សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការប្រារព្ធទិវាជាតិ អប់រំ បណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈជារៀងរាល់ឆ្នាំបាននិងកំពុងឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការកសាងមូលធនមនុស្សនៅកម្ពុជាអោយក្លាយជាសរសរទ្រូងដ៏ពិតប្រាកដនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធិភាព បរិយាប័ន្ននិងចីរភាពសំដៅលើកកម្ពស់ជីវភាពនិងសុខុមាលភាពរបស់ប្រជាជនកម្ពុជាជាបន្តបន្ទាប់និងកាត់បន្ថយគម្លាតវិសមភាពសង្គមជាលំដាប់ឆ្ពោះទៅបង្កើតសង្គមមួយដែលមាន សមធម៌ និងយុត្តិធម៌។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី «អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៩ឆ្នាំ២០២៦ ក្រោមប្រធានបទ TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមូលធនមនុស្សគឺជាដង្ហើមនៃវឌ្ឍនភាពសង្គមសេដ្ឋកិច្ចជាតិ ការកែច្នៃប្រជាជនកម្ពុជាអោយក្លាយទៅជាមូលធនមនុស្សពិតប្រាកដគឺស្មើនឹងការកែច្នៃគ្រាប់ពេជ្រដ៏ភ្លឺត្រចះនិងមានតម្លៃឥតគណនាចំពោះអាទិភាពនៃសង្គមស៊ីវីល័យនៅកម្ពុជា៕










