ភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦–ខួបអនុស្សាវរីយ៍លើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦(ថ្ងៃ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៦) ត្រូវបានគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំធ្វើឡើងនៅឯបរិវេណវិមាឯករាជ្យ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
យាង និងអញ្ជើញចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិនេះដែរ មានព្រះរាជវត្តមាន សម្ដេចព្រះអគ្គមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយករង សម្ដេចព្រះសង្ឃ និងវត្តមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ កាយរឹទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សម្ពន្ធយុវជនស្រឡាញ់សន្តិភាព និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ នៅក្នុងពិធីនោះដែរ បន្ទាប់ពីពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន សព្វព្រះរាជហឫទ័យស្ដេចយាងប្រទានកម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ព្រមទាំងយាងប្រទាន ភ្លើងជ័យ ដែលដង្ហែអមព្រះរាជដំណើរដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះរាជវត្តមាន សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃឋានានុក្រម ៩អង្គ ស្វាធ្យាយជយន្តោ ផងដែរ។ បន្ទាប់មកព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្ដេចយាងក្នុងពិធីបង្ហោះ ប៉េងប៉ោង និងលែងព្រាប ដែលជានិមិត្តរូប នៃសុខសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ដោយឡែកនៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសរសេរថា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។ ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧៣ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរម្លឹក ឱ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។ បើតាមផែនការណែនាំរបស់គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា ក្នុងព្រះរាជពិធីប្រទាន ភ្លើងជ័យ និងព្រះរាជពិធីពន្លត់ភ្លើងជ័យ ក៏មានរៀបចំការអុជកាំជ្រួចរយៈពេល២ថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៩:០០នាទីយប់ នៅមុខព្រះបរមរាជវាំង និងមានក្រុមតន្ត្រីសម័យ បុរាណ សម្ដែងនិងប្រគុំជូនប្រជារាស្ត្រទស្សនាកម្សាន្ត នៅតាមទីសាធារណៈមួយចំនួនដែលបានកំណត់ផងដែរ។ ជាមួយគ្នានេះ ព្រះរាជពិធីពន្លត់ភ្លើងជ័យនឹងប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។
គួររម្លឹកផងដែរថា ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ច របស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ ពីអាណានិគមបារាំង។
តាមប្រវត្តិសាស្ត្រ បារាំងបានដាក់អាណានិគម គ្រប់គ្រងលើប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបប្រទេសបារាំង ប្រកាសប្រគល់ឯករាជ្យពេញលេញដល់កម្ពុជាវិញ៕ -AKP-
ដោយ៖ ជឹម ណារី













