សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាបន្ទាន់ស្តីអំពីការត្រៀមអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះទឹកជំនន់

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារពិសេសដោយបានជំរុញដល់ថ្នាក់ដឹកនាំថ្នាក់ជាតិ អភិបាលគណៈអភិបាល រាជធានីខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឱ្យត្រៀមអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះទឹកជំនន់ ដែលកើតឡើងដោយសារឥទ្ធិពលព្យុះ ដែលបានធ្វើឱ្យភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់បង្កឱ្យលិចលង់ បណ្តាប្រទេសជិតខាងរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គណៈអភិបាលរាជធានីខេត្តទាំងអស់ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់ និងដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណីដែលមានគ្រោះទឹកជំនន់ក្នុងភូមិសាស្ត្រដែលត្រូវទទួលខុសត្រូវរបស់ខ្លួនជាពិសេសយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជា ទៅអគ្គមេបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទ និងស្នងការនគរបាលជាតិ ត្រូវត្រៀមកម្លាំងមធ្យោបាយ និងសម្ភារៈ ដើម្បីធ្វើអន្តរាគមន៍សង្គ្រោះក្នុងការចាំបាច់ ព្រមទាំង ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តតាមដានឱ្យជាប់ជាមួយគណៈអភិបាលរាជធានី ខេត្ត ដែលត្រូវកំណត់ជាស្រេចនូវទីទួលសុវត្ថិភាព និងចាត់វិធានការសម្របសម្រួល និងត្រៀមកម្លាំងមធ្យោបាយអន្តរាគមន៍សង្គ្រោះបន្ថែមផងដែរ។

ស្របពេលជាមួយនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ក៏ដូចជាស្ថាប័នពាក់ព័ន្ធត្រូវត្រៀមនូវស្បៀងអាហារ និងសម្ភារៈ បរិក្ខារចាំបាច់ដែលត្រូវបញ្ចេញទៅឱ្យប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងករណីមានការស្នើសុំពីរាជធានី ខេត្ត។ ចំពោះក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដានជាប់ជាប្រចាំពីការវិវត្តន៍នៃកម្ពស់ទឹក ជាមួយស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។ ក្រសួងកសិក្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធត្រូវត្រៀមស្រូវពូជ សម្ភារចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំដែលបង្កឱ្យមានផលខូចខាតដល់ដំណាំរបស់ប្រជាពលរដ្ឋដែលចាំបាច់ត្រូវជួយស្តារឡើងវិញផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ