សុន្ទរកថា និងប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ

CNV:

សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ប្រធាននៃបណ្តាគណបក្សនយោបាយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូលជាទីមេត្រី

[ផ្ដើមសេចក្ដីអធិប្បាយ១]

(១) ម្ចាស់ផ្ទះលើកទី២ នៃមហាសន្និបាត ICAPP ១២លើក

ពេលដែល ICAPP ចាប់កំណើត ខ្ញុំប្រៀបដូចជាព្រះអាទិត្យដែលមិនទាន់ថ្ងៃត្រង់នៅឡើយទេ។ តែនៅពេលនេះ បន្ទាប់ពី ២៤ឆ្នាំនៃការចាប់កំណើត ខ្លួនខ្ញុំដូចជាកំពុងស្ថិតនៅក្នុងថ្ងៃរសៀល តែមិនទាន់ដល់ថ្ងៃលិចទេ។ សង្ឃឹមថា នៅមានរយៈពេល ១០ឆ្នាំយ៉ាងហោចណាស់ ៣ដងទៀត ដើម្បីយើងអាចឃើញពិភពលោកដ៏ទូលំទូលាយ។ កាលពី១៤ឆ្នាំមុន យើងបានធ្វើមហាសន្និបាតម្ដងរួចហើយ។ ពេលនោះយើងប្រើប្រាស់អគាររដ្ឋាភិបាលដើម្បីរៀបចំមហាសន្និបាតនេះ។ ឆ្នាំនេះ ប្រទេសកម្ពុជា ពិសេសគណបក្សប្រ ជាជនកម្ពុជា មានឱកាសដើម្បីរៀបចំនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាតែម្ដង។ អរគុណចំពោះថ្នាក់​ដឹកនាំបណ្ដាគណបក្សនយោបាយ ដែលជាមហាគ្រួសារ ICAPP ក៏ដូចជាដៃគូ ICAPP ដែលបានគាំទ្រឲ្យគណបក្សប្រជាជនកម្ពុជារៀបចំមហាសន្និបាតលើកទី១២ លើកនេះ។ ខ្ញុំមានមោទនភាពចំពោះកិច្ចការដែលបានរៀបចំមហាសន្និបាត ដែលក្នុងចំនួន ១២លើក កម្ពុជាមានឱកាសធ្វើម្ចាស់ផ្ទះបាន ២ដង។ ដោយឡែកតែអាស៊ាន ខ្លួនខ្ញុំផ្ទាល់បានធ្វើជាប្រធានអាស៊ានរហូត៣ដង។ អញ្ចឹង វាមិនចម្លែកទេក្នុងការចូលរួមចំណែកក្នុងក្របខ័ណ្ឌ ICAPP រយៈពេល ២ដងនេះ។ សង្ឃឹមថា នឹងអាចមានទី៣ និងទី៤ តទៅទៀត។

[ចប់សេចក្ដីអធិប្បាយ១]

ថ្ងៃនេះ យើងទាំងអស់គ្នា បានជួបជុំគ្នានៅទីក្រុងភ្នំពេញ រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»។ ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​ពិតជាមាន​កិត្តិយស ដែលប្រទេសកម្ពុជាបានទទួល​ធ្វើជា​ម្ចាស់ផ្ទះ ស្វាគមន៍ប្រទេស​សមាជិក ICAPP និង​ស្ថាប័ន​ដៃគូជាង ៥២ប្រទេស ​​មកពី​តំបន់​ផ្សេងៗ​នៅលើ​ពិភពលោក​។ ជាការពិត ខ្ញុំសូមវាយតម្លៃខ្ពស់លើភាពខ្លាំងរបស់ ICAPP ដែលបានកើនឡើងជាលំដាប់ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ មក ICAPP បានប្រែក្លាយខ្លួនទៅជាអង្គការគណបក្សនយោបាយដ៏ធំបំផុតមួយ ទាំងទំហំ និងទាំងឥទ្ធិពលលើភូមិសាស្ត្រនយោបាយ។ ខ្ញុំក៏មានមោទនភាពផងដែរ ក្នុងការដឹកនាំគណបក្សប្រជាជនកម្ពុជា ចូលរួមចំណែកនៅក្នុងសកម្មភាពនានារបស់ ICAPP រួមទាំងមហាសន្និបាតរបស់ខ្លួន ក្នុងចំណោមគណបក្សនយោបាយចំនួន ៣០០ ដែលមានភាពចម្រុះគ្នា ទាំងនិន្នាការនយោបាយ និងមនោគមវិជ្ជា។

ក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាតនេះ ខ្ញុំយល់ថា ប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» គឺជាប្រធានបទដែលកម្ពុជាមានបទពិសោធយ៉ាងធំធេង និងជំនាញ ដែលអាចធ្វើការចែករំលែក ដោយទាញចេញពីតថភាពពិតដែលកម្ពុជាបានខិតខំតស៊ូបញ្ចប់ជម្លោះអស់រយៈពេលជាច្រើនឆ្នាំ និងបាននាំមកនូវសន្តិភាព ក៏ដូចជាវិបុលភាព ក្នុងរយៈពេលជាងបីទសវត្សរ៍មកនេះ។ បន្ថែមលើនេះ ការជំរុញឱ្យមានការជជែកដេញដោលគ្នាលើប្រធានបទដ៏សំខាន់ផ្សេងៗទៀត នៅក្នុងជំនួបរបស់ ICAPP នាឆ្នាំនេះ ពិតជាដើរតួនាទីសំខាន់ណាស់ នៅក្នុងស្ថានភាពដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មាន នៅក្នុងនិម្មាបនកម្មភូមិសាស្ត្រនយោបាយតំបន់ និងសកល ស្របពេលដែលភាពតានតឹង និងជម្លោះ កំពុងរីករាលដាលស្ទើរតែពាសពេញពិភពលោក។

ដូចដែលយើងទាំងអស់គ្នាបានដឹងច្បាស់ហើយថា សង្រ្គាម អាចផ្ទុះឡើងយ៉ាងឆាប់រហ័សក្នុងមួយប៉ព្រិចភ្នែក ប៉ុន្តែការបញ្ចប់សង្រ្គាម និងការទទួលបានសន្តិភាព ត្រឡប់មកវិញ ត្រូវការពេលយូរ។ ប្រាកដណាស់ថាការបញ្ចប់សង្គ្រាមជារឿងលំបាក ប៉ុន្តែវាពិបាកជាងនេះទៅទៀតគឺការរកបាននូវសន្តិភាពមួយប្រកប​ដោយនិរន្តរភាព ព្រោះសន្តិភាព មិនមែនមានន័យថា គ្រាន់តែជាអវត្តមាននៃសង្រ្គាមប៉ុណ្ណោះទេ ហើយកម្ពុជា គឺជាគំរូដ៏ល្អនៃប្រទេសមួយដែលបានឆ្លងកាត់វដ្ដនៃជម្លោះជាច្រើន ពោរពេញដោយការបែកបាក់​ផ្ទៃក្នុងអស់ជា​ច្រើន​ឆ្នាំ មុន​នឹង​សម្រេចបាននូវសន្តិភាព​ពេញលេញ​ នៅ​ឆ្នាំ​១៩៩៨។

ខ្ញុំសូមរំលឹកឡើងវិញថា រូបខ្ញុំផ្ទាល់ គឺជាតួអង្គសំខាន់មួយរូប ដែលបានចូលរួមក្នុងការចរចាសន្តិភាពរបស់កម្ពុជា ជាមួយព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ នៅឆ្នាំ១៩៨៧។ ការចរចាដ៏តានតឹង បានប្រើប្រាស់អស់រយៈពេល៤ឆ្នាំ មុនពេលដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីដំណោះស្រាយនយោ​បាយរួមមួយនៃជម្លោះកម្ពុជា ត្រូវបានចុះហត្ថលេខាដោយភាគីជម្លោះកម្ពុជាចំនួនបួន និងសហគមន៍អន្តរ​​ជាតិ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។  ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ និងការបង្កើតអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) ត្រូវបានសហគមន៍អន្តរជាតិសារទរ និងបានចាត់ទុកថា ជាជោគជ័យដ៏ធំមួយ និងជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ឈានទៅបញ្ចប់សង្គ្រាមស៊ីវិលដ៏យូរអង្វែងដែលបានអូសបន្លាយអស់រយៈពេលប្រមាណមួយទសវត្សរ៍ និងនាំមកនូវសន្តិភាពដល់កម្ពុជា។

ជាអកុសល ការណ៍នេះមិនមែនជាជោគជ័យពិតប្រាកដនោះទេ។ បន្ទាប់ពីបានចំណាយថវិកាអស់ជាងពីរពាន់លានដុល្លារអាមេរិកសម្រាប់បេសកកម្មអ៊ុនតាក់ ដែលត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៣ ប្រទេសកម្ពុជានៅតែជាប្រទេសដែលបែកបាក់ និងជាប់ផុងនៅក្នុងសង្គ្រាមស៊ីវិលដដែល។ រហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់ខ្ញុំ ដែលខ្ញុំបានតាក់តែងយ៉ាងប្រុងប្រយ័ត្នដើម្បីធ្វើឱ្យមានតុល្យភាពរវាងសន្តិភាព ការផ្សះផ្សាជាតិ និងយុត្តិធម៌អន្តរកាល ខ្ញុំបាននាំមកនូវសន្តិភាពពេញលេញដល់ប្រទេសកម្ពុជា​​​ ជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំរបស់ខ្លួន។

[ផ្ដើមសេចក្ដីអធិប្បាយ២]

(២) “សុខចិត្តឲ្យតុលា​ការបរាជ័យ តែមិនឲ្យប្រទេសកើតសង្រ្គាមឡើងវិញទេ”

ខ្ញុំសូមនិយាយត្រង់ចំណុចនេះបន្តិច។​ ប្រសិនបើកម្ពុជាមិនគ្រប់គ្រងលើអធិបតេយ្យរបស់ខ្លួន និងកិច្ចការផ្ទៃក្នុងរបស់ខ្លូនទេ យើងប្រហែលជាអន្តរាយរួចស្រេចទៅហើយ ក្រោមរបៀបវារៈនយោបាយស្ដីពីការកាត់ទោសខ្មែរក្រហមដែលមិនបានគិតទៅដល់ការផ្សះផ្សាជាតិ។ គេលម្អៀងទៅតែមួយជ្រុងលើការកាត់ទោសខ្មែរក្រហម ប៉ុន្តែមិនបានគិតទៅដល់សន្តិភាពទេ។ អ្វីដែលគួរឲ្យសោកស្ដាយគឺគេបានបង្កើត​សង្រ្គាមនៅក្នុងប្រទេសរបស់យើង គេបានគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ តែដល់ពេលកាត់​ទោស គេជំរុញឲ្យយើងកាត់ទោស ដោយមិនគិតទៅដល់ផលវិបាកដែលនឹងអាចកើតឡើងពីការកាត់ទោស។

ខ្ញុំបានប្រាប់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិយ៉ាងច្បាស់ថា «ខ្ញុំសុខចិត្តឲ្យតុលា​ការនេះបរាជ័យ តែខ្ញុំមិនឲ្យប្រទេសរបស់ខ្ញុំកើតសង្រ្គាមឡើងវិញទេ»។ ត្រូវចងចាំថា ការរួមចំណែករបស់បរទេសណាមួយ ក្នុងក្របខ័ណ្ឌជាអង្គការតំបន់ក្ដី ឬរហូតដល់អង្គការសហប្រជាជាតិក្ដី មិនត្រូវភ្លេចភាពជាម្ចាស់ក្នុងប្រទេសរបស់ខ្លួនទេ។ ពិតមែនហើយយើងត្រូវបំពេញនូវស្តង់ដា។ ប៉ុន្តែអ្វីទៅជាស្តង់ដា? នៅ​លើលោកនេះ ស្តង់ដាមានតែក្នុងកីឡាប៉ុណ្ណោះ។ មិនមានស្តង់ដានៅក្នុងនយោបាយទេ ហើយក៏គ្មានក្នុងទិដ្ឋភាពផ្សេងៗដែរ។ មានតែកីឡាមួយគត់ ដែលមានស្តង់ដាពិតប្រាកដ។ នយោបាយគ្មានស្តង់ដាទេ។ ពីប្រទេសមួយទៅប្រទេសមួយ មានរបៀបគ្រប់គ្រងខុសៗគ្នា។ នេះជាចំណុចដែលខ្ញុំគួរបញ្ជាក់ប្រាប់។

[ចប់សេចក្ដីអធិប្បាយ២]

សន្តិភាព ក៏តម្រូវឱ្យមានការសម្រុះសម្រួលផ្នែកនយោបាយផងដែរ។ ការ​ផ្សះផ្សាជាតិ តម្រូវ​ឱ្យ​យើងធ្វើសមាហរណកម្ម​របប​ខ្មែរ​ក្រហម​ទៅ​ក្នុង​សង្គម។ ដើម្បី សម្រេចបាន ខ្ញុំ​បានផ្តោតសំខាន់លើ​តម្រូវការ​សន្តិសុខ​មនុស្សជាតិជាមូលដ្ឋាន សម្រាប់​អតីត​យុទ្ធជន និង​មេដឹកនាំ​ខ្មែរក្រហម។ ខ្ញុំបានដាក់ចេញនូវគោលការណ៍នយោបាយចំនួនបី៖ ទីមួយការការពារអាយុជីវិត និងសុវត្ថិភាពរបស់អ្នករត់ចោលជួរ និងចុះចូល។ ទីពីរ-ការធានាអាជីព និងមុខរបរ និងទីបី-ធានាកម្មសិទ្ធិទ្រព្យសម្បត្តិរបស់ពួកគេ ។ សមាសធាតុសំខាន់ទាំងបីនេះ ដែលជាមូលដ្ឋានគ្រឹះនៃនយោបាយឈ្នះ-ឈ្នះរបស់ខ្ញុំ បានធ្វើឱ្យខ្ញុំមានលទ្ធភាពលុបបំបាត់អង្គការចាត់តាំងយោធា និងនយោបាយរបស់ខ្មែរក្រហមបានទាំងស្រុង និងដោយសន្តិវិធី រហូតមកដល់បច្ចុប្បន្ន។ ជារួម ការ​​ស្វែងរក​យុត្តិធម៌​យ៉ាងប្រញាប់ប្រញាល់ ដោយមិនបានគិតគូរពីសន្តិភាពជាមុន មិនមែនជាជម្រើសរបស់ខ្ញុំទេ។

[ផ្ដើមសេចក្ដីអធិប្បាយ៣]

(៣) ការធានាអាយុជីវិត, អាជីពនិងមុខរបរ និងកម្មសិទ្ធិលើទ្រព្យសម្បត្តិ ស្នូលនៃនយោបាយឈ្នះ-ឈ្នះ

ខ្ញុំចង់បញ្ជាក់ជូនចំណុចស្នូលនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំឲ្យពួកគេអាចទុកចិត្ត ហើយមករួមរស់ជា​មួយនឹងរាជរដ្ឋាភិបាល។ ទី១ ត្រូវធានាឲ្យពួកគេនូវអាយុជីវិត និងរូបកាយរបស់គេ។ មានន័យថាពួកគេចុះ​ចូល នឹងមិនត្រូវសម្លាប់ ហើយមិនត្រូវបានជាប់គុកច្រវាក់ទេ។ បើសិនជាយើងមិនធានាទៅលើរឿងនេះទេ តើនរណាសុខចិត្តចុះចូលមករួមជាមួយយើង … ចំណុចទី២ គឺធានាអាជីព និងមុខរបរ។ យើងខ្ញុំគ្មានការភ័យខ្លាចណាមួយទេ។ អ្នកធ្វើកងទ័ពគឺឲ្យធ្វើកងទ័ពដដែល។ ដោះខោអាវខ្មែរក្រហមចេញ ស្លៀកពាក់ខោអាវរាជរដ្ឋាភិបាលចូល ដាក់ច្បាប់របស់រាជរដ្ឋាភិបាល កម្លាំងទាំងនោះក្លាយទៅជាកម្លាំងរបស់រាជរដ្ឋាភិបាលទាំងអស់។ គ្រូពេទ្យឲ្យបន្តធ្វើគ្រូពេទ្យ។ យើងខ្ញុំហ៊ានទុកឲ្យបណ្ដាអង្គភាពថ្នាក់កងពលរបស់ខ្មែរក្រហមទទួលខុសត្រូវទាំងមេទាំងកូនដឹកនាំកម្លាំងបន្តទៀត។ ប៉ុន្តែគេមិនត្រូវអនុវត្តនយោ​បាយរបស់ខ្មែរក្រហមនោះទេ។ គេអនុវត្តនូវនយោបាយរបស់រាជរដ្ឋាភិបាល។ ការធានានេះវាច្បាស់​លាស់​ថាគេនឹងអាចមករួមជាមួយយើងបាន។ បន្តទៅ (ទី៣) ធានាកម្មសិទ្ធិលើទ្រព្យសម្បត្តិទាំងអចលនទ្រព្យ និងចលនទ្រព្យរបស់ពួកគេ។ ការធានា៣យ៉ាងនេះ ជាធាតុផ្សំដ៏សំខាន់ ដែលទាញឲ្យបងប្អូនទាំង​ឡាយ​ផ្ដាច់ខ្លួនចេញពីខ្មែរក្រហម ហើយមករួមរស់នៅក្នុងសង្គមជាតិវិញ។

(៤) អនុវត្តយុទ្ធវិធី DIFID ដើម្បីគោលដៅសន្តិភាពនិងបង្រួបបង្រួមជាតិ

ពិតមែនហើយ មិនមែនជាការហួសហេតុពេកទេ ដែលយើងខ្ញុំប្រើយុទ្ធវិធី ៥តួអក្សរ គឺ DIFID … មានន័យថា បំបែក, ឯកោ, បញ្ចប់, សមាហរណកម្ម, និងអភិវឌ្ឍ។ បើយើងមិនបំបែក តើខ្មែរក្រហមសុខចិត្តឯកោទេ? បើមេខ្មែរក្រហមមិនឯកោ គេនៅតែប្រើកូនទាហានរបស់គេប្រយុទ្ធប្រឆាំងនឹងយើង។ ខ្ញុំគិតថា វាមិនហួសហេតុពេកទេ ដែលយើងត្រូវធ្វើកិច្ចការនេះដើម្បីគោលដៅសន្តិភាព និងការបង្រួបបង្រួមជាតិ។ នៅលើពិភពលោកនេះ មិនទាន់មានប្រទេសណាមួយបញ្ចប់សង្រ្គាមតាមវិធីរបស់កម្ពុជាទេ។ ក្រោយការបញ្ចប់ផ្នែកខាងក្រោមហើយ ផ្នែកខាងលើមកចុះចូលដល់ផ្ទះនាយករដ្ឋមន្រ្តី និយាយជាភាសាអង់គ្លេស DIFID គឺDivide, Isolate, Finish, Integrate និង Development។ ៥ តួអក្សរនេះដែលយើងខ្ញុំយកមកអនុវត្ត។ ដើម្បីសម្រេចគោលដៅ យើងត្រូវមានវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហា។ ប៉ុន្តែបទពិសោធន៍របស់កម្ពុជាមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបទពិសោធនៅប្រទេសផ្សេង ប៉ុន្តែអាចគួបផ្សំទៅតាមស្ថានការណ៍ជាក់ស្តែង​។ យើងខ្ញុំពុំមានទ្រឹស្តីដែលចេញពីអ្នកណាមកទេ ប៉ុន្តែគឺជាទ្រឹស្តីដែលបានបង្កើតដោយកម្ពុជាខ្លួនឯង និងស្មោះស្ម័គ្រចូលរួមអនុវត្តដោយប្រជាជនកម្ពុជាខ្លួនឯង ដែលយើងខ្ញុំហៅថាជាប្រតិបត្តិករ។ មិនមែនមានតែ ហ៊ុន សែន ម្នាក់នោះទេ។ មាន ទៀ បាញ់ មាន ស ខេង ឬក៏ទាំងអស់គ្នា រហូតទៅដល់បងប្អូនអតីតខ្មែរក្រហម ឬអ្នកគាំទ្រចំពោះនយោបាយនេះ គឺសុទ្ធតែជាប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ។

[ចប់សេចក្ដីអធិប្បាយ៣]

ជាការពិត ទាំងនេះមិនមែនជាអាទិភាពតែមួយគត់របស់ខ្ញុំនោះទេ។ អាទិភាពផ្សេងទៀតរបស់ខ្ញុំ គឺការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍ ដូចពាក្យដែលថា «គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ ហើយបើគ្មានការអភិវឌ្ឍ ក៏នឹងគ្មានសន្តិភាពដូចគ្នា»។ គ្មានប្រទេសណាមួយ បានស្គាល់ពីការឈឺចាប់ និងភាពរងទុក្ខពីការដាក់ទណ្ឌកម្ម និងការហ៊ុមព័ទ្ធជាងកម្ពុជានោះទេ។ អស់ជាច្រើនទសវត្សរ៍ បណ្តាប្រទេសដែលអះអាងថា ជាជើងឯកពិភពលោកនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានគាំទ្ររបបខ្មែរក្រហម ក្នុងការប្រឆាំងនឹងរាជរដ្ឋាភិបាលរបស់ខ្ញុំ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្សត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងស្របច្បាប់។ ជាក់ស្តែង បដិវត្តន៍ពណ៌មួយត្រូវបានប៉ុនប៉ងធ្វើឡើង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

[ផ្ដើមសេចក្ដីអធិប្បាយ៤]

(៥) ប្រើប្រាស់គ្រប់វិធានការទប់ស្កាត់បដិវត្តន៍ពណ៌ មិនឱ្យប្រទេសបែកបាក់សាជាថ្មី

យប់ម៉ិញ ក្នុងការប្រជុំគណៈអចិន្រ្តៃយ៍ ខ្ញុំក៏បានលើកពីបទពិសោធនៃបដិវត្តន៍ពណ៌ដែរ។ បដិវត្តន៍ពណ៌អាចធ្វើបាន។ ថ្មីៗ នេះ គេបានធ្វើនៅប្រទេសបង់ក្លាដែស ហើយគេចង់មកបំផ្លាញនៅកម្ពុជា។ ក៏ប៉ុន្តែ គេត្រូវទទួលស្គាល់ថា នៅទីនេះយើងខ្ញុំបានស្គាល់វិធីសាស្រ្តនៃក្រុមបដិវត្តន៍ពណ៌រួចហើយ។ ពួកគេមិនធ្វើរដ្ឋប្រហារផ្តួលរំលំទៀតទេ។ មិនគាំទ្រការផ្តួលរំលំតាមបែបរដ្ឋប្រហារទេ ប៉ុន្តែគេប្រើបដិវត្តន៍ពណ៌ជំនួសវិញ តាមរយៈហ្វូងមនុស្សដើម្បីផ្តួលរំលំ។ មុនដំបូង គេត្រូវធ្វើអព្យាក្រឹតូបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។ សម្រាប់យើងខ្ញុំនៅទីនេះ ដើម្បីទប់ស្កាត់បដិវត្តន៍ពណ៌ អនុញ្ញាតឲ្យមានកាអព្យាក្រឹត្យរវាងបក្សនយោបាយ និងបក្សនយោបាយ ប៉ុន្តែរវាងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលជាឧបករណ៍របស់រដ្ឋ មិនអាចអព្យាក្រឹត្យបានទេ ដូច្នេះ គេក៏មិនអាចធ្វើអ្វីយើងបានដែរ យើងត្រូវឈ្លាសវៃនៅក្នុងការគ្រប់គ្រងស្ថានការណ៍ ព្រោះវាមានតម្លៃបំផុត បើមិនដូច្នោះទេ ឈាមនឹងត្រូវហូរ ប្រទេសនឹងត្រូវបែកបាក់សាជាថ្មីម្តងទៀត។ ដូច្នេះ យើងមិនញញើតដៃនឹងប្រើប្រាស់វិធានការទាំងឡាយ ដើម្បីទប់ស្កាត់នូវបដិវត្តន៍ពណ៌នោះទេ

[ចប់សេចក្ដីអធិប្បាយ៤]

ខ្ញុំ​មិន​ដែលភ្លេចនោះទេ ក្នុង​ការ​រម្លឹក​ប្រទេស​ដែល​ហៅ​ខ្លួន​ឯង​ថា​ ជាប្រទេស​ប្រជាធិបតេយ្យ ​កុំ​ឱ្យសាងកំហុស ជាលើក​ទីបី​មក​លើ​កម្ពុជា។ លើកទីមួយ គឺនៅពេលដែលពួកគេគាំទ្ររបប លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារ នៅឆ្នាំ១៩៧០។ បន្ទាប់មក កំហុសទីពីរ គឺនៅពេលដែលពួកគេទទួលស្គាល់របបខ្មែរក្រហម ហើយអនុញ្ញាតឱ្យរបបនេះកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ អស់រយៈពេល ១២ឆ្នាំ។

[ផ្ដើមសេចក្ដីអធិប្បាយ៥]

(៦) «កុំសាងកំហុសលើកទី៣ នៅកម្ពុជា ទុកឲ្យពួកខ្ញុំបានទទួលសេចក្ដីសុខ និងកសាងប្រទេស»

នេះគឺជាការគួរឲ្យសោកស្តាយ។ ពួកអ្នកប្រជាធិបតេយ្យអះអាងថា គោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យប៉ុន្តែបែរជាគាំទ្ររដ្ឋប្រហារ ១៨ មីនា ១៩៧០។ តើមានន័យថាម៉េច? ប្រទេសដែលអះអាងថាគោ​រព​សិទ្ធិមនុស្ស ប៉ុន្តែបែរជាគាំទ្រអាសនៈពួកខ្មែរក្រហមនៅអង្គការសហប្រជាជាតិ។ តើមានន័យថាម៉េច? ដូច្នេះ យើងតែងតែដាស់តឿនគេថា «កុំកសាងកំហុសលើកទី ៣ នៅកម្ពុជា ទុកឲ្យពួកខ្ញុំបានទទួលសេចក្តីសុខ និងកសាងប្រទេស»។ បើទោះបីគេគោរពមិនគោរព ប៉ុន្តែយើងខ្ញុំត្រូវមានការទទួលខុសត្រូវខ្លួនឯងទៅលើការគ្រប់គ្រងស្ថានការណ៍នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីធានាការអភិវឌ្ឍទៅមុខទៀត។

[ចប់សេចក្ដីអធិប្បាយ៥]

ដោយឡែក ចំពោះចក្ខុវិស័យរបស់ខ្ញុំលើសន្តិភាពនៅក្នុងតំបន់ និងសកលវិញ កម្ពុជាពិតជាជឿជាក់យ៉ាងមុតមាំលើការថែរក្សាឱ្យបាននូវសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើបទដ្ឋានដែលទទួលស្គាល់ជាសកល។ ការលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក គឺជាមាគ៌ាដ៏វែងឆ្ងាយ ក្នុងការធានាឱ្យបានថា សាមគ្គីភាពអន្តរជាតិ ភាពសុខដុមរមនា និងសន្តិសហវិជ្ជមានរវាងប្រជាជាតិ និងប្រជាជាតិ ដែលយើងត្រូវថែរក្សា។

ខ្ញុំ​ដឹងច្បាស់ថា ​ពិភពលោក​របស់​យើង​ពឹងអាស្រ័យ​ និងមានទំនាក់ទំនង​គ្នា​ទៅវិញទៅមក ហើយ​ខ្ញុំ​ក៏​ជឿជាក់​ដែរ​ថា​ សន្តិភាព ​និង​សន្តិសុខ​ក៏​ដូច្នោះ​ដែរ។ នៅត្រង់ចំណុចនេះ ​ខ្ញុំ​សូម​គូសបញ្ជាក់​ថា ថ្នាក់ដឹកនាំ​រដ្ឋាភិបាល រួមទាំង​មេដឹកនាំ​គណបក្សនយោ​បាយ​គ្រប់រូប មិនគួរ​មើលរំលងតម្លៃនៃសន្តិភាពនោះទេ​។ យើងត្រូវតែខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ ដើម្បីស្វែងរកមូលដ្ឋានរួមជាចំណុចចាប់ផ្តើម មុននឹងឈានចូលដល់តុចរចា ក្នុងគោលបំណងបង្រួមភាពខុសគ្នារបស់យើង បន្ធូរបន្ថយភាពតានតឹង និងដោះស្រាយជម្លោះដោយសន្តិវិធី។

ក្នុងន័យដូចថ្លែងខាងលើ និងដោយយោងលើស្មារតីនៃធម្មនុញ្ញ ICAPP ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសនៃមហាសន្និបាត ICAPP លើកទី១២ ខ្ញុំសូមជូនពរឱ្យកិច្ចពិភាក្សារបស់មហាសន្និបាតនេះ ប្រព្រឹត្តទៅប្រកប​ដោយផ្លែផ្កា និងសម្រេចបាននូវលទ្ធផលយ៉ាងត្រចះត្រចង់។

ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកទាំងអស់គ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ