(FN)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតម្កល់ប្រយោជន៍ប្រជាជន ក្មួយៗ កម្មករ-កម្មការិនី ក្នុងក្រអៅបេះដូងសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ បានបន្តជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុបប្រមាណ ១៤,០២៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១៤ នៅក្នុងខេត្តព្រះសីហនុ។ ជំនួបនៅព្រឹកថ្ងៃអាទិត្យនេះ គឺជាជំនួបលើកទី២ របស់សម្តេចតេជោជាមួយកម្មករ និយោជិត នៅក្នុងខេត្តព្រះសីហនុ ខណៈដែលព្រឹកថ្ងៃទី៣ ខែមីនា សម្តេចបានជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ២ម៉ឺននាក់មកពីរោងចក្រចំនួន៧៧ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា សំណេះសំណាលជាមួយកម្មករនិយោជិតជាង ១ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៤ ក្នុងខេត្តព្រះសីហនុ
* សម្តេចតេជោ បានថ្លែងថា ក្នុងទិវាការងារអន្តរជាតិ ១ ឧសភា សម្តេចនឹងជ្រើសរើសការជួបជុំលេងសប្បាយជាមួយបងប្អូនកម្មករ កម្មការិនីនៅតាមរោងចក្រ។
* សម្រាប់ថ្ងៃទី០១ ខែឧសភា សម្តេចតេជោ ហ៊ុន សែន ក៏មិនបានហាមឃាត់ចំពោះការដង្ហែញត្តិរបស់សហជីពនានាផងដែរ។ ប៉ុន្តែសម្តេចបញ្ជាក់ថា ចំនួនអ្នកហែរញត្តិត្រឹម២០០-៣០០នាក់ គឺជាចំនួនតិចតួចណាស់ បើធៀបនឹងចំនួនកម្មករ កម្មការិនីរាប់លាននាក់នៅទូទាំងប្រទេសនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរើសគូស្រករនាពេលបច្ចុប្បន្នមិនត្រូវមើលត្រឹមផៅសណ្តាននោះឡើយ គឺត្រូវមើលឈាមថែមទៀត។ មើលឈាមនេះ គឺសម្តេចសំដៅដល់ការស្វែងរកជំងឺអេដស៍ ហើយការពិនិត្យត្រូវពិនិត្យទាំងខាងប្រុស និងខាងស្រី។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីនៅចំពោះកម្មករ និយោជិតជាង ១ម៉ឺននាក់នៅខេត្តព្រះសីហនុថា ប្រាក់ឈ្នួលអប្បបរមាមិនមែននៅទ្រឹងត្រឹម១៧០ដុល្លារនាឆ្នាំ២០១៨នេះឡើយ គឺនឹងត្រូវឡើងរាល់ឆ្នាំ តែកម្រិតដំឡើងត្រូវមានការជជែកគ្នាជាមួយភាគីថៅកែរោងចក្រ។
* សម្តេចបានរំលឹកកម្មករ កម្មការិនីថា រឿងមួយដែលត្រូវចងចាំនោះគឺ ជីដូនដូនជីតារបស់ពួកគេ ឆ្លងកាត់ការលំបាកខ្លាំងណាស់ ទម្រាំជួយឲ្យកូនចៅមានលទ្ធភាពដូចពេលបច្ចុប្បន្ន ជាពិសេសក្មេងៗជំនាន់នេះមានភព្វសំណាងមិនបានឆ្លងកាត់ទុក្ខសោកដោយភ្លើងសង្គ្រាមដូចជីដូនជីតា ឪពុកម្តាយរបស់ពួកគេ ដែលត្រូវបានឆ្លងកាត់នូវដំណាក់កាល ពោរពេញដោយទុកសោក។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា ផឹកទឹកត្រូវនឹកប្រភព ហូបផ្លែឈើត្រូវនឹកដល់អ្នកដាំ។ សម្តេចតេជោថា មិនចាំបាច់នឹកដល់គុណបំណាច់របស់គណបក្សប្រជាជនកម្ពុជានោះទេ តែគួរនឹកដល់ការប្រឹងប្រែងរបស់ឪពុកម្តាយ និងប្រជាពលរដ្ឋខ្មែរជាច្រើនទៀត បានតស៊ូ និងពលីកម្មយ៉ាងច្រើនដើម្បីបុព្វហេតុជាតិមាតុភូមិ។ ជាពិសេសការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ការពាររបបនេះមិនឲ្យវិលត្រឡប់មកវិញ និងរួមគ្នាជំរុញការអភិវឌ្ឍជាតិឲ្យមកកាន់ដំណាក់កាលដូចពេលបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នជាដំណាក់កាលដែលជំរុញឲ្យសម្តេចត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យឧស្សាហកម្ម ដែលជាហេតុត្រូវឲ្យសម្តេចចុះជួបជាមួយកម្មករ កម្មការិនី ដែលផ្ទុយពីអតីតកាលឃើញសម្តេចនៅតាមវាលស្រែ ប្រឡាយទឹក ដើម្បីជំរុញវិស័យកសិកម្ម និងការដាំដុះគ្រាដែលកម្ពុជាកំពុងជួបគ្រោះខ្វះស្បៀងអាហារ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានរំលឹកកម្មករ កម្មការិនីជាថ្មីទៀតថា ដើម្បីមានរោងចក្រ សហគ្រាសនេះ គឺទាមទារឲ្យមានសន្តិភាព បើគ្មានសន្តិភាព គ្មាននរណាមកវិនិយោគបង្កើត រោងចក្រនៅកម្ពុជានោះឡើយ។ ក្នុងន័យនេះសម្តេចបានអំពាវនាវឲ្យកម្មករ និយោជិត ត្រូវរួមគ្នាការពារនូវសន្តិភាពដែលកំពុងគ្របដណ្តប់នៅកម្ពុជានាពេលបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរថា ទឹកដៃកម្មករ កម្មការិនី ក្នុងការកាត់ដេរសម្លៀកបំពាក់មិនអន់នោះឡើយ ហើយសម្លៀកបំពាក់ផលិតដោយកូនខ្មែរបាននិងកំពុងចែកចាយ នៅទូទាំងពិភពលោក។
* សម្តេចតេជោ បានគូសបញ្ជាក់ទៅកាន់កម្មករ កម្មការិនីថា ដើម្បីរក្សាបាននូវការងារ និងប្រាក់ចំណូលដែលកំពុងមានក្នុងដៃ រឿងដែលត្រូវធ្វើនោះ គឺត្រូវរក្សាឲ្យបាននូវសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់។
* សម្តេចបន្តថា ដើម្បីការពារសន្តិភាពបានត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ មានសមត្ថភាពក្នុងការរក្សាសុខសន្តិភាពនេះ។
* សម្តេចតេជោប្រមុខគណបក្សប្រជាជនកម្ពុជា បានថ្លែងថា នៅក្នុងគណបក្សប្រជាជនកម្ពុជា មិនមាននរណាមកដណ្តើមបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់សម្តេចនោះឡើយ។
* សម្តេចតេជោ បានបន្តអំពាវនាវដល់ថៅកែរោងចក្រ ប្រធានរដ្ឋបាល ប្រធានផ្នែក និងប្រធានក្រុម ព្រមទាំងកម្មករ កម្មការិនី ត្រូវរួមសាមគ្គីគ្នា ដើម្បីរក្សាសុវត្ថិភាពការងារ និងស្ថេរភាពនៅក្នុងរោងចក្រ។ ជាពិសេសកុំឲ្យមានបងតូចបងធំ និងមានការសេពគ្រឿងញៀននៅតាមរោងចក្រ។
* សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ថៅកែរោងចក្រ និងកម្មករ កម្មការិនី គឺជាតួអង្គដែលផ្សារភ្ជាប់គ្នាមិនអាចខ្វះបាន កម្មករត្រូវប្រឹងប្រែងបម្រើការងារផលិតនូវផលិតឲ្យបានច្រើន ហើយរោងចក្រត្រូវយកចិត្តទុកដាក់ទៅលើកម្មករ រួមទាំងសុខុបាលភាពផងដែរ។ ដូច្នេះនៅពេលការផលិតបានកាន់តែច្រើន រោងចក្ររកផលចំណេញបានកាន់តែប្រសើរ នោះប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី ក៏នឹងឡើងខ្ពស់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន មានបំណងគិតគូរចង់រៀបចំឲ្យមានការឧបត្ថម្ភថិវកាប្រមាណ២០ម៉ឺនរៀល ស្មើនឹង ៥០ដុល្លារសម្រាប់ស្ត្រីទូទៅពេលសម្រាកកូន។ តែត្រូវមានការគិតគូរឲ្យបានល្អិតល្អន់សិនលើស្ថានភាពសេដ្ឋកិច្ច និងចំណូលរបស់កម្ពុជា មុននឹងសម្រេច ព្រោះបើសម្រេចដាក់ចេញហើយមិនអាចដកថយបានឡើយ។
* ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីអត្ថប្រយោជន៍នានាសម្រាប់កម្មករ កម្មការិនី ដែលរាជរដ្ឋាភិបាលទើបដាក់ចេញផងដែរ ដូចជាអនុញ្ញាតឲ្យកម្មករ កម្មការិនីពិនិត្យ ព្យាបាលជំងឺតាមមន្ទីរពេទ្យរដ្ឋមិនអស់ប្រាក់, ការឧបត្ថម្ភដល់កម្មការិនីពេលសម្រាលកូន, អនុញ្ញាតឲ្យកម្មការិនីមានផ្ទៃពោះចេញធ្វើការមុនម៉ោង ១៥នាទី, ការតទឹកតភ្លើងដល់ផ្ទះ និងបន្ទប់ជួល, ការសម្រេចឲ្យកម្មករ កម្មការិនីទទួលបានប្រាក់សោធននិវត្តន៍ចាប់ពីឆ្នាំ២០១៩តទៅ ក្រោយបំពេញការងារបានរយៈពេល២៥ឆ្នាំ…។
* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវប្រឹងប្រែងចុះដោះស្រាយរាល់បញ្ហាការងារនៅតាមរោងចក្រកុំឲ្យរងើកភ្លើង ក្លាយទៅជាភ្លើងឆាប់ឆេះ។ សម្តេចបានបញ្ជាក់ថា ការដេញកម្មករចេញពីកន្លែងបម្រើការងារមិនមែនជាដំណោះស្រាយនោះទេ គឺមានតែការអប់រំទេទើបជាដំណោះស្រាយដ៏ល្អ។
* សម្តេចតេជោ ហ៊ុន សែន មិនបានទោមនស្សចំពោះអ្នកបញ្ចេញយោបល់រិះគន់សម្តេចនៅតាមទំព័រ Facebook របស់សម្តេចនោះទេ ព្រោះជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ តែរឿងច្បាស់មួយនោះ គឺអ្នកដែលរិះគន់សម្តេចក៏បានចូលតាមមើល និងតាមដានសកម្មភាពរបស់សម្តេចផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកើនឡើងនៃចំនួនប្រជាពលរដ្ឋខ្មែរ ក៏ជាចំណែកមួយនាំឲ្យមានការបាត់បង់គម្របព្រៃឈើនៅកម្ពុជាផងដែរ។ សម្តេចបានពន្យល់ថា កាលពីទសវត្សរ៍ឆ្នាំ៧០ មានប្រជាពលរដ្ឋតិចការកាប់ទន្ទ្រានដីព្រៃសម្រាប់បង្កបង្កើនផល និងសាងសង់លំនៅឋានក៏មានចំនួនតិច តែបច្ចុប្បន្នប្រជាពលរដ្ឋរហូតដល់ជិត ១៦លាននាក់ តម្រូវការដីសម្រាប់បង្កបង្កើនផល និងតាំងទីលំនៅក៏ច្រើនផងដែរ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចដឹងថាសម្តេចមានអ្នកស្រឡាញ់ និងអ្នកស្អប់ ប៉ុន្តែសម្រាប់របបប្រជាធិបតេយ្យអ្នកដែលមានការគាំទ្រច្រើន គឺជាអ្នកឈ្នះហើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថានៅម៉ោង៩៖២០នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញព័ត៌មាន Fresh News.