ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់គ្រឿងចក្រជូនដល់ក្រុមអន្តរាគមន៍ពិសេសរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ

(កំពង់ធំ)៖  ព្រឹកថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នាទីស្នាក់ការគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ,  ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្រៃ្តយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញប្រគល់គ្រឿងចក្រសរុបចំនួន ៩ គ្រឿង រួមមាន៖ ប៊ុលដូហ្សឺរ ១គ្រឿង, អិចស្កាវ៉ាទ័រ ២គ្រឿង, រ៉ូឡូ ១គ្រឿង, នីវឺឡឺ ១គ្រឿង, ឡានបែន ២គ្រឿង, ឡានស្រោចទឹក ១គ្រឿង និងឡានដឹកគ្រឿងចក្រ ១គ្រឿង ជូនដល់ក្រុមអន្តរាគមន៍ពិសេសរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ដោយមើលឃើញពីសេចក្តីត្រូវការចាំបាច់ និងជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ,  ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានសម្រេចបង្កើតក្រុម អន្តរាគមន៍​ពិសេសរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីអាចចេញធ្វើអន្តរាគមន៍ជួសជុល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈខ្នាតតូចដែលជាតម្រូវការប្រើប្រាស់ចាំបាច់ជាប្រចាំរបស់ប្រជាជន ក៏ដូចជាពេលមានសំណូមពររបស់ប្រជាជនបានភ្លាមៗ តាមស្ថានភាពជាក់ស្តែងនៅហ្នឹងកន្លែងតែម្តង ដូចជា៖ ផ្លូវ, ប្រឡាយទឹក,​ ទំនប់ទឹក និងជីក​ ឬស្តារស្រះទឹកសហគមន៍ជាដើម ដើម្បីដោះស្រាយការលំបាក និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ក្រុម អន្តរាគមន៍​ពិសេសនេះ ក៏អាចចល័តគ្រឿងចក្រធ្វើអន្តរាគមន៍បានភ្លាមៗផងដែរ នៅពេលមានការដាច់ផ្លូវ ឬត្រូវជីកប្រឡាយរំដោះទឹក ដោយសារគ្រោះទឹកជំនន់ ឬក៏ត្រូវជីកប្រឡាយនាំទឹកយកទៅជួយសង្រ្គោះស្រូវរបស់ប្រជាពលរដ្ឋ ដោយសារគ្រោះរាំងស្ងួតជាដើម ដោយពុំចាំបាច់រង់ចាំការអន្តរាគមន៍ពីរដ្ឋ។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ក្រុមអន្តរាគមន៍ពិសេសរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ចែកចេញជា ២ ក្រុម គឺ៖ ក្រុមទី១ មានគ្រឿងចក្រមួយឈុតចំនួន ៩ គ្រឿង (ដែលបានប្រគល់ក្នុងថ្ងៃនេះ) សម្រាប់ទទួលបន្ទុកទិសខាងកើត មាន ៤ ស្រុក (ស្រុកតាំងគោក, ស្រុកបារាយណ៍, ស្រុកសន្ទុក និងស្រុកសណ្តាន់) និងក្រុមទី២ ក៏មានគ្រឿងចក្រមួយឈុតផងដែរ សម្រាប់ទទួលបន្ទុកទិសខាងលិច មាន ៥ ក្រុង-ស្រុក (ក្រុងស្ទឹងសែន, ស្រុកស្ទោង, ស្រុកកំពង់ស្វាយ, ស្រុកប្រាសាទសំបូរ និងស្រុកប្រាសាទបល្ល័ង្គ)។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ក្រុមអន្តរាគមន៍ពិសេសរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំទាំងពីរក្រុមខាងលើនេះ នឹងរួមចំណែកជួយបំពេញបន្ថែមនូវតម្រូវការហេដ្ឋារចនាសម្ព័ន្ធសាធារណៈរូបវន្តចាំបាច់នានា សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត ដែលនៅមានការខ្វះខាតច្រើន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ដែលមិនស្ថិតក្នុងវិសាលភាពនៃការអនុវត្តគម្រោង ដោយថវិការដ្ឋ ឬថវិកាដៃគូនានា។ ក្នុងនាមជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ, ឯកឧត្តម វង្សី វិស្សុត មានជំនឿយ៉ាងមុតមាំថា ការចូលរួមអន្តរាគមន៍ខាងលើនេះ មិនត្រឹមតែអាចដោះស្រាយការលំបាក និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនបានប៉ុណ្ណោះទេ តែក៏នឹងជួយរុញសន្ទុះល្បឿននៃការអភិវឌ្ឍខេត្តកំពង់ធំលើគ្រប់វិស័យផងដែរ។

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ