ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦

នៅថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូនបងប្អូនជនរួមជាតិជ្រាបអំពីព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ពាក់ព័ន្ធនឹងកិច្ចការពារបូរណភាពទឹកដី ដែលផ្សារភ្ជាប់ជាមួយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលមានដូចតទៅ៖

ទី១. ពាក់ព័ន្ធនឹងកិច្ចការពារបូរណភាពទឹកដី និងប្រជាជនដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល៖ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីចូលមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញសារមួយតាមហ្វេសប៊ុកដោយរម្លឹកថា ចាប់តាំងពីបទឈប់បាញ់នៅខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ទាំងភាគីកម្ពុជានិងភាគីថៃ បានប្រកាន់ជំហរគោរពខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជានិងថៃ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងន័យនេះ កម្ពុជាសង្ឃឹមថា ភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ដែលចែងថា៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ»។

សម្តេចធិបតីបន្តថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការចម្រុះព្រំដែនទាំងពីរអាចចាប់ផ្តើមអនុវត្តការងារវាស់វែងឱ្យបានឆាប់រហ័សតាមស្មារតីដែលបានឯកភាពគ្នា ក្នុងសេចក្តីប្រកាសរួម (ចំណុចទី៣)នេះ ប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅរកការខណ្ឌសីមា និងបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់រវាងប្រទេសទាំងពីរដោយសន្តិវិធី ដែលជាមូលដ្ឋានសម្រាប់កសាងសន្តិភាពយូរអង្វែង និងអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ អាចរស់នៅដោយសេចក្តីសុខ។

នៅមុនបុណ្យចូលឆ្នាំថ្មីមួយថ្ងៃ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់ និងដោយប្រើកងកម្លាំងប្រដាប់អាវុធរបស់ថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់ពាក់ព័ន្ធផ្សេងៗទៀតដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ ការរៀបចំដំណើរទស្សនកិច្ចជាសាធារណៈ និងសកម្មភាពផ្សេងៗនៅតំបន់ទាំងនោះ ក៏បានបង្ហាញពីការប្រើប្រាស់អំណាច និងការគ្រប់គ្រងដោយខុសច្បាប់លើដែនដីកម្ពុជាដែរ។ ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ក៏បានប្រកាសបដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានថៃជាបន្តបន្ទាប់ដែលថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ដែលជាព័ត៌មានក្លែងក្លាយ និងផ្ទុយពីការពិតក្នុងចេតនាបង្កការបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ។

ទី២. ពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ៖ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ បានប្រព្រឹត្តទៅយ៉ាងអធិកអធមក្រៃលែង ក្នុងក្របខណ្ឌទូទាំងប្រទេសរយៈពេល៣ថ្ងៃតាមទំនៀមទម្លាប់ពីបុរាណ។ ដោយឡែក កម្មវិធីនគរសង្ក្រាន្តក្នុងរាជធានីភ្នំពេញ បានបន្តធ្វើរហូតដល់ថ្ងៃអាទិត្យ ទី១៩ ខែមេសានេះ។ គិតត្រឹមរយៈពេល៣ថ្ងៃ ពោលគឺពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៦ មានភ្ញៀវទេសចរក្នុងស្រុក និងបរទេសសរុបប្រមាណជាជាង ២១លាននាក់ឯណោះបានដើរលេងកម្សាន្តតាមបណ្តារាជធានីខេត្តទូទាំងប្រទេស។ ទន្ទឹមនឹងក្តីសប្បាយរីករាយនេះ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសមិនបានភ្លេចឡើយកាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាជនដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។

សមរភូមិក្រោយនិងសមរភូមិមុខត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ស្អិតរមួត តាមរយៈការចែករំលែកការសប្បាយរីករាយ ការលំបាក និងការផ្ញើសារសួរសុខទុក្ខក៏ដូចជាការចែករំលែកអំណោយជាសម្ភារៈ ថវិកា និងមនោសញ្ចេតនានឹករលឹក ដល់វីរយុទ្ធជនជួរមុខ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋភៀសសឹក។ ដូចដែលសម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី តែងតែបញ្ជាក់ម្តងហើយម្តងទៀតថា ថ្វីត្បិតតែយើងមានបញ្ហាព្រំដែន ប៉ុន្តែ យើងមិនត្រូវបណ្តោយឱ្យវិស័យផ្សេងទៀតជាប់គាំងលែងដំណើរការនោះឡើយ។ ផ្ទុយទៅវិញ កាន់តែឈឺ យើងកាន់តែខិតខំ និងប្រឹងប្រែងក្រោកឈរឡើងដើម្បីពង្រឹងខ្លួន រួមសាមគ្គីជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ដើម្បីជាតិខ្មែរខ្លាំងក្នុងការការពារបូរណភាពទឹកដី និងរួមគ្នាជ្រោងទង់មោទនភាពជាតិនៅលើឆាកអន្តរជាតិ។

ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងសាធារណៈរហូតដល់ជាង ៩០០គ្រឿង លើផែនការរំពឹងទុកត្រឹមតែ ៦០០គ្រឿងប៉ុណ្ណោះ។ ក្នុងរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់១៧ ខែមេសា មានពលរដ្ឋ កម្មករ កម្មការិនី ប្រមាណជាជិត១២ ម៉ឺននាក់បានប្រើប្រាស់សេវារថយន្តក្រុងដោយឥតគិតថ្លៃក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ទាំងទៅទាំងមក ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តទូទាំងប្រទេស និងក្នុងរាជធានីភ្នំពេញ។ អាចនិយាយបានថា រាជរដ្ឋាភិបាលជាអ្នកចេញសោហ៊ុយធ្វើដំណើរជូនប្រជាពលរដ្ឋទាំងជិត ១២ម៉ឺននាក់នោះដើម្បីសម្រួលបន្ទុកចំណាយរបស់ពួកគេ។

ចំណែកពលរដ្ឋផ្សេងទៀត ដែលមិនប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ ក៏ទទួលបានផលប្រយោជន៍ពីវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលដែរ តាមរយៈការជួយចេញខាតលើតម្លៃប្រេងសាំងនិងម៉ាស៊ូត និងបញ្ចុះពន្ធអាករនាំចូលផ្សេងៗលើប្រេងឥន្ធនៈនិងរថយន្តអគ្គិសនី ដោយរដ្ឋជាអ្នកចេញខាតរាប់សិបលានដុល្លារក្នុងមួយខែៗ។ វិធានការអន្តរាគមន៍នេះ មិនត្រឹមតែអាចទប់កុំឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់បន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែ វាបានធ្លាក់ចុះវិញជាបន្តបន្ទាប់ក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ បើទោះបីជាទីផ្សារប្រេងអន្តរជាតិនៅតែជួបប្រទះនឹងភាពច្របូកច្របល់យ៉ាងណាក៏ដោយ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងសប្បាយរីករាយនៅគ្រប់ទិសទីតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ពីដូនតា ដូចការគ្រោងទុក
beylikdüzü escort escort beylikdüzü beylikdüzü escort