នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary Entertainment and Culture Group Ltd., និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាប្រតិបត្តិបានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន Legendary Entertainment and Culture Group Ltd., ជាវេទិកាសមាហរណកម្មទេសចរណ៍ និងកម្សាន្តឈានមុខគេមួយលើការអភិវឌ្ឍ, ការគ្រប់គ្រង និងការប្រតិបត្តិការទ្រព្យសកម្មវប្បធម៌កម្រិតខ្ពស់,ការសម្តែងទស្សនីយភាពផ្ទាល់ ព្រមទាំងការកម្សាន្តបែបទំនើប (Immersive Attraction) នៅទូទាំងតំបន់អាស៊ី។ បច្ចុប្បន្ន, ក្រុមហ៊ុនមានអាជីវកម្មស្នូលចំនួន ៣ រួមមាន៖ (១). ប្រតិបត្តិការសួនកម្សាន្ត និងការសម្តែងទស្សនីយភាពផ្ទាល់នៅទូទាំងតំបន់អាស៊ី ក្រោមក្របខ័ណ្ឌដៃគូសហការជាមួយក្រុមហ៊ុនសួនកម្សាន្តបារាំង Puy du Fou, (២). ប្រតិបត្តិការសារមន្ទីរលំដាប់ 3D បែបបច្ចេកវិទ្យាទំនើប (Tech-enabled immersive 3D museums), និង (៣). ការដំណើរការអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈ និងសេវាកម្មបដិសណ្ឋារកិច្ច (F&B and Hospitality) ។ ទន្ទឹមនឹងនេះ, លោកស្រីនាយិកាក៏បានជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពនៃគម្រោង «Immersive Angkor» នៅក្នុងខេត្តសៀមរាប ដែលជាគម្រោងទាក់ទាញទេសចរដ៏លេចធ្លោ និងជាអត្តសញ្ញាណរបស់ក្រុមហ៊ុន (company’s flagship) នៅកម្ពុជា។ គម្រោងនេះនឹងត្រូវបង្កើតឡើងជាសារមន្ទីរ 3D បែបបច្ចេកវិទ្យាទំនើបដំបូងគេបង្អស់ នៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីមរតកវប្បធម៌ខ្មែរ ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ខាងមុខនេះ។ បន្ថែមលើនេះ, លោកស្រីនាយិកាប្រតិបត្តិក៏បានបង្ហាញអំពីផែនការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងការវិនិយោគលើគម្រោងថ្មីៗបន្ថែមទៀតនៅកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍, ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់អន្តរជាតិ។
ជាការឆ្លើយតប, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងបានកោតសរសើរចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាការផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ថា ជាមួយការដាក់ចេញនូវយន្តការផ្សព្វផ្សាយពីវប្បធម៌ និងអរិយធម៌កម្ពុជា ទៅកាន់ពិភពលោក, រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បង្កើតសកម្មភាពកម្សាន្តចម្រុះបន្ថែម ដូចជា ការទស្សនាតំបន់ប្រាង្គប្រាសាទ និង ការរៀបចំសកម្មភាពទេសចរណ៍នាពេលរាត្រី ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនឡើង។
ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តស្វែងរកកាលានុវត្តភាពក្នុងការវិនិយោគបន្ថែមទៀត ដោយបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីធានាបាននូវភាពរលូន និងជោគជ័យក្នុងការវិនិយោគនៅកម្ពុជា៕







