យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការពារជាតិ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីវេលាម៉ោង ១១ ព្រឹកនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។
តាមការប្រកាសព័ត៌មានដដែលនោះបានបញ្ជាក់ថា កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃ ដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា រហូតមកដល់ ថ្ងៃទី០៥ ខែសីហា នេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា៕





