តើសម្ដេចតេជោ ហ៊ុន សែន បានរំលឹកអ្វីខ្លះដល់បណ្ដារប្រទេសដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ហើយចង់មកបំផ្លាញសន្ដិភាពដែលកម្ពុជាមាន?

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរំលឹកជាថ្មីម្ដងទៀតដល់ប្រទេសដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ កុំសាងកំហុសលើកទី៣នៅកម្ពុជា បន្ទាប់ពីសាងកំហុសទី១ គឺគាំទ្ររដ្ឋប្រហាររបស់ លន់ នល់ និងទី២ គាំទ្រកៅអីរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្ញុំមិនដែលភ្លេចនោះទេ ក្នុងការរំលឹកប្រទេស ដែលហៅខ្លួនឯងថា ជាប្រទេសប្រជាធិបតេយ្យ កុំឲ្យសាងកំហុសលើកទី៣ មកលើកម្ពុជា, លើកទី១ នៅពេលដែលគេគាំទ្រ លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារ នៅឆ្នាំ១៩៧០ បន្ទាប់មកកំហុសទី២ របស់ពួកគេ គឺទទួលស្គាល់ខ្មែរក្រហម ហើយអនុញ្ញាតឲ្យរបបនេះ កាន់កាប់អសនៈនៅអង្គការសហប្រជាជាតិ រយៈពេល១២ឆ្នាំ»។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានលើកឡើងថា ចំពោះចក្ខុវិស័យរបស់សម្ដេច លើសន្ដិភាពនៅក្នុងតំបន់ និងសាកលវិញ កម្ពុជាពិតជាជឿជាក់យ៉ាងមុតមាំ លើការថែរក្សាឲ្យបាន នូវសណ្ដាប់ធ្នាប់អន្ដរជាតិ ដោយផ្អែកលើបទដ្ឋាន ដែលទទួលស្គាល់ជាសាកល។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្ដិការ ដែលផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក, ការជឿទុកចិត្ដគ្នាទៅវិញទៅមក, ការយោគយល់គ្នា និងការផ្ដល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក គឺជាមាគ៌ាដ៏វែងឆ្ងាយ ក្នុងការធានាឲ្យបានថា សាមគ្គីភាពអន្ដរជាតិ ភាពសុខដមរមនា និងសន្ដិសហវិជ្ជមាន រវាងប្រជាជាតិ និងប្រជាជាតិ ដែលយើងត្រូវថែរក្សា។

សម្តេចតេជោ ហ៊ុន សែន ដឹងច្បាស់ថា ពិភពលោករបស់យើង ពឹងអាស្រ័យលើទំនាក់ទំនងគ្នា ទៅវិញទៅមក ហើយសម្ដេចជឿជាក់ដែលថា សន្ដិភាព និងសន្ដិសុខ ក៏ដូច្នេះដែរ។ នៅត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរដ្ឋាភិបាល រួមទាំងមេដឹកនាំគណបក្សនយោបាយគ្រប់រូប មិនគួរមើលរំលងតម្លៃនៃសន្ដិភាពនោះទេ យើងត្រូវខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ ដើម្បីស្វែងរកមូលដ្ឋានរួម ជាចំណុចចាប់ផ្ដើម មុននឹងឈានចូលដល់តុចរាចារ ក្នុងគោលបំណងបង្រួបភាពខុសគ្នារបស់យើង, បន្ធូរបន្ថយភាពតាងតឹង និងដោះស្រាយ ជំនួសដោយសន្ដិវិធី៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ