(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥ មុននឹងបន្តនីតិវិធីដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិនិត្យ និងសម្រេចនាពេលខាងមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍បើកកិច្ចប្រជុំថា ស្ថិតិមានសារៈសំខាន់ និងចាំបាច់សម្រាប់កម្ពុជា ទាំងក្នុងការដឹកនាំប្រទេស និងក្នុងការគ្រប់គ្រងការរៀបចំ ការអនុវត្ត និងការតាមដានវាយតម្លៃលើការអនុវត្តគោលនយោបាយ ផែនការ កម្មវិធី និងគម្រោងនានារបស់រាជរដ្ឋាភិបាល។ ដូចនេះ ការប្រមូល ការរៀបចំ និងការចងក្រងទិន្នន័យ ត្រូវមានគុណភាព សុក្រឹត្យភាព និងទាន់ពេលវេលា ហើយត្រូវមានការគិតគូរលើការរួមបញ្ចូលនិងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត (AI) និង Big Data ជាពិសេសត្រូវមាន ស្តង់ដាមួយ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើសមាហរណកម្មទិន្នន័យរវាងក្រសួងស្ថាប័នពាក់ព័ន្ធផង និងជាមួយសហគមន៍អាស៊ាននិងសកលលោកផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ទិន្នន័យគឺជាទ្រព្យ (Asset) របស់ប្រទេសជាតិ ហើយក្នុងសម័យកាលនៃព័ត៌មានវិទ្យានេះ ទិន្នន័យបានក្លាយទៅជាផលិតផល (Product) និងហេដ្ឋារចនាសម្ព័ន្ធ (Infrastructure) ដ៏សំខាន់ នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចឌីជីថល។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះក្រសួងផែនការ និងវិទ្យាស្ថានជាតិស្ថិតិ ដែលបានខិតខំរៀបចំគោលនយោបាយដ៏មានសារៈសំខាន់នេះឡើង ស្របតាមស្ថានភាពវិវត្តន៍នៃសង្គម-សេដ្ឋកិច្ចកម្ពុជា និងច្បាប់ស្តីពីស្ថិតិ។ មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណចំពោះតំណាងក្រសួង ស្ថាប័ន ដែលបានផ្តល់ធាតុចូល និងមតិយោបល់ ដើម្បីកែលម្អសេចក្តីព្រាងគោលនយោបាយនេះឱ្យកាន់តែប្រសើរឡើង និងបានផ្តល់ការណែនាំដល់ក្រសួងផែនការធ្វើការកែសម្រួល ស្របតាមសា្មរតីនៃការពិភាក្សារបស់អង្គប្រជុំ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់ការណែនាំដល់ក្រសួងផែនការសម្រួចអាទិភាព និងកំណត់គោលដៅឱ្យកាន់តែច្បាស់លាស់ ដោយផ្តោតលើស្ថិតិណាដែលចាំបាច់ និងមានប្រយោជន៍ និងត្រូវចង្អុលបន្ថែមអំពីការរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ ដែលមានផែនការសកម្មភាព និងសូចនាករ (KPIs) ជាក់លាក់និងអាចវាស់វែងបាន ដើម្បីធានាឱ្យការអនុវត្តគោលនយោបាយមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាផ្លែផ្កា ពិសេសពាក់ព័ន្ធនឹងការរៀបចំស្តង់ដាស្ថិតិ និងការបណ្តុះបណ្តាលធនធានមនុស្ស និងការបំពាក់ធនធានហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ក៏ត្រូវពន្លឿនការធ្វើបច្ចុប្បន្នកម្មក្របខណ្ឌគតិយុត្តពាក់ព័ន្ធ ដើម្បីផ្តល់ការបំពេញបន្ថែម និងគាំទ្រដល់ការអនុវត្តគោលនយោបាយនេះ ដោយគិតគូរផងដែរទាំងលក្ខខណ្ឌលើកទឹកចិត្ត និងទាំងលក្ខខណ្ឌចាប់បង្ខំឱ្យអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន ក្នុងការប្រមូលចងក្រងនិងគ្រប់គ្រងស្ថិតិផ្លូវការដែលបានចាត់តាំងតាមវិស័យរបស់ខ្លួន។



















