សម្រង់​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់នូវអគារហ្វឹកហ្វឺនជំនាញចារកម្ម និងការបើកការដ្ឋានសាងសង់អគារសាលប្រជុំថ្មីរបស់អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច

CNV: 

សមទ្ធិផលថ្មីមួយទៀត នៅក្នុងវិស័យការពារជាតិ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះឧត្តមវង្សាវង្សរ៉ា ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ, សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមជាមួយសម្តេច ព្រះតេជព្រះគុណគ្រប់ព្រះអង្គ។ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសនាយទាហាន នាយទាហានរង ពលទាហាន​ទាំង​អស់ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារហ្វឹកហ្វឺនជំនាញចារកម្មចំនួន ២ ខ្នង ស្មើ ៤០ បន្ទប់ និងការ​បើក​ការដ្ឋានសាងសង់អគារសាលប្រជុំថ្មីរបស់អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច។ នេះជាសមទ្ធិផលថ្មីមួយ ទៀត នៅក្នុងវិស័យការពារជាតិរបស់យើង ដែលកន្លងទៅនេះ យើងក៏បានធ្វើជាបណ្តើរៗ រហូតមកដល់​ដំ​ណាក់​កាលនេះ។ មុននេះ នាយកដ្ឋានស្រាវជ្រាវចារកិច្ចស្ថិតនៅក្នុងចំណុះអគ្គបញ្ជាការ​នៃកងយោធពលខេមរ​ភូមិន្ទ ហើយបន្ទាប់មកក៏មានការកែទម្រង់ កែសម្រួលពីរចនាសម្ព័ន្ធ ក្រោមចំណុះអគ្គបញ្ជា​ការនៃ​កង​យោធ​​ពលខេមរភូមិន្ទ ហើយទៅនៅក្រោមចំណុះក្រសួងការពារជាតិវិញ ដែលវិសាលភាពនៃសកម្មភាពនោះ អាច​​​មានភាពទូលំទូលាយ។

ថ្ងៃនេះ ជាមួយនឹងការអបអរសាទរជាមួយនឹងសមទ្ធិផលថ្មី យើងក៏ត្រូវបើកជាមួយនឹងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដទៃទៀត ដើម្បីបម្រើឲ្យវិស័យការពារជាតិ និយាយជារួម និងនិយាយដោយឡែកនៅក្នុងវិស័យចារកម្មរបស់យើង។

ខ្ញុំសូមយកឱកាសនេះ សម្តែងជូននូវការកោតសរសើរចំពោះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាគ្រប់ប្រភេទទ័ព។ ក្នុងនោះ ក៏មានពាក់ព័ន្ធជាមួយនឹងការដែលរីកចម្រើនធំធាត់ នៃអង្គភាពចារកម្មរបស់យើង។

ខ្ញុំសូមយកឱកាសនេះ ក៏សុំសម្តែងនូវការអរគុណចំពោះការគាំទ្រទាំងឡាយ នៃសប្បុរសជន ដែលបាន​ចូល​រួមក្នុងការគាំទ្រជាមួយនឹងការសាងសង់សមទ្ធិផលទាំងអស់នេះ ហើយចំពោះប្រាក់ដែលជំពាក់គេសុំ​រក​ដើម្បីសងគេទៅចុះ … សង្ឃឹមថា សប្បុរសជន និងអ្នកទាំងឡាយដែលបានចូលរួមនៅទីនេះ អាចនឹង​ចែក​រំលែកសម្រាប់ការចូលរួម មួយផ្នែកជំពាក់គេផង ហើយមួយផ្នែកទៅលើការកសាងហេដ្ឋារចនា​សម្ព័ន្ធ​ចាំ​បាច់បន្ត។ អម្បាញ់មិញ នាយកអគ្គនាយកដ្ឋានបានធ្វើរបាយការណ៍​ពាក់ព័ន្ធជាមួយ​នឹង​សភាព​ការណ៍​ហើយ ហើយខ្ញុំព្រះករុណាខ្ញុំ យល់ថាថ្ងៃនេះ មិនមែនជាការប្រកាសចេញនូវគោលនយោ​បាយក្នុង​វិស័យ​ការពារជាតិរបស់រាជរដ្ឋាភិបាលនោះទេ។

កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា

ប៉ុន្តែអ្វីដែលខ្ញុំព្រះករុណាខ្ញុំចង់រំលឹកគឺនៅត្រង់ថា យើងបានធ្វើដំណើរតាំងពីដំណាក់កាលដំបូង មកដល់​ពេល​នេះ ហើយក្នុងវេលានេះកងទ័ពនាសម័យនោះ កំពុងធ្វើដំណើរយ៉ាងអង់អាចក្លាហាន ក្នុងការឈាន​មក​របស់ទីក្រុងភ្នំពេញនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩។ ថ្ងៃទី ២ ធ្នូ បានចាប់កំណើត នៃរណសិរ្សដែល​​ជា​អង្គការចាត់តាំងខាងនយោបាយមួយ បន្ទាប់ពីកងទ័ពបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៩៧៨ ដែលជាអង្គភាពរៀបរយដំបូង បន្ទាប់ពីអង្គភាពនេះមានរប៉េះរប៉ោះនៅទីនេះបន្តិចទីនោះ​បន្តិច។ ខ្ញុំដឹងថាថ្ងៃនេះ ក៏មាននាយទាហាននៅអតីតជំនាន់នោះ ឧត្តមសេនីយ៍ រស់ សំអុល ដែលជា​នាយទា​ហាន​ម្នាក់ ក្នុងចំណោមនាយទាហានដែលស្ថិតក្នុងទីនោះ ហើយដែលថ្ងៃនេះ ក៏មានវត្តមាននៅទីនេះ។ បាន​សេច​ក្តី​ថាខ្ញុំបានធ្វើទាហាន ៤០ ឆ្នាំ រួចមកហើយ។ ប៉ុន្តែ ពីដំណាក់កាលមួយ មកកាន់ដំណាក់កាលមួយ យើងបានរីកធំធាត់នៃកម្លាំងកងទ័ពរបស់យើង ដែលស្របជាមួយនឹងការចង់បាន ស្របជា​មួយនឹង​គោល​ដៅ ដែលយើងបានដាក់ចេញ គឺការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាពេលនោះ។

អ្វីដែលខ្ញុំព្រះករុណាខ្ញុំ អរបំផុតគឺនៅត្រង់ថា នៅពេលដែលបង្កើតកងទ័ពដំណាក់កាលដំបូងនោះ គឺយើង​ហៅ​ថា កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា។ វាមិនមែនជាការចៃដន្យទេ នៅពេលដែលយើង​រៀប​ចំរណសិរ្សសាមគ្គី។ យើងរៀបចំឈ្មោះ រណសិរ្ស ក៏បានដើរស្របជាមួយនឹងឈ្មោះកងកម្លាំង​ប្រដាប់អា​វុធ​សាមគ្គីសង្រ្គោះជាតិកម្ពុជា។ នេះជាចំណុចចាប់ផ្តើមនៃរបបប្រវត្តិសាស្រ្ត ដែលធ្វើឲ្យអង្គការចាត់តាំង​នយោ​បាយ ដែលបង្កើតឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៨ មានកងកម្លាំងប្រដាប់អាវុធនៅក្នុងដៃ ហើយ​ដែលពេលនោះ នៅក្នុងពេលនេះ កាលពី ៣៩ ឆ្នាំមុន កំពុងធ្វើដំណើរយ៉ាងអង់អាចក្លាហាន ដើម្បីរំដោះ ហើយ​កំពុងតែកាន់កាប់បណ្តាខេត្តមួយចំនួនរួចស្រេចទៅហើយ។

កងទ័ព និងនយោបាយឈ្នះឈ្នះ ចូលរួមអភិវឌ្ឍន៍ បង្កើតសុខសន្តិភាព

ជាបន្តទៅទៀត ប្រទេសរបស់យើងនៅមានសង្រ្គាមហែកហួរ នោះហើយជាសោកនាដកម្ម​ដែលធ្វើឲ្យ​ប្រ​ទេស​របស់យើងជួបការលំបាក ប្រទេសមួយតំបន់ត្រួតត្រាបួន មិនមែនជាបញ្ហាសុខស្រួល​សម្រាប់ប្រជា​ជន​យើងនោះទេ។ នយោបាយឈ្នះឈ្នះ យើងបានអនុវត្តដោយជោគជ័យ ដែលនាំមកនូវប្រទេសជាតិ​របស់​យើង មានប្រទេសតែមួយ តំបន់ត្រួតត្រាតែមួយ ដែលជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត បើមិនរាប់​រយ​ឆ្នាំទេ ក៏រាប់សិបឆ្នាំដែរ ដែលប្រទេសកម្ពុជាមានប្រទេសមួយ និងតំបន់ត្រួតត្រាច្រើន បន្ទាប់ពីប្រទេស​បាន​សុខសន្តិភាព។ យើងប្រមូលផ្តុំនូវការខិតខំទាំងអស់ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

កងទ័ពក៏បានចូលរួមវិភាគទានយ៉ាងធំធេង នៅក្នុងការស្តារឡើងវិញ ក៏ដូចជាក្នុងការជួយជម្រុញកំណើន​សេដ្ឋកិច្ច ហើយដែលយើងសម្រេចបានក្នុងរយៈពេលជាង ២០ ឆ្នាំ កន្លងទៅនេះ គឺស្មើនឹង ៧,៧ ភាគរយ ប្រចាំឆ្នាំ ដែលធ្វើអត្រានៃភាពក្រីក្ររបស់យើងធ្លាក់ចុះយ៉ាងឆាប់រហ័ស។ យើងបានរួមគ្នាធ្វើ​ឲ្យប្រទេស​របស់​យើង ពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិត​ទាប ហើយមហិច្ឆតារបស់យើងក៏ចង់សម្រេចនៅឆ្នាំ ២០៣០ ធ្វើឲ្យប្រទេសកម្ពុជារបស់យើង ក្លាយទៅជា​ប្រ​ទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ ២០៥០ ក្លាយទៅជាប្រទេស​ដែលមាន​ប្រាក់​ចំ​ណូល​ខ្ពស់​។

ខឿនការពារជាតិរបស់ប្រជាជន

ប៉ុន្តែយើងក៏ត្រូវមើលឲ្យឃើញ អំពីការចាំបាច់របស់យើង នៃការបន្តភារកិច្ចដើម្បីការពារជាតិ ការពារ​មាតុ​ភូមិ អ្វីដែលខ្ញុំព្រះករុណាខ្ញុំគួរតែរំលឹក ហើយក៏ជាការដាស់តឿននៅក្នុងកងទ័ពទាំងមូលនោះ គឺខឿនការពារ​ជាតិ​របស់ប្រជាជន។ ចំណុចនេះ ជាចំណុចស្នូលនៅក្នុងមាគ៌ាប្រជាធិបតេយ្យប្រជាជន ហើយដោយ​សារ​តែ​ខឿនការពារជាតិរបស់ប្រជាជន យើងបានទទួលជោគជ័យជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់ការវិលត្រឡប់​របប​ប្រ​ល័យ​ពូជសាសន៍ ក្នុងការទប់ស្កាត់នៃបដិវត្តន៍ពណ៌ ហើយក៏ជាក្នុងការទប់ស្កាត់នូវការឈ្លានពាន មកពីបរទេសផងដែរ។ ដូច្នេះ សូមឲ្យទាំងអស់គ្នា ទាំងក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ក៏ដូចជា​កង​ទ័ព​ទាំង ៣ ប្រភេទ ទាំងជើងគោក ជើងទឹក ជើងអាកាស ត្រូវរួមគ្នាបន្តថែរក្សា និងអនុវត្តនូវគោលការណ៍ គោលនយោបាយខឿនការពារជាតិរបស់ប្រជាជន ឲ្យបានជាប់លាប់។

… ត្រូវមើលលើចំណុចទាំងឡាយ ដែលខ្ញុំបានលើកឡើងអំពីខ្លឹមសារស្នូល នៃខឿនការពារជាតិរបស់ប្រជា​ជន តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្ញុំ កាលពេលដែលខ្ញុំទៅកាន់ខេត្តព្រះវិហារ និងទៅកាន់ខេត្ត​ឧត្តរ​មាន​ជ័យ នៅក្នុងឆ្នាំ ២០១០-២០១១។ បើសិនជាគ្មានខឿនការពារជាតិរបស់ប្រជាជន ហើយកងទ័ពនៅដាច់ដោយឡែក គឺវាគ្មានន័យអ្វីទេ។ កងទ័ព គឺជាកូនចៅរបស់ប្រជាជន ដោយកើតចេញពីប្រជាជន។ ដូច្នេះអ្វីៗទាំងឡាយត្រូវធ្វើឲ្យស្របទៅនឹងផលប្រយោជន៍របស់ប្រជាជន។ កងទ័ពមិនមែនជាចៅហ្វាយ​របស់​​ប្រជាជននោះទេ ក៏ប៉ុន្តែ កងទ័ពគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជនរបស់យើង។

សង្ឃឹមថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បន្តការខិតខំដើរនៅលើផ្លូវនេះ​ជា​បន្ត​ទៀត។ មានតែផ្លូវនេះទេ ដែលកងទ័ពរបស់យើងទទួលការគាំទ្រពីសំណាក់ប្រជាជន។ គ្មានកងទ័ព គ្មាន​អ្នក​ដឹកនាំណាមួយ ហើយក៏គ្មានកងទ័ពផ្តាច់ការណាមួយ ដែលអាចទទួលជោគជ័យបាន ដោយខ្វះការគាំ​ទ្រ​ពីសំណាក់ប្រជាជននោះដែរ។ លើការជាក់ស្តែងរបប ប៉ុល ពត គឺជារបបសាហាវឃោឃៅ ព្រៃផ្សៃ​បំ​ផុត​នៅ​លើពិភពលោកនេះ ហើយក៏មានកងទ័ពរហូតទៅដល់ ១៨ ម៉ឺននាក់ឯណោះ។ ប៉ុន្តែទីចុងបំផុត អង្គ​ការ​ចាត់​តាំងនយោបាយ និងយោធាមួយនេះ ក៏ត្រូវរលាយក្រោមឥទ្ធិពលនៃខឿនការពារប្រជាជាតិ  ដែលក្នុង​នោះ​ក៏​បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដែលនាំទៅដល់ការរំលំរលាយ នៃអង្គការចាត់តាំង​នយោ​បាយ និងយោធានៃរបប ប៉ុល ពត។

កងទ័ពនឹងមិននៅស្ងៀម បើមាននរណាម្នាក់ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

នោះជាអ្វីដែលអាចចង្អុលបង្ហាញប្រាប់យើងទាំងអស់គ្នា ហើយក៏ប្រាប់ទៅអ្នកដទៃថា អ្នកមិនអាចឈរនៅ​ ចំពោះមុខកងកម្លាំងប្រដាប់អាវុធបានទេ ប្រសិនបើអ្នកមិនអាចអនុវត្តស្របនឹងមហិច្ឆតារបស់ប្រជាជន ហើយ​អ្នកកុំមានក្តីស្រមៃ និងញុះញង់ឲ្យកងទ័ពដាក់មកចលាចល ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលនោះ។ ផ្ទុយទៅវិញ ខ្លួនអ្នកក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដែរ ព្រោះកងទ័ពគឺអាចនឹងមិនទុកអ្នកឲ្យនៅ​ស្ងៀម​បាន​នោះ​ទេ។ អ្នកត្រូវយល់ឲ្យបាន។ ប៉ុន្តែប្រហែលជាអ្នកនៅឆ្ងាយពីកម្ពុជារាប់ម៉ឺនម៉ែត្រឯណោះ ទើបអ្នក​ហ៊ាន​និ​យាយ។ ប្រសិនបើអ្នកនៅជិត អ្នកច្បាស់ជាមិនហ៊ាននិយាយទេ ព្រោះកងទ័ពនឹងធ្វើប្រតិកម្មភ្លាមៗ ចំ​ពោះ​អ្នកតែម្តង។

… ខ្ញុំគួរតែនិយាយបញ្ជាក់សាជាថ្មីម្តងទៀតថា ក្តាប់ឲ្យជាប់នូវខឿនការពារជាតិរបស់ប្រជាជន។ នៅ​​ពេល​ណា​ដែលយើងធ្វើសៀវភៅសការពារជាតិ នៅពេលណាដែលយើងដាក់ចេញនូវគោលនយោបាយការ​ពារ​ជាតិ កុំភ្លេចចំណុចគន្លឹះស្នូលទាក់ទងជាមួយនឹងខឿនការពារជាតិរបស់ប្រជាជន។ ដូច្នេះហើយបានជា​រយៈ​ពេលកន្លងទៅ នៅពេលដែលយើងមានសភាពការណ៍នៅតែព្រំដែនម្តងៗ ជាពិសេសនៅព្រំដែននៃ​ទិស​ខាងលិច ប្រជាជនបានចូលរួមច្រើនណាស់ លើកទឹកចិត្តចំពោះកងទ័ពរបស់​យើង​​ក្នុងការប្រយុទ្ធនៅ​ឯ​សមរ​ភូមិខាងមុខ។ ដោះស្រាយពីខាងក្រោម មិនមែនការប្រយុទ្ធមួយ កើតឡើងនៅតំបន់មួយ ហើយមិន​ប៉ះ​ពា​ល់ទៅដល់អ្នកដទៃទេ។ ត្រង់នេះហើយ ដែលខ្ញុំមានមោទនភាព ដែលបានដាក់ចេញនូវគំនិតផ្តួច​ផ្តើម​ទាក់​ទិននឹងខឿនការពារជាតិរបស់ប្រជាជននេះឯង។

គ្មានពាក្យអព្យាក្រឹត្យរវាងម្ខាងរដ្ឋ និងម្ខាងបក្សនយោបាយ ឬសង្គមស៊ីវិល

ម្យ៉ាងទៀត ខ្ញុំក៏គួរដាស់តឿនរំលឹកថា កងទ័ព ឬក៏កងកម្លាំងប្រដាប់អាវុធទាំងមូល និយាយជារួម និងនិ​យាយ​ដោយឡែក គឺកងយោធពលខេមរភូមិន្ទ ជាឧបករណ៍របស់រដ្ឋ ដែលត្រូវការពាររដ្ឋ។ កន្លងទៅបដិវត្ត​ពណ៌​នៅគ្រប់ទីកន្លែងទាំងអស់ គេតែងខិតខំធ្វើអព្យាក្រឹត្យតូបនីយកម្មកម្លាំងប្រដាប់អាវុធ ជា​ពិ​សេស គឺ​កង​ទ័ពនេះតែម្តង។ គេបានទទួលជោគជ័យទៅលើការធ្វើបដិវត្តពណ៌ ​តាមរយៈនៃការធ្វើអព្យាក្រឹត្យតូប​នីយ​កម្ម​កម្លាំងប្រដាប់អាវុធ ប៉ុន្តែខ្ញុំអាចជម្រាបជូនអស់លោកនាយទាហាននៅទីនេះ ក៏ដូចជានៅកន្លែងដទៃ​ទៀត ឲ្យ​បានជ្រាបថា អព្យាក្រឹត្យនៃកម្លាំងប្រដាប់អាវុធ ធ្វើបានតែចំពោះមុខបណ្តាបក្សនយោបាយប៉ុណ្ណោះ នៅក្នុងស្ថានភាពដែលប្រទេសរបស់យើង អនុវត្តនៃរបបប្រជាធិបតេយ្យសេរីពហុបក្ស គឺយើងអព្យាក្រឹត្យ​ចំពោះ​មុខបណ្តាបក្សនយោបាយទាំងអស់ ដូចជាការដាក់ការការពារ ការពារចំពោះបក្សកាន់អំណាច ឬ​បក្ស​មិនកាន់អំណាច គឺការពារឲ្យទាំងអស់ស្មើៗគ្នា។

ប៉ុន្តែកងទ័ព ឬកងកម្លាំងប្រដាប់អាវុធទាំងមូល មិនមែនអព្យាក្រឹត្យចំពោះម្ខាងរាជរដ្ឋាភិបាល និង​ម្ខាង​ទៀត​បក្ស​នយោបាយទេ។ កងទ័ព ឬកងកម្លាំងប្រដាប់អាវុធ បង្កើតឡើងដើម្បីការពាររដ្ឋ ដូច្នេះគ្មានទេ​ពាក្យ​អព្យា​ក្រឹត្យ​នៅទីនេះ។ បើសិនជាការធ្វើខុស រដ្ឋបញ្ជាកម្លាំងប្រដាប់អាវុធដើម្បីបង្ក្រាប ឬក៏ទប់ស្កាត់នូវអំពើ​ណាដែល​លេចចេញមកអំពីឧបាយកលអាក្រក់ និងអំពើខុសច្បាប់ទាំងឡាយ។ គុកគេបង្កើតឡើង​ដើម្បី​ដាក់​អ្នកខុស ហើយអ្នកទៅដាក់ខ្នោះចំពោះអ្នកខុសគឺកម្លាំងនគរបាល ឬអាវុធហត្ថនេះតែម្តង។ ដូច្នេះចំ​ណុច​នេះត្រូវយល់ឲ្យច្បាស់ មិនមែនយល់ច្រលំទៅលើបញ្ហាអព្យាក្រឹត្យចំពោះមុខបណ្តាបក្សនយោបាយ និង​មិនអព្យាក្រឹត្យរបស់រដ្ឋ និងបក្សនយោបាយនោះទេ បក្សនយោបាយគ្មានសិទ្ធិបញ្ជាកងទ័ពនោះឡើយ ប៉ុន្តែរាជរដ្ឋាភិបាលដែលចេញមកពីការបោះឆ្នោត បង្កើតជារដ្ឋ មានសិទ្ធិបញ្ជាទៅលើកម្លាំងប្រដាប់អាវុធ។

ខ្ញុំមិនមែនបញ្ជាកងទ័ពនៅក្នុងក្របខណ្ឌ នៃប្រធានគណបក្សប្រជាជននោះទេ ប៉ុន្តែខ្ញុំបញ្ជាកងទ័ពនៅ​ក្នុង​នាម​ខ្ញុំជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នាយឧត្តមសេនីយ៍ ទៀ បាញ់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងអ្នកដឹកនាំដទៃទៀត មិនមែនបញ្ជាទ័ពក្នុងនាមគណបក្សប្រជាជនទេ ប៉ុន្តែបញ្ជា​កង​ទ័ព​ក្នុង​នាមរដ្ឋមន្ត្រីការពារជាតិ និងក្នុងនាមជាអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ។ ចំណុចនេះត្រូវ​ក្តាប់ឲ្យ​បាន​។ គ្មានទេពាក្យអព្យាក្រឹត្យរវាងម្ខាងរដ្ឋ និងម្ខាងបក្សនយោបាយ ឬសង្គមស៊ីវិល។ យើងអព្យាក្រឹត្យ​តែ​ចំ​ពោះមុខបក្សនយោបាយដែលមានការស្មើគ្នា ការប្រកួតប្រជែងនៅទីលានប្រជាធិបតេយ្យ តាមរយៈនៃ​ការ​បោះ​ឆ្នោត ឬតាមរយៈនៃការបញ្ចេញមតិទាំងឡាយ ក៏ប៉ុន្តែនៅពេលដែលមានការបំពានទៅលើច្បាប់រដ្ឋ ត្រូវ​តែ​ចេញមុខភ្លាម ដើម្បីការពាររដ្ឋ មិនអាចបណ្តែតបណ្តោយបានទេ។

ភេរវកម្ម និងបដិវត្តពណ៌ ស្ទើរតែគ្មានអ្វីខុសពីគ្នានោះទេ

ពិភពលោកមានការស្មុគស្មាញខ្លាំងណាស់ ជាមួយនឹងការកើតឡើងនូវភេរវកម្មផង និងការកើតឡើងនូវ​បដិ​វត្តពណ៌ផង។ ខ្ញុំបានធ្វើការសិក្សាមើលថា ទម្រង់ពីរនេះ រវាងមួយអ្នកធ្វើភេរវកម្ម និងអ្នកធ្វើបដិវត្តពណ៌ បើ​និយាយអំពីផលវិបាក គឺគ្មានអ្វីខុសគ្នាទេ រវាងពួកភេរវកម្ម និងពួកបដិវត្តពណ៌នោះ។ យើងមើលបដិវ​ត្ត​ពណ៌​នៅលីប៊ី​ ស៊ីរី យេម៉ែន ឬក៏ការឈ្លានពាននៅកន្លែងដទៃ វាបង្កើតឡើងនូវសោកនាដកម្ម​ស្ទើរតែលើស​ពី​ពួកភេរវកម្ម។ គ្រាន់តែចំណុចខុសគ្នា ពួកភេរវកម្មវាទៅដល់វាដាក់គ្រាប់បែក ដើម្បីបំផ្ទុះបំផ្លាញជីវិត​មនុស្ស ទ្រព្យសម្បត្តិ។ ប៉ុន្តែ ពួកបដិវត្តពណ៌ គេធ្វើតាមរបៀបមួយផ្សេង គឺការប្រើប្រាស់នូវលទ្ធិ​ប្រជាធិប​តេយ្យ និង​សិទ្ធិមនុស្សដើម្បីបង្កើតឡើងនូវសង្គ្រាមនោះឯង។ តែលទ្ធផលចុងក្រោយ ទំហំនៃការខូចខាត​ដែល​បណ្តាលមកពីបដិវត្តពណ៌ វាស្ទើរតែលើសនៃការវាយប្រហារភេរវកម្មដោយលួចលាក់ទៀតផង។

នេះជារឿងពិត។ សូមសម្លឹងមើលនៅប្រទេសអ៊ីរ៉ាក់ មើលនៅប្រទេសស៊ីរី សុំសម្លឹងមើលនៅប្រទេសលីប៊ី និង​ប្រទេសដទៃទៀត តើការខូចខាតដោយសារបដិវត្តពណ៌ ដែលគេធ្វើនោះ ខូចខាតដល់កម្រិតប៉ុណ្ណា? អាច​ថាជីវិតមនុស្សត្រូវបានបំផ្លាញក្រោមលេសប្រជាធិបតេយ្យ​ និងសិទ្ធិមនុស្ស ដែលគេបានធ្វើនោះ។ រឿង​នេះវាលំបាកណាស់ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ យើងចាត់ទុកភារកិច្ចទៅលើការប្រយុទ្ធប្រឆាំងភេរវកម្ម នៅ​តែ​ជាភារកិច្ចចំបងរបស់យើង ដែលយើងត្រូវទុកមួយអន្លើ នូវការខុសគ្នាខាងនយោបាយជាមួយ​នឹងប្រ​ទេស​ខ្លះ ប៉ុន្តែ យើងជម្រុញទៅការប្រយុទ្ធប្រឆាំងភេរវកម្ម។

ការប្រយុទ្ធប្រឆាំងភេរវកម្មគឺជាភារកិច្ចចាំបាច់។ វាមិនមែនគ្រាន់តែបម្រើនូវតម្រូវការសម្រាប់សេចក្តី​សុខ​របស់កម្ពុជាទេ ក៏ប៉ុន្តែ វាជាសេចក្តីសុខរបស់តំបន់ និងពិភពលោកផងដែរ។ ពិតមែនតែខ្ញុំយកទំហំ នៃការ​ខូច​ខាតដែលចេញពីបដិវត្តពណ៌ និងអំពើភេរវកម្ម វាស្ទើរតែបដិវត្តពណ៌បំផ្លិចបំផ្លាញ​ច្រើនលើសពីភេរ​វ​កម្ម។ ប៉ុន្តែ ខ្ញុំមិនចាត់ទុកវាជាកញ្ចប់តែមួយនោះទេ ខ្ញុំចាត់ទុកការប្រយុទ្ធប្រឆាំងភេរវកម្ម គឺជាអាទិភាព​នៃ​គោលនយោបាយរបស់រាជរដ្ឋាភិបាល និងក៏ជាអាទិភាពនៃវិស័យសន្តិសុខជាតិរបស់កម្ពុជាផងដែរ។ យើង​ត្រូវ​ទុកការខុសគ្នាខាងនយោបាយមួយអន្លើ ចំពោះប្រទេសខ្លះ ដែលប៉ុនប៉ងយាយីមកលើយើងតាម​រយៈ​បដិ​វត្តពណ៌ បំផ្លាញផ្ទៃក្នុងយើង។

ចំណុចនេះ គឺជាចំណុចដែលត្រូវតស៊ូជាមួយអ្នក ដែលបានធ្វើបដិវត្តពណ៌មកលើយើង ក៏ប៉ុន្តែ យើងត្រូវ​សហ​ការជាមួយពួកគេ បើទោះបីមានចំណុចខុសគ្នាទៅលើការប្រយុទ្ធប្រឆាំងភេរវកម្ម ដែលជាអង្គការបិ​សាច​នៅលើពិភពលោករបស់យើងនេះ។ យើងមិនអាចឲ្យកើតមាននូវភេរវកម្មកើតមាននៅលើទឹកដីនៃ​ប្រ​ទេសកម្ពុជា ហើយយើងក៏មិនចង់ឃើញប្រទេសនៅក្នុងតំបន់ កើតមាននូវអំពើភេរវកម្មផងដែរ។

ទោះដោយតម្លៃណាក៏ដោយ មិនត្រូវឲ្យមានបដិវត្តពណ៌នៅកម្ពុជាទេ

ម្សិលមិញ នៅសហរដ្ឋអាមេរិក ដូចជាមានអំពើភេរវកម្មកើតឡើងសាជាថ្មីទៀត នៅទីក្រុងញូវយ៉ក។ យើង​នៅតែបន្តការខិតខំដើម្បីរួមជាមួយនឹងប្រទេសទាំងអស់នៅលើពិភពលោក ដើម្បីបន្តការប្រយុទ្ធប្រឆាំង​ជា​មួយ​​ភេរវកម្ម។ ប៉ុន្តែ កម្ពុជាក៏ត្រូវមានការងារមួយដែលត្រូវធ្វើបន្តទៀត នោះគឺការទប់ស្កាត់កុំឲ្យកើតមាន​បដិ​វត្ត​ពណ៌នៅកម្ពជា។ យើងវាយបំបាក់ឆ្អឹងខ្នង កាត់ក្បាល និងរំលាយដងខ្លួន នៃអង្គការបដិវត្តពណ៌នៅក្នុង​ប្រ​​ទេសរួចស្រេចទៅហើយ។ ប៉ុន្តែ អ្នកដែលគាំទ្រវា មិនទាន់ផុតរលត់ទេ ការប៉ុនប៉ង​របស់គេចំពោះយើង​នៅ​​តែមាន។ ដូច្នេះ ទោះដោយតម្លៃណាក៏ដោយ មិនត្រូវឲ្យមានបដិវត្តពណ៌នៅកម្ពុជាទេ។

នេះប្រហែលជាលើកដំបូង នៅក្នុងប្រវត្តិសាស្រ្តនៃបដិវត្តពណ៌ ដែលពួកគេបានបរាជ័យនៅក្នុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ និងក្រោយមកទៀត ហើយប្រហែលជាសម្រាប់យើង និងវេណេហ្ស៊ូអេឡា គឺប្រ​ហាក់​ប្រ​ហែលគ្នា។ នេះក៏មកពីមូលហេតុសំខាន់ នៅត្រង់ថា ក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល គឺមានការសាមគ្គីភាព​ខ្ពស់ ដែលចង្អុលបង្ហាញ ទប់ស្កាត់ និងមានភាពរស់រវើកក្នុងការដោះស្រាយបញ្ហា។ ប្រជាជនមិនចង់​ឃើញ​សង្គ្រាមកើតឡើងវិញ ដោយទម្រង់ណាក៏ដោយ ជារដ្ឋប្រហារ ឬជាបដិវត្តពណ៌ក្រោមហេតុផល​លទ្ធិ​ប្រ​ជា​ធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ។ កម្លាំងប្រដាប់អាវុធ គឺនៅឈរជាមួយរាជរដ្ឋាភិបាល ការពាររាជ​រដ្ឋា​ភិបាល។ កំណើនសេដ្ឋកិច្ចនៅតែល្អ អតិផរណានៅគ្រប់គ្រងបាន ក្នុងក្របខណ្ឌ​រក្សានូវ​សេ្ថរ​ភាព​នយោ​បាយ និងស្ថេរភាពនៃម៉ាក្រូសេដ្ឋកិច្ច។

អ្នកចង់ធ្វើបដិវត្តពណ៌ និងអ្នកវិភាគ គួរសិក្សាពីវិស័យការពារជាតិកម្ពុជាឲ្យច្បាស់

ពិតមែនតែក្បាលយើងកាត់ ដងខ្លួនយើងរំលាយ ក៏ប៉ុន្តែ ឧបាយកលពិសពុល នៃអ្នកបញ្ជាពីខាងក្រោយ មិន​ទាន់បានផុតរលត់នៅឡើយទេ។ យើងត្រូវតែតាមមើលឲ្យជាប់ ហើយបានដឹងរួចមកហើយនូវរចនា​សម្ព័​ន្ធ​ចាត់តាំង​ នៃបដិវត្តពណ៌នៅកម្ពុជា។ ទោះដោយតម្លៃណាក៏ដោយ យើងមិនត្រូវឲ្យកើតឡើងនូវបដិវត្ត​ពណ៌​ ដែលនាំដល់ការស្លាប់ប្រជាជនរាប់ម៉ឺន រាប់សែន និងរាប់លាននាក់នោះទេ។ ជាប់គុកម្នាក់ ពីរនាក់ ឬ​ក៏​ស្លាប់មនុស្សក្នុងរយៈពេលកន្លងទៅ ជាមូលហេតុនៃបដិវត្តពណ៌នោះឯង។ បើសិនជាគេមិនធ្វើរឿងនេះ វា​ក៏​គ្មានរឿងអ្វីកើតឡើងនៅកម្ពុជានោះដែរ។ ខ្ញុំសង្ឃឹមថា អ្នកទាំងឡាយដែលធ្លាប់បានបញ្ជាទៅលើ​បដិ​វត្ត​ពណ៌ និងរួមចំណែកក្នុងបដិវត្តពណ៌ នឹងបញ្ឈប់ជាមួយនឹងទង្វើទាំងនេះ ព្រោះថា នៅទីនេះ គឺជាតំបន់​ដែល​ខ្ញុំកំពុងនិយាយជាមួយចារកម្មកងទ័ព ហើយអ្នកបានដឹងហើយថា ឈ្មោះថាខឿនការពារជាតិរបស់​ប្រជា​ជន គឺមិនមែនជាឈ្មោះធម្មតានោះទេ ហើយក៏មិន​មែនគ្រាន់តែមានកម្លាំងចារកម្មប៉ុណ្ណេះ និងទូទាំង​កង​ទ័ព​នោះដែរ។ ប៉ុន្តែ ប្រជាជនកម្ពុជាមានប្រាជ្ញា ដើម្បីនឹងវិនិច្ឆ័យទៅលើបញ្ហាទាំងឡាយ។

សូមបញ្ជាក់ជូនអ្នក ក្នុងសម័យសង្គ្រាម គ្រាន់តែពាក្យដែលថា «បីមិន មួយរាយការណ៍» ក៏ជាផ្នែកនៃការ​ទប់​ស្កាត់នៃការវាយប្រហារដោយត្រីភាគីនាដំណាក់កាលនោះ។ អ្នកប្រហែលជាត្រូវសិក្សាបន្ថែមទៀត ហើយ​ជាពិសេស អ្នកដែលធ្លាប់ធ្វើសេចក្តីថ្លែងការណ៍ វិភាគទាក់ទិននឹងកម្ពុជា អ្នកគួរតែសិក្សាមើលឲ្យ​ច្បាស់​ថា ហេតុអ្វីវិស័យការពារជាតិរបស់ប្រជាជន វិស័យការពារជាតិដែល​ដឹកនាំដោយរាជរដ្ឋាភិបាល​ ក្នុង​នោះ គណបក្ស(ប្រជាជន)ឈ្នះឆ្នោត គណបក្សកាន់អំណាចពីដើមទីមក ហេតុអ្វីបានជាកម្លាំងដ៏ខ្លាំង ហើយ​ការហ៊ុំព័ទ្ធពីខាងក្រៅ មានមហាអំណាចគាំទ្រត្រីភាគី វាយគណបក្ស វាយរដ្ឋាភិបាល សម័យ​សាធារ​ណ​រដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា មិនដួលរលំ។

អ្នកវិភាគស្ទើរភ្លើង / គោលការណ៍ ៣ ចំណុច ជាយុទ្ធសាស្រ្តនៃការវិភាគ

អ្នកត្រូវសិក្សាឲ្យច្បាស់ បើសិនជាអ្នកស្ទើរភ្លើង អ្នកនឹងទទួលបរាជ័យ​ ហើយបើសិនជាអ្នកទទួលបរាជ័យ អ្នក​នៅក្នុងប្រទេស អ្នកនឹងរងគ្រោះ។ ប៉ុន្តែ អ្នកវិភាគទាំងឡាយច្រើនតែវិភាគនៅឯចុងម្ខាង នៃពិភព​លោក​ឯ​ណោះ។ ប៉ុន្តែ ​យកល្អកុំឲ្យគេប៉ាន់ស្មានត្រូវជំហានដើររបស់យើង។ ចំណុចចារ​កម្មគឺនៅកន្លែងនេះ។ តើ​មាន​ប៉ុន្មាននាក់ដែលនៅពីក្រោយខ្នងរបស់ខ្ញុំនេះ អាចដឹងបានថា តើជំហានដើររបស់ខ្ញុំ ត្រូវទៅស្ដាំ ឬទៅ​ឆ្វេង? នេះជាចំណុចដែលខ្ញុំដឹងថា អស់លោកមានការលំបាក ប៉ុន្តែនៅពេលដែលខ្ញុំចេញហើយ គឺតែងតែ​អនុ​​វត្តតាម និងត្រឹមត្រូវ។ រឿងធ្វើចារកម្ម រឿងធ្វើយុទ្ធសាស្រ្ដវា​លំបាកណាស់។ នៅពេលដែលយើង​និយាយ​អាថ៌​កំបាំងប្រាប់គេ (វា)មិនមែនជាយុទ្ធសាស្រ្ដ ហើយមិនមែនជា​អាថ៌កំបាំងទៀតទេ។

ប៉ុន្តែនៅពេល​ដែល​យើង​មិននិយាយប្រាប់ផ្ទៃក្នុង អ្នកខាងក្រៅពិតជាលំបាកយល់។ ប្រជុំអាស៊ានថ្ងៃមុន តើប្រមុខរដ្ឋ ប្រ​មុខ​រដ្ឋាភិបាលណានៅក្នុង​អាស៊ាន តើប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំម៍ មានចាប់ភ្លឹកថា ហ៊ុន សែន និយាយទៅផ្លូវហ្នឹងទេ? អត់ទេ! មិនមានអ្នកណាចាប់អារម្មណ៍ថា ហ៊ុន សែន អាចនិយាយ​ របៀប​នោះទេ។ នេះហើយគឺជាចំណុច​ដែលគេមិន​អាច​ប៉ាន់ស្មាន​នូវជំហានដើររបស់ ហ៊ុន សែន … តែមិន​មែន​រឿងអ្វីក៏ត្រូវធ្វើតាម ហ៊ុន សែន នោះទេ។ ខ្ញុំមានចំណុចពិសេសរបស់ខ្ញុំ។ អ្នកមិនអាចប៉ាន់ស្មាន​នូវដំ​ណើរ​របស់ខ្ញុំបាន។ អ្នកក៏មិនអាច​ដាក់អន្ទាក់​សម្រាប់ខ្ញុំបានដែរ។ អ្នកអាចយល់អំពីបញ្ហានេះ អ្នកអាច​ចាត់​ទុក​ថា​ខ្ញុំជាមនុស្ស​អញ្ចេះ ខ្ញុំជាមនុស្សអញ្ចុះ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកត្រូវយល់ថា ការឈរនៅក្នុង​តំ​ណែង​ជា​នាយករដ្ឋមន្រ្ដីជិត ៣៣ ឆ្នាំ មិនមែនជាបញ្ហា​លេងសើច។ ប៉ុល ពត ខ្លាំងផ្ដាច់ការ ប៉ុន្តែ ប៉ុល ពត បានតែ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ​ តែប៉ុណ្ណោះ សម្រាប់ខ្លួន​ខ្ញុំ​បានរួមចំណែកជិត ៤០ ឆ្នាំ រួចមកហើយ។

បើគិតចាប់ពី​ចាប់ផ្ដើមនៃការដែលធ្វើជា​មេចលនា​តស៊ូដឹកនាំ​វាយរបប ប៉ុល ពត គឺជាង ៤០ ឆ្នាំរួចមក​ហើយ ក៏ល្មមគ្រប់គ្រាន់ ដើម្បី​នឹងផ្ដល់ការ​ពិសោធន៍​ខ្លះៗ មិនមែនគ្រាន់តែជាបញ្ហានាយ​ទាហាននៅក្នុង​ស្រុក​ទេ ប៉ុន្តែសម្រាប់អស់លោក​ដែលតាំងខ្លួន​ជាបណ្ឌិត ឬតាំងខ្លួនជាសាស្រ្ដាចារ្យនេះ សាស្រ្ដាចារ្យនោះ ខ្ញុំអាចនឹងចែករំលែកបទពិសោធន៍​សូម្បីតែ​​នយោបាយ​ឈ្នះឈ្នះ ខ្ញុំអាចនឹងបើកវគ្គបណ្ដុះបណ្ដាលអស់​លោក​អ្នកបាន​។ ប្រសិនបើ​អស់លោក​អ្នកចង់។ ហេតុអ្វីបានជា ហ៊ុន សែន មានលទ្ធភាពហៅទាំង​ប្រ​មុខ​រដ្ឋ នាយករដ្ឋមន្រ្ដី ប្រធានសភា និងគណៈរដ្ឋមន្រ្ដីខ្មែរក្រហមទាំងអស់​មកចុះចូលដល់ផ្ទះ​​​។ នេះមិនទាន់​មាន​ទេនៅលើលោកិយនេះ។ បើអ្នកមិនច្បាស់ អ្នកកុំចចេស ហើយក៏សុំកុំ​ប្រមាថ ហើយអ្នកដែលប្រមាថ។

… ដូច លឺ ឡាយស្រេង និយាយអញ្ចឹង គាត់និយាយប៉ុន្មាននោះ តែឥឡូវគាត់ភ្លេចហើយ គាត់ថា​បើ​និ​យាយ​​ពីឆ្លាតលេខ ១ ស្រុកខែ្មរ អាហ្នឹងមួយម៉ាត់ ហើយបើនិយាយពីផ្លូវងងឹតមិនបាច់ទេអាហ្នឹង ចង់និ​យាយ​​ថាពីផ្លូវងងឹតគឺពូកែណាស់។ ខ្ញុំអត់ពូកែទេ តែអ្នកតាមថែរក្សាខ្ញុំពិតជាពូកែ ខ្ញុំអាចមានវិញ្ញាណទី ៦ ដែលអាចដឹងមុននូវសភាពការណ៍​ខ្លះ។ អ្នកអាចយល់អំពីបញ្ហានេះ។ … អ្នកមិនអាចធ្វើបានតាម​របៀប​ខ្ញុំ​ទេ ប៉ុន្តែប្រសិនបើអ្នក​ព្យាយាមចង់ដឹងខ្ញុំក៏អាចចែករំលែកឲ្យអ្នកអំពីរបៀបវិភាគ ហើយរបៀបវិភាគរបស់ខ្ញុំ​សាមញ្ញ​ណាស់ តែ ៣ ចំណុច​​ទេ ដែលធ្វើជាមូលដ្ឋានវិភាគតាំងពីដើមរហូតដល់ចប់ ទី ១ ទស្សនៈ​ប្រវត្តិ​សាស្រ្ដ ទី ២ វិចារវិជ្ជា និងទី ៣ គឺ ឡូហ្ស៊ិក (Logic) គឺតែ ៣ ចំណុចហ្នឹងទេ។

ផ្នែកចារកម្មត្រូវមើលអាហ្នឹងឲ្យច្បាស់ បើចោលអាចំណុច ៣ ហ្នឹងមិនអាច​វិភាគឃើញនោះទេ។ ចារកម្ម​បច្ចុប្បន្ន ចារកម្មថ្មើរជើង ទៅរកឃើញបន្ទាយនេះបន្ទាយនោះ ទាហានប៉ុននេះទាហានប៉ុននោះ​វាហួស​សម័យ​ទៅហើយ។ វាមិនចាំបាច់ទេ គ្រាន់តែបើកទូរស័ព្ទឡើងមើល Google Map គេឃើញទី​តាំង​ទាហាន​ខាង​ហ្នឹង បន្ទាយយ៉ាងម៉េចអីយ៉ាងម៉េចរួចស្រេចទៅហើយ។ ចារកម្មបច្ចុប្បន្ននេះ វាទៅឆ្ងាយពីនោះ រាប់​ទាំង​បញ្ហាការប៉ានប្រមាណយើងត្រឹមត្រូវ មិនមែនជា​ផ្នែកការវិភាគរបស់ផ្នែកចារកម្មទេ ក៏ប៉ុន្តែជាផ្នែកនៃ​ក្រុម​វិភាគរបស់ ហ៊ុន សែន ដែលនៅក្បែរខ្លួន ដែលខ្ញុំ​អាចនិយាយបានថាឈ្មោះ CAP។

ចារកម្មត្រូវក្លាយខ្លួនជាអង្គភាពវិភាគរាល់បញ្ហា​នយោបាយ បញ្ហាសេដ្ឋកិច្ច និងសង្គម

យើងបានព្យាករថា​នៅក្នុងចុងឆ្នាំ ២០១៧ និងចូលដល់ឆ្នាំ ២០១៨ នឹងមានការងើបឡើងនៃ​តម្លៃ​កសិ​ផល និងតម្លៃស្រូវដោយសារមូលហេតុមួយចំនួន។ ក្នុងហ្នឹងក៏មានមូលហេតុដែលប្រទេសថៃ​ គឺជាប្រទេស​ដែល​ស្តុក​ស្រូវច្រើនជាងគេ ត្រូវបញ្ចេញស្រូវហ្នឹងអស់ជាច្រើន ជាមួយនឹងការបង្កបង្កើនផលមិនសូវបាន​ល្អ។ ដូច្នេះ​ប្រទេសមួយចំនួនក៏បានបញ្ចេញពីស្តុកអស់ច្រើន។ ដូច្នេះចំណុចនេះមិនមែនចារកម្មគ្រាន់​តែ​វិភាគ​​ថា កម្លាំងនេះមានប៉ុណ្ណេះ អានេះមានអាវុធនេះ អានេះមានអាវុធនោះទេ។ ត្រូវក្លាយខ្លួនទៅជាអង្គ​ភាព​នៃការ​វិភាគបញ្ហា រាប់ទាំងបញ្ហាសេដ្ឋកិច្ចសង្គម និងសភាពការណ៍អន្ដរជាតិនានា ដែលខ្ញុំចង់ផ្ដល់ជា​គំនិត ថ្ងៃក្រោយអាចប្រែក្លាយនូវអង្គភាពចារកម្មរបស់កងទ័ពបូកនឹងអង្គភាពចារកម្មដទៃទៀត ដែលអ្នក​​​មិន​ដឹងវានៅតែមិនដឹង។ តែខ្ញុំសុំបង្ហើបថាខ្ញុំមាន CAP ដែលបង្កើតតាំងពីឆ្នាំ ១៩៩៧ មកដល់ពេលនេះ​មានរយៈ​ពេល ២០ ឆ្នាំហើយនៃអង្គភាពមួយនេះ ដែលផ្ដល់នូវការវិភាគវាយតម្លៃគ្រប់ជ្រុងជ្រោយ។

ខ្ញុំគ្រាន់តែបញ្ជាក់អញ្ចេះ រឿងរ៉ាវទាក់ទិននឹងការ​បោះឆ្នោតនៅអាមេរិក អ្នកទាំងឡាយអាចយល់បានហើយ ៩៩ ភាគរយនៅស្រុកខ្មែរ វាយតម្លៃថាលោកជំទាវ Hillary Clinton ជាអ្នកឈ្នះ, ១ ភាគរយវាយតម្លៃថា Donald Trump ជាអ្នកឈ្នះ ក្នុង ១ ភាគរយគឺ​មានខ្ញុំ។ ខ្ញុំបាននិយាយ ២ ដងថា Donald Trump នឹងឈ្នះ រហូតដល់មេបក្សប្រឆាំងបាននិយាយថា សត្វដែលមានរោមដូចគ្នា វានៅក្នុងសំបុកជាមួយ​គ្នា​បាន។ Donald Trump ផ្ដាច់ការដោយសារលុយ ឯ ហ៊ុន សែន ផ្ដាច់ការដោយសារលុយ និងអាវុធ។ ឯ​ម្នាក់ទៀតក៏ឃើញទើបនឹងមានការវិភាគដែរ គេថាប្រសិនបើ Donald Trump ឈ្នះឆ្នោត គឺជាយុគសម័យ​នៃ​ការរះ​ឡើងនៃពួកអវិជ្ជា។ អញ្ចឹងទេបានជាខ្ញុំបាននិយាយថា ឥឡូវពួកអវិជ្ជាកំពុងត្រួតត្រានៅឯសេត​វិមាន ត្រួត​ត្រាប្រទេសអាមេរិក ហើយគួរតែគេដើរចេញពីអាមេរិក អានេះអត់ហ៊ានដើរចេញផង ហើយគេនិ​យាយ​ទៅឆ្កុយថាសិទ្ធិបញ្ចេញមតិមិនចាំបាច់ដើរចេញទេ។ អញ្ចឹង​ប្រសិនបើប្រធានាធិបតីមួយជា​ពួក​អវិជ្ជា​ទៅ​​ហើយ ទៅនៅយ៉ាងម៉េច?

ការរត់ប្រណាំងសព្វាវុធនៅលើពិភពលោក ខ្លាំងជាងដំណាក់កាលសង្រ្គាមត្រជាក់

ពិភពលោកស្មុគស្មាញខ្លាំងណាស់។ ឥឡូវនេះការរត់ប្រណាំងសព្វាវុធនៅលើពិភពលោកវាខ្លាំងហួស​ក្នុងដំ​ណាក់​កាលសង្រ្គាមត្រជាក់ទៅទៀត។ សង្រ្គាមត្រជាក់ ការរត់ប្រណាំងនៅពេលនោះវាគ្រាន់តែមាន​ត្រឹម​តែ​អា​មេរិក និងអតីតសហភាពសូវៀតតែ​ប៉ុណ្ណោះ ហើយដែលទាំងសងខាងសុទ្ធតែរៀបចំនូវកំាជ្រួចជាពិ​សេស​កំាជ្រួចនៅអឺរ៉ុបតែម្តង។ កិច្ចព្រមព្រៀង​ ហែលស៊ីនគី ឆ្នំា ១៩៧៩ ក៏បានផ្តល់អោយអ្នកទំាងពីរចរចាគ្នា បន្ទាប់​ពីអតីតសហភាពសូវៀតក៏បានដួលរលំ ក៏ប៉ុន្តែរយៈពេលក្រោយនេះ វាមិនមែនគ្រាន់រត់ប្រណាំង​រវាង​អា​មេរិក និងរុស្ស៊ីទៀតទេ។ តែឥឡូវនេះ​កូរ៉េខាង​ជើង ​អេរ៉ង់ និងប្រទេសដទៃទៀត សុទ្ធតែបង្កើន​ការ​ផលិត​អាវុធ។ កូរ៉េខាងត្បូង និងជប៉ុន ក៏សុទ្ធ​តែខិតខំ​បង្កើតសមិទ្ធផលយោធា និងបច្ចេកវិទ្យាយោធា។ មួយ​ថ្ងៃៗ​មិន​ដឹងថាមានសមយុទ្ធប៉ុន្មាន​នៅលើ​ពិភព​លោក បង្ហាញអំពីសមត្ថភាពកម្លំាងរៀងៗខ្លួន …។

ប្រធានាធិបតី ដូណាល់ ត្រាំម៍ ទទួលស្គាល់ ហេ្សរ៉ូហ្សាលឹម ជា​រដ្ឋ​ធានី​របស់អ៊ីស្រាអែល

ប៉ុន្តែបញ្ហាថ្មីបំផុត គឺបញ្ហា​អាមេរិក តាមរយៈប្រធានាធិបតី ដូណាល់ ត្រាំម៍ ទទួលស្គាល់ Jerusalem ជា​រដ្ឋ​ធានី​របស់អ៊ីស្រាអែល នេះទើបជារឿងដែលទាមទារអោយការតាមដានបំផុត។ រឿងនេះធំណាស់។ មុននេះ​មាន​បញ្ហាកំាជ្រួចរបស់កូរ៉េខាងជើង មានបញ្ហាកំាជ្រួចរបស់អ៊ីរ៉ង់ ឬក៏មានបញ្ហាកំាជ្រួចរបស់ប្រទេសនេះ ប្រ​ទេសនោះ តែចាប់ពីអាទិត្យមុនរហូតមកដល់ពេលនេះ ហាក់បីដូចជាបានបង្កើតឡើងនូវ​សភាពការណ៍​ថ្មី​មួយ​នៅលើពិភពលោក ដែលសភាពការណ៍នោះ វាមិនមែនតែកើតនៅមជ្ឈឹមបូព៌ាទេ វាបានរីករាលដាល​ស្ទើ​តែទូទំាងពិភពលោកតែម្តង ទៅលើនៃការបញ្ហាទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់​អ៊ីស្រាអែល។ មុននេះ Jerusalem មានការបន្តចរចាគ្នារវាងអ៊ីស្រាអែល និងប៉ាលេស្ទីន ហើយ តែលអាវីវ ទេ ដែល​ជា​រដ្ឋ​ធានី​របស់អ៊ីស្រាអែល។ ឥឡូវ ការទទួលស្គាល់មួយនេះ បានក្លាយទៅជាចំណាប់អារម្មណ៍​នៃបណ្តា​ប្រ​ទេស​​ទំាងអស់នៅលើពិភពលោក ហើយប្រទេសខ្លះក៏ចាប់ផ្តើមមានបាតុកម្ម។

ការផ្តំាផ្ញើ និងស្នើអោយមានការយកចិត្តទុក្ខដាក់ដល់កងទ័ពមួកខៀវកម្ពុជា

ខ្ញុំក៏សូម​ស្នើ​ក្រសួងការពារជាតិ ក៏ដូចជាគណៈកម្មការនៃការបញ្ជូនកងទ័ពមួកខៀវទៅក្រៅប្រទេស អោយ​មាន​ការ​​ប្រុង​ប្រយ័ត្នចំពោះកងទ័ពរបស់យើងដែលបានកំពុងឈរជើងនៅលីបង់។ ម្សិលមិញ មានការប៉ះ​ទង្គិច​​រវាង​បាតុករ ជាមួយនឹងមន្ត្រីនគបាលការពារស្ថានទូតអាមេរិក នៅឯក្រុងប៉ៃរួតរួចជាស្រេចទៅហើយ។ ជួនកាល​អាចនឹងមានការសងសឹកភ្លាមៗរបស់អ៊ីស្រាអែល មកលើប៉ាលេស្ទីន ហើយក៏មកលើតំបន់មួយ​ចំ​នួន​នៅ​ក្នុង​ប្រទេសលីបង់ផងដែរ។ ខ្ញុំសុំស្នើអោយមានការយកចិត្តទុក្ខដាក់ តាមដាននូវការវិវឌ្ឍ​សភាព​ការណ៍​នៅមជ្ឈឹមបូព៌ា ព្រោះយើងក៏មានកម្លំាងកំពុងឈរជើងនៅប្រទេសលីបង់ផងដែរ។

ខ្ញុំក៏សូមយក​ឱកាស​នេះ ដើម្បីផ្ញើជូនចំពោះនាយទាហាន ពលទាហានទំាងអស់ នៅកំពុងប្រតិបត្តិការណ៍ នៅលីបង់ នៅស៊ូដង់ ស៊ូដង់ខាងត្បូង នៅអាហ្រ្វិចកណ្តាល និងម៉ាលី។ សូមអោយបងប្អូនបន្ត​ការងារ​នៅ​ទីនោះ​អោយ​បានល្អ ហើយត្រូវគោរពនូវសិទ្ធិរបស់ម្ចាស់ផ្ទះ ត្រូវគោរពបម្រើប្រជាជនដែលនៅទីនោះ កុំធ្វើ​​​ទង្វើ​ណា​ដែលខុសនឹងច្បាប់ប្រទេសនោះ និងខុសនឹងបទបញ្ញត្តិដែលអង្គការសហប្រជាជាតិ​បាន​ដាក់​ចេញ​។ យើង​ធ្លាប់បានជួបប្រទះនូវអ្វីដែលជាទង្វើរបស់អ៊ុនតាក់នៅកម្ពុជាហើយ មុនចាកចេញទៅប្រទេស​ស៊ូដង់​ឆ្នំា ២០០៦ ខ្ញុំបានផ្តំាផ្ញើច្រើន។ ឥឡូវខ្ញុំបន្តផ្តំាផ្ញើទោះបីមិនមានរឿងអ្វីកើតឡើង កងទ័ពយើងក្លាយ​ជា​កងទ័ព​គំរូ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានទៅចូលរួមប្រជុំនៅប្រទេសកាណាដា ពាក់ព័ន្ធជាមួយ​នឹង​​ការ​​ចូលរួមថែរក្សាសន្តិភាពពិភពលោក …។

នៅក្នុងពេលប្រជុំរវាងអង្គការសហប្រជាជាតិ ជាមួយនឹងអាស៊ាន អគ្គលេខាធិការ​អង្គ​ការ​​សហប្រជាជាតិ António Guterres បាននិយាយមកកាន់ខ្ញុំ នៅក្នុងសម័យប្រជុំថា គាត់​បាន​ចូល​​រួម​គោរពវិញ្ញាណក្ខន្ធ​កង​ទ័ព​របស់យើងដែលពលីកម្មនៅអាហ្វ្រិចកណ្តាល។ ជាការឆ្លើយតប ខ្ញុំបាន​ប្រាប់​​គាត់​​ថា កម្ពុជានឹង​មិន​រួញ​រាក្នុងការបញ្ជូនកម្លំាងបន្ថែម ទៅចូលរួមនៅក្នុងក្របខណ្ឌអង្គការសហប្រជា​ជាតិ​​ទេ។ ខ្ញុំក៏ទើបនឹង​សម្រេច​ទៅតាមសំណើររបស់សម្តេចពិជ័យសេនា ទៀ បាញ់ ទៅលើគម្រោងនៃ​បង្កើត​ប្រតិកម្ម​​​រហ័ស ទំាង​វិស្វកម្ម និងកម្លំាងការពារបន្ថែមទៀត ដើម្បីផ្តល់នូវវិភាគទានកាន់តែច្រើន ជាមួយ​នឹង​ការ​ថែរក្សាសន្តិភាព​ពិភព​លោក​។ ខ្ញុំក៏បានរំលឹកទៅដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ អោយ​យក​ចិត្តទុក្ខដាក់ ដើម្បី​ពង្រឹង​សមត្ថភាពនាយទាហាន មេបញ្ជាការ និងនាយសេនាធិការ នៃ​កងទ័ព​អង្គការ​សហប្រជាជាតិ ព្រោះ​នៅ​ពេលដែលយើងមានឧបទ្ទវហេតុនៅម៉ាលី ឧបទ្ទវហេតុនៅអាហ្វ្រិច​កណ្តាល ហាក់ដូចជា​មាន​ចំ​ណុច​​ខ្លះ ផ្តើមចេញពីការរៀបចំកម្លំាង ដូចថាមិនសុក្រឹត្យ។ ខ្វះការយកចិត្តទុក​ដាក់នៃកម្លំាងគាំទ្រ។

នៅក្នុង​ការ​ឆ្លើយតប គាត់បានសន្យា ជាមួយនឹងការខិតខំបន្ថែមកម្លំាងនៅម៉ាលី … នៅពេលជួបដោយ​ឡែក​​​អគ្គលេខាធិការអង្គការ​សហ​ប្រជាជាតិជាមួយខ្ញុំ គាត់ក៏បានរំលឹក និងសន្យារៀបចំបន្ថែមកម្លំាង ដើម្បី​ធា​នាសុវត្តិភាពនៃកម្លំាងរបស់អង្គការសហប្រជាជាតិ ទៅពីបណ្តាប្រទេសទំាងអស់ ដែលចូលរួម​ប្រតិបត្តិ​ការណ៍រក្សាសន្តិភាពនៅម៉ាលី យើងត្រូវបន្តកិច្ចការងារនេះបន្តទៅទៀត។ កាលពីពេលមុនយើង​ទទួល​មួកខៀវ តែពេលនេះយើងបញ្ចេញមួកខៀវ។ ចំណុចដែលនៅខ្វះរបស់យើងតែមួយទេ គឺទ័ពស្ត្រីតិច​ពេក ប៉ុន្តែមានប្រទេសខ្លះ គាត់ដាក់មនុស្សតែ ៦ នាក់ គាត់ដាក់ប្រុស ៣ គាត់ដាក់ស្រី ៣ អញ្ចឹងគេ​ចាត់​ទុកថា ប្រទេសនេះបញ្ជូនស្រីបានច្រើន បាន ៥០% ដល់អញ្ចឹងកម្ពុជាក៏ធ្វើបានដែរ សម្តេចពិជ័យសេនា ថ្ងៃក្រោយចំាត្រៀមធ្វើអញ្ចឹងទៅ យើងធ្វើអញ្ចេះ បើបញ្ជូនទៅ ២០ យើងដាក់ស្រី ១២ ប្រុសតែ ៨ បាន​ហើយ បើគង់តែគិតអញ្ចឹងដែរ។

កន្លងទៅ យើងធ្វើច្រើន យើងបញ្ជូនទៅច្រើន ប៉ុន្តែយើងមិនអាច​អោយ​ស្រី​ទៅលើសចំនួនប្រុសទេ ដោយ​សារ​តែស្ថានភាពនោះវាដូច្នោះ ប៉ុន្តែបើយើងគិតជាអង្គភាពវិញ ដូចជា​មន្ទីរពេទ្យនៅស៊ូដង់ បើយកតែមន្ទីរ​ពេទ្យ​មកគិត ស្រីច្រើនជាងប្រុសបាត់ហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងមិនដណ្ដើមយកពិន្ទុស្រី​ច្រើន ប្រុស​ច្រើននោះទេ សំខាន់បំផុត គឺយើងរួមចំណែកបំពេញនូវកាតព្វកិច្ចជាអន្តរជាតិ ក្នុងឋានៈជាកង​ទ័ព​ចេញ​ពីប្រទេសដែលមានឯករាជ្យអធិបតេយ្យភាព និងជាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។ រដ្ឋ​ធម្មនុញ្ញរបស់យើងអនុញ្ញាតអោយបញ្ជូនកម្លាំងចេញតែក្រោមឆ័ត្រអង្គការសហប្រជាជាតិប៉ុណ្ណោះ។ ខ្ញុំ​ធ្លាប់​បាន​ទទួលសំណើពីប្រទេសខ្លះដែលខ្ញុំមិនចាំបាច់បញ្ចេញឈ្មោះទេ អោយបញ្ជូនកម្លាំង។ ដំបូងសុំថា មួយ​កង​អនុសេនាតូច បន្ទាប់ទៅថា បញ្ជូនជានិមិត្តរូបនៃកម្លាំងគ្រូពេទ្យ។ បានខ្ញុំបដិសេធថា អត់ទេ គ្មាន​ឆ័ត្រ​អង្គការសហប្រជាជាតិ ខ្ញុំធ្វើទៅវាខុសនឹងរដ្ឋធម្មនុញ្ញកម្ពុជា។

បង្កើតសាលាហ្វឹកហ្វឺនចារកម្មខ្លួនឯង ដើម្បីចៀសវាងការបែកធ្លាយអត្តសញ្ញាណរបស់អ្នកធ្វើចារកម្ម

ទាក់ទងជាមួយនឹងចារកម្ម ខ្ញុំហាក់ដូចជាមានការស្ទាក់ស្ទើរជាមួយនឹងការចែករំលែក … ខ្ញុំមិនបង្រៀន​ត្រី​អោយ​ចេះហែលទឹកទេ ព្រោះត្រីវាចេះហែលទឹកស្រាប់ហើយ។ ប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់ គឺខ្ញុំមិនចង់​អោយ​ចារ​កម្មត្រឹមតែជាអ្នកផ្ដល់ព័ត៌មាននោះទេ។ ចារកម្មក៏ត្រូវមានជម្រើស ដើម្បីយកមកវិភាគព័ត៌មាន​ដែល​ចេញ​មកមានលក្ខណៈជាការបំភាន់ ព័ត៌មានចេញជាការបំផ្លើស ឬក៏ព័ត៌មានដែលទាក់ទិន​នឹងរឿងមិនពិត មិនគួរត្រូវបានយកមកធ្វើការ គេហៅថា នាំធ្ងន់ នាំពិបាកមើល​។ យើងត្រូវមានការវិភាគ វាយតម្លៃអោយ​បាន​ត្រឹមត្រូវ។

ត្រឹមត្រូវហើយ កន្លែងណាក៏មានអង្គភាពស៊ើបការណ៍។ ពាក្យ ស៊ើបការណ៍ បន្ទាប់ទៅគឺពាក្យ ចារកម្ម ប៉ុន្តែ​ការ​ធ្វើចារកម្មរបស់យើងនៅពេលនេះ ក៏ត្រូវធ្វើភារកិច្ចចារកម្មប្រឆាំងនឹងចារកម្មដែរ។ ចំណុចនេះ កាន់តែសំ​ខាន់។ ដូច្នេះហើយ បានជាខ្ញុំគាំទ្រអោយមានសាលាហ្វឹកហ្វឺនចារកម្មនៅក្នុងប្រទេស តាមរយៈចងក្រងនូវ​បទ​ពិសោធន៍ទាំងអស់ដែលយើងមាន មិនមែនត្រឹមតែក្នុងកងទ័ពទេ ទាំងក្នុងនគរបាល និងអាវុធហត្ថ ដែល​មានបទពិសោធន៍ទាំងប៉ុន្មាន ត្រូវចងក្រងប្រមូលផ្ដុំ ហើយបង្កើតនូវការហ្វឹកហ្វឺនដោយឡែក​របស់​ចារ​កម្ម​កម្ពុជា។ ច្រើនណាស់កិច្ចការចារកម្មដែលត្រូវធ្វើ។ ចារកម្មថ្មើរជើង ចារកម្មតាមរបៀបច្រើនប្រភេទ យើង​ត្រូវ​មាន។ យើងនៅតែបន្តបញ្ជូនទៅដកពិសោធន៍ ប៉ុន្តែការបញ្ជូនទៅរៀន វា​អត់​ខុស​អីពីក្លាយ​ទៅជា​មុខ​សញ្ញា​នោះទេ។ គេឃើញតែមុខមនុស្សហ្នឹង អាហ្នឹងកូនសិស្សទាហាន កូន​សិស្ស​ចារ​កម្មតើ។ អញ្ចឹងទេ អានេះមកស្រុកអញ មកធ្វើចារកម្មបណ្ដោយ។

ខ្ញុំមិនចង់អោយទៅសិក្សា(ក្រៅប្រទេស) ដកបទពិសោធន៍បានអាហ្នឹងមេ ប៉ុន្តែទៅក្នុងក្របខណ្ឌ​ជាទា​ហាន​សិក្សា​ពីចារកម្ម មិនគួរទេ ត្រូវហ្វឹកហ្វឺននៅសាលាខ្លួនឯង។ បើមិនដូច្នោះ ចារកម្មនេះ អាចត្រូវគេទិញ​ទុករួច​ស្រេច​ទៅហើយ។ បញ្ជូនត្រឡប់មកប្រទេសវិញ ធ្វើចារកម្មអោយគេទេតើ មិនមែនធ្វើចារកម្ម​អោយ​ប្រ​ទេស​ខ្លួន​ឯងឯណា។ មួយទៀត គឺគេស្គាល់មុខសញ្ញានេះបាត់ទៅហើយ ប្រសិនបើមានបញ្ហាអ្វីកើតឡើង។ រឿង​នេះ​លំបាក។ អញ្ចឹងទេ បានជាខ្ញុំគាំទ្រអោយមានសាលាចារកម្មនៅក្នុងប្រទេសរបស់យើង ហើយយើង​ក៏​អាច​ធ្វើហើយ គ្រាន់តែយើងធ្វើមិនទាន់ដល់។ ឥឡូវល្មមដល់ពេលដែលត្រូវម្ចាស់ការ​សម្រាប់ខ្លួនយើង​ហើយ​។ បូកសរុបទៅ បទពិសោធន៍នានា ហើយបទពិសោធន៍ដែលយើងយកពីប្រទេសនានាមក ចងក្រង​រៀប​ចំ​ជាសៀវភៅដោយឡែក ជាមេរៀនដោយឡែកសម្រាប់ចារកម្មរបស់កម្ពុជា​ មិនមែនគ្រាន់តែបម្រើ​អោយវិស័យយោធាទេ ក៏ប៉ុន្តែវិស័យនយោបាយ ការទូត និងវិស័យសេដ្ឋកិច្ច ក៏ត្រូវទៅព្រមជាមួយគ្នាដែរ។

សង្ឃឹមថា សាលារបស់យើងនេះ នឹងក្លាយទៅជាសាលាខ្នាតសម្រាប់ទូទាំងប្រទេស ដែលយក​មក​បណ្ដុះ​បណ្ដាល​ទៅទីនេះ និងអាចបញ្ជូនពីអាវុធហត្ថ និងពីនគរបាល មកហ្វឹកហ្វាត់នៅទីនេះបន្ថែមទៀត។ ហេដ្ឋា​រចនាសម័្ពន្ធនៅទីនេះ ក៏ត្រូវតែពង្រីកជាបន្តទៀត ដើម្បីបម្រើអោយនាយទាហានចារកម្មរបស់យើង។ ឯ​ចារកម្មខ្លះ ក៏មិនមានតម្រូវការមកស្គាល់គ្នានៅកន្លែងនេះទេ។ ការប្រើចារកម្មដែលស្គាល់បណ្ដាញច្រើន គឺ​ជា​​គ្រោះថ្នាក់។ ក៏សុំផ្ដាំ ព្រោះក្នុងឋានៈជានាយទាហាននៃកងអង្គភាពពិសេស ឬហៅថា ស៊ើបការណ៍​កាលពីអតីតកាល ខ្ញុំស្គាល់រសជាតិនៃវិធីសាស្រ្តការធ្វើការងារទាក់ទងនឹងស៊ើបការណ៍កាលពីពេលនោះ ហើយទាក់ទងនឹងការស្រាវជ្រាវទាំងឡាយកាលពីជំនាន់នោះ។ បន្តមកទៀត ក្នុងឋានៈជាមេដឹកនាំ យើង​មិន​អាចគ្មានព័ត៌មានដើម្បីនឹងវិភាគ និងវាយតម្លៃសភាពការណ៍ទេ។ ខ្វះព័ត៌មានយើងមិន​អាច​សម្រេច​​ចិត្ត​បាន​ត្រឹមត្រូវទេ។ ព័ត៌មានអោយខុស ក៏មិនអាចសម្រេចចិត្តត្រូវបានដែរ។ ឯអ្នកដែលទទួលព័ត៌មាន ក៏​ត្រូវ​តែ​យល់ថា ព័ត៌មានណាដែលវាត្រូវ ព័ត៌មានណាដែលវាខុស។ មិនមែនគ្រប់តែព័ត៌មានវាត្រូវ​ទាំងអស់​នោះ​ទេ។ ប៉ុន្តែយើងក៏ត្រូវមើលអោយឃើញអំពីចំណុចខ្លះ ដែលវាទាក់ទងជាមួយនឹងចង្កោមបញ្ហារបស់វា ដែល​ខ្ញុំ​បានលើកអម្បាញ់មិញ។

គោលការណ៍ ៣ ចំណុច ជាយុទ្ធសាស្រ្តនៃការវិភាគ

ទស្សនៈប្រវត្តិសាស្រ្ត វិចារវិជ្ជា និងឡូហ្ស៊ិក បីនេះជាមូលដ្ឋាន ខ្ញុំប្រាប់អោយអស់ សម្រាប់លោកអ្នកវិភាគ ជាបណ្ឌិត ជាស្អីៗ ខ្ញុំប្រាប់អោយអស់ ពីដើមដល់ចប់ ខ្ញុំប្រើវិធីសាស្រ្ត ៣ នេះ សម្រាប់ការ​វិភាគ​នៃ​សភាព​ការណ៍​ទាំងឡាយ។ យើងបានវាយតម្លៃ ជាទូទៅយើងវាយតម្លៃត្រូវ ហើយយើងតែងតែចាប់​យកជំ​ហាន​ត្រៀម​ទុកជាមុន ដើម្បីបញ្ចៀសនូវអ្វីដែលវាត្រូវកើត។ ប្រសិនបើវាកើត យើងក៏មិនបាត់ម្ចាស់ការនោះដែរ។

បង្កើតសាលាហ្វឹកហ្វឺនចារកម្មខ្លួនឯង ដើម្បីចៀសវាងការបែកធ្លាយអត្តសញ្ញាណរបស់អ្នកធ្វើចារកម្ម

ចំណុចទាំងនេះ ខ្ញុំមិននិយាយច្រើនហួសហេតុពេក ដោយសារវាជាចំណុចរសើបណាស់។ ជួនកាល យើង​រស់​នៅជាមួយចារកម្ម យើងមិនស្គាល់ចារកម្មគេទៀតផង។ ជួនកាល គេនៅជាមួយចារកម្មរបស់យើង គ្រប់​ម៉ោង​គ្រប់ពេល ក៏មិនបានដឹងថា​ នោះជាចារកម្មរបស់យើងដែរ។ ចុះឡើងៗ គេទៅជេរ (ហ្វេសប៊ុកឈ្មោះ) សី​ហា។ តិចៗ បែកធ្លាយពី សីហា។ មានអ្នកជេរឪពុក សីហា ទៀត។ បានសេចក្ដីថា អ្នក​កំ​ពុង​រស់​នៅ​ជា​មួយនឹងចារកម្មហ្នឹង។ សីហា វាដឹង។ សីហា ដឹងតាមរយៈអ្នកចារកម្មនៅក្បែរពួកលោកឯងហ្នឹងតើ …។

ពួកចង្រៃ

ប៉ុន្តែរឿងមួយខ្ញុំផ្ដាំ ២ លើករួចហើយ ប្រយ័ត្នខ្ញុំធ្វើអោយក្លាយទៅជាការពិត ហើយការពិតតែ ២ ម៉ោងទេ។ ថ្ងៃ​មួយនោះ “សុំចូលរួមមរណទុក្ខផង ដោយលោក ហ៊ុន សែន ទើបនឹងស្លាប់អម្បាញ់មិញ​ដោយ​ធ្លាក់​យន្ត​ហោះ ក្នុងពេលធ្វើដំណើរទៅវៀតណាម” អាហ្នឹងមួយទៅ។ មួយទៀត “លោក ហ៊ុន សែន ត្រូវបានធ្វើ​ឃាត​នៅ​ម៉ោង ៥ ភ្លឺ ឥឡូវនេះ កំពុងមានការផ្ទុះអាវុធនៅឯបន្ទាយទួលក្រសាំង”។ ឥឡូវអស់លោកគិតមើល អ្នក​ណា​ងាប់? ប្រសិនបើរឿងហ្នឹងវាកើតមែនពិត ពេលនោះ មិនមានរាជរដ្ឋាភិបាលទេ អវត្តមាននាយករដ្ឋមន្រ្តី គណៈរដ្ឋមន្រ្តីមួយត្រូវរៀបចំឡើងវិញ។ អស់លោកត្រូវគិតថា នៅក្នុងរយៈពេលនោះ គឺជារយៈពេល​ដែល​អស់​លោកត្រូវងាប់ហើយ។ មុខសញ្ញាទាំងឡាយដែលគេគូសទុករួចហើយហ្នឹង ត្រូវងាប់តែម្ដង។ ត្រូវប្រ​យ័ត្ន​ត្រង់កន្លែងហ្នឹង ប្រយ័ត្នខ្ញុំធ្វើងាប់មែន។ តែ ២ ម៉ោង។ ទុកអោយវាចេញ។ ខ្មោចរស់ឡើងវិញ។  អា​អ្នក​រស់​បន្តការងារ។ អាអ្នកងាប់យកទៅកប់។ តែប៉ុណ្ណឹងវាចប់បាត់។ លោកឯងប្រយ័ត្ន កុំលេងបង្ហោះ​ហ្វេស​ប៊ុក​តាមរបៀបហ្នឹង។ ពួកហ្នឹង ជាពួកណា? គឺពួកចង្រៃដែលកាត់ក្បាល រំលាយខ្លួននេះឯង។ ឥឡូវអំពាវ​នាវ​អោយកម្លាំងប្រដាប់អាវុធបះបោរ។ អាហ្នឹងកាន់តែមានមូលហេតុ … យើងធ្វើត្រូវហើយ យើងកាត់​ក្បាល យើងរំលាយដងខ្លួនវា គឺត្រឹមត្រូវហើយ បើទុកវា សង្រ្គាមនឹងផ្ទុះនៅក្នុងប្រទេសកម្ពុជា …។

អរគុណចំពោះការចូលរួមនូវថវិកា / ខឿនការពារជាតិរបស់ប្រជាជន

សាជាថ្មីម្ដងទៀត អរគុណចំពោះការចូលរួមនូវថវិកាសម្រាប់ការសាងសង់ពីសំណាក់សប្បុរសជននានា។ ថ្ងៃ​ហ្នឹងដូចជាមានសប្បុរសជនមួយចំនួនចូលហើយបណ្ដើរៗ។​ អញ្ចឹងទេ ជួយទៅ នេះអ្នករកស៊ីទាំងឡាយ​ រកស៊ីបាន រកស៊ីមានបាន ក៏ដោយសារកម្លាំងហ្នឹង។ ពេលបុណ្យ ពេលទាន គ្នាអត់បានដេកទេ អត់​បាន​ទៅ​ជួបប្រពន្ធកូនទេ។ ពេលចូលឆ្នាំថ្មីគ្រឹប យើងនាំគ្នារាំលេងសប្បាយ ទាហាន ប៉ូលីស ប៉េអឹម នាំគ្នាយាម ដើម្បីអោយយើងសប្បាយ។ សូម្បីតែទៅទទួលទេវតា(ឆ្នាំថ្មី)ជាមួយប្រពន្ធ ក៏អត់ផង។ អញ្ចឹងទេ ខ្ញុំប្រើ​ពាក្យ​ថា ខឿនការពារជាតិរបស់ប្រជាជន។ ពេលដែលកសាងបន្ទាយនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ ពេល​នោះ ចលនាពីសប្បុរសជនបានចូលរួមកសាងផ្ទះរាប់ពាន់ខ្នងឯណោះ។ ពេលត្រូវកសាងនូវ​បន្ទាយកង​ទ័ព​នៅកងពល ១២៨ ក៏មានការចូលរួមពីសប្បុរសជន ដើម្បីកសាងនូវទីតាំងកងទ័ពហ្នឹងទៀត។

រឿងនេះ ជារឿងទាំងអស់គ្នា។ អស្ថេរភាពនឹងនាំទៅដល់បាត់បង់ទាំងអស់ អ្នករកស៊ីទាំង​ឡាយគឺ​ខ្ទេច​ខ្ទាំ​អស់​។ ប៉ុន្តែដោយសារតែយើងមានការរួបរួមគ្នាបែបនេះហើយ បានជាបដិវត្តន៍ពណ៌ត្រូវបរាជ័យ។ ខ្ញុំនៅតែ​និយាយថា បើយើងពិនិត្យពីទំហំខូចខាតនៃអ្នកធ្វើបដិវត្តន៍ពណ៌បំផ្លាញប្រទេសមួយ និងពួកភេរវកម្មវាយប្រ​ទេស​មួយ វាយកន្លែងមួយ ពួកធ្វើបដិវត្តន៍ពណ៌កម្រិតបំផ្លាញធំជាង យើងពិនិត្យមើលទៅ។ ដូច្នេះ អ្នកដែលធ្វើ​បដិវត្តន៍​ពណ៌តាមរយៈការលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង មិនគោរពឯករាជ្យ អធិតេយ្យភាពទៅលើ​ប្រ​ទេស​ដទៃ គួរតែត្រូវបានបញ្ឈប់ហើយ បញ្ចប់វាទៅ ហើយធ្វើការជាមួយគ្នា ក្នុងស្មារតីស្ថាបនា ចាប់​យក​នូវ​កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម ជាការល្អជាង។ ជៀសវាងនូវដៃម្ខាងសហការ​​ប្រឆាំង​ភេរ​វ​កម្ម ដៃម្ខាងផ្ដួលរំលំ។ រឿងនេះវាមិនអាចកើតទៅរួមទេ ហើយវាមិនអាចនឹងកើត​នូវការស្មោះត្រង់ណាមួយ​ជា​មួយ​គ្នាបានដែរ។

ខ្ញុំព្រះករុណាខ្ញុំ សុំនិយាយត្រឹមហ្នឹងចុះ។ សង្ឃឹមថា សង្កថាដែលខ្ញុំឥតព្រៀងទុក ហើយមកនិ​យាយ​នៅ​ទី​នេះ គឺវានឹងផ្ដល់នូវការដាស់តឿនមួយ។ ជាពិសេស ស្ថិតនៅក្នុងក្របខណ្ឌនៃបញ្ហា​ខឿនការពារជាតិ​របស់​ប្រជា​ជន ព្រមទាំងឧបករណ៍របស់រដ្ឋ ដែលមិនត្រូវអព្យាក្រឹត្យរវាងម្ខាងរដ្ឋ និងបក្សនយោបាយ ប៉ុន្តែត្រូវ​អព្យា​ក្រឹត្យ​រវាងបក្សនយោបាយ និងបក្សនយោបាយ។ យើងត្រូវធ្វើភារកិច្ចប្រយុទ្ធប្រឆាំងជាមួយ​នឹង​ភេរ​វកម្ម ហើយទុកការខុសគ្នាអន្លើ ប៉ុន្តែចាប់យកនូវកិច្ចសហប្រតិបត្តិក្នុងការចែករំលែកព័ត៌មាន និងសហការ ដើម្បី​ប្រឆាំងភេរវកម្ម ដែលជាពួកបិសាចដ៏មានគ្រោះថ្នាក់។

យើងត្រូវកសាងនូវកម្លាំងប្រដាប់អាវុធមួយដែលរឹងមាំ សម្រាប់ប្រទេសរបស់យើង។ យើងក៏ត្រូវបន្តចូលរួម​​ កិច្ចការជាអន្តរជាតិ ដោយបញ្ជូនកម្លាំងកាន់តែច្រើន ទៅចូលរួមប្រតិបត្តិការរក្សាសន្ដិភាពនៅតាមទីកន្លែង ដែលអង្គការសហប្រជាជាតិត្រូវការ ហើយយើងយល់ឃើញថា អាចបញ្ជូនទៅបាន។

ជាមួយនឹងការប្រកាសសម្ពោធដាក់អោយប្រើប្រាស់នូវអគារហ្វឹកហ្វឺនជំនាញចារកម្ម និងការបើកការ​ដ្ឋាន​សាង​​សង់អគារសាលប្រជុំថ្មីរបស់អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ​ចំពោះ​សម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ។ ជូនពរចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោក​ស្រី នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង​ប្រាំ​ប្រការ គឺអាយុ វណ្ណៈ សុខៈ ពល

ៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ និងអរព្រះគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ