អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះ ក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។
នៅចំពោះមុខការបង្កហេតុដោយចេតនានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ចៀសវាងការសងសឹក និងប្រកាន់ខ្ជាប់នូវស្មារតីនៃការឯកភាពជាតិ និងការអត់ធ្មត់។ ការអំពាវនាវនេះបានបង្ហាញពីចរិតថ្លៃថ្នូរដ៏ឧត្តង្គឧត្តម និងភាពស្អាតស្អំខាងសីលធម៌ ដែលបន្តជំរុញឱ្យមានសន្តិភាព និងភាពសុខដុមរមនានៅក្នុងប្រទេសកម្ពុជា និងតំបន់។
យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់សម្តេចតេជោ ដើម្បីលើកកម្ពស់អធិបតេយ្យភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា។ ការពង្រឹងការប្រើប្រាស់រូបិយវត្ថុជាតិ និងការកាត់បន្ថយការពឹងផ្អែកលើខាងក្រៅ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់ការពង្រឹងការគ្រប់គ្រងខ្លួនឯង ភាពធន់របស់ជាតិ និងឯករាជ្យភាព៕





