  • ឆ្នាំ២០១៧ ចំនួនមន្ត្រីរាជការជាស្ត្រីបម្រើការនៅក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី បានកើនឡើងដ​​ល់២៥% (ដោយសារការប្រឡងជាប់ក្របខ័ណ្ឌថ្មីរបស់ស្រ្តីកើនលើសពី៣៥% និងមានការកាត់អង្គភាពមួយចំនួនចេញពីក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី) ប៉ុន្តែអត្រាស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេ​ច ចាប់ពីថ្នាក់អនុប្រធានការិយា​ល័យ ដល់ថ្នាក់អគ្គនាយក មានត្រឹមតែ ២០,៦៨%។

ឆ្លងតាមការសិក្សាស្ទង់មតិនិងសិក្ខាសាលាកន្លងមក ក្រុមការងារបញ្ជ្រាបយេនឌ័រនៃទីស្តីការ   គណៈរដ្ឋមន្ត្រីបាន​​ពិនិត្យឃើញថា មានបញ្ហាប្រឈមនិងសំណូមពរមួយចំនួន ដូចខាងក្រោម៖

១.          ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រីមួយចំនួន មិនទា​ន់បានយកចិត្តទុកដាក់ឱ្យបានសស្រាក់សស្រាំ និងទូលំទូលាយក្នុងការរួមចំណែកលើការងារលើកស្ទួយសមភាពយេនឌ័រ។

២.         ការយល់ដឹងពីយេនឌ័ររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រីមួយចំនួន នៅមានកម្រិត។

៣.សមាសភាពក្រុមការងារបញ្ជ្រាបយេនឌ័រ មានការផ្លាស់ប្តូរថ្មីច្រើន សមត្ថភាពរបស់ក្រុមការងារ នៅមាន​​​កម្រិតក្នុងការវិភាគ ការស្វែងរកការគាំទ្រមតិ និងការបញ្ជ្រាបយេនឌ័រឱ្យបានស៊ីជម្រៅ។

៤.             ផ្នត់គំនិតរបស់បុគ្គលជាច្រើន នៅតែយល់ថាការងារបញ្ជ្រាបយេនឌរ គឺជាការងាររបស់ក្រុមការងារបញ្ជ្រា​ប​យេនឌ័រតែមួយប៉ុណ្ណោះ ដូចនេះបុគ្គលទាំងនោះមិនសូវចង់ចូលរួមក្នុងការងារនេះទេ។

៥.             មន្ត្រីរាជការជាស្ត្រីមានការលំបាក ឬបាត់ឱកាសក្នុងការចូលរួមកិច្ចប្រជុំ និងសិក្ខាសាលានានា ទាំងនៅក្នុងនិងក្រៅប្រទេស ព្រោះចំណេះដឹងភាសាបរទេសនៅមានកម្រិត។

៦.          មន្ត្រីរាជការជាស្ត្រីដែលមានកូនតូច មានការលំបាកក្នុងការថែទាំកូនឱ្យបានដិតដល់ និងបំពេញភារកិច្ច​ជូនអង្គភាព។

៧.មន្ត្រីរាជការភាគច្រើនពុំទាន់ដឹង ឬយល់ច្បាស់អំពីច្បាប់ គោលការណ៍ លិខិតបទដ្ឋានគតិយុត្តដែលការ​ពារផលប្រយោជន៍របស់ខ្លួននៅឡើយ។

៨.          ចំនួនស្ត្រីដែលមានតួនាទីធ្វើសេចក្តីសម្រេច នៅមានកម្រិតទាប ជាងនេះទៀត ចំនួននេះមានការធ្លា​ក់ចុះ។

៩.          មិនមានវិធានការបណ្តោះអាសន្ន ដើម្បីជួយបង្កើនចំនួនមន្ត្រីរាជការជាស្ត្រី និងចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច។

១០.          មិនទាន់មានកិច្ចសហការឱ្យបានទូលំទូលាយរវាងក្រុមការងារបញ្ជ្រាបយេនឌ័រ និងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី ពិសេស ជាមួយអគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្នុងការពិនិត្យនិងបញ្ជ្រាបយេនឌ័រទៅក្នុងច្បាប់ គោលនយោបាយ និងកម្មវិធីរបស់ក្រសួងស្ថាប័ន។

១១.          ធនធានសម្ភារៈ និងថវិកាសម្រាប់អនុវត្តន៍សកម្មភាពការងារបញ្ជ្រាបយេនឌ័រ នៅមានកម្រិត។

១២.សមត្ថភាពរបស់ស្ត្រីមួយចំនួន នៅមានកម្រិត។

១៣.ស្រ្តីមិនសូវគាំទ្រនិងលើកទឹកចិត្តស្ត្រីដូចគ្នា។

១៤.ស្នើសុំរក្សានិងបង្កើនកូតាក្របខ័ណ្ឌសម្រាប់មន្ត្រីរាជការជាស្ត្រី នៅពេលមានការប្រឡងជ្រើសរើសមន្ត្រីថ្មី

១៥.       សុំឱ្យមានពិធីជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ ជាមួយមន្ត្រីរាជការជាស្ត្រីនៃទីស្តីការ គណៈរដ្ឋមន្ត្រី យ៉ាងតិច ១លើកក្នុង១ឆ្នាំ។

១៦.សុំបញ្ជូនមន្ត្រីជាស្ត្រីដែលមានសមត្ថភាពចូលរួមវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលានានា ទាំងក្នុងនិងក្រៅប្រទេស ឱ្យបានច្រើន។

១៧.ស្នើសុំឱ្យមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាបុរសនៅគ្រប់កិច្ចប្រជុំ សិក្ខាសាលា ដែលពាក់ព័ន្ធនឹងបញ្ហាយេនឌ័រ។

១៨.សំណូមពរឱ្យមានបទបញ្ជាផ្ទៃក្នុងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងសម្លៀកបំពាក់របស់មន្ត្រីរាជការ ឱ្យមានភាពសមរម្យនិងថ្លៃថ្នូរក្នុងម៉ោងធ្វើការ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលបានលើកឡើងខាងលើ ទីស្តីការការគណៈរដ្ឋមន្ត្រី បានដាក់ចេញនូវ ផែនកា​រ​​យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០១៧២០២០ ដើម្បីឆ្ពោះទៅរកការសម្រេ​ច​បាននូវសមភា​ពយេនឌ័រ ដែលស្រ្តីនិងបុរសមានសិទ្ធិស្មើគ្នា ស្របតាមច្បាប់ ជាពិសេស មន្ត្រីរាជការជាស្ត្រីទទួលបាននូវការចូលរួមយ៉ាងពេញលេញនៅក្នុងសកម្មភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ការធ្វើសេចក្តីសម្រេច ដោយ​​​​ស្មើភាពនិងជាដៃគូដ៏ជិតស្និទ្ធជាមួយមន្ត្រីរាជការជាបុរស។

ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ឆ្នាំ២០១៧២០២០នេះ ត្រូវបានចាប់ផ្តើមរៀបចំឡើងវិញ ពីចុងឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៧នេះ ដើម្បីចូលរួមចំណែកសម្រេចនូវគោលដៅនៃគោលនយោបាយជាតិធំៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ រួមមាន “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ឆ្នាំ២០១៤-២០១៨” “ផែនការយុទ្ធសាស្ត្រនារីរតនៈទី៤ ឆ្នាំ២០១៤-២០១៨​” ហើយដែលផែនការទាំងនេះបានអនុលោមទៅតាម  “​យុទ្ធសាស្ត្រចតុកោ​ណដំណាក់កាលទី៤  របស់រាជ   រដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ដើម្បី “កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព នៅកម្ពុជា”​។

ផែនការយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងក្នុងភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់ ដែលពោរពេញដោយភាពច្នៃប្រឌិតរបស់មន្ត្រីជំនាញនៃក្រុមការងារបញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្ត្រី ហើយផែនការនេះ ក៏ត្រូវបានពិគ្រោះយោបល់ជាច្រើនលើកច្រើនសារ តាមរយៈ សិក្ខាសាលាពិគ្រោះយោបល់ជាមួយតំណាងស្ថាប័ន អង្គ​ភា​ព នាយកដ្ឋានចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងកិច្ចការនារី និងកិច្ចប្រជុំចង្អៀតជាមួយថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីប្រមូលធាតុចូលបន្ថែមទៅក្នុងឯកសារនេះ ឱ្យកាន់តែមានអត្ថន័យគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ។

ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០១៧២០២០នេះ មានគោលដៅសំខាន់ៗគឺ៖

  • បង្កើនការចូលរួមរបស់ស្ត្រីទាំងបរិមាណនិងគុណភាពក្នុងការផ្តល់សេវាសាធារណៈគ្រប់កម្រិត
  • បង្កើនការយល់ដឹងអំពីយេនឌ័រក្នុងចំណោមមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី
  • បញ្ជ្រាបយេនឌ័រក្នុងច្បាប់ គោលនយោបាយ ផែនការ កម្មវិធី និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនានា
  • បង្កើនភាពងាយស្រួលក្នុងការវិភាគយេនឌ័រ តាមរយៈការគ្រប់គ្រងប្រព័ន្ធទិន្នន័យ
  • កៀរគរធនធានសម្រាប់អនុវត្តន៍ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ។

ឆ្លៀតក្នុងឱកាសដ៏ឱឡារិកនេះ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ឯកឧត្តម ​លោកស្រី លោក មកពីគ្រប់ស្ថាប័ន អង្គភាព នាយកដ្ឋានចំណុះទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងកិច្ចការនារី សម្រាប់ការចូលរួមពិនិត្យនិងផ្តល់យោបល់ក្នុងការរៀបចំនូវ ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០១៧២០២០ រហូតបានចប់ជាស្ថាពរ។

នាងខ្ញុំមានជំនឿយ៉ាងម៉ុតមាំថា  ការដាក់ឱ្យអនុវត្តន៍ផែនការយុទ្ធសាស្ត្រនេះ  ពិតជាមានសារៈសំខាន់ណាស់សម្រា​ប់ការរួមចំណែកក្នុងបេសកកម្មឆ្ពោះទៅរកការសម្រេចបាននូវសមភាពយេនឌ័រក្នុង    ទីស្តីការគណៈ​រដ្ឋមន្ត្រី តាមរយៈការបញ្ជ្រាបយេនឌ័រក្នុងគោលនយោបាយ ផែនការ កម្មវិធី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើ​ម្បី​​បង្កើនចំនួនមន្ត្រីរាជការជាស្ត្រី និងចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច ការកែប្រែឥរិយាបថដែលរើស​អើងលើស្ត្រី។

ជាទីបញ្ចប់ នាងខ្ញុំសូមគោរពជូនពរបវរ មហាប្រសើរ សិរីមង្គល វិបុលសុខ ជូន ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោក​ស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយស សូមប្រកបដោយពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

នាងខ្ញុំសូមគោរពអញ្ជើញ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជា  រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មេត្តាថ្លែងសុន្ទរកថាគន្លឹះ ផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និងប្រកាសដាក់ឱ្យអនុវត្តន៍នូវ ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនៃទីស្តីការ      គណៈរដ្ឋមន្ត្រី ឆ្នាំ២០១៧២០២០

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ