រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ៖ កម្ពុជាគឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ

ក្នុងឱកាសនៃជំនួប លោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ីបានថ្លែងកោតសរសើរការអភិវឌ្ឍនិងភាពរីកចម្រើនរបស់កម្ពុជា ដោយសារតែកម្ពុជាមានសុខសន្តិភាព និង បានចាត់ទុកកម្ពុជា គឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ។ លោកជំទាវរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតសង្គ្រាមគឺងាយស្រួល ប៉ុន្តែ នៅពេលសង្គ្រាមផ្ទុះហើយ គឺមិនដឹងថា នឹងបញ្ចប់នៅពេលណាឡើយ ដូចមានឧទាហរណ៍នៅប្រទេសមួយចំនួន។ លោកជំទាវរដ្ឋមន្ត្រីក៏បានគោរពរាយការណ៍ជូនសម្តេចធិបតីអំពីលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំលើកទី៥របស់គណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី(The 5th JCBC) ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤។

សម្ដេចធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព ដែលជាមូលដ្ឋានចាំបាច់សម្រាប់ការអភិវឌ្ឍ និងសង្កត់ធ្ងន់ថា ការសម្រេចបានសន្តិភាពមិនងាយស្រួលឡើយ ។ ហេតុនេះហើយ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសុខសន្តិភាព ពោលគឺមិនត្រូវឱ្យបាត់បង់ដូចអតីតកាល។ សម្តេចធិបតី បានអរគុណឥណ្ឌូណេស៊ី ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្ដិភាពនៅកម្ពុជា នៅចុងទស្សវត្ស ឆ្នាំ១៩៨០ និងដើមទសវត្សឆ្នាំ១៩៩០ និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំJCBC លើកទី៥។

ដោយឆ្នាំនេះគឺជាខួបលើក៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី  សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រីការបរទេស បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗមួយចំនួន ដូចជា វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ការតភ្ជាប់ប្រជាជននិងប្រជាជន ព្រមទាំង ការពារជាតិនិងសន្ដិសុខ៕

  

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ