ធនាគារ AIIB មានចំណាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលនៅក្នុងកម្ពុជា

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank-AIIB) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងឱកាសនៃជំនួប, លោកប្រធានធនាគារ AIIB បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតឱ្យលោក និងសហការីបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានធនាគារ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ហើយលោកមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាបាននូវកំណើនប្រកបដោយភាពធន់ និងរឹងមាំបន្ថែមទៀត។ លោកប្រធានធនាគារក៏បានអរគុណដល់កម្ពុជាដែលបានចូលរួមជាមួយធនាគារ​ AIIB ក្នុងនាមជាសមាជិកស្ថាបនិក​ កាលពីឆ្នាំ២០១៦ និង បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីបេសកកម្ម និងប្រតិបត្តិការរបស់ធនាគារ AIIB ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាកម្ពុជាលើវិស័យសក្ដានុពលមួយចំនួន រួមមាន៖ វិស័យថាមពល, ការអភិវឌ្ឍទីក្រុង-ទីប្រជុំជន និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ លោកប្រធានធនាគារបានបញ្ជាក់ថា ធនាគារ AIIB បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការជាមួយកម្ពុជា លើវិស័យទាំងនេះ​ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបលោកប្រធាន និងគណៈប្រតិភូ ជាថ្មីម្តងទៀត និងបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ធនាគារ AIIB ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល​ ជាមួយកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា​ គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា​ គឺការបន្តកសាងសមិទ្ធផលថ្មីៗជូនជាតិ និងប្រជាជន ក៏ដូចជាការធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចជាតិមួយ​ ប្រកបដោយភាពធន់​, បរិយាបន្ន​ និងចីរភាព។ សម្ដេចបវរធិបតីបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាតែងតែទទួលស្វាគមន៍ និងស្វែងរកកិច្ចសហប្រតិបត្តិការពីគ្រប់ដៃគូទាំងអស់ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រេីន។
សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យធនាគារ AIIB បន្តធ្វើការកាន់តែជិតស្និទ្ធ និងពិភាក្សាលម្អិតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ជាពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្វែងរកឱកាសជាក់ស្ដែងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាង AIIB និងកម្ពុជា៕

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort