ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល កម្ពុជា បានផ្តាំទៅក្រុមអ្នករិះគន់ និងក្រុមប្រឆាំងមួយក្តាប់តូច គប្បីបើកខួរក្បាលជាមុន សិនមុននឹងបើកមាត់រិះគន់ការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ។ ឯកឧត្តមថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។
ឯកឧត្តម ប៉ែន ប៉ូណា បានបញ្ជាក់ថាក្នុងរយៈពេល១២ខែមកនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើន ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ជាតិ តាមរយៈយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ ខណៈយុទ្ធសាស្រ្ត ទាំងនេះហើយគឺជាត្រីវិស័យ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី មិនដូចការលើកឡើងគ្មានការគិតពិចារណារបស់ក្រុមពួកអគតិទាំងនោះឡើយ។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា «ខ្ញុំសូមផ្ញើសារទៅក្រុមអ្នករិះគន់ និងប្រឆាំងនឹងការដឹកនាំរាជរដ្ឋាភិបាល ថា ឲ្យចេះបើកខួរក្បាលពិចារណាឲ្យបានច្បាស់លាស់មុននឹងបើកមាត់និយាយរិះគន់ ដោយគ្មានការគិតគ្មានការពិចារណា មិនបើកភ្នែក និងត្រចៀក ចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានាពេលកន្លងមកនេះ»។
ឯកឧត្តម ប៉ែន បូណា ក៏បានផ្តាំទៅក្រុមប្រឆាំង និងជនអគតិមួយក្តាប់តូចផងដែរថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងម៉ុតមាំ ក្នុងការថែរក្សា និងការពារនូវសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដែលកំពុងមានសព្វថ្ងៃនេះ ឲ្យខាងតែបានគ្មានអនុញ្ញាតឲ្យជនណា ឬបុគ្គលណាដែលមានចេតនាបំផ្លាញនូវសេចក្តីរបស់ប្រជាពលរដ្ឋនោះឡើយ ជាពិសេសគឺការញុះញង់របស់ជនពីខាងក្រៅដែលចង់ធ្វើបដិវត្តន៍ព៌ណផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យសេរី ពហុបក្ស៕