ទីក្រុងណាននីង៖ ក្នុងអំឡុងពេលឯកឧត្តមចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅទីក្រុងណាននីង ប្រទេសចិន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក៏មានជំនួបពិភាក្សាការងារជាមួយឯកឧត្តម Lan Tianli អភិបាលនៃតំបន់ស្វយ័តក្វាងស៊ីរបស់ចិនផងដែរ កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម Lan Tianli អភិបាលនៃតំបន់ស្វយ័តក្វាងស៊ីរបស់ចិន បានថ្លែងនូវអំណរគុណយ៉ាងជ្រៅជ្រៅចំពោះឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកចូលរួម ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ឆ្នាំ២០២៤ នេះ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី។ ឯកឧត្ដមបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជាកាន់តែស៊ីជម្រៅលើគ្រប់វិស័យ នៅក្នុងក្របខ័ណ្ឌនៃការកសាងជោគវាសនារួមចិន-កម្ពុជា ដែលបានបង្កើតឡើងដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយក្នុងក្របខ័ណ្ឌនេះ តំបន់ស្វយ័តក្វាងស៊ីបានអនុវត្តនូវគម្រោងជាច្រើនជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងវិស័យកសិកម្ម អប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងវិស័យមួយចំនួនទៀត។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានជម្រាបជូនឯកឧត្តម Lan Tianli ថា ថ្នាក់ដឹកនាំកម្ពុជាតែងតែអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ានជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០០៤ រហូតមក។ ជាក់ស្តែង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន ដោយផ្ទាល់ចំនួន ១១លើក និងតាមអនឡាញចំនួន ៣លើក ហើយកាលពីឆ្នាំ២០២៣ កន្លងទៅ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ ផងដែរ។ ឯកឧត្តម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះតំបន់ស្វយ័តក្វាងស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ាន ប្រកបដោយភាពជោគជ័យជារៀងរាល់ឆ្នាំ ហើយបានធ្វើឱ្យតំបន់ស្វយ័តក្វាងស៊ីដែលមានទីតាំងភូមិសាស្រ្តជិតអាស៊ានជាងគេ បានក្លាយជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការចិន-អាស៊ាន។
ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ក្នុងឆ្នាំ២០២៣ កន្លងទៅ បានបន្តកើនឡើងដល់ប្រមាណជាង ១២ ២៦៥ លានដុល្លារអាមេរិក ក្នុងនោះ ចិននាំចេញទៅកម្ពុជាស្មើនឹងប្រមាណ ១០ ៧៨៦ ដុល្លារអាមេរិក ក្នុងនោះ ក្វាងស៊ីនំាចេញទៅកម្ពុជាស្មើនឹងប្រមាណ ៥៦៥ លានដុល្លារអាមេរិក ហើយក្វាងស៊ីនាំចូលពីកម្ពុជាស្មើនឹងប្រមាណ ១៧ លានដុល្លារអាមេរិក។ ឯកឧត្តមបានបន្តថា តួលេខនៃការនាំចេញនិងការនាំចូលរបស់ក្វាងស៊ីពីកម្ពុជា ឃើញមានគំលាតគ្នាខ្លាំង តែនេះក៏ជាឱកាស និងជាសក្តានុពក្នុងការបង្កើនការនាំចេញពីកម្ពុជាទៅចិនដែរ ពិសេសការនាំចេញទៅក្វាងស៊ីតែម្តង តាមរយៈការវិនិយោគរបស់ចិននៅកម្ពុជា។
ឯកឧត្តម វង្សី វិស្សុត ក៏បានសំដែងនូវការអបអរសាទរចំពោះការចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម រវាងក្រសួងកសិកម្មកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី នៅក្នុងក្របខណ្ឌការរៀបចំគម្រោងអភិវឌ្ឍ នៃរបៀងមច្ឆា និងអង្ករ។ កិច្ចសហប្រតិបត្តិការនេះ នឹងជួយពង្រឹងសមត្ថភាពផលិត និងភាពប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា ក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទីផ្សារចិន។ ឯកឧត្តម វង្សី វិស្សុត និងឯកឧត្តម Lan Tianli ក៏បានធ្វើការពិភាក្សាផងដែរ អំពីការបង្កើតសួនឧស្សាហកម្មកម្ពុជា-ចិន នៅក្នុងក្របខ័ណ្ឌនៃរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម, ការអភិវឌ្ឍវិស័យថាមពល, បច្ចេកវិទ្យាឌីជីថល, ការអភិវឌ្ឍជំនាញ, សុខាភិបាល និងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងការជំរុញទេចរចិនមកទស្សនាកម្ពុជា។
គួរបញ្ជាក់ដែរថា ក្រៅពីជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលចិន និងថ្នាក់ដឹកនាំតំបន់ស្វយ័តក្វាងស៊ី, ឯកឧត្តម វង្សី វិស្សុត ក៏បានទទួលជួបពិភាក្សាការងារជាមួយថ្នាក់ក្រុមហ៊ុនធំៗ ចំនួនរបស់ចិនផងដែរ ដូចជាក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន, ក្រុមហ៊ុន China Communication Construction Corporation (CCCC) និងក្រុមហ៊ុន Zhengzhou Agriculture Development Group ដើម្បីពិភាក្សាអំពីឱកាសនៃការវិនិយោគក្នុងវិស័យថ្មីៗ និងភាពជាដៃគូក្នុងវិស័យអាទិភាពមួយចំនួន ដើម្បីធ្វើពិពិធកម្មមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីបង្កើនការនាំចេញកសិផលកម្ពុជាមកកាន់តែផ្សារចិនឱ្យបានច្រើន តាមរយៈគម្រោងវិនិយោគរបស់ចិនផងដែរ។