សម្រង់ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សួរ​សុខទុក្ខក​ម្មករ-កម្មការិនីនៅរោងចក្រ GIN SOVANN

CNV: 

បាន​ឃើញពីការផលិតចាប់ផ្តើមរហូត ទៅដល់ផលិតផលសម្រេច

… ពូរីករាយណាស់។ ថ្ងៃនេះគឺជា ថ្ងៃបើកឆាកដំបូង ដែលពូយកមួយពេលតែម្តងដើម្បីយើងសួរសុខទុក្ខ។ កាល​ពីពេលលើកមុននោះ យើងផ្សារភ្ជាប់ជាមួយនឹងការជួបជុំគ្នាហើយ បានមកតាមរោងចក្រ។ ដូច្នេះ ពេល​​វេលាតិចណាស់ បានត្រឹមតែមួយម៉ោង ឬកន្លះម៉ោងជាងប៉ុណ្ណោះ។ ថ្ងៃនេះប្រហែលជាបាន ២ ម៉ោងកន្លះ ដើម្បី​បានជួបជុំក្មួយៗ។ ខ្ញុំក៏សូមអរគុណ ចំពោះ​លោកថៅកែ និងម្ចាស់រោងចក្រទាំងឡាយ ដែលថ្ងៃនេះក៏​សូម​ជម្រាបក្មួយៗថាតាមសំណូមពររបស់ក្មួយៗ ​បន្ទាប់ពីការជួបជុំគ្នានេះទៅក្មួយៗនឹងបាន​សម្រាក​ក្នុង​មួយ​ល្ងាច​​នេះថែមទៀត។ អរគុណចំពោះថៅកែរោង​ចក្រ ម្ចាស់រោងចក្រ ដែលនេះមិនមែនជាសិទ្ធិទទួលបានទេ ក៏ប៉ុន្តែ​គឺ​​ជា​ការអនុគ្រោះរបស់ថៅកែរោងចក្រ ជាមួយនឹងការសួរសុខទុក្ខកម្មករ/ការិនីរបស់យើងដែលបានមកពីព្រលឹម មកពីយប់ ដើម្បីមកធ្វើការនៅទីនេះ ដើម្បីស្វាគមន៍ និងទទួលពូផងដែរ។ ខ្ញុំអរគុណចំពោះម្ចាស់រោងចក្រ ចំ​ពោះអ្នកគ្រប់គ្រង ដែលបានផ្តល់​ភាពអនុគ្រោះសម្រាប់ក្មួយៗតាមសំណូមពររបស់ខ្ញុំ ហើយខ្ញុំក៏ទទួលសំណូម​ពរ​ពី​ក្មួយៗដែរ។ ថ្ងៃនេះ ពូបាន​ឃើញពីការផលិតចាប់ផ្តើមរហូត ទៅដល់ផលិតផលសម្រេច វាមិន​ទាន់​សម្រេច​ទាំងស្រុងទេ ក៏​ប៉ុន្តែ ​ពូបានពាក់អាវហ្នឹងលមើលអំពីការចាប់ផ្តើមតភ្ជាប់គ្នា រហូតទៅដល់ ដែលអាច​ថា​ពាក់បាននៅពេល​ដែលយើងមានការបន្តបន្តិចទៀត។

អរគុណកម្មករ/ការិនីទាំងអស់ ដែលបានបដិសណ្ឋារកិច្ច និងផ្តល់នូវការស្រលាញ់រាប់អាន

ពូសូមអរគុណជាមួយនឹងក្មួយៗកម្មករ/ការិនីទាំងអស់ ដែលបានបដិសណ្ឋារកិច្ច និងផ្តល់នូវការស្រ​លាញ់​រាប់​អាន​ចំពោះពូ ប្រៀបដូចជាឪពុក ឬក៏ដូចជាក្រុមសាច់ញាតិរបស់ខ្លួនផងដែរ។ ដែលនេះកាន់តែផ្តល់​ឱកាស​សម្រាប់​ឲ្យពូមានលទ្ធភាព ដើម្បីបន្តដំណើរទៅមុខ អមដំណើរក្មួយៗនៅក្នុងការបន្តឲ្យមាន​ការ​ងារធ្វើ បង្កើន​នូវ​​ប្រាក់ចំណូលបន្ថែមទៀត ហើយពូសង្ឃឹមថា ពូនឹងដើរតាមរោងចក្រនេះបន្ត ដោយយកក្នុង​មួយសប្តាហ៍គឺ ៣ ថ្ងៃ។ ថ្ងៃអាទិត្យជួបជាមួយនឹងប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល និងជំនួយការ​នៅឯ​កោះពេជ្រ ថ្ងៃអង្គារ៍ ឬ​ថ្ងៃសុក្រ គឺមកតាមរោងចក្រ ហើយថ្ងៃពុធគឺជួបជុំជាមួយនឹងកម្មករចំនួនច្រើនជាង។

ប្រាក់ឧបត្ថម្ភសំរាប់ការចូលតាមរោងចក្រម្នាក់ ៥ ម៉ឺនរៀល/អ្នកមានផ្ទៃពោះបាន ៤០ ម៉ឺនរៀលពេលឆ្លងទន្លេ

ឯថ្ងៃនេះជាថ្ងៃទីមួយ លើកទីមួយ ដែលយើងយកមួយពេលតែម្តង ហើយក៏ជាឱកាសក្មួយៗដែរ ដែលបន្ទាប់​ពី​ការ​ជួបជុំគ្នានេះទៅ អាចនឹងបន្តបង្ហើយការងារបន្តិច រួចហើយវេនល្ងាចសម្រាកតែម្តង។ ថ្ងៃនេះក៏ជា​លើក​ដំ​បូងដែរ ដែលពូបង្កើននូវប្រាក់ឧបត្ថម្ភ គឺសម្រាប់ការចូលទៅ​តាមរោងចក្រ​តែ​ម្តង គឺម្នាក់ចំនួន ៥ ម៉ឺនរៀល ក្នុង​ហ្នឹង​គឺកម្មករ និយោជិតទាំងអស់ មាន ១.៣៣១ នាក់ ទាំងក្មួយៗ ដែលមានពោះធំអម្បាញ់មិញ ទទួល​បាន​ ប្រាក់ឧបត្ថម្ភសម្រាប់ការឆ្លងទន្លេនៅពេលមុខ ប៉ុន្តែក៏នៅទទួលបាន ៥ ម៉ឺនដូចគ្នាដែរថែមទៀត។ ជូនពរ​ក្មួយៗ​ដែល​មានផ្ទៃពោះ។ ថ្ងៃក្រោយ​ឲ្យតែដល់ពេលមានផ្ទៃពោះ បានប្រាប់ឧបត្ថម្ភ ៤០ ម៉ឺនរៀលបន្ថែមទៀត …។

៤០ ថ្ងៃ ទៀត បៀវត្សឡើងពី ១៥៣ ទៅ ១៧០ ដុល្លារសហរដ្ឋអាមេរិក

ថ្លែងនូវការកោតសរសើរចំពោះរោងចក្រដែលបានបង្កលក្ខណៈងាយស្រួល សម្រាប់កិច្ចការរបស់កម្មករ កម្មកា​រិនី​របស់យើង។ ខ្ញុំបានសង្កេតឃើញភាពរាក់ទាក់របស់អ្នកគ្រប់គ្រងជាមួយនឹងកម្មករ ហើយខ្ញុំក៏បាន ឃើញនូវ​​ការ​ជួបជុំគ្នាដ៏ល្អ ដែលបង្ហាញអំពីសាមគ្គីភាព​នៅក្នុងរោងចក្រ។ សង្ឃឹមថារោងចក្រនេះ នឹងបន្តដើរ​លើគំនរ​សន្តិ​ភាព។ ឥឡូវនេះ ថ្ងៃទី ២១ នៅសល់តែ ៤០ ថ្ងៃ ទៀតតែប៉ុណ្ណោះ ក្មួយៗនឹងឡើងបៀវត្សពី ១៥៣ ទៅ ១៧០ ដុល្លារសហរដ្ឋអាមេរិក។ សម្រាប់ក្មួយៗដែលធ្វើការឆ្លងទន្លេ ក៏បានទទួលប្រាក់ឧបត្ថម្ភ បន្ថែមទៅ​លើ​ការ​ឆ្លងទន្លេ បានកូនមួយនាក់ គឺនឹងបាន ៤០ ម៉ឺនរៀល បន្ថែមទៀតជាអាហារូបត្ថម្ភ។

បន្តការធ្វើដំណើរបែបនេះ នៅក្នុងរយៈពេល ១០ ឆ្នាំ ជាបន្តទៀត

ខ្ញុំមិនរំខានយូរទេ ដោយសារតែស្អែក ក៏ត្រូវនិយាយច្រើន ហើយថ្ងៃនេះ បានជួបជុំក្មួយៗ ពូពិតជាមានភាព​សប្បាយ​រីករាយ និងបានឃើញសង្វាក់ផលិតកម្មពីការចាប់ផ្តើម រហូតទៅដល់ទីបញ្ចប់របស់វា។ អម្បាញ់មិញ ប្រហែលជាបានជិតពាក់កណ្តាលនៃចំនួនកម្មករ ដែលយើងបានថតរូបជា​មួយគ្នា។ ចំពោះរូបថតនេះនឹងក្លាយ​ជា​រូប​ថតអនុស្សាវរីយ៍ពេញមួយជីវិតរបស់ពូ ក៏ដូចជាពេញ​មួយជីវិត​របស់ក្មួយៗផងដែរ។ មិនមែនគ្រាន់តែជា​រូប​ថត​រវាង​អ្នកដែលមានអំណាចបំផុតនៅក្នុងប្រទេសនេះ ដែលជា​ប្រធាននីតិប្រតិបត្តិទេ ក៏ប៉ុន្តែជារូបថត​ភាព​ស្និទ​ស្នាលរវាងឪពុក និងកូន ឬក៏ជារវាងមា និងក្មួយ នេះក៏​បង្ហាញពីទឹកចិត្តដែលក្មួយបានផ្តល់ចំពោះពូ។ ពូ​​នឹងបន្តការធ្វើដំណើរបែបនេះ នៅក្នុងរយៈពេល ១០ ឆ្នាំ ជាបន្តទៀត។ សង្ឃឹមថាក្មួយៗទាំងក្មួយៗផ្ទាល់ និង​ក្រុម​គ្រួសារក្មួយៗ នឹងបន្តបោះឆ្នោតឲ្យពូត​ទៅ​ទៀត សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ ដើម្បីពូមាន​ឱ​កាស​រួមជាមួយនឹងក្មួយៗកម្មករ/ការិនី នៅទូទាំង​ប្រទេសទាំងអស់អភិវឌ្ឍប្រទេសជាតិតទៅទៀត។ ចុង​បញ្ចប់​ជូនពរក្មួយៗទាំងអស់ ក៏ដូចជាម្ចាស់​រោង​ចក្រ សូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ និងសុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ