កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា បានប្រារព្វពិធីបើកជាផ្លូវការហើយ កាលពីរៀលថ្ងៃទី២៥ មករា នៅទីក្រុងញ៉ូវដែល្លី សាធារណរដ្ឋឥណ្ឌា។ ប្រមុខរដ្ឋប្រមុខរដ្ឋា ភិបាល នៃប្រទេសអាស៊ានទាំង១០ប្រទេស បានយាង និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ ក្រោមវត្តមាន នៃការធ្វើគារវកិច្ចពី ឯកឧត្តម រ៉ាំ ណាតកូវីន ប្រធានាធិបតី នៃសាធារណរដ្ខឥណ្ឌា និងលោកជំទាវ ឯកឧត្តម វេនកាយអាស ណៃឌូ អនុប្រធានាធិបតី និងលោកជំទាវ ឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋឥណ្ឌា។ 
បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្ត ការបង្កើនការតភ្ជាប់រូបវន្ត និងឌីជីថល ស្របតាមផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងផែនការមេស្តីពីបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ឆ្នាំ២០២០ តាមរយៈការប្រើប្រាស់ឥណទាន ១ប៊ីលានដុល្លាអាមេរិក ដែលឥណ្ឌាបានប្រកាសដើម្បីលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជារូបវន្ត និងឌីជីថល។ ជាមួយគ្នានេះមេដឹកនាំអាស៊ាន បានស្វាគមន៍ការបន្តគាំទ្ររបស់ឥណ្ឌា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន តាមរយៈការអនុវត្តផែនការ ការងារទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន។
ថ្លែងទៅកាន់បណ្តាមេដឹកនាំអាស៊ាន-ឥណ្ឌា ក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា សមិទ្ធផលដែលបានឡើងក្នុងរយៈពេល២៥ឆ្នាំកន្លងមក ជាមោទនភាពមួយសម្រាប់រូបសម្តេច ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១ កាលពីឆ្នាំ២០០២ នៅទីក្រុងភ្នំពេញ និងបានដើរតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ឥណ្ឌា ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ក្នុងខណៈដែលឥណ្ឌា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា លើកទី១ នៅឆ្នាំ២០១២ និងបានចូលរួមចំណែកដល់ការលើកកម្ពស់ភាពជាដៃគូអាស៊ាន-ឥណ្ឌា ទៅជាដៃគូយុទ្ធសាស្រ្ត។ សម្តេចតេជោ នាយករដ្ឋមន្រ្តីក៏បានស្នើឲ្យមានការទាញអារម្មណ៍ពីមេដឹកនាំអាស៊ាន-ឥណ្ឌា ក្នុងការពិចារណាកំណត់នូវទិសដៅអនាគត លើការងារសំខាន់ៗចំនួន៦ ដែលជាទិសដៅ និងជាចក្ខុវិស័យដ៏ត្រចះត្រចង់ នៃ ទំនាក់ទំនងអាស៊ាន-ឥណ្ឌា។
សម្តេចតេជោ ក៏បានថ្លែងដែរថា កម្ពុជាគាំទ្រ និងបន្តចូលរួម ក្នុងសកម្មភាពនានា និងតាមរយៈយន្តការនានា ដែលមានស្រាប់នាំមុខដោយអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ក្នុងបញ្ហាលំហសមុទ្រ បង្កើនទំនុកចិត្ត និងលើកកម្ពស់កិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធ ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខតាមសមុទ្រ ក្នុងការជួយសង្រ្គោះ ការរុករក ការស្រាវជ្រាវវិទ្យាសាស្រ្ត និងការប្រយុទ្ធប្រឆាំងនិង ចោរកម្មនៅក្នុងលំហសមុទ្រ។
ជាមួយគ្នានេះកម្ពុជាស្វាគមន៍ទស្សនទានសេដ្ឋកិច្ចពណ៌ខៀវ (Blue Economy) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលំហសមុទ្រ រវាងប្រទេសសមាជិកអាស៊ាននិងដៃគូសន្ទនា ក្នុងន័យបង្កើនការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចតំបន់ តាមរយៈការលើកស្ទួយសកម្មភាពរួម និងគម្រោងអភិវឌ្ឍន៍រួម ដែលជួយដល់ការលើកកម្ពស់ការទុកចិត្តគ្នាទៅវិញទៅមក។
នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា មេដឹកនាំអាស៊ាន-ឥណ្ឌា បានឈានទៅចេញសេចក្តីថ្លែងការណ៍ដែល្លី នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ដើម្បីអបអរសាទរខួប២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន ឥណ្ឌា។













