ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងចែកប្រាក់រង្វាន់ដល់អត្តពលិកជយលាភី នៅវិមានសន្តិភាព

CNV: 

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានអញ្ជើញជួប សំណេះសំណាល និងប្រគល់ប្រាក់រង្វាន់ដល់ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីឈ្នះមេដាយនានាពេលកន្លងមកមានចំនួន២១១នាក់ នៅវិមានសន្តិភាព ដើម្បីតបស្នងនឹងការខិតខំប្រឹងប្រែង និងលើកទឹកចិត្ត ចំពោះអត្តពលិកដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវមោទនភាពចំពោះកីឡាករ កីឡាការិនីទាំងអស់ ដែលបាននាំមកនូវកិត្តិយសសម្រាប់ជាតិមាតុភូមិ ដោយបាននាំយកមក មេដាយយ៉ាងច្រើនពីការប្រកួតនានាលើឆាកអន្តរជាតិ និងក្នុងតំបន់។

* សម្តេចតេជោ ហ៊ុន សែន បានសុំឲ្យមានការយោគយល់ចំពោះភាពយឺតយ៉ាវក្នុងការប្រគល់ប្រាក់រង្វាន់នាពេលកន្លងមក។ សម្តេចតេជោ ស្នើឲ្យកីឡាករ កីឡាការិនីទាំងអស់ត្រូវផ្តល់តម្លៃឲ្យខ្លួនឯង ហើយមិនត្រូវយកកីឡា ត្រឹមតែជាការប្តូរប្រាក់នោះទេ។

* ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចបានឃើញកីឡាករ កីឡាការិនីមួយចំនួនរអ៊ូរទាំពីភាពយឺតយ៉ាវក្នុងការទទួលប្រាក់រង្វាន់របស់ពួកគេ។

* បើតាមសម្តេចតេជោ ភាពយឺតយ៉ាវក្នុងការផ្តល់ប្រាក់រង្វាន់នាពេលកន្លងមក ដោយសារតែការទទួលបានមេដាយរបស់កីឡាករ កីឡាការិនីនៅឆ្នាំនេះមានចំនួនច្រើន ហើយប្រាក់រង្វាន់មានទំហំលើសចំនួនដែលបានកំណត់។

* សម្តេចតេជោ ហ៊ុន សែន បានស្នើដោយទទូចចំពោះកីឡាករ កីឡាការិនី មានការយោគយល់ ហើយតាំងចិត្តតាំងកាយឲ្យជាកីឡាករ កីឡាការិនីមានតម្លៃខ្ពស់ ដោយមិនត្រូវធ្វើខ្លួនជាកីឡាករ កីឡាការិនីដូរលុយ ដូរអង្ករនោះទេ។

* ឆ្លើយតបការរិះគន់ថា មិនមានការយកចិត្តទុកដាក់ចំពោះកីឡាប្រដាល់នោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងតើមាននរណាយកចិត្តទុកដាក់ ចំពោះកីឡាប្រដាល់នេះជាងសម្តេចទៅទៀតនោះ។ ក្នុងនោះភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែជួយឧបត្ថម្ភជាបន្តបន្ទាប់ដល់កីឡាប្រដាល់ ពេលជួបគ្រោះថ្នាក់ផ្សេងៗ ដូចជាបាក់ដៃ បាក់ជើងពេលប្រកួត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនគួរឲ្យទទួលយកបាន ចំពោះការលើកឡើងរបស់អ្នកគាំទ្រកីឡាមួយចំនួនដែលបានលើកឡើងថា «ប្រាក់រង្វាន់ ដូចជាប្រាក់សុំទាន»។

* បើទោះបីជាយ៉ាងណាសម្តេចតេជោ ក៏សូមសម្តែងការកោតសរសើរគ្រប់សហព័ន្ធកីឡាទាំងអស់ ដែលបានប្រឹងប្រែងជំរុញវិស័យកីឡា ហើយរហូតឈានទៅដណ្តើមមេដាយពីម្ចាស់បង្កើតនៃប្រភេទកីឡាមួយចំនួន។ ដូចជាការកីឡាបេតង់ជាដើម កីឡាការិនីខ្មែរ បានដណ្តើមពីប្រទេសបារាំង ដែលជាអ្នកបង្កើតកីឡាប្រភេទនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្វៀនកីឡា ក៏ដូចជាសង្វៀននយោបាយផងដែរ។ កីឡាករមួយចំនួនត្រូវបានហាមឃាត់ ពេលប្រព្រឹត្តខុសអ្វីមួយ តែប្រភេទកីឡានោះមិនត្រូវបានលុបនោះទេ។ សម្តេចតេជោថា ការបោះឆ្នោតនៅឆ្នាំ២០១៨ នៅតែត្រូវបន្តទោះបីក្រុមបក្សប្រឆាំងត្រូវបានហាមឃាត់ក៏ដោយនោះ។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅ សម រង្ស៊ី ថា កុំព្យាយាមប្រើពាក្យលួងចិត្តខ្លួន តាមរយៈធ្វើកញ្ជះរបស់ជាតិដទៃ។ សម្តេចតេជោ បានថ្លែងថា សម្តេចមិនព្រួយបារម្ភការបង្កក់លុយ ឬផ្អាកផ្តល់ទិដ្ឋាការពីសហភាពអឺរ៉ុបនោះទេ។

* សម្តេចតេជោ ហ៊ុន សែន​ ថែមទាំងជំរុញឲ្យអនុវត្តន៍ការបង្កក់លុយនេះថែមទៀតផង។ សម្តេច ថ្លែងថា ការសម្រេចបង្កក់លុយ ឬបិទទិដ្ឋាការមិនបានប៉ះពាល់ដល់ សម្តេចនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងបើកឲ្យមានឡើងវិញ នូវការរុករកអដ្ឋិធាតុទាហានរបស់អាមេរិក ដែលនៅសល់ ៤៩នាក់ផ្សេងទៀត នៅពេលអាមេរិកបើកឲ្យមានការផ្តល់ទិដ្ឋាការឡើងវិញ។

* សម្តេចតេជោ បានប្រកាសថា សម្តេចបានបើកច្រកឲ្យមានការពិភាក្សាលើការទទួលយកពលរដ្ឋខ្មែរទៅរស់នៅអាមេរិកក្រោយឆ្នាំ១៩៩៤ ព្រោះសម្តេចមិនចង់ឲ្យអាមេរិកបញ្ជូនពលរដ្ឋខ្មែរទៅកាន់កន្លែងផ្សេងនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមបក្សប្រឆាំងដែលត្រូវបានរំលាយ និងផ្អាកសកម្មភាពនយោបាយ ហើយកំពុងរកការអន្តរាគមន៍ពីបរទេសនោះថា កម្ពុជាពីអតីតកាលត្រូវគេហ៊ុព័ទ្ធសេដ្ឋកិច្ចយ៉ាងខ្លាំងនៅតែអាចរស់បាន រឿងអីដែលត្រូវព្រួយបារម្ភសម្រាប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច សម្រាប់ស្ថានភាពប្រទេសដូចពេលបច្ចុប្បន្ននោះ។

* តែទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទណ្ឌកម្មសេដ្ឋកិច្ចមិនមែនចេះតែធ្វើតាមការអំពាវនាវរបស់ក្រុមបក្សប្រឆាំងនោះទេ ព្រោះក្រុមអ្នករកស៊ីបានចុះហត្ថលេខារួចរាល់អស់ហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អត់ពីពួកអ្នកនយោបាយដែលផ្អាកសកម្មភាពប៉ុន្មាននាក់នេះ ក៏កម្ពុជាមិនស្លាប់នោះដែរ ព្រោះក្នុងដំណាក់កាលកម្ពុជា តស៊ូមិនមានវត្តមានអ្នកនយោបាយប៉ុន្មាននាក់នេះនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ឲ្យបង្កក់លុយមន្ត្រីដែលមានលុយយកទៅទុកចោលនៅបរទេស។ តែសម្តេចថា ការបង្កក់លុយនេះមិនប៉ះពាល់ដល់សម្តេច រួមទាំងមន្ត្រី និងប្រជាពលរដ្ឋខ្មែរនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសព្យាបាលតា វីតាមីនសេ រហូតដល់ជាពីជំងឺ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកទឹកចិត្តឲ្យអឺរ៉ុប និងអាមេរិកបង្កកប្រាក់មេដឹកនាំកម្ពុជា មិនចាំបាច់គំរាមនោះទេ។

* សម្តេចតេជោ ប្រកាសថា សម្តេចគ្មានលុយទុកនៅក្រៅប្រទេសនោះទេ ហើយនៅក្នុងស្រុកវិញ គឺសម្តេចយកលុយទៅកសាងសមិទ្ធផលនានាសម្រាប់ជាតិ និងប្រជាជន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រៀបធៀប ការរំលាយគណបក្សសង្គ្រោះជាតិ ប្រៀបដូចជាការវាយបំបាក់ជើងកូនរបស់អាមេរិក ដែលជាហេតុនាំឲ្យអាមេរិកផ្ទុះកំហឹង និងសម្តែងប្រតិកម្មនានា។

* សម្តេចតេជោ ហ៊ុន សែន បានប្រាប់អាមេរិក កុំអាងជាប្រទេសធំចេះតែសម្តែងប្រតិកម្មដាក់ប្រទេសតូច ព្រោះប្រទេសតូចក៏ចេះក្រោកឈរដើម្បី ឯករាជ្យភាពរបស់ខ្លួនផងដែរ។

* ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានចំណាយថវិកាសរុប ១០ម៉ឺន ៩ពាន់ដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភបន្ថែមលើប្រាក់រង្វាន់ជិត ២លានដុល្លារសម្រាប់កីឡាករ កីឡាការិនី ដែលទទួលបានមេដាយ។

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ