ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦

ថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីស្ថានការណ៍វិវត្តន៍ថ្មីៗដែលមានដូចតទៅ៖

ទី១៖ ច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់ហើយនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាត់ទុកជាការបណ្តុះស្មារតី និងមនសិការស្នេហាជាតិ ដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិ។ យោងតាមសម្តេចធិបតី គោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធា គឺការកសាងនូវសង្គមមួយប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់ មានភាពអង់អាចក្លាហាន មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលា ដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ដោយឥតលក្ខខណ្ឌ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្លាប់បានសង្កត់ធ្ងន់ថា៖ «សមត្ថភាពការពារជាតិនៃប្រទេសមួយ មិនមែនអាស្រ័យត្រឹមតែលើគ្រឿងសព្វាវុធ និងឧបករណ៍ទំនើបៗនោះទេ។ ប្រទេសជាតិមួយដែលខ្លាំងក្នុងកិច្ចការការពារជាតិ គឺដោយសារមានកងទ័ពដែលពោរពេញដោយភាពអង់អាចក្លាហាន មោះមុត និងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិដោយឥតលក្ខខណ្ឌ ព្រមទាំងមានប្រជាជនទាំងមូលនៅពីក្រោយ»។ ជារួម សម្តេចធិបតី នាយករដ្ឋមន្ត្រី មានក្តីប្រាថ្នាចង់ឃើញយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមោទនភាព ចំពោះការចូលបំពេញកាតព្វកិច្ចយោធាដោយចាត់ទុកថា នោះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមដែលខ្លួនបានហ្វឹកហាត់ចំណេះជំនាញមួយដ៏មានសារសំខាន់បំផុត ដែលអាចយកទៅប្រើប្រាស់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៅពេលណាដែលជាតិត្រូវការ ជំនួសឱ្យការព្រួយបារម្ភពីការខាតប្រយោជន៍ផ្ទាល់ខ្លួននៅពេលចូលបំពេញកាតព្វកិច្ចយោធារយៈពេល ២ឆ្នាំ។

សម្តេចធិបតី ចាត់ទុកបទពិសោធន៍ និងការឈឺចាប់រយៈពេលមួយឆ្នាំចុងក្រោយនេះ ជាគន្លឹះដែលយើងទាំងអស់គ្នាត្រូវចងចាំថា កម្ពុជាត្រូវតែពង្រឹងខ្លួនឯង ហើយកូនខ្មែរទាំងអស់ ជាពិសេសយុវជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវត្រៀមចិត្តដើម្បីជួយ។ សម្តេចក៏បានថ្លែងអំណរគុណចំពោះស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្មេង ទាំងចាស់ ទាំងនៅក្នុងនិងក្រៅប្រទេស ទាំងមន្ត្រីរាជការ និងវិស័យឯកជន ដែលបានចូលរួមជាមួយកងទ័ពយើងដើម្បីការពារជាតិ។ ទោះជាយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី មិនចង់ឱ្យស្មារតីនេះមានត្រឹមតែភ្លើងចំបើងទេ តែចង់ឱ្យស្មារតីនេះប្រែក្លាយទៅជាសកម្មភាពត្រៀមលក្ខណៈដ៏ពេញលេញមួយដើម្បីជួយប្រទេសជាតិ។

ទី២៖ តំណាងគណបក្សនយោបាយចំនួន ២៨ ដែលបានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលជំហរដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលជាមួយប្រទេសថៃ តាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើយន្តការការទូត និងច្បាប់អន្តរជាតិ។ ការគាំទ្របែបនេះត្រូវបានធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំរវាងគណបក្សសម្ព័ន្ធភាព ដែលបានបើកធ្វើនៅឯវិមាន ៧មករា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជាថ្មីអំពីជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដូចតទៅ៖ ក្នុងស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានឯកភាពគ្នា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការ JBC ដើម្បីធានាដំណោះស្រាយត្រឹមត្រូវ យុត្តិធម៌ និងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ។

កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ រាជរដ្ឋាភិបាលបានសម្រេចប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ ( Compulsory Conciliation) ដែលស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃបានសម្រេចលុបចោលនូវអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ ឬហៅថា MOU 2001។ ជំហរនេះក៏បានទទួលការគាំទ្រពេញទំហឹងពីស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ គឺព្រឹទ្ធសភានិងរដ្ឋសភា។ ដូច្នេះ ការគាំទ្រពីសំណាក់គណបក្សសម្ព័ន្ធភាពទាំង ២៨ លើដំណោះស្រាយបញ្ហាព្រំដែន បញ្ជាក់កាន់តែច្បាស់អំពីកម្លាំងមហាសាមគ្គី ឯកភាពជាតិខ្មែរដ៏រឹងមាំ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជា និងកៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្ដែង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Sadyr Japarov ប្រធានាធិបតី នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ
beylikdüzü escort escort beylikdüzü beylikdüzü escort