សម្រង់ប្រសាសន៍​​សម្តេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី​សម្ពោធបើកឱ្យដំណើរការជាផ្លូវការសណ្ឋាគារ សុខាសៀមរាប

CNV:

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដើម្បីសម្ពោធដាក់ឲ្យដំណើរការនូវសណ្ឋាគារចំនួន ២ ដែលនៅទីតាំងជាមួយគ្នា គឺសណ្ឋាគារសុខាសៀម​រាបលំដាប់ផ្កាយប្រាំ ចំនួន ៧៧២ បន្ទប់ និងវីឡាប្រណីតចំនួន ៥, សណ្ឋាគារសុខាផាលេសសៀមរាប លំដាប់ផ្កាយបួន ចំនួន ៤៤៧ បន្ទប់ សរុបទាំងអស់ ១.២៤០ បន្ទប់ អាចចាត់ទុកថាជាសណ្ឋាគារដែលធំ​ជាងគេ​​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សណ្ឋាគារច្រើន អាចធ្វើកិច្ចប្រជុំធំៗនៅខេត្តសៀមរាបបាន

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងកោតសរសើរក្រុមហ៊ុនដែលបាន​កសាង​នូវសណ្ឋាគារដ៏ទំនើបមួយនេះ។ សមត្ថភាពកសាងរបស់យើងនៅក្នុងខេត្តសៀមរាប អនុញ្ញាតឲ្យយើងធ្វើ​ជា​ម្ចាស់​ផ្ទះនៃការប្រជុំគ្រប់កម្រិត។ អាចនិយាយបានថា ប្រសិនបើយើងចង់ធ្វើជាម្ចាស់ផ្ទះនៃ​ការប្រជុំ​ចល​នាមិនចូលបក្សសម្ព័ន្ធ ឬក៏ការប្រជុំត្បូងត្បូង គឺយើងអាចធ្វើទៅបាននៅក្នុងខេត្តសៀមរាបនេះតែម្តង។យើងអាចធ្វើទៅបាននៅក្នុងខេត្តសៀមរាបនេះតែម្ារប្រជុំេត្តសៀម ខ្ញុំ​គិត​ថា ប្រសិនបើការធ្វើម្ចាស់ផ្ទះនៃការប្រជុំអាស៊ាននៅឆ្នាំ ២០២២ ពេលនោះ កម្ពុជាប្រហែលជា​មាន​លទ្ធ​ភាព​នឹងធ្វើការប្រជុំអាស៊ាន និងដៃគូ ជាពិសេស គឺកម្រិតទៅដល់អាស៊ីបូព៌ា នៅឯខេត្តសៀមរាបតែម្តង។

នៅសល់ច្រើនឆ្នាំទៀត ក៏ប៉ុន្តែ យើងគិតទុកជាមុនថា ពេលនោះដោយសារយើងធ្វើម្ចាស់ផ្ទះ ២ ដង រួចមក​ហើយ​នៅទីក្រុងភ្នំពេញ។ យើងគួរតែធ្វើ​ម្ចាស់ផ្ទះសាជាថ្មីម្តងទៀតនៅឯខេត្តសៀមរាប ហើយទីតាំង​ដែល​សម​ស្របជាងគេសម្រាប់ការប្រជុំ នៅកម្រិតអាស៊ានឆ្នាំ ២០២២ អាចនឹងត្រូវធ្វើនៅទីនេះតែម្តង។ ខ្ញុំពិត​ជា​មានការរីករាយ ដោយសារតែអ្វីៗបានកើតឡើងលើការជាក់ស្តែង ដែលយើងបាន និងកំពុងសម្ពោធ​ដាក់​ឲ្យប្រើប្រាស់នូវសណ្ឋាគារដ៏ធំមួយនេះ។ យើងក៏ធ្លាប់បានប្រជុំបែបអន្តរជាតិប៉ុន្មានលើក​រួចមកហើយ​ផង​ដែរ ដែលមានការប្រជុំ CLV ក៏ដូចជាការប្រជុំផ្សេងទៀត​ ដែលមានការចូលរួមពីប្រទេសជាច្រើន នៅ​សណ្ឋាគារនេះ។ តាមរយៈនៃការកើនឡើងនៃសណ្ឋាគារនៅក្នុងខេត្តសៀមរាបនេះ ខ្ញុំបានឃើញថា កំ​ណើន​នៃភ្ញៀវទេសចររបស់យើង ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើង។

សៀមរាបពីអតីតកាល សន្តិភាពមិនទាន់ពេញលេញ សណ្ឋាគារចាស់ ២ ទេសចរតិចតួច

ខ្ញុំគួរតែរំលឹកបន្តិច ដើម្បីយើងអាចរួមគ្នាយល់ពីអតីតកាល ហើយបានមកដល់ដំណាក់កាលបច្ចុប្បន្ន​កាល​នេះ និងព្យាករទៅអនាគតកាល។ ប្រហែលជាអស់លោកអ្នកនៅចាំបានថា យើងបានចាប់ផ្តើម​ពីទី​ក្រុង​សៀមរាបដ៏លំបាកលំបិន ហើយដែលពេលនោះ គឺទីក្រុងសៀមរាបរបស់យើងបើខ្ញុំនៅចាំ មាន​សណ្ឋា​គារ​ចាស់ៗ​ត្រឹមតែ ២ គឺសណ្ឋាគារ Grand Angkor Hotel រួចហើយមានសណ្ឋាគារក្បែរនោះមួយទៀត ដូច អប្សរា អីអញ្ចេះទេ។ យើងចាប់ផ្តើមពីស្ថានភាពបែបនេះ។ ក្នុងស្ថានភាពដែលពេលនោះទេសចរ​នៅ​ក្នុង​ប្រទេសរបស់យើងមានតិចតួចណាស់ ហើយបើនិយាយពីជប៉ុនវិញ យើងនិយាយឲ្យច្បាស់តែម្តង គឺ​ថា មុនឆ្នាំ ១៩៩៩ នៅពេលដែលប្រទេសកម្ពុជាមានសន្តិភាពពេញលេញ រដ្ឋាភិបាលជប៉ុនបានផ្តល់ឱ​កាស​​សម្រាប់​ទេសចរជប៉ុន មកទស្សនកិច្ចត្រឹមតែទីក្រុងសៀមរាប និងទីក្រុងភ្នំពេញតែប៉ុណ្ណោះ គឺមិនអនុ​ញ្ញាត​ឲ្យទេសចរជប៉ុនទៅកាន់តំបន់ផ្សេងនោះទេ។ ដោយសារតែពេលនោះ គេអាចដឹងហើយថា ប្រទេស​កម្ពុជា​នៅសេសសល់សង្គ្រាម។ នៅឯខេត្តសៀមរាបរបស់យើងនេះ ក៏មានការចាប់ជម្រិតយកទៅ​សម្លាប់​ដោយពួកខ្មែរក្រហម​នូវអ្នកដោះមីនជនជាតិអូស្រ្តាលី។ ប៉ុន្តែ ទេសចរដែលធ្វើដំណើរទៅតាមផ្លូវរថភ្លើង ពីទី​​​ក្រុងភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ត្រូវបាន(ខ្មែរក្រហម)វាយរថភ្លើងនោះ ហើយចាប់ទេសចរ ៣ រូប ដែលមានជនជាតិអូស្ត្រាលីម្នាក់ បារាំងម្នាក់ អង់គ្លេសម្នាក់ ទៅសម្លាប់នៅឯភ្នំវល្លិ៍។

អនុវត្តនយោបាយឈ្នះឈ្នះ ពង្រីកវិស័យទេសចរណ៍

នោះហើយគឺជាការរំខានដែលមិនផ្តល់ឱកាសសម្រាប់ឲ្យទេសចរ រាប់ទាំងទេសចរជប៉ុន ត្រូវបានរដ្ឋាភិ​បាល​ជប៉ុនកំណត់ ដើម្បីចៀសវាងការចាប់ជម្រិត ឬបាញ់សម្លាប់ ពីសំណាក់ពួកឧទ្ទាម។ ជាភ័ព្វសំ​ណាង​ល្អ នយោបាយឈ្នះឈ្នះរបស់យើង បានផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង។ បន្ទាប់​ពី​មានសន្តិភាព និងឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរាប់រយឆ្នាំរបស់កម្ពុជា អនុញ្ញាតឲ្យ​កម្ពុ​ជា​អាចមានលទ្ធភាព ដើម្បីនឹងពង្រីកវិស័យទេសចរណ៍ ដែលវាជាវិស័យសំខាន់មួយសម្រាប់ការអភិ​វឌ្ឍសេដ្ឋកិច្ចសង្គមរបស់យើង។ ប៉ុន្តែ នៅមានបញ្ហាមួយទៀតទាក់ទងជាមួយនឹងបញ្ហាការ​បើកចំហជើង​មេឃ។ រឿងនេះ គឺខ្ញុំនៅតែបន្តរំលឹកទាក់ទិនជាមួយនឹងយោបល់របស់អតីតនាយករដ្ឋមន្រ្តីសាំងហ្គាពួរ ហ្គោ ចុកតុង (Goh Chok Tong)។

បើកចំហជើងមេឃ ឲ្យមានការហោះហើរត្រង់មកសៀមរាប

នៅឆ្នាំ ១៩៩៤ ពេលដែលខ្ញុំទៅពិនិត្យសុខភាព​ និងទស្សនកិច្ចការងារនៅឯសាំងហ្គាពួរ ឯកឧត្តម ហ្គោ ចុកតុង បាននិយាយជាមួយខ្ញុំថា ប្រសិនបើខ្ញុំជាឯកឧត្តម ហ៊ុន សែន ខ្ញុំនឹងប្រើប្រាស់នូវសៀមរាប ធ្វើជាតំបន់ទាក់ទាញទេសចរ ដោយផ្តល់ឱកាសឲ្យមានការហោះហើរត្រង់។ រឿងនេះត្រូវបានយើងពិចារ​ណា​ជាបន្តបន្ទាប់មក ប៉ុន្តែ ចៃដន្យសភាពការណ៍អកុសល នៅឆ្នាំ ១៩៩៧ ពេលនោះ ក្រុមហ៊ុនយន្ត​ហោះ​បាន​រត់ចោលយើងអស់ នៅសល់តែក្រុមហ៊ុនមួយគត់ ដែលនៅរកស៊ី ហើយវិលត្រឡប់មកជួយយើងវិញ នោះគឺក្រុមហ៊ុនបាងកងអ៊ែរវេយ៍ នេះតែម្តង។ ក្រុមហ៊ុនដទៃទៀត គេចាត់ទុកសភាពការណ៍ ៥-៦ កក្កដា ជា​សភាពការណ៍ធ្ងន់ធ្ងរ គេក៏បានបោះបង់ចោលនូវការហោះហើរមកកាន់ទីក្រុងភ្នំពេញ ឬហោះហើរទៅ​កាន់​គោល​ដៅ​ផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា​។

ថ្ងៃមួយ គឺទាំងខ្ញុំ ទាំងថ្នាក់ដឹកនាំដទៃទៀត មកកាន់ទីក្រុងសៀមរាបនេះ ដើម្បីទទួលព្រះករុណាសម្តេច​ព្រះ​បិតា ព្រះបរមរតនកោដ្ឋ ដែលយាងពីប្រទេសចិនមកកាន់កម្ពុជា។ ពេលនោះ នៅក្នុងព្រលានយន្ត​ហោះ​ ខ្ញុំបានឲ្យសម្តេច ទៀ បាញ់ ទូរស័ព្ទទៅលើ ប្រាសិទ្ធ ដែលជាប្រធានក្រុមហ៊ុន បាងកកអ៊ែរវេយ៍ ថា តើ​ហ៊ានហោះឬទេរវាងទីក្រុងបាងកក និងសៀមរាប? ពេលនោះ គឺជាការចាប់ផ្តើមមួយ​ នៃការអនុវត្តការ​បើក​ចំហជើងមេឃ សម្រាប់ខេត្តសៀមរាបរបស់យើងនេះ។ ដូច្នេះហើយ បានជាចាប់ផ្តើមដំណាក់កាល​ដំបូង បាងកកអ៊ែរវេយ៍ មានភ្ញៀវតែម្នាក់ ក៏ត្រូវតែដឹកដែរ។ អញ្ចឹងបានជាអ្នកខ្លះសួរថា ហេតុអីបានជា​មាន​តែ​ក្រុមហ៊ុនមួយ។ ដោយសារតែមួយហ្នឹងហើយ ដែលវាជាអ្នកបើកផ្លូវ។ អ្នករត់ចោលយើង វាចាំមករកស៊ី ប៉ុន្តែឥឡូវរឿងផ្តាច់មុខវាអស់ហើយ វាសំខាន់ត្រង់ថានរណាជាអ្នកអាចដឹកភ្ញៀវបានច្រើនតែប៉ុណ្ណោះ។

ក្នុងដំណាក់កាលដំបូង យើងត្រូវហ៊ានលេងជាមួយនឹងបញ្ហាហ្នឹង។ យើងបានប្រាប់ថា យើងឲ្យផ្តាច់​មុខ​ប៉ុន្មាន​ឆ្នាំ ថ្នាក់ដឹកនាំដទៃទៀត មកកាន់ទីនេះក្នុងមប្រាស់និយាយជាមួយខ្ញុំថា ្ងព្រោះទម្រាំមានមនុស្សជិះ រវាងបាងកក និងសៀមរាប? ជួនកាលមានមនុស្សតែម្នាក់ ហើយ​មនុស្សម្នាក់ហ្នឹងមិនមែនមនុស្សដែលជិះពីបាងកកមកសៀមរាបទេ គឺមនុស្សនៅសៀមរាប ប៉ុន្តែ ត្រូវយក​យន្ត​ហោះពីបាងកកមកសៀមរាប ដើម្បីឲ្យភ្ញៀវនៅសៀមរាបត្រឡប់ទៅបាងកកវិញ។ ដូច្នេះ ការចាប់ផ្តើម​របស់​បាងកកអ៊ែរវេយ៍ មានការខាតបង់។ ក្រោយមក ឃើញភ្ញៀវកាក់កបច្រើន និយាយពីសំណើ​ហោះហើរ​នោះ​វាច្រើនពេក។ ប៉ុន្តែ សួរថា ពេលដែលយើងមានអាសន្នអន់ក្រ ហេតុអីបានរត់ចោលយើង? ចំណុច​នេះ​ក៏​ត្រូវតែយល់ ដែលខ្ញុំសុំពន្យល់នៅថ្ងៃនេះ ឲ្យបានច្បាស់។

ការហោះហើរត្រង់នាំមកនូវការវិនិយោគក្នុងវិស័យសណ្ឋាគារ នៅសៀមរាប

នៅពេលដែលយើងចាប់ផ្តើមបើកចំហជើងមេឃ នៅឯសៀមរាប អ្នកធ្វើ(ក្រុមហ៊ុន)ទេសចរ​ណ៍​នៅ​ទីក្រុងភ្នំ​ពេញមានគម្រោងធ្វើបាតុកម្មប្រឆាំងជាមួយនឹងនយោបាយនេះ ដែលគេគិតថា បើធ្វើយ៉ាងដូច្នេះ គឺនឹងនាំ​ទៅ​ដល់ការបាត់បង់ទេសចរនៅឯភ្នំពេញ។ អ្នកដដែលនេះ ក៏ត្រូវបានគាំទ្រនយោបាយនេះត្រឡប់មកវិញ នៅពេលដែលពួកគេមិនគ្រាន់តែមានផលចំណេញនៅឯទីក្រុងភ្នំពេញទេ ប៉ុន្តែមានផលចំណេញ និងការ​រក​​ស៊ី​នៅឯក្រុងសៀមរាបតែម្តង។ យើងពិនិត្យមើលអញ្ចេះ បើសិនជាយើងមិនអនុញ្ញាតឲ្យមានការហោះ​ហើរ​ត្រង់មកកាន់សៀមរាប សួរថា តើអ្នកណានឹងធ្វើវិនិយោគសណ្ឋាគារនៅសៀមរាប បើគ្រាន់តែហោះ​ហើរ​នាំភ្ញៀវពីទីក្រុងភ្នំពេញមកទស្សនកិច្ច(ត្រឹម)មួយថ្ងៃនៅឯសៀមរាប? បើអត់មានសណ្ឋាគារ​តើទេស​ចរ​មកទស្សនកិច្ចរបៀបម៉េច? អញ្ចឹងទេ វាមិនអា​ចកើតឡើងនូវអ្នកវិនិយោគ សម្រាប់វិស័យសណ្ឋាគារ ដែលជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់វិស័យទេសចរណ៍នោះទេ។ អញ្ចឹង ការបើកឲ្យមានការ​ហោះ​ហើរ​​ត្រង់មកកាន់ទីក្រុងសៀមរាប គឺអាចចាត់ទុកថា ជាផ្នែកសំខាន់មួយ នៃការទាក់ទាញការវិនិយោគ ដើម្បី​កសាងឡើងនូវសណ្ឋាគារ ដែលមកដល់ពេលនេះ យើងចាប់ផ្តើមពីសណ្ឋាគារចាស់ៗ ២។ ឥឡូវ យើងមានសណ្ឋាគាររហូតទៅដល់ ១៩៨ សណ្ឋាគារ, ៩ អាផាតមិន, ៣១១ ផ្ទះសំណាក់, ១៨២ ភោជនីយដ្ឋាន, ២៨៨ សាខាភ្នាក់ងារទេសចរណ៍ ដែលមានមគ្គុទេសទេសចរណ៍រហូតទៅដល់ ៤.៦១៩ នាក់ និងរមណីយដ្ឋានចំនួន ៣៥។ ចំណុចទាំងអស់នេះហើយជាភាពចាំបាច់នៃវិស័យទេសចរណ៍។

បើកចំហទាំងផ្លូវគោក និងផ្លូវទឹកផង

… យើងមិនគ្រាន់តែបើកចំហជើងមេឃទេ យើងត្រូវតែបើកចំហផ្លូវគោក និងផ្លូវទឹកថែមទៀត ដើម្បីទទួល​នូវ​ទេសចរ។ សព្វថ្ងៃ យើងបើកចំហជើងគោក ជាមួយនឹងប្រទេសជិតខាង ជាមួយនឹងព្រះរាជា​ណា​ចក្រ​ថៃ មកតាមច្រកណាក៏បានដែរ។ ជាមួយនឹងវៀតណាម និងជាមួយឡាវ ដែលជាការបើកចំហជើងគោក។ យើងបើកចំហជើងទឹកសម្រាប់ការចូលចតដោយនាវាដឹកទេសចរ តាមរយៈសមុទ្រ និងតាមរយៈផ្លូវ ដែល​មាន​តាមទន្លេមេគង្គ ដែលអាចភ្ជាប់ទេសចរមកកាន់កម្ពុជារបស់យើង​។ ដូច្នេះ វិស័យទេសចរណ៍នៅ​ខេត្ត​សៀម​រាប ជាវិស័យដែលរីកលូតលាស់ មានល្បឿនលឿន ដែលនៅពេលនេះ យើងឃើញថា មាន ៣៦ ក្រុម​ហ៊ុន នៃអាកាសចរណ៍ ដែលមានជើងហោះហើររហូតទៅដល់ជាមធ្យម ៤១ ជើង ក្នុងមួយថ្ងៃ​ ដែល​ចាត់​ទុកថា បើយើងទៅវ៉ៃនៅកន្លែងវាយកូនហ្គោល យើងឃើញថា តែប៉ុន្មាននាទីត្រូវចុះ ១ គ្រឿង ប៉ុន្មាន​នា​ទី​ត្រូវចុះ ១ គ្រឿង ក៏ដូចជាទីក្រុងភ្នំពេញផងដែរ។ ចំណុចនេះហើយដែលយើងត្រូវមើលឃើញថា បើ​គ្មាន​នយោបាយ គ្មានសន្តិភាពហ្នឹងរឿងមួយ ព្រោះវាគ្មានអ្នកណាមកអភិវឌ្ឍ និងគេមកធ្វើទេសចរ នៅ​ពេល​ដែលប្រទេសដែលមានអសន្តិសុខនោះទេ ហើយក៏គ្មានអ្នកណាមកវិនិយោគសាងសង់សណ្ឋាគារ​សម្រាប់ប្រទេសដែលមានសង្គ្រាមដែរ ដូចដែលយើងធ្លាប់ជួបប្រទះរួចហើយ។

១៩៩៣ ខ្មែរក្រហមវាយចូលសៀមរាប

នៅឆ្នំា ១៩៩៣ ហើយ ជិតបោះឆ្នោតទៅហើយ ខ្មែរក្រហមវ៉ៃចូលក្រុងសៀមរាបនេះតែម្តង។ ពេលនោះនៅ​ចំា​បាន​ទេអ្នកនៅសៀមរាប ដែលខ្មែរក្រហមវ៉ៃកាត់តាមព្រលានយន្តហោះ រួចហើយទាហានអ៊ុនតាក់​ត្រូវ​របួស មិនមែនត្រូវរបួសដោយសារត្រូវគ្រាប់កំាភ្លើងនោះទេ រត់បុកដើមឈើ។ ពេលនោះខ្ញុំប្រាប់ទៅ​យ៉ាស៊ូ​ស៊ី​អាកាស៊ី ​ប្រធានអ៊ុនតាក់ ថា បើសិនជាឯកឧត្តមមិនអាចគ្រប់គ្រង អេរីក ហ្វល អ្នកនំា​ពាក្យ​របស់​អ៊ុនតាក់បានទេ ខ្ញុំផ្តល់ឱកាសអោយខ្មែរក្រហមវ៉ៃចូលកន្លែងអ៊ុនតាក់តែម្តង។ ខ្ញុំព្រមានត្រង់ៗបែបនេះ។ ប៉ុន្តែអាកាស៊ីបានស្នើអន្តរាគមន៍ចំាបាច់របស់កងទ័ពរដ្ឋកម្ពុជា កាលពីពេលនោះ ដើម្បីវ៉ៃបកទៅលើ​ខ្មែរ​ក្រហម។ អ៊ុនតាក់ដែលរបួសហ្នឹងចូលត្រង់សេ ដោយសារចូលទៅទង្គិចក្បាលបែកតែប៉ុណ្ណឹងទេ។ ហេតុអី​បាន​ជាខ្ញុំត្រូវព្រមាន អេរីក ហ្វល ដែលជាអ្នកនំាពាក្យរបស់អ៊ុនតាក់? ពេលណាក៏ដោយ​ខ្មែរក្រ​ហម​វ៉ៃ​មក​លើ​យើង អេរីក ហ្វល តែងនិយាយថា កងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋកម្ពុជា រំលោភបទឈប់បាញ់។

ភាសានេះ ទទួលយកអត់បាន។ គេអយុត្តិធម៌លើយើងតំាងពីជំនាន់អនុវត្តកិច្ច​ព្រមព្រៀងទីក្រុង​ប៉ារីស​ឯ​ណោះ។ … គេមកវ៉ៃយើង ឯយើងគ្រាន់តែការពារខ្លួន មានឈ្មោះថា រំលោភលើកិច្ចព្រម​ព្រៀងបទ​ឈប់​​បាញ់។ ខ្មែរក្រហមរំលោភបទឈប់បាញ់ បែរទៅជារួចខ្លួន។ … ខ្ញុំប្រាប់ទៅ អាកាស៊ី ថា បើឯកឧត្តម​គ្រប់​គ្រ​ង​ទៅអ្នកនំាពាក្យអ៊ុនតាក់ អេរីក ហ្វល មិនបានទេ ខ្ញុំផ្តល់អោយខ្មែរក្រហមវ៉ៃចូលកន្លែងអ៊ុនតាក់។ ពេល​នោះ អ៊ុនតាក់ក៏បានស្នើសុំអន្តរាគមន៍របស់កងទ័ពរដ្ឋកម្ពុជា គឺយោធភូមិភាគទី ៤ តែម្តង ដើម្បីវ៉ៃខ្មែរ​ក្រ​ហម។ ជិតបោះឆ្នោតឆ្នំា ១៩៩៣។ កាលនោះខ្ញុំនៅចំាបានថា នៅក្នុងខែ ៣ ឆ្នំា ១៩៩៣ … ខ្ញុំ​ប្រាប់​ទៅ​កងទ័ពរបស់យើងដែលទៅប្រតិបត្តិការដំបូងនៅប្រទេសស៊ូដង់។ ខ្ញុំបាននិយាយច្រើនណាស់អំពីបទពិ​សោធន៍​កងទ័ពរបស់អ៊ុនតាក់មកកម្ពុជា។ អញ្ចឹង បានជាកងទ័ពរបស់យើងមានការពលីជីវិតនៅអាហ្វ្រិក​កណ្តាលនៅពេលកន្លងទៅ ដែលយើងមិនមែនទៅដើម្បីទៅនោះទេ ប៉ុន្តែយើងទៅជួយធ្វើការងារ​ចំពោះ​មិត្ត​ភក្តិរបស់យើង។

យកចិត្តទុកដាក់ទៅលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ទាក់ទាញវិស័យទេសចរណ៍

និយាយវិលមកបញ្ហាទេសចរណ៍ សម្រាប់ខេត្តសៀមរាបរបស់យើងនេះ ទីនេះជាកំណប់ទ្រព្យដ៏ធំណាស់ ដែលព្រះរាជា ក៏ដូចជាបុព្វបុរសខ្មែរបានទុកអោយយើងនោះគឺ ប្រាសាទអង្គរ និងប្រាង្គប្រាសាទដទៃទៀត ដែល​នៅក្នុងទឹកដីខេត្តសៀមរាប ហើយបន្តទៅទៀត ទឹកដីនៃខេត្តព្រះវិហារ ទឹកដីនៃខេត្តកំពង់ធំ​ដែល​នៅ​ជិត​ខាង។ ជាកំណប់ទ្រព្យដែលនៅលើពិភពលោកចង់ដឹង ចង់យល់ ក្នុងស្ថានភាពនេះ ដែលតម្រូវអោយ​យើង​ធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ព្រោះប្រសិនបើយើងធ្វើមិនបានត្រឹមត្រូវ អភិវឌ្ឍមិនបានត្រឹមត្រូវ​វាក៏​បង្កើត​ឡើងនូវស្ថានភាពច្របូកច្របល់ ដែលគ្រប់គ្រងលែងកើត។ នៅក្នុងការអភិឌ្ឍមួយដែលវិស័យ​ទេសចរណ៍អាចទៅបំផ្លាញទៅដល់វប្បធម៌បេតិកភណ្ឌក៏អាចថាបាន ប៉ុន្តែតាមរយៈនៃគោលនយោបាយ នៃ​សន្តិភាពដែលយើងរកបាន និងតាមរយៈនៃគោលនយោបាយចំពោះវិស័យទេសចរណ៍ វិស័យវប្បធម៌​របស់​យើង ដែលយើងបានដាក់ចេញ នំាមកនូវផលនៃការរីកចម្រើនសម្រាប់ប្រទេសរបស់យើង ក្នុងហ្នឹង​ការ​ដាក់ ការរៀបចំអោយមាននូវប្លង់មេសម្រាប់ការអភិវឌ្ឍនៅតំបន់អង្គរ។ ក្នុងនេះក៏មានបុរី សណ្ឋាគារ​នេះ​ផងដែរ ដែលជាការទាក់ទាញសម្រាប់ការវិនិយោគនៅពេលក្រោយ និងត្រូវទៅតាមការកំណត់ដោយ​អង្គ​ការយូណេស្កូ សម្រាប់តំបន់ដែលត្រូវការពារ។ ទំាងអស់នេះសុទ្ធតែជាផ្នែកដ៏សំខាន់​សម្រាប់ទាក់ទាញ​អោយ​មានការវិនិយោគ និងសម្រាប់ទាក់ទាញអោយមានការធ្វើទេសចរមកកាន់ទីនេះ។ យើងមិនអាចធ្វើ​ទេសចរ ដោយគ្មានទាក់ទាញទេសចរ ដោយយគ្មានបែបបទ ហើយបណ្តោយអោយមានបញ្ហានោះទេ នៅ​សៀមរាបរបស់យើងនេះ។ អ្វីដែលយើងត្រូវយកចិត្តទុកដាក់បន្តទី ១ មិនគ្រាន់តែបញ្ហាសៀមរាបទេ វាជា​បញ្ហាសៀមរាបនិយាយដោយឡែក និងជាបញ្ហារួម និងបញ្ហាទូទំាងប្រទេសនិយាយជារួម នោះគឺ ធានា​នូវ​បញ្ហា​សន្តិសុខ បញ្ហាសន្តិភាព និងសន្តិសុខ ប្រសិនបើគ្មានសន្តិសុខទេ កុំនឹកស្មានថា គេមក​កាន់ទីនេះ បើ​​សិនជាមានការវ៉ៃប្រហារដោយភេរវកម្មណាមួយកើតឡើង សម្រាប់ប្រទេសរបស់យើង និង​តំបន់ទេស​ចរណ៍ ដែលធ្លាប់កើតមាននៅប្រទេសមួយចំនួន យើងត្រូវដឹងថា ផលប៉ះពាល់លើវិស័យ​ទេស​ចរណ៍នេះ ពិត​ជាមានផលប៉ះពាល់។

ដូច្នេះ ការបន្តយកចិត្តទុកដាក់ទៅលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ វាជាបញ្ហា​ដ៏​សំខាន់ ដើម្បីទាក់ទាញ​ជាបន្ត​សម្រាប់វិស័យទេសចរណ៍ វាមិនមែនជាបញ្ហាទេសចរណ៍ដោយឡែកទេ ក៏​ប៉ុន្តែវាជាបញ្ហារួមរបស់​ប្រទេស​ជាតិ ក្នុងការអភិវឌ្ឍប្រទេសជាតិ សេដ្ឋកិច្ចសង្គម។ គ្មានការអភិវឌ្ឍណា​មួយ​ស្ថិតក្នុងគ្រាប់បែក គ្រាប់​កំាភ្លើង ជារៀងរាល់ថ្ងៃនោះទេ។ ប្រទេសមួយចំនួន ឥឡូវនេះ បើ​និយាយ​ពី​អឺរ៉ុបកំពុងតែរងគ្រោះ ភេរវ​​កម្មម្តងហើយម្តងទៀតៗ ខ្ញុំកំពុងតែគិតថា បន្តិចទៀតប្រហែលជានៅអឺរ៉ុប​លែង​អោយ​ប្រើឡានហើយ មូលហេតុអីទៅដែលលែងអោយប្រើនឡាន? មកពីឥឡូវនេះ វាឈប់យកគ្រាប់បែកទៅបោកហើយ វាយក​ឡានដេញបុកតែម្តង។ ដូចជា ៤ ទៅ ៥ លើករួចទៅហើយ ភេរវកម្មនេះកើតឡើង។ នៅប្រទេសបារំាង នៅ​ប្រទេសអាឡឺម៉ង អង់គ្លេស កើតឡើងដោយសារតែប្រើប្រាស់រថយន្តដេញបុក … យើងត្រូវតែយក​ចិត្ត​ទុក​ដាក់ទៅលើបញ្ហាទំាងអស់នេះ។ ជាមួយគ្នានោះដែរ ទន្ទឹមនឹងបញ្ហាសន្តិសុខ ដែលជាបញ្ហាធំ​របស់​យើង យើងក៏ត្រូវផ្តល់នូវសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ពលរដ្ឋរបស់យើង ក៏ដូចជាភ្ញៀវទេសចរ ធ្វើយ៉ាងណា​តំបន់​ទេស​ចរណ៍ កុំអោយក្លាយទៅជាតំបន់ ដែលមានបងតូចបងធំ តំបន់ទេសចរណ៍ ដែលក្លាយទៅជា​តំបន់​ប្រើ​ប្រាស់គ្រឿងញៀន ដែលបង្កើតឡើងនូវបញ្ហាសម្រាប់វិស័យទេសចរណ៍ និងមានក្រុមចោរឆក់​​លួច​កា​បូប លួចសម្ភារៈរបស់ទេសចរ ដែលជាបញ្ហាត្រូវគិត ទាមទារអោយមានការគិតអំពី​បញ្ហានេះ។

ក្រសួងមហាផ្ទៃតាមរយៈអគ្គស្នងការនគបាលជាតិ ក៏ដូចជាផ្នែកពាក់ព័ន្ធនៅអាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ បាន​យកចិត្តទុកដាក់រួចមកហើយ តែនេះគឺជាការរំលឹកបន្ថែម ចំពោះសមត្ថកិច្ច ក៏ដូចជាគ្រប់ទីកន្លែង ដែល​ធ្វើ​សេ​វានៅក្នុងវិស័យទេសចរណ៍ គ្មានសន្តិភាព គ្មានស្ថេរភាព គ្មានសន្តិសុខ សណ្តាប់ធ្នាប់ វាគ្មានការ​រីក​ចម្រើនសម្រាប់វិស័យទេសចរណ៍នោះទេ ដូច្នេះជារឿងដែលត្រូវយកចិត្តទុកដាក់ជាបន្ត។

យកចិត្តទុកដាក់ចេញនូវរបៀបវារៈ និងគោលនយោបាយស្តីអំពីការអភិវឌ្ឍទេសចរណ៍

ឯចំណុចទី ២ ដែលយើងត្រូវយកចិត្តទុកដាក់ជាបន្ត គឺទាក់ទិននឹងការដាក់ចេញនូវរបៀបវារៈ និងគោល​នយោ​បាយស្តីអំពីការអភិវឌ្ឍទេសចរណ៍ ដែលក្រសួងទេសចរណ៍ បានដាក់ចេញរួចមកហើយ ទាក់ទិន​ជា​មួយបដិសណ្ឋារកិច្ច និងការរៀបរយយ៉ាងណា ដើម្បីអោយទេសចរមកកាន់ព្រះរាជណាចក្រកម្ពុជា​បាន។ ការ​ផ្តល់ទិដ្ឋាការនៅពេលមកដល់ ក៏ជាវិធីមួយក្នុងចំណោមវិធីសម្រួលសម្រាប់វិស័យទេសចរណ៍។ នោះនៅ​ត្រង់ថា ដោយសារស្ថានទូតយើងនៅក្រៅប្រទេសមានតិច ការផ្តល់ទិដ្ឋាការនៅពេលមកដល់ សម្រាប់​ទេស​ចរ គឺជារឿងសមស្របសម្រាប់ទាក់ទាញទេសចរ គេមិនចំាបាច់ខ្វល់អំពីបញ្ហាការ​ទៅសុំទិដ្ឋា​ការ ដូចជានៅប្រទេសចិន ខេត្តច្រើនណាស់ ដែលហោះហើរមកកាន់កម្ពុជា។ កន្លែងខ្លះ​យើង​មានកុង​ស៊ុល កន្លែង​ខ្លះអត់មានកុងស៊ុលទេ។ បើទៅយក VISA នៅឯប៉េកំាង ច្បាស់ជាមិនអាចទៅរួចទេ។ អញ្ចឹងទេ ​ការ​ផ្តល់ទិដ្ឋាការនៅពេលមកដល់ គឺជាវិធីមួយក្នុងចំណោមវិធីសម្រួលវិស័យទេសចរណ៍ … សូម​អោយ​ផ្នែក​ពាក់ព័ន្ធនៅក្នុងវិស័យព្រលានយន្តហោះ ដែលដោះស្រាយបញ្ហានេះ គឺបន្តដោះស្រាយ​អោយបានល្អ ដើម្បីចៀសវាងការធុញទ្រាន់ណាមួយកើតឡើង ដោយសារការ​លំបាកក្នុងការ​ទទួល​ទិដ្ឋា​ការ និងការអនុ​ញ្ញាត​ផ្សេងៗ ដែលត្រូវសម្រួលយ៉ាងម៉េចឲ្យបានស្រួល។

ដើម្បីភ្ញៀវទេសចរម្នាក់ទាក់ទាញភ្ញៀវទេសចរម្នាក់ទៀត

សុំបញ្ជាក់ថា បើយើងទាញទេសចរបានម្នាក់ ហើយទេសចរនេះត្រលប់ទៅវិញជួយឃោសនា ដើម្បី​ទាក់​ទាញ​ឲ្យ​អ្នក​ដទៃ ឲ្យសាច់ញាតិ ឲ្យមិត្តភក្ដិមកសាជាថ្មីម្ដងទៀត គឺជាវិធីដែលល្អជាងគេក្នុងចំណោមការ​ឃោសនា។ ពិតមែនហើយ យើងត្រូវឃោសនាតាមប្រព័ន្ធនេះ ប្រព័ន្ធនោះរាប់ទាំង CNN ផងដែរ ប៉ុន្តែ​វិធី​ដែល​​ល្អជាងគេនៅក្នុងការឃោសនា គឺទេសចរមកម្នាក់ឲ្យគេត្រលប់មកវិញ ហើយដោយមកជាមួយ​នឹង​ក្រុម​​គ្រួសាររបស់ពួកគេ ឬមិត្តភក្ដិរបស់គេ នេះគឺជាចំណុចល្អណាស់។ កុំឲ្យគេត្រឡប់ទៅវិញថា​ កុំទៅ​ស្រុក​ខ្មែរ ពិបាកណាស់ វេទនាណាស់។ នៅពេលដែលគេមកហើយ គេត្រលប់ទៅវិញគេប្រាប់ថាគួរ​ទៅ​មើល​អង្គរ គួរ​ទៅ​មុជទឹកសមុទ្រនៅកម្ពុជា គួរទៅតំបន់នេះ គួរទៅតំបន់នោះនៅក្នុងប្រទេសកម្ពុជា។ គេ​នឹង​ត្រលប់មកវិញ និងគេ​នាំមិត្តភក្ដិរបស់គេ អាចនិយាយបានថាក្នុងភ្ញៀវម្នាក់ ដែលបានមកកម្ពុជា​ទៅវិញ ​ទាញ​​បានភ្ញៀវម្នាក់ទៀត ដូច្នេះវា​ឡើងឌុប។ ខ្ញុំគិតថាកន្លងទៅនេះ វិធីសាស្រ្ដនេះពិតជាបានប្រើនៅក្នុង​ការរីកចម្រើននៃវិស័យទេសចរណ៍​របស់​​កម្ពុជា ព្រោះតាមរយៈ CNN ឬតាមរយៈការឃោសនា​នៅក្នុង​ក្រប​ខណ្ឌសារព័ត៌មានស្អីនេះ គឺវាបាន​មួយ​ផ្នែក​​ហើយ តែផ្នែកធំជាងគេខ្ញុំគិតថាអ្នកទេសចរដែលបានមក​ហើយ​ត្រលប់មកវិញ ដោយនាំមក​ជាមួយ​មិត្តភក្ដិ និងក្រុមគ្រួសារ ហើយអ្នកទេសចរនោះ គេត្រលប់​ទៅ​វិញគេប្រាប់មិត្តភក្ដិរបស់គេ​ឲ្យមកកាន់​កម្ពុជា។

នៅក្នុងពេលទៅប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅឯ Davos នៅដើមឆ្នាំនេះ នៅពេលជប់លៀង​ខ្ញុំ​បាន​អង្គុយ​រួមតុ​ជាមួយរដ្ឋមន្រ្ដីអាហ្សង់ទីនម្នាក់ មុនពេលដែលគាត់ធ្វើជារដ្ឋមន្រ្ដី គាត់បានមកទស្សនកិច្ចជា​ទេស​ចរនៅកម្ពុជា។ ពេលនោះ គាត់បានប្រាប់ខ្ញុំថា ពិតជាមានការទាក់ទាញខ្លាំងណាស់ បន្ទាប់ទៅកូន​របស់​គាត់ពីរនាក់បានមកទៀត ហើយគាត់បាន និយាយប្រាប់បន្ថែមថាប្រពន្ធរបស់គាត់​ច្រណែនជាមួយ​គាត់ ដោយ​សារពេលដែលគាត់មកមិននាំប្រពន្ធមក។ កូនពីរនាក់មកមិនបាននាំម្ដាយមក។ … សុំឲ្យទាំង​អស់គ្នាបន្តយកចិត្តទុកដាក់ ដើម្បីឲ្យគេបានមកស្នាក់នៅ និងទៅ​ហើយ គេត្រលប់មកវិញ។ រឿងនេះ​មិន​ខុស​ពី​ការលក់ទំនិញទេ។ ទាក់ទាញបានអតិថិជនម្នាក់មកទិញទំនិញ​របស់យើង វាជារឿងលំបាកហើយ ប៉ុន្តែការ​រក្សា​អតិថិជន ឲ្យមកទិញទំនិញយើងតទៅទៀត និងនាំ​មិត្តភក្ដិម​កទិញទំនិញយើងតទៅទៀត គឺរឿងកាន់​តែ​សំខាន់។ កុំភ្លេចថានៅលើពិភពលោកនេះ មានការប្រកួត​ប្រជែងអំពីតំបន់ទេសចរណ៍។

នៅប្រទេសយើងមានតំបន់អង្គរ និងតំបន់ដទៃទៀតដែលជាតំបន់ទាក់ទាញ ប៉ុន្តែក៏មិនត្រូវ​ភ្លេចថាប្រទេស​ដទៃ​ដែលនៅជិតខាងយើង នៅក្នុងតំបន់របស់យើងក៏មានតំបន់ទាក់ទាញ​ភ្ញៀវទេសចរផងដែរ។ អញ្ចឹងទេ​គេ​មិនអាចមកកម្ពុជាបាន ប៉ុន្តែគេអាចទៅប្រទេសដទៃទៀតបាន ក្នុងមួយ​ឆ្នាំ គេមានពេល​វិស្សម​កាល​របស់​គេ។​ ដូច្នេះប្រសិនបើកម្ពុជាបង្កការលំបាកគេ មិនអាចត្រលប់មកកម្ពុជាទេ គេនឹង​​ទៅ​កាន់តំបន់​ផ្សេង​ទៀត ឬប្រទេសផ្សេង ប៉ុន្តែបើកម្ពុជាទទួលស្វាគមន៍បានល្អនោះ ច្បាស់ណាស់ថាគេ​នឹងវិលត្រលប់​មក​កម្ពុជា។ បើគេទស្សនកិច្ចមិនទាន់ឆ្អែតឆ្អន់នៅឯតំបន់សៀមរាប គេបន្តទស្សនកិច្ចនៅតំបន់​សៀមរាប​តទៅ​ទៀត ឬក៏គេអាចដឹងថានៅទីនេះមានតំបន់កោះកេរ្ដិ៍ មានតំបន់សំបូរព្រៃគុក មានតំបន់ប្រាសាទ​ព្រះវិ​ហារ និងមានតំបន់ផ្សេងទៀតដែលអាចទៅបាន។ ដូច្នេះ វិធីនេះគឺជាវិធីដែលត្រូវសម្រួលអោយបានច្រើន​បំផុត​តាមដែលអាចធ្វើទៅបាន។

ភាពចម្រុះនៃរូបិយបណ្ណក្នុងការទូទាត់គឺជាការសម្រួល និងជាចំណុចខ្លាំងក្នុងវិស័យទេសចរណ៍នៅកម្ពុជា

មួយផ្នែកទៀតទាក់ទិននឹងការប្រើប្រាស់រូបិយបណ្ណ ដែលនេះគឺជាភាពខ្លាំងមួយរបស់កម្ពុជានៅក្នុងការ​ទាក់​ទាញភ្ញៀវទេសចរមកកាន់ប្រទេសរបស់យើង។ ចំណុចនេះ យើងត្រូវមើលឃើញ អ្នកខ្លះបន្តុះបង្អាប់​ថា​​កម្ពុជាដែលខ្វះឯករាជ្យភាព ដោយសារតែមិនទាន់ប្រើប្រាស់រូបិយបណ្ណរបស់ខ្លួនពេញលេញ។ ប៉ុន្តែខ្ញុំ​អាច​ឆ្លើយ​​ជំ​នួស នៅលើពិភពលោកនេះមិនទាន់មានប្រទេសណាមួយ ប្រើប្រាស់រូបិយបណ្ណខ្លួនឯង​ដាច់​ខាត​នោះទេ។ ប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ ឥឡូវនេះប្រាក់យាន់ (Yuan)​ របស់ចិនក៏កំពុងក្លាយទៅជា​មធ្យោ​បាយទូទាត់​សំខាន់ៗ រាប់ទាំងនៅវេណេហ្ស៊ូអេឡា នៅឯទ្វីបអាមេរិកឯណោះ (ឡាទីន) ក៏ប្រើប្រាស់​នូវ​​ប្រាក់យាន់ទៅធ្វើការ​ទូទាត់ទៅហើយ។ អញ្ចឹង ការដែលយើងផ្ដល់ឱកាសសម្រាប់ការទូទាត់ប្រាក់​នូវ​ប្រាក់​រូបិយបណ្ណច្រើន ក៏ជាផ្នែក​មួយ​សម្រួល​ឲ្យអ្នកទេសចរណ៍ មិនចាំបាច់ដូរលុយជាដុល្លារចេញ​ពីប្រ​ទេស​គេមកទេ។ ដូចជា​ទេសចរណ៍ថៃ គេអាចប្រើប្រាស់ប្រាក់បាតចូលមកចាយនៅកម្ពុជា ប្រទេស​ចិន​គេ​អាច​ប្រើប្រាស់ប្រាក់យាន់ចាយនៅកម្ពុជា ប្រទេសជប៉ុនគេអាចប្រើប្រាក់យ៉េនចាយនៅកម្ពុជា។ ដូច្នេះ​ចំ​ណុច​នេះ​ចាត់ទុកថា ជាចំណុចខ្លាំងមួយ ជាការសម្រួលមួយសម្រាប់វិស័យទេសចរណ៍នៅកម្ពុជាផងដែរ ដែល​ខ្ញុំសុំថាឲ្យ​បន្ត​ដំណើរការនេះ ប៉ុន្តែនិយាយយ៉ាងដូច្នេះមិនមានន័យថា យើងមិនបន្ដ​ដើម្បី​ពង្រឹង​នូវ​សមត្ថ​​ភាពរបស់​ប្រាក់រៀលនោះទេ។ តែយើងមិនទាន់ដល់ដំណាក់កាលនៃការធ្វើរៀលរូបនីយ​កម្មទូទាំងទី​ផ្សារ​របស់កម្ពុជានោះ​ដែរ។ តែយើងត្រូវឲ្យមានចរន្ដនៃការប្រើប្រាស់ប្រាក់រៀល ដែលជាការប្រើប្រាស់ធំ​នៅ​ក្នុងទំហំសាច់ប្រាក់ដ៏​ទូលំទូលាយនៅគ្រប់ទីកន្លែង តែយើងអនុញ្ញាតឲ្យទីផ្សារកាត់សេចក្ដី ទៅលើរូបិយ​បណ្ណ​ណា ដែលម្ចាស់​អ្នកលក់គេត្រូវរ៉ូវជាមួយគ្នា យកទៅធ្វើការប្រើប្រាស់បន្តទៀតបាន។

ជម្រុញការផលិត ហើយនាំចេញនៅនឹងកន្លែងដើម្បីបម្រើឲ្យវិស័យទេសចរណ៍

សម្រាប់វិស័យទេសចរណ៍នេះ ខ្ញុំនៅតែបន្តរំលឹកអំពីបញ្ហាជម្រុញការនាំចេញនៅនឹងកន្លែងតាមរយៈវិស័យ​ទេសចរណ៍។ យើងបានដាក់ចេញហើយគោលនយោបាយ ទេសចរណ៍កាត់បន្ថយភាពក្រីក្រ ទេសចរណ៍​វប្បធម៌ និងធម្មជាតិ។ ទេសចរដើម្បីកាត់បន្ថយភាពក្រីក្រ យើងឃើញថាចំនួនទេសចរប្រមាណជាង ៥ លាននាក់ តម្រូវការទទួលទានច្រើនណាស់មិនតិចទេ។ អញ្ចឹងទេ វាជាឱកាសសម្រាប់កសិកររបស់យើង​ទៅធ្វើការដាំដុះ ចិញ្ចឹមសត្វ និងផលិតផលដទៃទៀតជាសិប្បកម្ម ដើម្បីបម្រើឲ្យវិស័យទេសចរណ៍ ជាពិ​សេស​​ទៅ​លើការទទួលទានហ្នឹងតែម្ដង។ ពិតមែនហើយយើងវាមិនគ្រប់ កន្លែង​ខ្លះតម្រូវការ​របស់ទេស​ចរ យើង​បំពេញឲ្យគេមិនបានដូចជា ប៊័រ Fromage ឬក៏ថ្លើមក្ងាន​ (Foie Gras)​ អាហ្នឹង​យើង​ធ្វើវា​មិន​បាន ប៉ុន្តែក៏មាន​ទេសចរខ្លះចង់ភ្លក់ប្រហុកដែរ ព្រោះការពិតអា Fromage គ្រាន់តែជាប្រហុក​របស់បារាំង​ទេ។ … ឱកាសសម្រាប់ការ​ផលិត​បម្រើការនាំចេញ​នៅនឹងកន្លែង គឺការផ្គត់ផ្គង់ទៅតាមទេសចរ ដើម្បី​ទេស​ចរ​ទទួលទាន​ជាផ្នែក​មួយ​នៃការនាំចេញនៅ​នឹងកន្លែង សម្រាប់ផលិតផលរបស់កសិកររបស់យើង និងសិប្ប​កររបស់យើង។ ឥឡូវ ៥ លា​ននាក់ ទទួលទាន​បាយ ៣ ពេល អញ្ចឹងទេ ខ្លះគេទទួលទានបាយ ខ្លះគេ​ទទួលទាននំប៉័ង។ នំប៉័ងហ្នឹងវាក៏​ផលិត​នៅ​ក្នុង​​ស្រុក​ខ្មែរដែរ។ គេទទួលទាននេះ ទទួលទាននោះ។ បំផុស​កសិករឲ្យមានការដាំដុះ​ ដែលនេះគឺជា​ផ្នែក​ដ៏សំខាន់មួយ ដើម្បីរុញកសិកររបស់យើងផលិត​តាម​ការ​តម្រូវ​នៃទីផ្សារ មិនមែនចាំតែធ្វើការនាំចេញ​ឆ្លងកាត់​ព្រំដែន​ទេ។ នាំចូល​មកកាន់បណ្ដាសណ្ឋាគារ សម្រាប់បម្រើ​ឲ្យការទទួលទានរបស់ទេសចរណ៍។

មួយឆ្នាំៗ ខ្ញុំគិតថារាប់ពាន់តោន​អង្ករក៏ត្រូវបាននាំចូលតាមបណ្ដាសណ្ឋាគារ ក៏ជាផ្នែកមួយនៃការដែល​ត្រូវ​ទិញ​អង្ករ​ពី​សំណាក់កសិករ​ ពងមាន់ ពងទា ឬក៏សាច់ ឬក៏បន្លែ។ បើបង្កើនការផលិតកាន់តែល្អ គុណ​ភាពកាន់តែប្រសើរ ហើយគ្មានជាតិគីមីថែម​ទៀត នោះនឹងធ្វើឲ្យមានការពេញចិត្ត ពេញនិយម ហើយ​ខ្ញុំអំ​ពាវ​នាវធ្វើយ៉ាងម៉េច​សុវត្ថិភាព​ម្ហូបអាហារនេះ ជា​ផ្នែក​ដ៏សំខាន់ខ្លាំងណាស់ សម្រាប់វិស័យទេសចរណ៍ មិន​អាច​ទុកឲ្យទេសចរ​ទទួលទានហើយបែរជារាករូស​នោះទេ។ … កន្លងទៅក៏ដូចជា មិនទាន់ឃើញអំពី​បញ្ហា​ការពុលចំណីអាហារ​សម្រាប់វិស័យទេសចរណ៍បរទេស ដែលមានភាពធ្ងន់ធ្ងរនោះទេ ក្រៅពីការ​ពុល​ស្រា ពុ​លស្អីសម្រាប់ប្រជាពលរដ្ឋរ​បស់យើងនៅឯមូលដ្ឋាន។

ប៉ុន្តែមានរឿងមួយកន្លងទៅ តែងតែឮនិយាយ ហើយសំណូមពរមករាជរដ្ឋាភិបាល ដែលខ្ញុំសូមសំណូមពរ ត្រ​ឡប់ទៅវិញ ខ្ញុំបានស្តាប់ឮហើយ នៃសម្លេងអំពាវនាវរបស់ប្រជាជន ថាកុំឲ្យនាំចូលនូវបន្លែ​បង្ការដែល​មានជាតិគីមី ឬក៏អ្នកដាំដែលប្រើប្រាស់ជាតិគីមីច្រើន ហើយយកមកលក់នៅលើទីផ្សារ។ ខ្ញុំសូមផ្តាំផ្ញើ​ត្រ​ឡប់​ទៅវិញថា សូមមេត្តាកុំទិញនូវអ្វីដែលមានជាតិគីមីវាចប់ទៅហើយ វានៅត្រង់កន្លែងហ្នឹង ដោយសារតែ​យើង​សម្រុកទៅទិញអាគីមីហ្នឹង ដូច្នេះគេចេះតែលក់តទៅទៀតហើយ រួចហើយមកចោទតែរដ្ឋាភិបាលថា ទុកឲ្យអ្នកនោះផលិតដោយដាក់ជីគីមីច្រើន ឬមានការនាំចូលបន្លែបង្ការដែលមានជីគីមីច្រើន …។ ឥឡូវ​ខ្ញុំ​សុំ​ត្រឡប់ទៅវិញ សុំប្រជាពលរដ្ឋរួមគ្នាពហិកាកុំទិញរបស់ណាអ្នកដែលដាក់លក់មានសារធាតុគីមី … ខ្ញុំ​សូម​អភ័យទោសចំពោះអ្នកដែលដាំដុះ អ្នកដែលប្រើជាតិគីមី អ្នកដែលនាំចូលមានសារជាតិគីមី។ លក់​មិន​ដាច់ ដោយសារប្រជាជនមិនទិញ ព្រោះគេត្រូវការការពារសុខភាពរបស់គេដែរ។

វិស័យទេសចរណ៍ត្រូវយកចិត្តទុកដាក់លើបន្លែបង្ការកុំឲ្យមានជាតិគីមី

ឯចំពោះយើង ដើម្បីតម្រូវការទីផ្សារសម្រាប់វិស័យទេសចរណ៍ ត្រូវយកចិត្តទុកដាក់ ធ្វើយ៉ាងណាធានា​កុំ​ឲ្យមានសារជាតិគីមី ដែលធ្វើឲ្យភ្ញៀវមានផលប៉ះពាល់សម្រាប់សុខភាពរបស់យើង។ យើងត្រូវជម្រុញ​ការដាំ​ដុះដើម្បីផ្គត់ផ្គង់។ សព្វថ្ងៃនេះ ប្រាក់ចំណូល ឧទាហរណ៍ ក្នុងវិស័យសណ្ឋាគារ ថា ៥០០ លាន ក្នុង ៥០០ លាន អាច ១០០ ឬ ២០០ លានចេញទៅបាត់ទៅហើយ តាមរយៈការដែលយើងទិញ​ផលិត​ផល​ពី​ខាងក្រៅចូលមកផ្គត់ផ្គង់ឲ្យទេសចរណ៍។​ ដូច្នេះវានៅសេសសល់ច្រើនណាស់ ដែលវិស័យកសិកម្ម ត្រូវ​ធ្វើ​កិច្ចការងារនេះ ជាមួយនឹងកសិករ ដូចជានៅខេត្តសៀមរាបនេះ ត្រូវធ្វើឲ្យចេញជាខ្សែក្រវាត់បៃតង។ នៅ​ជុំ​វិញ​តំបន់ទេសចរណ៍ ដែលយើងបាននិយាយបញ្ហានេះច្រើនដង កន្លែងខ្លះអាចបង្កើតពីរបីហិកតា បួន​ប្រាំ​ហិកតា ដែលគេអាចធ្វើជាបន្លែបង្ការផ្គត់ផ្គង់ឲ្យមានស្ថេរភាពសម្រាប់សណ្ឋាគារ។ កន្លែងខ្លះ​មាន​កន្លែង​ចិញ្ចឹម​មាន់ដែលអាចផ្គត់ផ្គង់សាច់ និងពងមាន់ទៅឲ្យសណ្ឋាគារ។

វិស័យទេសចរណ៍ផ្តល់ឱកាសការងារ និងប្រាក់ចំណូលច្រើន

នេះសុទ្ធតែជាឱកាស វាមិនមែនគ្រាន់តែសម្រាប់ផ្តល់ការងារធ្វើរាប់ពាន់កន្លែងនៅក្នុងសណ្ឋាគារនោះទេ ប៉ុន្តែ ជាការផ្តល់ឱកាសទូលំទូលាយណាស់ក្នុងវិស័យទេសចរណ៍។ អាចតាមមេគុណ ដូចឯក​ឧត្តម ថោង ខុន គិតទេសចរម្នាក់ត្រូវការមនុស្សពីរនាក់កន្លះ ព្រោះអី? ទេសចរម្នាក់ មិនមែន​​ទេសចរ​ហ្នឹង​គាត់​ស្ពាយផ្ទះមកជាមួយទេ គាត់ស្ពាយឡាន ស្ពាយម៉ូតូមកជាមួយទេ។ ទេសចរមកដល់វាយទិដ្ឋាការ ឥឡូវ​ដូចជា ៣០ ដុល្លារ។ ចំណូល ៣០ ដុល្លារនេះ ទេសចរចាប់ផ្តើមឆ្ពោះទៅកាន់សណ្ឋាគារ ត្រូវឆ្លង​កាត់​តាក់​ស៊ី ឬក៏រថយន្ត តាម TOUR របស់គេ បានប្រាក់ទៅលើម្ចាស់រថយន្ត ទៅលើអ្នកបើកបរ។ គេចាប់​ផ្តើម​ទៅ​ស្នាក់នៅតាមសណ្ឋាគារ ព្រោះគេអត់ស្ពាយផ្ទះមកឯណា ដូច្នេះសណ្ឋាគារទទួលបានប្រាក់ចំណូល។ គេ​ត្រូវទទួលទាន អញ្ចឹងអ្នកដែលផ្គត់ផ្គង់សម្រាប់ឲ្យការទទួលទាន បានចេញមកពីកសិករហើយ។ នៅ​ដល់​ពេលទស្សនកិច្ច ត្រូវចាប់ផ្តើមមានមគ្គុទេសទេសចរណ៍ ដើម្បីឧទ្ទេសនាមអំពីបញ្ហានេះបញ្ហានោះ ពាក់​ព័ន្ធអំពីទំនៀ​មទម្លាប់ ប្រវត្តិនៃប្រាង្គប្រាសាទនានា។ ដូច្នេះរឿងវាពាក់ព័ន្ធច្រើនណាស់ ដែលចាំបាច់​ត្រូវ​ធ្វើ បន្តការងារនេះបន្តទៅទៀត ដែលហៅថាមាសបៃតង គឺវានៅកន្លែងហ្នឹង។ យើងមានមាសស យើង​មានមាសបៃតង ដែលផ្តើមចេញពីវិស័យទេសចរណ៍ ៥.៥០០.០០០ នាក់ច្រើនណាស់ ហើយគោលដៅ​របស់​យើងនៅឆ្នាំ ២០២០ ត្រូវឲ្យបាន ៧ លាននាក់ ហើយយើងជឿជាក់ថាធ្វើបាន។

ពង្រីកព្រលានយន្តហោះ

ឥឡូវនេះនៅសេសសល់តែសមត្ថភាពនៃព្រលានយន្តហោះ ដែលយើងកំពុងតែគិត និងបន្តដំណើរឆ្ពោះ​ទៅ​រកការពង្រីកនូវព្រលានយន្តហោះថ្មីថ្មីថែមទៀត ដើម្បីឲ្យធុនធំៗអាចចុះមកបាន។ នៅសៀមរាបចាំ​បាច់ត្រូវ​មាននូវព្រលានយន្តហោះ នៅភ្នំពេញក៏ត្រូវគិតគូរអំពីព្រលានយន្តហោះថ្មី ព្រោះអាចាស់វាលែង​សម​ស្រប​ជាមួយនឹងតម្រូវការ នៃការកើនឡើងនៃវិស័យដឹកជញ្ជូនតាមផ្លូវអាកាស​របស់ព្រះរាជាណាចក្រ​កម្ពុជាយើង​ហើយ។ នៅឯខេត្តព្រះសីហនុ ក៏ត្រូវពង្រីកផ្លូវរត់នៃយន្តហោះ … ឥឡូវនេះគេអាចហោះ​ជា​ប្រព័ន្ធ គេ​អាចចុះជាត្រង់ គេអាចចុះនៅភ្នំពេញទៅត្រង់ ហោះទៅឯក្រុងព្រះសីហនុដោយត្រង់ ប៉ុន្តែវាស្ថិត​នៅត្រង់ថា សមត្ថភាពទទួលនូវប្រភេទយន្តហោះ ដែលចាំបាច់ត្រូវដោះស្រាយ។ បើផ្លូវរត់វាខ្លី វាក៏កាត់​បន្ថយនូវប្រភេទ​យន្ត​ហោះដែលអាចចុះចតបាន។ ចំណុចអស់ទាំងនេះ សុទ្ធតែនៅក្នុងគោលដៅដែល​មាន​រួច​មក​ហើយ។

ឥឡូវវិលមកទាក់ទិនទៅនឹងសណ្ឋាគារនេះ ក្រុមហ៊ុនសុខាអូតែល បានសាងសង់រហូតមកដល់ពេលនេះ គឺមាន ៦ សណ្ឋាគាររួចមកហើយ។ ទី ១ សណ្ឋាគារផ្កាយប្រាំ ខ្នាតអន្តរជាតិ ខេត្តព្រះសីហនុ ចំនួន ៤៦២ បន្ទប់។ ទី ២ ឆ្នាំ ២០០២ សាងសង់សណ្ឋាគារផ្កាយប្រាំ ខ្នាតអន្តរជាតិ នៅសៀមរាប ចំនួន ២៧០ បន្ទប់។ ទី ៣ ឆ្នាំ ២០០៨ សាងសង់សណ្ឋាគារផ្កាយប្រាំ ខ្នាតអន្តរជាតិ នៅរាជធានីភ្នំពេញ ចំនួន ៥៤៩ បន្ទប់ និងខុនដូ ចំនួន ១៩៥ បន្ទប់។ ទី ៤ ឆ្នាំ ២០១០ សាងសង់សណ្ឋាគារផ្កាយប្រាំខ្នាតអន្តរជាតិ នៅបូកគោ ខេត្តកំពត ចំនួន ១.០០០ បន្ទប់។ ទី ៥ សាងសង់សណ្ឋាគារសុខាសៀមរាបលំដាប់ផ្កាយប្រាំ និងសណ្ឋាគារផាលេសសៀមរាប លំដាប់ផ្កាយបួន។ ដូច្នេះ បើយើងសរុបចំនួននេះ គឺវាឡើងទៅដល់​ប្រ​មាណ​ជាង ២.០០០ បន្ទប់ ដែលអាចជាផ្នែកមួយទទួលបាននូវទេសចរយ៉ាងច្រើន។ កន្លងទៅ​​នៅឯ​ទី​ក្រុង​ភ្នំពេញ យើងយកធ្វើជាទីកន្លែង ដើម្បីប្រជុំ នៅវេទិកាសេដ្ឋកិច្ចពិភពលោក និងការប្រជុំអន្តរជាតិ​នានា​ផង។ ឥឡូវបើយើងពិនិត្យមើលសណ្ឋាគារនៅខេត្តសៀមរាប ដូចជាច្រើនជាងគេ ច្រើនជាងភ្នំពេញ ព្រោះ​ភ្ញៀវ​មកសម្រុកនៅនេះ បន្ទាប់ទៅភ្នំពេញ ហើយកំពង់សោម។

មិនអនុញ្ញាតឲ្យអ្នកណាម្នាក់មកបំផ្លាញជាតិនោះទេ

សណ្ឋាគារកំពុងត្រូវប៉ាន់ ប៉ុន្តែខ្ញុំនៅតែរំលឹក ប្រយ័ត្នត្រូវប៉ាន់ វាបាត់ប៉ាន់ទៅវិញ តាមរយៈគេបំផ្លាញ​ចោល​នូវសន្តិភាព បំផ្លាញចោលនូវស្ថេរភាពនយោបាយ។ យើងមិនអនុញ្ញាត និងមិនផ្តល់ឱកាសឲ្យ​អ្នក​ណា​ក៏​ដោយ ដែលបំផ្លាញដល់សន្តិសុខជាតិរបស់យើងទេ។ យើងមិនផ្តល់ឱកាសដាច់ខាត ហើយយើងបាន​និង​កំ​ពុង​ធ្វើសកម្មភាពពិត មិនមែនបញ្ចប់ត្រឹមចាប់មនុស្សម្នាក់ទេ។ មិនមែនបញ្ចប់ត្រឹមចាប់មនុស្សម្នាក់​ទេ ព្រោះនេះជាការរៀបចំ និងធ្វើសកម្មភាពជាប្រព័ន្ធតែម្តង។ ខ្ញុំនិយាយប៉ុណ្ណេះអាចយល់។ (ឃើញ)កំពុង​តែ​ប្រើ​​ភាព​ជម្លើយនៅតំបន់ ៣ ខេត្ត រួចមកហើយ កំពង់ធំ ព្រះវិហារ និងម្សិលមិញនៅសៀមរាប​ហ្នឹង​តែ​ម្តង។ ប៉ុន្តែ​សូម​បញ្ជាក់ជូនឲ្យហើយ មិនបញ្ចប់ត្រឹមចាប់មនុស្សម្នាក់ឡើយ រឿងវាមានសំណុំរបស់វា ការ​រៀបចំ​សកម្ម​​ភាព​ជាប្រព័ន្ធ។ យើងមិនអនុញ្ញាតឲ្យអ្នកឯងបន្តនូវអំពើក្បត់ បំផ្លាញជាតិ បំផ្លាញសន្តិសុខទេ​។ មានសន្តិភាព ទើបមានការអភិវឌ្ឍ ហើយការអភិវឌ្ឍនោះហើយ វាជាតម្រូវការដើម្បីរក្សានូវ​សន្តិ​ភាព​នោះ។ មិនត្រូវគិតថាអ្នកឯងចង់ធ្វើអ្វីតាមចិត្ត ហើយធ្វើជាខ្ញុំបម្រើបរទេស ដើម្បីមកបំផ្លាញខ្មែរនោះទេ មិន​អនុញ្ញាតដាច់ខាត ហើយយើងហ៊ានធ្វើ យើង​ហ៊ានប្រឈមគ្រប់បញ្ហា។

មិនអនុញ្ញាតឲ្យមានឧទ្ទាមទីក្រុងដាច់ខាត

ខ្ញុំធ្លាប់បានដាស់តឿនពីបញ្ហា គេមិនអាចមកលេងអង្គរវត្ត ក្រោមគ្រាប់បែក គ្រាប់ប្លោងដូចអតីតកាល​នោះ​ទេ។​ សូម្បីឆ្នាំ(១៩)៩៣ហើយ ការប្រយុទ្ធនៅតែមាន (១៩)៩៨ ទើបសៀមរាបរបស់យើងនេះបញ្ចប់​សង្គ្រាម គឺសៀម​រាបរបស់យើង មុនពេលបង្កើតខេត្តឧត្តរមានជ័យ តំបន់អន្លង់វែង ស្ថិតក្នុងខេត្តសៀមរាប ដែល​ជាទីតាំងចុង​ក្រោយរបស់ខ្មែរក្រហម ដែលយើងរកបានដោយលំបាក ដើម្បីសន្តិភាពប្រទេស​មួយ​នេះ មិនអាចអោយអ្នកឯង​ធ្វើឧទ្ទាមក្នុងទីក្រុងទេ។ ខ្ញុំសូមព្រមាន និងសូមប្រាប់! ឧទ្ទាមក្នុងព្រៃ វាជារឿង​មួយ។ ឧទ្ទាមក្នុងទីក្រុងដោយធ្វើ​បដិវត្តពណ៌ មិនអនុញ្ញាតដាច់ខាត។ អ្នកឯងបានធ្វើ ហើយបានបរាជ័យ តែ​ក៏ត្រៀមធ្វើតទៅទៀត​។ ​យើងមិនអនុញ្ញាតអោយឧទ្ទាមទីក្រុងបន្តបំផ្លិចបំផ្លាញសន្តិសុខ​របស់ជាតិ​ទេ។

ទេសចរបរទេស និងទេសចរខ្មែរចាយលុយដូចតែគ្នា

ជាថ្មីម្ដងទៀតសុំកោតសរសើរ ក្រុមហ៊ុន សុខា អូតែល ដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ និងក៏សុំថ្លែងនូវការកោតសរសើរចំពោះក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប អាជ្ញា​ធរ​អប្សរា ដែលបានបង្កការងាយស្រួលដល់ការសាងសង់សណ្ឋាគារដ៏ទំនើបនេះ ដែលផ្តល់ឱកាស​សម្រាប់ការទាក់ទាញភ្ញៀវទេសចរកាន់ច្រើន។ កាលពីអង្គរសង្រ្កានឆ្នាំទៅ អស់រលីង(សណ្ឋាគារ) ហើយ​ឥលូវ​​​កុំភ្លេច ទេសចរបរទេស និងទេសចរខ្មែរដូចតែគ្នាទេ ចាយលុយដូចតែគ្នា។ ខ្មែរចាយច្រើន … បើ​ចូល​តុ(១)ប្រាំនាក់ ដណ្ដើមគ្នាចេញលុយ ហ្នឹងខ្មែរហើយ … សណ្ឋាគារមិនសំដៅតែលើជនជាតិបរទេសទេ ជន​ជាតិខ្មែរយើងក៏មានលុយដេក​សណ្ឋាគារខ្នាតផ្កាយ ៤ ផ្កាយ ៥។ នៅពេលខាងមុខ អង្គរសង្ក្រានឆ្នាំ ២០១៨ នឹងធ្វើតទៅទៀត … គេមកលេងអង្គរសង្ក្រាន ប៉ុន្មានឆ្នាំកន្លងផុតទៅហើយ តែងតែមាន​ការខ្វះ​ផ្ទះ​ភ្ញៀវ ខ្វះសណ្ឋាគារ ហើយមិនមែនបរទេសទេ ខ្មែរតែម្ដង។

អញ្ចឹងឥឡូវនេះ មិនចាំបាច់បែង​ចែក​ទេសចរ​ខ្មែរ ឬទេសចរបរទេសទេ បើនិយាយពីជប៉ុនវិញ ជប៉ុនចង់​បាន​ទេស​ចរ​ជនជាតិជប៉ុន ច្រើនជាងទេសចរ​ជន​ជាតិ​​បរទេស។ ខ្ញុំទៅខេត្ត អយតា របស់ប្រទសជប៉ុន តាំងពីឆ្នាំ ២០០១, ១៦ ឆ្នាំមុន អភិបាលខេត្ត គាត់​បាននិយាយថាទេសចរទៅកាន់ខេត្ត អយតា ប៉ុន្មាន​លាន​នាក់ក្នុង ១ ឆ្នាំ។ ខ្ញុំសួរគាត់ថា ជាជនបរទេស? គាត់ថាអត់ទេ ជនបរទេសតិចណាស់ ព្រោះជប៉ុន​ចង់​បាន​សណ្ឋាគារជនជាតិជប៉ុន ជាងជនជាតិបរទេស ព្រោះចាយលុយដូចតែគ្នា ស្រួលបម្រើម្ហូប​ជប៉ុន​ទៅ​ទៀត។ អញ្ចឹងទេ មិនត្រូវមើលស្រាលទេសចរក្នុង​ស្រុកនោះទេ។ ពេលភ្ជុំកន្លងទៅនេះ ស្ងាត់ទីក្រុង​ភ្នំពេញ​ … នៅសល់មនុស្សតិចណាស់ ប៉ុន្តែ​មនុស្សចេញទៅតាមខេត្តច្រើន ហើយចេញទៅហ្នឹង គាត់មិន​មែន​ស្ពាយ​ផ្ទះ​គាត់ទៅឯណា! គាត់ទៅដេកនៅតាម​សណ្ឋាគារដូចតែគេ ដូចតែឯង ព្រោះប្រជាពលរដ្ឋមាន​ប្រាក់​ចាយ​សព្វថ្ងៃនេះ។ អញ្ចឹង គាត់ចង់សាកបន្ទប់ស្វ៊ីតថ្នាក់ប្រធានាធិបតី ថ្នាក់នាយករដ្ឋមន្ត្រីឯណោះ …។

ព្រឹត្តិការណ៍ ២៤ កញ្ញា ១៩៩៨

រឿងរ៉ាវនៅទីនេះ វាកន្លងផុតប៉ុន្មានថ្ងៃ បើគិតពីពេលនោះមកដល់ពេលនេះវា ១៩ ឆ្នាំ។ ២៤ កញ្ញា ១៩៩៨ មកដល់ ២៤ កញ្ញា ២០១៧ យើងគិតទៅ ១៩ ឆ្នាំ។ ទើបតែកន្លងផុតប៉ុន្មានថ្ងៃទៅ​នេះទេ។ ខ្ញុំ​និ​ទាន​រឿង​ហ្នឹង​បន្ដិច។​ ល្ងាចថ្ងៃ ២៣(កញ្ញា)ទៅចាក់គម្ពីនៅវត្តព្រះអង្គខ្មៅ។ ចាក់(គម្ពី)ចំកន្លែង​ដែលថា គេយកទៅ​សម្លាប់​បែរជាមិនស្លាប់ ឡើងធ្វើសេ្ដចតែម្ដង។ ដល់តែព្រឹកឡើង ភ្លៀងនោះមហាភ្លៀង​។ អាចថាទេព្ដាជួយ អ្នក​តាមថែរក្សាខ្ញុំ ឬបារមីការពារព្រះរាជាណាចក្រកម្ពុជា ការពារ​អង្គរ ទុក​ម្នាក់នេះដើម្បីបង្ក្រាប​ពួកទមិឡ​ទាំង​ឡាយ អោយ(ខ្ញុំ)រស់រានមានជីវិត។ បន្ទាប់ពីការភ្លៀងខ្លាំងសឹងបាក់មេឃ យើងក៏ចាប់ផ្តើមចេញ​ដំ​ណើរ។ ខ្ញុំបានឃើញគ្រាប់រត់យ៉ាងច្បាស់ ដោយសារពេលនោះ ខ្ញុំពាក់នាឡិកា Pierce ៤ ជ្រុង ហើយ​វា​តូចទេ … លោកជំទាវ ខែក ស៊ីសូដា (ណានូ) បានប្រាប់ថាសម្តេចត្រូវទៅមុនគេ គឺម៉ោង ៩ សម្តេច​ទៅ​ដល់។ អញ្ចឹងទេ ខ្ញុំបានមើលនាឡិកា។ ឡានកំពុងបើកទៅកន្លែងព្រះអង្គចេកព្រះអង្គចម មកដំណាក់​ព្រះ​ករុណា។ នៅសល់ប្រហែលជា ៤ នាទី មុនម៉ោង ៩ ដោយសារខ្ញុំមិនជឿលើសមត្ថភាព នៃនា​ឡិ​កា​របស់ខ្ញុំៗ ក៏ខំមើលទៅម៉ោងនៅក្នុងឡាន … ស្រាប់តែក្រឡេកទៅឃើញគ្រាប់រត់កាត់ពីមុខ ពីលើដំបូល​មុខ ប្រហែលជាមួយចង្អាម ប្រហែលជាមួយចង្អាមពីកញ្ចក់។ … តៃកុងឡានជាន់ហ្វ្រាំងគ្រឹប។ ខ្ញុំថាទៅ​ទៀត។ ៤ គ្រាប់។ ឆេះមួយគ្រាប់។ បើសិនជាមកទាំង ៤ ច្បាស់ហើយ គឺគ្មាននៅសល់ឆ្អឹង នៅសល់​ឆ្អែង​ទេ។ ប៉ុន្តែ អានេះវារត់ទៅម្ខាង ទៅស្លាប់ប្រជាជនម្នាក់ កូនក្មេងម្នាក់ ហើយនិងរបួសម្នាក់។ គេអាចធ្វើទៅ​រួច ដើម្បីដណ្តើមជីវិតរបស់ខ្ញុំ។

ខ្ញុំជឿចិនសែម្នាក់ រឿងនេះបកក្រោយបន្តិចវិញ នៅឆ្នាំ ១៩៩២ ខ្ញុំ​ធ្វើដំណើរទៅប៉េកាំង  ដើម្បីប្រជុំ SNC។  កាល​ពីពេលនោះ មានប្រជុំ SNC នៅប៉េកាំងម្តង ឆ្នាំ ១៩៩២ … ខ្ញុំក៏ត្រឡប់មកវិញតាមហុងកុង មក​ដល់​ចិនសែ កាលហ្នឹងតាស្រ៊ុនគាត់នៅរស់ គាត់ហៅចិនសែមកមើល។ គាត់ថានៅពេលដែលលោកឯងអាយុ ៤៦ ឆ្នាំ លោកឯងជួបការលំបាកណាស់ ប៉ុន្តែមិនស្លាប់ទេ ប្រៀបដូចជាព្រាយបិសាចមកលងអញ្ចឹង តែ​នៅ​ពេលដែលលោកឯងចាប់ពីអាយុ ៤៦ ឆ្នាំទៅ គ្មានអ្នកណាធ្វើអីបានទេ។ អញ្ចឹងនៅពេលដែលគេ​បាញ់​ខ្ញុំហ្នឹង ខ្ញុំចាប់ចូលអាយុ ៤៦ ឆ្នាំតែម្តង … គេថាអាគមផ្សំអាយូស … គេលើកដៃសម្លាប់ខ្ញុំបាន តែខ្ញុំ​គ្រាន់​តែអនុវត្តច្បាប់ ដើម្បីការពារនូវប្រទេសជាតិ ម៉េចក៏ខ្ញុំធ្វើមិនបាន? ម្សិលមិញខ្ញុំនិយាយជា​មួយកម្មករ​អញ្ចឹង​ដែរ។ គេលើកដៃប្រហារជីវិតខ្ញុំ តាមរយៈដាក់គ្រាប់បែកបួនគ្រាប់ ដែលអាចថាគ្មានឆ្អឹងគ្មានឆ្អែងទេ បើសិន​ជាវាផ្ទុះទាំង ៤ គ្រាប់ មិនចាំបាច់ត្រូវទេ គ្រាន់តែវាផ្ទុះកន្លែងហ្នឹង គឺវាគ្រប់គ្រាន់ដើម្បី​នឹងការ​ស្លាប់​ហើយ។ ម៉េចក៏គេធ្វើបាន? ឯខ្ញុំគ្រាន់តែអនុវត្តច្បាប់ ដែលមាន ដែលច្បាប់បានចែងថាអំពើក្បត់ជាតិ​ វាត្រូវ​មាន​ទោសបែបណា ម៉េចក៏ខ្ញុំធ្វើមិនបាន។

កម្ពុជាមានច្បាប់ មិនអាចជំនួសដោយច្បាប់របស់ប្រទេសណានោះទេ

ខ្ញុំធ្វើមិនមែនដើម្បីជីវិតខ្ញុំម្នាក់ទេ ដើម្បីសេចក្តីសុខរបស់ប្រទេសមួយ ប្រជាជាតិមួយ ហើយក៏ដើម្បីឯករាជ្យ អធិបតេយ្យរបស់ប្រទេសមួយដែរ ​ម៉េចក៏យើងធ្វើមិនបាន? គេទម្លាក់គ្រាប់បែកលើប្រទេសរបស់យើង សម្លាប់ប្រជាជនយើងរាប់សែន រាប់លាននាក់ ម៉េចក៏គេធ្វើបាន? អង្គការសហប្រជាជាតិទទួល​ស្គាល់​ខ្មែរ​ក្រហមឲ្យអង្គុយនៅអង្គការសហប្រជាជាតិ ម៉េចក៏គេធ្វើបាន ឯខ្ញុំគ្រាន់តែដឹកនាំ ដើម្បីអនុវត្តច្បាប់ ការ​ពារ​នូវសន្តិសុខជាតិ ការពារឯករាជ្យអធិបតេយ្យរបស់ប្រទេស ម៉េចក៏ធ្វើមិនបាន? នេះជាចំណុចដែល​ត្រូវ​ចោទ​សួរ។ យើងនឹងបន្តធ្វើដោយគ្មានការរួញរា គ្មានញញើតជាមួយនឹងអ្វីទាំងអស់ ដើម្បីការរស់រាន​មាន​ជីវិត ការគង់វង្សនូវសមិទ្ធផល ដែលយើងរកបានដោយលំបាក មិនមែនជាការងាយស្រួលទេ ទម្រាំបាន​​ប៉ុណ្ណេះ។ យើងមើលផ្លូវក្រវាត់ក្រុងសព្វថ្ងៃនេះ អាផ្លូវក្រវាត់ក្រុងមិនមែនផ្លូវទេ ពីដើមនោះ អាហ្នឹងគឺសម្រាប់​ជា​ទី​តាំងការពារ កុំឲ្យខ្មែរក្រហមវាយចូលសៀមរាបតើ។ ប៉ុន្តែ ឥឡូវវាក្លាយទៅជាផ្លូវវាងទីក្រុងរួច​ស្រេច​​ទៅ​ហើយ។ យើងត្រូវរួមថែរក្សាវា។ ចង់ការពារនូវសមិទ្ធផល ចង់ការពារនូវមុខរបរ ចង់ការពារនូវការងារ ដែលយើងបាន និងកំពុងមាន ចាំបាច់ណាស់ត្រូវរួមគ្នារក្សាសន្តិភាព ស្ថេរភាព​ឲ្យខានតែបាន។ បើមិន​ដូច្នោះ​ទេ រឿងរ៉ាវវានឹងកើត។

ឥឡូវបញ្ហានៅលើពិភពលោក កាន់តែច្រើនហើយ បន្ទាប់ពីប្រជាមតិ នៅតំបន់ Kurds របស់អ៊ីរ៉ាក់​ដែល​កំ​ពុង​ចម្រូងចម្រាស់ ម្សិលមិញនេះ ប្រជាមតិនៅប្រទេសអេស្ប៉ាញទៀត ដែលចង់ផ្តាច់ខ្លួននៅក្នុងប្រទេស​អេ​ស្ប៉ាញ ហើយប៉ូលីសអេស្ប៉ាញ ទៅរឹបអូសយកសន្លឹកឆ្នោតប្រជាមតិ។ តើប៉ូលីសអេស្ប៉ាញ​គាត់គោ​រព​សិទ្ធិ​មនុស្សឬអត់? បើសិនជាយើងវិញ គេថាយើងរំលោភសិទ្ធិហើយ ប៉ុន្តែ រដ្ឋធម្មនុញ្ញអេស្ប៉ាញ​មិន​តម្រូវ​ឲ្យ​មានអ្នកណាទៅធ្វើអបគមន៍ទេ។ ដូច្នេះ រដ្ឋបាលអេស្ប៉ាញចាំបាច់ ត្រូវតែប្រើនូវគ្រប់វិធីដើម្បីរាំងស្កាត់​ការ​ធ្វើប្រជាមតិ។ សម្រាប់កម្ពុជាមានច្បាប់ដោយឡែករបស់កម្ពុជា ដែលកម្ពុជាខ្លួនឯងជាអ្នកកសាង នូវ​រដ្ឋមួយនេះ មិនអាចជំនួសដោយច្បាប់របស់ប្រទេសណានោះទេ។

គ្រប់ទីកន្លែងតំបន់ទេសចរណ៍ទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្ន នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង

ខ្ញុំសុំនិយាយប៉ុណ្ណឹងទៅចុះ ហើយសៀមរាបនៅពេលនេះក៏ភ្លៀងច្រើនរហូតទៅដល់ដក់ទឹក អាចនឹង​មាន​ការ​បន្តភ្លៀងបន្ថែមទៀត។ គ្រប់ទីកន្លែងក៏ត្រូវមានការប្រុងប្រយ័ត្នភ្លៀងនេះ អាចបង្កើតទៅជាការជន់លិច នូវ​តំបន់ខ្លះៗ ដែលទាមទារឲ្យអាជ្ញាធរគ្រប់ទីកន្លែង និងប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន កន្លែងណាដែល​អាច​ធ្វើទៅបាន ដើម្បីទម្លាក់ទឹកឲ្យបានឆាប់ ឲ្យបានលឿន រកវិធីដោះស្រាយដើម្បីទម្លាក់ទឹកនេះចេញ ចៀស​វាងនូវការកើនឡើង។ នៅសៀមរាបនេះ ឃើញទូរទស្សន៍ផ្សាយនៅតំបន់ណាមួយនោះ នៅស្រុក​ណា​មួយនោះ មានអ្នកណាធ្វើឲ្យទឹកហូរទៅលិចស្រែប្រជាពលរដ្ឋ ដូចជានៅតាមផ្លូវជាតិលេខ ៦ ហ្នឹង។ នៅក្នុងទីក្រុងនេះ យើងធ្លាប់ដឹងហើយ ជាទីក្រុងងាយនឹងលិច ហើយយើងក៏បានធ្វើការកាយដីទប់ទំនប់ ប្រឡាយឯណានោះ។ មើលផងឯកឧត្តមអភិបាលខេត្ត ថាមានអ្នកភ្នំពេញមកកាយទំនប់ កាយ​ប្រឡាយ​នៅ​ត្រង់ប្រព័ន្ធរំដោះទឹកបានមួយចំនួនដែរ ប៉ុន្តែ បើសិនជាវាមានហេតុការកើតឡើង យើងអាច​ប្រើ​ប្រាស់​មធ្យា​បាយ​គួប​ផ្សំ រាប់ទាំងការប្រើប្រាស់ម៉ាស៊ីនធុនធំ ដើម្បីបូមចេញឲ្យបានឆាប់បន្តិច តាមដែលអាច​ធ្វើ​ទៅបាន ហើយជួនកាលព្រឹបៗ ដូចជាឆ្នាំណានោះ ឆ្នាំ ២០១១ ជំនន់ពីបន្ទាយស្រីត្រឡប់មកវិញ។

គ្រប់ទីកន្លែងទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្ន នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង បង្កើតឲ្យមានបញ្ហា។ តំបន់ទេសចរណ៍នានា ត្រូវតាមដានអំពីបញ្ហាហ្នឹង។ បើសិនជាមានស្ថានភាព ដែលវាផ្តល់ការលំបាក ត្រូវតែមានការប្រុងប្រយ័ត្ន ហើយដោះស្រាយជូនអ្នកទេសចរ មិនថាទេសចរក្នុងស្រុក ឬទេសចរក្រៅ​ស្រុក​​ទេ។ សម្រាប់ប្រជាជនក្នុងមូលដ្ឋាន គឺគាត់មានផ្ទះសំបែង មានទួលសុវត្ថិភាពរបស់គាត់ ប៉ុន្តែ សំរាប់ទេ​ស​ចរមិនមានទេ។ ខ្ញុំបញ្ចប់ត្រឹមប៉ុណ្ណឹង ជាមួយនឹង​ការប្រកាសម្ពោធដាក់ឲ្យដំណើរការជា​​ផ្លូវការសណ្ឋាគារ​សុខា​សៀមរាប ដែលកសាងវិនិយោគ ដោយក្រុមហ៊ុន សុខា អូតែល …៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ