ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ គឺជាខួបគម្រប់មួយឆ្នាំគត់នៃការចាប់ផ្តើមសង្គ្រាមឈ្លានពានទឹកដីកម្ពុជាទាំងបំពានពីសំណាក់កងកម្លាំងយោធាថៃ។ វាគឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំមិនភ្លេចអំពីការរំលោភបំពានមកលើអធិបតេយ្យភាព បូរណភាពទឹកដី រំលោភលើសិទ្ធិមានលំនៅឋានសមរម្យ សិទ្ធិជៀសផុតពីការជ្រែតជ្រែកលើលំនៅឋាន ពីការរឹបអូស ឬលួចយកទ្រប្យសម្បត្តិឯកជន ដែលច្បាប់អន្តរជាតិបានហាម។
ជនស៊ីវិលស្លូតត្រង់កម្ពុជាជាច្រើនបានរងគ្រោះដោយគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកពីលើអាកាសចូលជ្រៅក្នុងទឹកដីកម្ពុជាពីសំណាក់យោធាថៃ ខណៈដែលជនភៀសសឹកជិត ៦៥ម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងដោយបង្ខំ។ កុមារកម្ពុជាជាច្រើនបានឃ្លាតឆ្ងាយពីសាលា ខណៈដែលហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានរងការបំផ្លាញ។ រហូតមកទល់ពេលនេះ នៅមានជនភៀសសឹកប្រមាណជា ២ម៉ឺននាក់ទៀតក្នុងនោះភាគច្រើនជាស្ត្រី និងកុមារនៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញបាននៅឡើយដោយសារតែការរារាំងដោយរបងលួស ទូរកុងតឺន័រ និងបញ្ហាសុវត្ថិភាព។
យើងក៏ចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខដែលបានតស៊ូយ៉ាងស្វិតស្វាញ ក្រាញននៀល បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន។ វីរភាពដ៏អង់អាចក្លាហាននេះ ត្រូវបានចារទុកក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដោយគ្មានថ្ងៃអាចបំភ្លេចបានឡើយ។ ព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំដែរនោះ គឺកម្លាំងមហាសាមគ្គីជាតិខ្មែរបានផុសឡើងគ្រប់ទិសទី ដើម្បីជ្រោងទង់ជាតិខ្មែរ និងបញ្ចេញសំឡេងយ៉ាងកងរំពងដើម្បីការពារបូរណភាពទឹកដី ប្រឆាំងការឈ្លានពាន និងប្រកាសប្រាប់សហគមន៍អន្តរជាតិអំពីការបំពានយ៉ាងកម្រោលរបស់កងកម្លាំងថៃមកលើបូរណភាពទឹកដីកម្ពុជា។
ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា តាមរយៈការងារការទូតយ៉ាងសកម្ម បទឈប់បាញ់លើកទី១ ត្រូវបានរកឃើញនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការជួយជ្រោមជ្រែងរបស់អន្តរជាតិជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ីក្នុងនាមប្រធានប្តូរវេនអាស៊ាន។ ៣ខែក្រោយមក សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពក៏ត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានជាសាក្សីរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ឯកឧត្តម ដូណល ជេ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម ប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។
ទោះជាយ៉ាងនេះក្តី កងកម្លាំងប្រដាប់អាវុធថៃបានបំពានកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមនេះ ហើយបានបើកការវាយប្រហារជាលើកទី២ មកលើកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយបានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទដូចជា កាំភ្លើងផ្លោង គ្រាប់បែកចង្កោម និងយន្តហោះទម្លាក់គ្រាប់បែក F-16 និង Gripen ចូលជ្រៅក្នុងទឹកដីកម្ពុជា។ ពួកគេបានប្រើកម្លាំងដណ្តើមកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ក្នុងតំបន់មួយចំនួននៅតាមបណ្តោយព្រំដែនដោយបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ។ ជាថ្មីម្តងទៀត ក្រោមកិច្ចខិតខំធ្វើការងារការទូតយ៉ាងសកម្ម កិច្ចព្រមព្រៀងឈប់បាញ់លើកទី២ ក៏ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)។ តាមរយៈកិច្ចព្រមព្រៀងនេះ យោធិនកម្ពុជា ១៨រូប ដែលយោធាថៃបានចាប់ខ្លួនដោយខុសច្បាប់ក៏ត្រូវបានដោះលែងឱ្យត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
ទោះជាសេចក្តីប្រកាសរួមនេះ បានបញ្ជាក់ច្បាស់ពីការឈរជើងនៅមួយកន្លែង និងហាមធ្វើសកម្មភាពរុលចូលក្នុងទីតាំងនៃភាគីម្ខាងទៀត ហើយត្រូវប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ដើម្បីវាស់វែងខណ្ឌសីមាព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឱ្យបានឆាប់បំផុតតាមកិច្ចព្រមព្រៀងដែលមានស្រាប់ក៏ដោយ ក៏កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តបំពានកិច្ចព្រមព្រៀងនេះ ដោយបានដាក់រាយបន្លាលួស ទូរកុងតឺន័រ និងធ្វើសកម្មភាពបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរ ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងសាងសង់សំណង់ថ្មីដើម្បីបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (Fait Accomplis) ក្នុងចេតនាចង់កាន់កាប់ទឹកដីកម្ពុជាជាអចិន្ត្រៃយ៍។
ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាសតវ៉ាជាផ្លូវការ និងយ៉ាងខ្លាំងក្លាប្រឆាំងនឹងអំពើរំលោភលើដែនអធិបតេយ្យកម្ពុជាទាំងបំពាននេះ។ ក្រសួង ស្ថាប័នពាក់ព័ន្ធបានធ្វើការយ៉ាងសកម្មដោយគ្មានធ្វេសប្រហែសឡើយ។ ការតវ៉ានេះមានសារសំខាន់មិនអាចខ្វះបានដើម្បីបង្កើតទឡ្ហីករណ៍ផ្លូវច្បាប់រឹងមាំសម្រាប់ការពារបូរណភាពទឹកដីកម្ពុជាចេញពីការកាន់កាប់ដោយខុសច្បាប់ និងរង់ចាំដំណោះស្រាយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ តម្លាភាព តាមយន្តការទ្វេភាគីដោយផ្អែកលើច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនដោយចាត់ទុកជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។
តាមរយៈការទូតសកម្មនេះ សហគមន៍អន្តរជាតិបានដឹងលឺយ៉ាងទូលំទូលាយអំពីភាពជាអ្នករងគ្រោះរបស់កម្ពុជាពីការរំលោភបំពានរបស់ថៃ និងបានគាំទ្រជំហរការពារបូរណភាពទឹកដីកម្ពុជាតាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។ ជាក់ស្តែង សភានៃប្រទេសនិយាយភាសាបារាំង(APF) បានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដោយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់លើជនស៊ីវិលកម្ពុជា និងសកម្មភាពឯកតោភាគីរបស់ថៃ ដោយទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀង និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការ JBC។ សហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហានេះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយតាមរយៈការប្រើកម្លាំងនោះឡើយ និងសូមបញ្ជាក់ថា បន្លាលួស និងទូរកុងតឺន័រ មិនអាចជំនួសខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរបានជាដាច់ខាត៕
សូមអរគុណ!




