ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីការងារការទូតសកម្មរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដូចតទៅ៖
ទី១៖ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន។ ការតវ៉ានេះធ្វើឡើង បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ នៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានឈូសឆាយដីធ្វើផ្លូវថ្មីនៅចន្លោះបង្គោលព្រំដែនលេខ៨ និងលេខ៩ ក្នុងតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលរំលោភចូលជ្រៅទៅក្នុងទឹកដីកម្ពុជា។ បន្ទាប់មក នៅចន្លោះថ្ងៃទី១៥ ដល់១៩ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបន្តឈូសឆាយដីធ្វើផ្លូវ និងរាយបន្លាលួស នៅចន្លោះបង្គោលព្រំដែនលេខ១៩ និងលេខ២០ ក្នុងតំបន់ជប់ដើមខ្នុរ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដូចដែលបានកំណត់និងខណ្ឌសីមាតាមផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។ សកម្មភាពទាំងនេះក៏រំលោភបំពានលើមាត្រា៥ នៃអនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក ឬ(MoU ឆ្នាំ២០០០) ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ដើម្បីបន្តការងារវាស់វែង និងបោះ
បង្គោលព្រំដែនឱ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។
រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ប្រទេសថៃឡើយ ហើយកម្ពុជាប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍ថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ។ ចំណែកឯសកម្មភាពដែលបានរៀបរាប់ខាងលើក៏មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនដែរ។
រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានលើកឡើងខាងលើ ក៏ដូចជានៅតំបន់ផ្សេងទៀតដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីឆ្នាំ២០២៥ ដើម្បីកាត់បន្ថយភាពតានតឹង និងជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងជំហានឆ្ពោះទៅការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែននៃប្រទេសទាំង២។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។
ទី២៖ កម្ពុជារាយការណ៍ជូនគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អំពីការខូចខាតប្រាសាទព្រះវិហារ៖ ក្នុងឱកាសចូលរួមសម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជម្រាបជូនអង្គប្រជុំថា រចនាសម្ព័ន្ធប្រាសាទព្រះវិហារ បានរងការខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហារកាលពីខែកក្កដា ឆ្នាំ២០២៥ ខណៈដែលសហគមន៍មូលដ្ឋានដែលបានបង្ខំចិត្តផ្លាស់ទីលំនៅដើម្បីគេចពីការវាយប្រហារ នៅតែមិនទាន់អាចចូលទៅកាន់ទីសក្ការបូជាដែលជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌ ប្រពៃណី សាសនា និងអត្តសញ្ញាណរបស់ពួកគេបានជាធម្មតាវិញនៅឡើយទេ។
លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ដោយមានការគាំទ្រពីមូលនិធិសង្គ្រោះបន្ទាន់សម្រាប់បេតិកភណ្ឌរបស់អង្គការយូណេស្កូ (UNESCO Heritage Emergency Fund) និងដៃគូអន្តរជាតិផ្សេងទៀត កម្ពុជាបានអនុវត្តវិធានការបន្ទាន់ជាច្រើន រួមមានការបោសសម្អាតគ្រាប់បែកចង្កោម និងបំណែកគ្រាប់កាំភ្លើងធំ ការរៀបចំឯកសារ 3D នៃប្រាសាទ, ការការពារសំណង់ដែលងាយរងគ្រោះ និងការចុះបញ្ជី ព្រមទាំងរៀបចំឯកសារបំណែកស្ថាបត្យកម្មនានា ដើម្បីគាំទ្រដល់ការងារអភិរក្ស និងជួសជុលឡើងវិញនាពេលអនាគត។
គណៈប្រតិភូកម្ពុជា ក៏បានទាក់ទាញការយកចិត្តទុកដាក់របស់គណៈកម្មាធិការចំពោះការបន្តវត្តមានរបស់កងកម្លាំងយោធាថៃនៅតំបន់ជុំវិញ ក្បែរប្រាសាទព្រះវិហារ ព្រមទាំងសកម្មភាពឯកតោភាគីដទៃទៀតដើម្បីបង្កើតស្ថានភាពជាក់ស្តែង (fait accompli) នៅលើដី ដែលប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា និងបង្កហានិភ័យនៃការខូចខាតបន្ថែមទៀត។ លោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រទេសថៃគោរពច្បាប់អន្តរជាតិ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែន តាមរយៈគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ ស្របតាមសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងបានគូសបញ្ជាក់ថា សោកនាដកម្មដែលបានកើតឡើងចំពោះប្រាសាទព្រះវិហារ គឺជាការរំលឹកដល់សហគមន៍អន្តរជាតិថា ការការពារបេតិកភណ្ឌពិភពលោក គឺជាការការពារសន្តិភាព កិច្ចសន្ទនា និងការទទួលខុសត្រូវរួមរបស់មនុស្សជាតិ៕
សូមអរគុណ!



