នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍គាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តួចផ្តើមយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីមានការដកខ្លួនជាឯកតោភាគីរបស់ភាគីថៃពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា នៅក្នុងឈូងសមុទ្រថៃ (ដែលភាគីថៃហៅកាត់ថា MOU ៤៤)។
ប្រភពដដែលបានបញ្ជាក់ថា អស់រយៈពេលជាង ២៥ ឆ្នាំមកនេះ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ បានបម្រើការ ជាក្របខ័ណ្ឌទ្វេភាគីតែមួយគត់ ដែលត្រូវបានព្រមព្រៀងគ្នាទៅវិញទៅមក ដែលតាមរយៈនោះ កម្ពុជា និងថៃ បានដោះស្រាយការទាមទារសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងក្នុងន័យស្ថាបនា ក្នុងស្មារតីសន្ទនា ការគោរពគ្នាទៅវិញទៅមក និងភាពជាអ្នកជិតខាងល្អ។ ព្រឹទ្ធសភាមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបញ្ចប់ជាឯកតោភាគីនៃក្របខ័ណ្ឌដ៏សំខាន់នេះ ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាច្រើនទសវត្សរ៍ និងធ្វើឱ្យយឺតយ៉ាវដល់ការដោះស្រាយបញ្ហាសមុទ្រដោយសន្តិវិធី រវាងប្រទេសទាំងពីរ។
ព្រឹទ្ធសភាជឿជាក់យ៉ាងមុតមាំថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងាកទៅរកយន្តការសន្តិវិធីដែលមានចែងក្នុងអនុសញ្ញា UNCLOS គឺជាទង្វើស្របច្បាប់ពេញលេញ ប្រកបដោយការទទួលខុសត្រូវ និងអនុលោមតាមច្បាប់អន្តរជាតិ។ ការប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ របស់កម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំចំពោះសន្តិភាព ការសន្ទនា នីតិរដ្ឋ និងការដោះស្រាយ វិវាទដោយសន្តិវិធី។
ព្រឹទ្ធសភាសូមបញ្ជាក់ជាថ្មីថា ឈូងសមុទ្រថៃត្រូវតែរក្សាទុកជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងវិបុលភាពរួម។ ក្នុងស្មារតីនេះ ព្រឹទ្ធសភាសូមសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីម្ខាងទៀតនឹងបន្តប្រកាន់ខ្ជាប់នូវស្មារតីនៃកិច្ចសន្ទនាដោយសន្តិវិធី និងការចូលរួមប្រកបដោយស្ថាបនា ក្នុងការដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នា ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញា UNCLOS។
ទន្ទឹមនេះផងដែរ ព្រឹទ្ធសភាកម្ពុជា ក៏បានបញ្ជាក់ជាថ្មី នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរ ប្រកបដោយគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តមិនងាករេចំពោះច្បាប់អន្តរជាតិ សន្តិភាពក្នុងតំបន់ និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ។ សន្តិភាពអាចស្ថិតស្ថេរទៅបាន លុះត្រាតែកិច្ចសន្ទនាត្រូវបានរក្សាកិច្ចព្រមព្រៀងត្រូវបានគោរព និងនីតិរដ្ឋនៅតែជាមូលដ្ឋានគ្រឹះរួម ក្នុងការដឹកនាំទំនាក់ទំនងរវាងប្រជាជាតិ និងប្រជាជាតិ៕






