ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សា «វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស» នៅក្នុងខេត្តកែប

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សានៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ស្ថិតនៅផ្លូវជាតិលេខ៣៣ ក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកែបនាពេលបច្ចុប្បន្ន មានស្ថានភាពខុសគ្នាដាច់ស្រឡះពីខេត្តកែប ដែលទើបបង្កើតឡើងកាលពីឆ្នាំ១៩៩២។ សម្តេចតេជោ បន្តថា មិនមែនតែខេត្តកែបនោះទេ គឺប្រទេសកម្ពុជាទាំងមូលសមិទ្ធផលជាច្រើនបានកើតមានឡើងក្រោមដំបូលនៃសុខសន្តិភាព។

* សម្តេចតេជោ បន្តថា សន្តិភាព បានផ្តល់នូវសមិទ្ធផលគ្រប់បែបយ៉ាង ហើយអវត្តមាននៃសន្តិភាពជំនួសដោយសង្គ្រាមនៅឆ្នាំ១៩៧០ គឺមានតែការបាត់បង់ គ្មានការអភិវឌ្ឍនោះទេ។

* សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា អវត្តមាននៃសន្តិភាពក្នុងឆ្នាំ១៩៧០ សូម្បីតែការអប់រំ ក៏ត្រូវបានបាត់បង់ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នឹងទទួលបានប្រាក់បៀវត្សរ៍ទៀបំផុត ១លានរៀល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកែប គឺជាខេត្តមួយដែលគណបក្សប្រជាជនកម្ពុជាតែងទទួលបានចំនួនការគាំទ្រច្រើនជាងគេបំផុត។ តាមរយៈទិន្នន័យសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រជាពលរដ្ឋខេត្តកែប បានផ្តល់ការគោរពស្រឡាញ់ និងគុណធម៌សម្រាប់សម្តេច និងគណបក្សប្រជាជនកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកែប គឺជាខេត្តមួយដែលគណបក្សប្រជាជនកម្ពុជាតែងទទួលបានចំនួនគាំទ្រច្រើនជាងគេបំផុត។ តាមរយៈទិន្នន័យសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រជាពលរដ្ឋខេត្តកែប បានផ្តល់ការគោរពស្រឡាញ់ និងគុណធម៌សម្រាប់សម្តេច និងគណបក្សប្រជាជនកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យអភិបាលខេត្តកែបទាក់ទាញអ្នកវិនិយោគ មកបង្កើតសាកលវិទ្យានៅក្នុងខេត្តកែប ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សក្នុងខេត្តកែប។

* សម្តេចតេជោ បានថ្លែងថា វប្បធម៌ «សិស្សប្រឡងជាប់ជាពូជរបស់អញ សិស្សប្រឡងធ្លាក់គ្រូបង្រៀនមិនកើត» គួរតែបញ្ចប់ហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលនិវត្តន៍របស់មន្ត្រីរាជការនៅតែកំណត់ត្រឹមអាយុ ៦០ឆ្នាំដដែល ហើយបញ្ហាពន្យារអាយុចូលនិវត្តន៍នឹងត្រូវយកទៅពិចារណានៅឆ្នាំ២០១៩។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យអញ្ជើញចូលរួមលេងកម្សាន្តបុណ្យសមុទ្រនៅក្នុងខេត្តកែប។

* សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់អគារសិក្សាមួយខ្នងបន្ថែមទៀតនៅវិទ្យាល័យ «ប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស» ដែលមានកម្ពស់៤ជាន់ ស្មើនិង ២៤បន្ទប់ និងផ្តល់ជូនអគារសម្រាប់ការស្នាក់នៅរបស់គ្រូ ១ខ្នងពីរជាន់ ១០បន្ទប់ផងដែរ។ សម្រាប់វិទ្យាល័យហ៊ុនសែនចំការដូងទទួលបានអគារ ១ខ្នង ៤ជាន់ ៤០បន្ទប់ ទីចាត់ការ ១ខ្នង ៣បន្ទប់ កន្លែងស្នាក់នៅរបស់គ្រូ ១ខ្នងពីរជាន់ ២០បន្ទប់ កន្លែងលេងកីឡា និងចាក់ផ្លូវបេតុងក្នុងសាលា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យលោកគ្រូ អ្នកគ្រូជំរុញសិស្សអានសៀភៅ «ក្រុមង៉ុយ» និង «បណ្ឌិតអ៊ូចុង» ដែលចងក្រងដោយអ្នកសារព័ត៌មានជើងចាស់លោក ពុយ គា។

* សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការជឿជាក់ថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ប្រជាពលរដ្ឋខេត្តកែប នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចទទួលបានការដឹកនាំប្រទេសបន្តទៀត។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា សូមបងប្អូនប្រជាពលរដ្ឋកុំឲ្យព្រួយបារម្ភការស្រក់សាច់របស់សម្តេច ព្រោះគ្រាន់តែជាការសម្រកទម្ងន់តាមការណែនាំរបស់គ្រូពេទ្យ ហើយមិនមានបញ្ហាសុខភាពនោះឡើយ។ ផ្ទុយទៅវិញការសម្រកទម្ងន់នេះធ្វើឲ្យសុខភាពរបស់សម្តេចកាន់តែល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ពីអវត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមិនបានអញ្ជើញចូលរួមកម្មវិធីនានាជាមួយសម្តេច។ បើតាមសម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីឆ្នាំ២០១១មក គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមិនសូវបានអញ្ជើញចូលរួមកម្មវិធីជាមួយសម្តេចនោះទេ ដែលក្នុងនោះឆ្នាំ២០១១ ជាប់មើលថែឪពុកក្មេក ហើយបច្ចុប្បន្នជាប់រវល់ថែទាំជំងឺរបស់ម្តាយ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៨៖៥១នាទី៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ