សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារអបអរសាទរ និងជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ ភាពជាដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តី សោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសារទរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសដ៏មហា នក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដែល សម្តេចធិបតី ទទួលបានពានរង្វាន់ «ភាពជាដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
 
ពានរង្វាន់នេះពិតជាទទួលស្គាល់តួនាទី និងការរួមចំណែកយ៉ាងសំខាន់បំផុតរបស់ សម្តេចធិបតី ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដ៏ឆ្នើមមួយរូប ប្រកបដោយសក្តានុពល ទាំងចំណេះដឹង និងសមត្ថភាព ស្វាហាប់រស់រវើក ទំនួលខុសត្រូវខ្ពស់ និងបានលះបង់យកអស់កម្លាំងកាយចិត្ត ដឹកនាំ ប្រទេសឱ្យកាន់តែមានវិបុលភាព និងការរីកចម្រើនលើគ្រប់វិស័យបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងសូម្បីជីវិត សម្តេចតេជោ ផ្ទាល់ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
 
ការទទួលពានរង្វាន់នេះ គឺពិតជាស័ក្តិសមបំផុតចំពោះលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផល ទាំងឡាយដែលបានកើតចេញពីស្នាដៃនៃការដឹកនាំប្រកបដោយកិត្តិបណ្ឌិតឈ្លាសវៃ និងប៉ិនប្រសព្វ ពោរពេញដោយឆន្ទៈមនសិការ ភក្ដីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ក្នុងការដឹកនាំប្រទេសរយៈពេល ជាងមួយឆ្នាំកន្លងមកនេះព្រមទាំងការបន្តរក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និង ជំរុញកំណើនសេដ្ឋកិច្ចចេញពីវិបត្តិសាកល ដោយរក្សាបានយ៉ាងល្អនូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ច។ ជាពិសេស សមិទ្ធផលនៃការដឹកនាំរបស់ សម្តេចធិបតី នាំឱ្យមានការពេញចិត្តខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។
 
យើងខ្ញុំមានជំនឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នឹងបន្តបំពេញបេសកកម្មជាតិដ៏ថ្លៃថ្លាប្រកបដោយឧត្តមគតិ និងការប្តេជ្ញាចិត្ត ដ៏មុះមុត តាមរយៈការជំរុញអនុវត្តឱ្យបានជោគជ័យនូវ “យុទ្ធសាស្ត្របញ្ចកោណ” ព្រមទាំងកម្មវិធីគោល នយោបាយអាទិភាព និងវិធានការគន្លឹះផ្សេងៗ ដើម្បីបន្តពុះពារបម្រើ និងការពារនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន ក៏ដូចជាលើកស្ទួយ កិត្យានុភាពជាតិទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។
 
ឆ្លៀតក្នុងឱកាសនេះដែរ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរ សម្តេចធិបតី មានសុខភាពល្អ បរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ពលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមទទួលបាននូវ ជោគជ័យថ្មីៗធំធេងថែមទៀតក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងវឌ្ឍនភាពលើគ្រប់វិស័យជារៀងដរាប៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ