នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nayef Al-Fayez អគ្គនាយករង ទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ នៅក្នុងអំឡុងសម័យប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម ដែលត្រូវបានជ្រើសរើសនិងផ្តល់សេចក្តីទុកចិត្តឱ្យបំពេញការងារយ៉ាងសំខាន់ជា អគ្គនាយករង ទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ និងថ្លែងអំណរគុណដល់ ឯកឧត្តម ដែលបានបញ្ជូនរបាយការណ៍នៃបេសកកម្មរបស់អ្នកជំនាញគណៈកម្មការបេតិកភណ្ឌពិភពលោក និងអ្នកជំនាញការ ICOMOS ដែលបានបំពេញបេសកកម្មការងារនៅប្រាសាទព្រះវិហារកាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៦កន្លងទៅ តបតាមការអញ្ជើញរបស់កម្ពុជា។
លោកជំទាវ រដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរ ចំពោះគុណភាពរបស់របាយការណ៍ដែលមានលក្ខណៈបច្ចេកទេសគ្រប់ជ្រុងជ្រោយ សុក្រឹត្យ និងឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែង ដែលបាននិងកំពុងកើតឡើងនៅប្រាសាទព្រះវិហារ។ លោកជំទាវ រដ្ឋមន្រ្តី ក៏បានជម្រាបជូន ឯកឧត្តម អគ្គនាយករង អំពីបំណងរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលបេតិកភណ្ឌអរូបី នៅឆ្នាំណាមួយក្នុងអំឡុងពេលដែលកម្ពុជា ជាសមាជិកគណៈកម្មាធិការចាប់ពីឆ្នាំ២០២៦ រហូតដល់២០៣០ ខាងមុខនេះ។
ឯកឧត្តម អគ្គនាយករង បានសន្យានឹងគាំទ្រសំណើធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ហើយក៏បានបញ្ជាក់អំពីកិច្ចគាំទ្ររបស់យូណេស្កូ និងក្នុងនាមរបស់ ឯកឧត្តម ផ្ទាល់ក្នុងការតាមដានយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារ ដោយនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌៕ -AKP-

